ភ្នំពេញ៖ ធ្លាប់​ជា​អ្នក​ហាត់​យោគៈ​​ ​៣ ថ្ងៃ​ជា​រៀង​រាល់​សប្ដាហ៍​ អ្នកនាង តាំងម៉េង បាន​ស្វែង​រក​ទិញ​កម្រាល​ហាត់ប្រាណ​រំពឹង​ថា ​អាច​បន្ត​អនុវត្ត​លំហាត់​ប្រាណ​នេះ​នៅ​ផ្ទះ​ ក្រោយ​ពី​ឮ​ដំណឹង​ថា កន្លែង​អង្គការ​ដែល​អ្នកនាង​ធ្លាប់​ទៅ​​ហាត់​ បាន​ប្រកាស​​ពី​វគ្គ​បង្រៀន​អនឡាញ។

អ្នក​ហាត់​យោគៈ​ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​វ័យ ​៣០ ប្លាយ​​រូប​នេះ បាន​និយាយ​ថា៖ «ខ្ញុំ​តែង​ទៅ​ហាត់​ជាប់​រហូត​ ៣​ ថ្ងៃ ​ក្នុង ​១ អាទិត្យ គឺ​ថ្ងៃ​ចន្ទ អង្គារ និង​សុក្រ។ តែ​ក្រោយ​មក​ក៏​ផ្អាក ព្រោះ​ឮ​ថា​​ក្រសួង​យើង​​គេ​ឲ្យ​បិទ​កន្លែង​ហាត់​ប្រាណ​ការពារ​ខ្លាច​ឆ្លង​ជំងឺ»។

អ្នកនាង​បន្ត​ថា៖ «ខ្ញុំ​ឆ្លៀត​ទៅ​ទិញ​ឧបករណ៍​ហាត់​នៅ​ផ្ទះ ហើយ​ក៏​ឮ​គេ​ថា កន្លែង​ខ្ញុំ​ធ្លាប់​ហាត់​ហ្នឹង​​គេ​មាន​គ្រូ​បង្រៀន​​តាម​អនឡាញ​ឲ្យ​យើង​ហាត់​នៅ​ផ្ទះ​អ៊ីចឹង​ទៅ ចាប់​អារម្មណ៍​ចង់​សាក​ដែរ»។

ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​​​​អនុញ្ញាត​ឲ្យ​មនុស្ស​​​ប្រាស្រ័យ​ទាក់ទង​គ្នា​ ហើយ​ដើម្បី​​កាត់​បន្ថយ​ភាព​​​ស្មុគស្មាញ​​ដល់​​អ្នក​កំពុង​នៅ​​ផ្ទះ​ Krama Yoga ដែល​ជា​កន្លែង​អ្នកនាង តាំងម៉េង ធ្លាប់​ទៅ​ហាត់​ជា​ប្រចាំ​នោះ បាន​​​បង្កើត​វគ្គ​ហាត់​យោគៈ​ថ្មី​តាម​អនឡាញ​ពី​ខែ​មេសា ​នេះ​ ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ហាត់​អាច​អនុវត្ត​​នៅ​ផ្ទះ​រៀងៗ​ខ្លួន។

លោក​ លន់​ ពិសិដ្ឋ​ ជា​នាយក​​គ្រប់គ្រង ​និង​អ្នក​ជំនាញ​យោគៈ​​នៅ​ក្រមាយោគៈ ​Krama ​បាន​​ឲ្យ​ដឹង​ថា​៖ «នេះ​​​ជា​លើក​ទីមួយ​ហើយ​ដែល​យើង​បើក​បង្រៀន​វគ្គ​អនឡាញ​ បន្ទាប់​ពី​បើក​ដំណើរការ​ការ​បង្ហាត់​ចាប់​តាំង​ពី​ឆ្នាំ ​២០០៤​ មក​។ គោលដៅ​នៃ​​ការ​បើក​វគ្គ​ពិសេស​នេះ​ គឺ​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩ និង​ជួយ​ឲ្យ​ប្រជាជន​យើង​មាន​ស្មារតី​រឹងមាំ​ និង​មាន​សុខភាព​បរិបូរណ៍»​។

