សៀមរាប: ឃើញ​ទិដ្ឋភាព​ក្នុង​បរិវេណ​បង្ហាញ​ពី​ទីលាន​កីឡា​ចម្រុះ ប្រហែល​ជា​គិត​ថា​វា​ជា​មជ្ឈមណ្ឌល​កីឡា​មួយ​នៅ​ក្រៅ​ក្រុង​សៀមរាប​។

ប៉ុន្ដែ​តាមពិត ICF Cambodia Campus មិន​ត្រឹម​តែ​ផ្ដល់​ទីកន្លែង​ហ្វឹកហាត់ និង​លេង​កីឡា​សម្រាប់​កុមារ​ និង​មនុស្ស​ពេញវ័យ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​វា​ថែម​ទាំង​ជា​មជ្ឈមណ្ឌល​គាំពារ​កុមារ និង​ក្រុម​គ្រួសារ​ឲ្យ​មាន​ការរីកចម្រើន​ព្រម​គ្នា​ផង​ដែរ​។

លោក ND Strupler ដែល​បង្កើត​អង្គការ​គ្រិស្ដបរិស័ទ​អន្ដរជាតិ​នៅ​កម្ពុជា ឬ ICF Cambodia ជា​ចលនា​អង្គការ​គ្រិស្ដ​ដំបូង​នៅ​តំបន់​អាស៊ី​ដែល​មាន​បេសកកម្ម​ជួយ​កុមារ និង​ក្រុម​គ្រួសារ​ឲ្យ​ទទួល​បាន​ការអប់រំ​ប្រសើរ​របៀបរបប​រស់នៅ និង​ទំនាក់ទំនង​ល្អ​បាន​រៀបរាប់​ប្រាប់ ភ្នំពេញ-ប៉ុស្ដិ៍​ពី​ដំណើរ​ដើមចម​នៃ​ការបង្កើត​អង្គការ​ដូច​ខាង​ក្រោម​។

លោក​បាន​និយាយ​ថា​៖ «​គ្រប់​យ៉ាង​ចាប់ផ្ដើម​ពី​ពេល​ដែល​ខ្ញុំ​បាន​ស្គាល់​​ក្មេងស្រី​ម្នាក់​ឈ្មោះ សុផល​។ សុផល ប្រសូត​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​ ១៩៧៣​។ មុន​សម័យ​សង្គ្រាម​គាត់​ត្រូវ​បាន​គេបោះបង់​ក្នុង​អាយុ​ទើប ៣ ខែ​ហើយ​គិលានុបដ្ឋាយិកា​អង្គការ​កាកបាទក្រហម​ម្នាក់​មកពី​ស្វ៊ីស​បាន​នាំ​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​ប៉ុលពត ហើយ​នៅក្នុង​មន្ទីរពេទ្យ​នោះ អ្នកស្រី​បាន​មើលថែ​គាត់ តែ​គ្មាន​នរណា​មក​ទទួល​យក​ក្មេង​នេះ​ទេ​។ អកុសល​ពេល​សង្គ្រាម​បង្ហូរឈាម​ចាប់ផ្ដើម គិលានុបដ្ឋាយិកា​រូបនោះ​ក៏​សម្រេច​ចិត្ដ​យក​សុផល​ទៅ​ចិញ្ចឹម​បីបាច់​»​។

ទីលាន​កីឡា​លើ​ទឹក ស្វាគមន៍​ភ្ញៀវ​ជាង ១ ពាន់​នាក់​ក្នុង​ ១ ​សប្ដាហ៍​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

លោក​បន្ដ​ថា​៖ «​ពេល​គាត់​អាយុ ១៧ ឆ្នាំ​យើង​បាន​ជួបគ្នា ស្រឡាញ់​គ្នា និង​រៀបការ​ជាមួយ​គ្នា​។ យើង​មិន​ដែល​គិត​ដល់​កម្ពុជា​នោះ​ទេ រហូត​ដល់​យើង​អាយុ​ខ្ទង់ ៣០ ឆ្នាំ ទើប​យើង​មក​លេង​កម្ពុជា​ជា​លើក​ដំបូង​។ ក្នុង​ឆ្នាំ​ ២០១២ យើង​មក​ដល់​ទីនេះ ហើយ​យើង​ស្រឡាញ់​ប្រទេស​នេះ​ទាំង​ប្រជាជន និង​អ្វីៗ​គ្រប់​យ៉ាង​នៅ​ទី​នេះ​»​។