ស្រប​ពេល​ប្រជាជន​គ្រប់​រូប​មាន​ក្តី​កង្វល់​អំពី​សុខភាព​​ដោយសារ​នៅ​ផ្ទះ​យូរ​មិន​បាន​ធ្វើ​ចលនា​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នេះ​ អ្នក​ជំនាញ​ផ្នែក​យោគៈ​ ដែល​មាន​បទពិសោធ​យូរ​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​ ការ​បង្រៀន​យោគៈ​តាម​អនឡាញ​​នឹង​ធ្វើ​ឡើង​ពី​សំណាក់​គ្រូ​ជនជាតិ​ខ្មែរ​ និង​ជនជាតិ​ជប៉ុន​ អង់គ្លេស​ និង​អាមេរិក។

លោក​បន្ថែម​ថា​៖ «ការ​បាត់បង់​សេរីភាព​ចេញ​ទៅ​ខាង​ក្រៅ​ធ្វើ​សកម្មភាព​ផ្សេងៗ​ ហើយ​បង្ខំ​ចិត្ត​សំងំ​នៅ​ក្នុង​ផ្ទះ​ នឹង​ធ្វើ​ឲ្យ​រាង​កាយ​ចាប់​ផ្តើម​អសកម្ម​ សុខភាព​ចាប់​ផ្តើម​ចុះ​ខ្សោយ​ រីឯ​ស្មារតី​មិន​នឹង​ធឹង​ ការ​ប្រែប្រួល​ល្បឿន​នៃ​ចិត្ត​លឿន​ទៅ​តាម​អ្វី​ដែល​កើត​​ឡើង​ជុំវិញ​ខ្លួន​ ធ្វើ​ឲ្យ​ចិត្ត​ឆាប់​វង្វេង​ តក់ស្លុត​ គិត​តែ​ឆាប់​ភ័យ​ជាមួយ​ព័ត៌មាន​ដែល​ខ្លួន​កំពុង​ទទួល​បាន​»។

អ្នក​ជំនាញ​រូប​នេះ​មាន​បំណង​​ឲ្យ​មនុស្ស​ម្នា​ចេះ​សម្រួល​ចិត្ត ​កាត់​បន្ថយ​ភាព​ភ័យខ្លាច​តាមរយៈ​ការ​ហាត់​យោគៈ​ដែល​​​​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ជួយ​ពង្រឹង​ស្មារតី ​ចិត្ត និង​កាយ។​

លោក លន់ ពិសិដ្ឋ ជានាយកគ្រប់គ្រង និងអ្នកជំនាញយោគៈ នៅ​ក្រមា​យោគៈ Krama​​។ រូបថត សហ​ការី

លោក​លើក​ឡើង​ទៀត​ថា៖ «មនុស្ស​ភាគ​ច្រើន​ជ្រើសរើស​យក​ការ​ហាត់​នេះ ​ដើម្បី​ជម្រះ​រឿង​ស្មុគស្មាញ​ក្នុង​ចិត្ត ពង្រឹង​កម្លាំង​ចិត្ត ចិត្ត​ស្ងប់ ​មាន​ស្មារតី​​ខ្ពស់​ក្នុង​ការ​រស់នៅ បន្ថយ​អារម្មណ៍​ស្មុគស្មាញ​ ជា​ពិសេស​ជួយ​ទាញ​ខួរ​ក្បាល​​ឲ្យ​គិត​រឿង​វិជ្ជមាន ​និង​មាន​ដំណោះ​ស្រាយ​លើ​បញ្ហា​នានា​បាន​ច្រើន​លើស​ពី​នោះ​វា​ជួយ​ឲ្យ​រាងកាយ​របស់​គេ​រឹងមាំ​រាងកាយ​មិន​ស្ពឹក​ស្រពន់​​ជា​ដើម​»។

អ្នក​ជំនាញ​រូប​នេះ​បាន​​ចាត់​ទុក​​លំហាត់​ប្រាណ​យោគៈ​ បី​ដូច​ជា​​ចំណី​អាហារ​រាងកាយ ព្រោះ​វា​នឹង​ចម្រើន​ប្រព័ន្ធ​សព៌ាង្គកាយ​ ឲ្យ​សកម្ម​ជួយ​ផ្តល់​ទឹក​រងៃ​គ្រប់គ្រាន់​ទៅ​ដល់​សន្លាក់​ឆ្អឹង​​ ជួយ​​គ្រប់គ្រង​ស្រ្តេស នឹង​ធ្វើ​ឲ្យ​អ្នកហាត់​បែរ​មក​​មាន​គំនិត​​សុទិដ្ឋិនិយម​​វិញ​​។

លោក​បាន​លើក​ឡើង​ទៀត​​ថា​​​៖ «ជា​ទូទៅ ​គឺ​យើង​បង្ហាត់​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក​ហាត់​ ដូច​ជា​អ្នក​ខ្លះ​ហាត់​យោគៈ ​ដើម្បី​មាន​រាង​កាយ​ល្អ​ អ្នក​ខ្លះ​ហាត់​ដើម្បី​ កាត់​បន្ថយ​ស្ត្រេស​ ដោយ​ឡែក​ខណៈ​ពេល​មនុស្ស​គ្រប់​គ្នា​កំពុង​ព្រួយ​​បារម្ភ​អំពី​ស្ថានការណ៍​នា​ពេល​បច្ចុប្បន្ន​យើង​នឹង​​ផ្តល់​វិធី​ហាត់​ដែល​ធ្វើ​ឲ្យ​គេ​ គិត​សុទិដ្ឋិនិយម​ជាង​មុន ​អារម្មណ៍​​​ភ្លឺ​ថ្លា​ រាង​កាយ​ប្រែ​ជា​សកម្ម​ធ្វើ​សមាធិ​គ្រប់គ្រង​ចិត្ត​វង្វេង​ ចិត្ត​អណ្តែត​ផ្តេសផ្តាស​ ឲ្យ​ស្ងប់ស្ងាត់​ ផ្តោត​មក​ធ្វើ​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ និង​ប្រសិទ្ធផល​ជាង​មុន»​។

អ្នក​ហាត់​នឹង​ត្រូវ​បំពេញ​ព័ត៌មាន​មួយ​ចំនួន ​ដើម្បី​លោក​ងាយ​ស្រួល​ក្នុង​ការ​សម្របសម្រួល​​ និង​​បង្កើត​គន្លឹះ​នៃ​ការ​បង្ហាត់​​ទៅ​តាម​កម្រិត​ថ្នាក់​ខុសៗ​គ្នា។

លោក​​បន្ថែម​ថា៖ «មនុស្ស​គ្រប់​វ័យ​ គ្រប់​ភេទ​ មិន​ថា​កុមារ​ និង​ស្រ្តី​មាន​ផ្ទៃ​ពោះ​ សុទ្ធ​តែ​អាច​មក​ហាត់​យោគៈ​បាន​។ ក្នុង​នោះ​យើង​មាន​បង្ហាត់​កុមារ​ចាប់​ពី​ អាយុ ​៩ ឆ្នាំ ដល់​ ១៣ ​ឆ្នាំ​ ឲ្យ​រៀន​ធ្វើ​ចលនា។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចាប់​ពី​ ៣ ​ខែ​ ទៅ​ ៨​ ខែ​កន្លះ​ អាច​ហាត់​យោគៈ​បាន​យើង​នឹង​រក​វិធី​ហាត់​ដើម្បី​ឲ្យ​គាត់​ងាយ​ស្រួល​បត់បែន ពង្រឹង​កម្លាំង​កាយ​ និង​ដើម្បី​ចេះ​គ្រប់គ្រង​អារម្មណ៍»។

ដើម្បី​ចូលរួម​វគ្គ​ហាត់​យោគៈ​ សម្រាប់​វគ្គ​ពិសេស​តាម​អនឡាញ​​​នេះ​ជំហាន​ដំបូង​អ្នក​ត្រូវ​ជ្រើសរើស​វគ្គ​ ដែល​អ្នក​ចង់​​រៀន​​​តាមរយៈ​គេហទំព័រ​នេះ​ yog​acambodia@gmail.com បំពេញ​ព័ត៌មាន​បន្ទាប់​មក​​រៀងរាល់​ ៥ នាទី​ មុន​ការ​ចាប់​ផ្តើម​ហាត់​ ក្រុម​ការងារ​ក្រមា​ (Krama) នឹង​ផ្ញើ ​Link​ ត្រលប់​ទៅ​អ្នក​វិញ​ អ្នក​អាច​ចូល​ទៅ​អនុវត្ត​តាម ​Link​ ដែល​ផ្ញើ​​នោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ សម្រាប់​វគ្គ​អនឡាញ​នេះ​ អ្នក​ហាត់​ត្រូវ​ការ​មាន​អ៊ីនធឺណិត​ល្បឿន​លឿន​រៀបចំ​កន្លែង​បញ្ចាំង​ជាមួយ​អេក្រង់​ធំ​ និង​ឧបករណ៍​បំពង​សំឡេង​ឮ​ខ្លាំង ​ដើម្បី​ងាយ​ស្រួល​​ស្តាប់​គ្រូ​ពន្យល់​ណែនាំ​ក្នុង​អំឡុង​ពេល​ហាត់។