២ ​ឆ្នាំ​ក្រោយ​មក​ពួកគេ​បាន​មក​កាន់​កម្ពុជា​ម្ដង​ទៀត និង​ជា​ទីសំចត​ចុងក្រោយ​របស់​ពួកគេ​។

ICF មាន​បេសកកម្ម​ជួយ​ដល់​ប្រជាជន​កម្ពុជា​តាម​មធ្យោបាយ​ផ្សេងៗ​។ ចំពោះ​ជំនឿ​របស់​ពួកគេ ក្រុមគ្រួសារ​ត្រូវ​បាន​លើក​ទឹកចិត្ដ​ឲ្យ​មាន​ការតស៊ូ​ក្នុង​ឆាកជីវិត​។ ពួកគេ​នឹង​ទទួល​បាន​នូវ​ការអប់រំ​កាន់តែ​ប្រសើរ របៀបរបប​រស់នៅ​ប្រកប​ដោយ​សុខុមាលភាព​​តាមរយៈ​ការលេង​កីឡា​ទទួល​ទាន​ប្រសើរ និង​ការថែទាំ​សុខភាព​ល្អ​រួម​ទាំង​ការរក្សា​ទំនាក់ទំនង​ល្អ​ក្នុង​ក្រុមគ្រួសារ​ផ្ទាល់​ផង​ដែរ​។

លោក ND Strupler ​បាន​លើក​ឡើង​ថា​៖ «​តាមរយៈ ICF យើង​នាំ​យក​ក្ដីសង្ឃឹម និង​ធនធាន​ពី​ស្វ៊ីស ដូច្នេះ​កុមារ និង​ក្មេង​ជំទង់​អាច​ធំ​លូតលាស់​ក្លាយ​ជា​បុគ្គល​វៃឆ្លាត​មាន​សមត្ថភាព​មាន​ក្ដី​រំពឹង​ខ្ពស់ និង​អាច​ទទួល​ជោគជ័យ​ក្នុង​ឆាកជីវិត​។ យើង​ក៏​ចង់​ជួយ​ដល់​អ្នក​ម្ដាយ និង​លោក​ឪពុក​ធ្វើ​ជា​ឪពុកម្ដាយ​ដ៏ល្អ​មាន​ទំនាក់ទំនង​ផ្អែមល្ហែម​ក្នុង​គ្រួសារ​»​។

ICF បង្កើត​កម្មវិធី​សម្រាប់​មនុស្ស​ពេញវ័យ អ្នក​ម្ដាយ និង​កុមារ​ក្នុង​គ្រួសារ​ទាំងមូល​តាមរយៈ​ការជួយ​ឧបត្ថម្ភ​លើ​ការដាំដុះ​បន្លែ​ទទួលទាន​អាហារ​សុខភាព បង្កើត​មុខ​ជំនួញ​តូចៗ និង​រក្សា​ទំនាក់ទំនង​ល្អ​។

ទីលាន​កីឡា​បាល់ទាត់​មាន​មនុស្ស​មក​លេង​ចំនួន ១៨០ នាក់​ក្នុង​ ១ ​សប្ដាហ៍​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

លោក​បន្ដ​ថា​៖ «​សម្រាប់​កុមារ​យើង​បង្រៀន​ពី​សុខភាព​ផ្លូវភេទ រៀន​ចេះ​គោរព​គ្នា ហើយ​យើង​ក៏​មាន​កម្មវិធី​កីឡា​មួយ​ចំនួន​ទៀត​ដែល​ជួយ​ជំរុញ ពួកគេ​ឲ្យ​មាន​ភាពស្វាហាប់​ឡើង​»​។

លោក​មើល​ឃើញ​ថា​នៅ​មាន​ក្រុម​គ្រួសារ​ជាច្រើន​ទៀត​ដែល​ត្រូវការ​ជំនួយ​ប្រភេទ​នេះ តែ ICF ចង់​ពង្រឹង និង​ពង្រីក​វិសាលភាព​ជំនួយ​ប្រកប​ដោយ​ភាពវៃឆ្លាត​ពីព្រោះ​ក្រុមគ្រួសារ​ទាំង​នោះ​ក៏​ត្រូវការ​គុណភាព​នៃ​ការរស់នៅ​ផង​ដែរ​។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​លោក ND Strupler មើល​ឃើញ​ពី​ការរីកចម្រើន​ខ្លះៗ​ដែល​អង្គការ​របស់​លោក​បាន​ធ្វើការ​ជាមួយ​ក្រុមគ្រួសារ​គ្មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​សាលារៀន ហើយ​បច្ចុប្បន្ន​ពួកគេ​ខ្លះ​ជិត​បញ្ចប់​ការសិក្សា​។

ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​ប្រមាណ ៥ ឆ្នាំ​លោក Strupler បាន​ប្រាប់​ពី​ផល​លំបាក​ទាំងអស់​សំណើច​ថា ICF ត្រូវការ ២ ឆ្នាំ​ដើម្បី​ចុះបញ្ជី​ជា​អង្គការ​ផ្លូវការ និង​ការរៀន​ភាសា​ជាតិ​របស់​លោក​។

លោក​បាន​និយាយ​ថា​៖ «​ភាសា​ខ្មែរ​ពិតជា​មិន​ងាយស្រួល​រៀន​នោះ​ទេ​រួមទាំង​វប្បធម៌​ផងដែរ​។ ខ្ញុំ​ជា​ជាតិ​ស្វ៊ីស ហើយ​ខ្ញុំ​ត្រូវ​រៀន​ច្រើន​ពី​វប្បធម៌​ខ្មែរ​ពី​របៀប​និយាយ ស្ដាប់ និង​ស្វែងយល់​ពាក្យពេចន៍​នានា​»​។

សកម្មភាព​ហាត់សម​សម្ដែង​សម្រាប់​កម្មវិធី​គ្រិស្តសាសនា​នៅ​អង្គការ ICF​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

បច្ចុប្បន្ន ICF មាន​បុគ្គលិក ៧៧ នាក់​ហើយ​រៀងរាល់​ចុង​សប្ដាហ៍ អង្គការ​ទទួល​ភ្ញៀវ​ចំនួន​ជាង ១ ពាន់​នាក់​ដោយ​ការលេង​កីឡា​នានា រួមមាន ១៨០ នាក់​លេង​បាល់ទាត់ ៧០៨ នាក់​ក្នុង​ ១ ​សប្ដាហ៍​មក​លេង​កីឡា​លើ​ទឹក​។

លោក​បន្ដ​ថា​៖ «​ខ្ញុំ​រីករាយ​ដែល​អាច​ធ្វើការ​នៅ​កម្ពុជា​។ ភរិយា​ខ្ញុំ​ត្រូវ​បាន​សង្គ្រោះ​ពី​សង្គ្រាម ហើយ​ពេល​នេះ​យើង​នៅ​ទី​នេះ និង​អាច​ជួយ​កុមារ និង​ក្រុម​គ្រួសារ​របស់​ពួកគេ​រាប់រយ​នាក់​»​។

អង្គការ​ដែល​រំលេច​នូវ​ទិដ្ឋភាព​ទីលាន​កីឡា​ទទួល​បាន​ការឧបត្ថម្ភ​ពី​សប្បុរសជន​នានា​ទូទាំង​ពិភពលោក ជាពិសេស​ពលរដ្ឋ​នៅ​អឺរ៉ុប អាល្លឺម៉ង់ ស្វ៊ីស និង​បណ្ដា​ព្រះវិហារ​ឯទៀត​។

ឧបត្ថម្ភ​អង្គការ ICF Cambodia លើ​បេសកកម្ម​ជួយ​កុមារ និង​ក្រុម​គ្រួសារ​របស់​ពួកគេ លោកអ្នក​អាច​ចុះឈ្មោះ​តាម​វេបសាយ https://digital.icf.church/campus/sponsor-registration/ ឬ​ចូល​ទៅ​កាន់​វេបសាយ​របស់​អង្គការ​ផ្ទាល់ https://digital.icf.church/campus/៕

វីដេអូ៖