វគ្គ​ហាត់​យោគៈ​អនឡាញ​នេះ បង្រៀន​ជា​ភាសា​អង់គ្លេស​ និង​រៀបចំ​ឡើង​ដោយ​បែងចែក​ជា ​៣​ ផ្នែក គឺ​ថ្នាក់​ទូទៅ​សម្រាប់​មនុស្ស​ពេញ​វ័យ​ ថ្នាក់​សម្រាប់​កុមារ​ និង​ថ្នាក់​សម្រាប់​អ្នក​មាន​ផ្ទៃពោះ​។

តម្លៃ​ហាត់​ក្នុង ​១ ​វគ្គ ​២០ ០០០ ​រៀល​ ឬ​ ៥ ដុល្លារ​ចំពោះ​ការ​បង់​ថ្លៃ​ត្រូវ​ធ្វើ​ឡើង​មុន​វគ្គ​ចាប់​ផ្តើម​តាមរយៈ​ការ​បញ្ជូន​តាម​ធនាគារ​ ABA ​សម្រាប់​អ្នក​ហាត់​ កំពុង​រស់នៅ​ក្នុង​ប្រទេស ​កម្ពុជា ​និង​តាម ​Paypal​ ចំពោះ​អ្នក​ហាត់​ដែល​កំពុង​ស្នាក់​នៅ​បរទេស​។​​ ផង​ដែរ​នោះ ក្រមា​ កំពុង​រៀបចំ​វគ្គ​ជា​ភាសា​ខ្មែរ​ ដែល​អាច​បង់​ជា​ខែ​ក្នុង​តម្លៃ ៨០ ០០០ រៀល ឬ ២០ ដុល្លារ ក្នុង ​១ ​ខែ​តែ​ប៉ុណ្ណោះ​។

លោក ​ពិសិដ្ឋ​ បាន​ណែនាំ​ថា៖ «យើង​គួរ​បង្កើត​គម្រោង​ផែនការ​ប្រចាំ​ថ្ងៃ​ ដើម្បី​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​ អ្វី​មិន​គួរ​ធ្វើ​ដឹង​អំពី​ពេល​បង្កើត​សកម្មភាព​ ដឹង​អំពី​ពេល​សម្រាក​ ​ដើម្បី​បំបាត់​ភាព​ធុញ​ថប់​។ ខ្ញុំ​ក៏​សូម​សំណូម​ពរ​ប្រជាជន​​ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​រាតត្បាត​​មេរោគ​កូរ៉ូណា​​កូវីដ ១៩ ​នេះ បង្កើត​ទម្លាប់​ថ្មីៗ​ សកម្មភាព​ថ្មីៗ​ អំឡុង​​ពេល​នៅ​ផ្ទះ​ហើយ​ព្យាយាម​​គិត​​វិជ្ជមាន​ឲ្យ​បាន​ច្រើន​»។

វគ្គ​ហាត់​យោគៈ​អនឡាញ​នេះ​​នឹង​ចាប់​ផ្តើម​ដំបូង​ នៅ​ថ្ងៃ​ទី ១២​​ ខែ មេសា​ ឆ្នាំ ​២០២០ នេះ​ ហើយ​​អ្នកនាង តាំងម៉េង ដែល​ធ្លាប់​ជា​សិស្ស​នៅ​ទី​នោះ ក៏​កំពុង​តែ​គិត​គូរ​ចង់​សាកល្បង​ហាត់​ដែរ​។

អ្នកនាង​និយាយ​ថា៖ «ខ្ញុំ​ក៏​ពិចារណា​ដែរ ព្រោះ​យើង​ហាត់​ខ្លួន​ឯង អត់​ដូច​ការ​ហាត់​មាន​គ្រូ​ទេ។ ជួន​កាល​យើង​ខ្ជិល​ក៏​ឈប់​ទៅ ជួន​កាល​ក៏​ហាត់​អត់​ត្រូវ​តាម​ក្បួន​គេ​ទៅ អ៊ីចឹង​គិត​ថា​ហាត់​មាន​គ្រូ​វា​ល្អ​ជាង»។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ ហ្វេសប៊ុក​ផេច​របស់​ Krama Yoga Cambo​dia: https://www.facebook.com/KramaYogaNGONatarajStudio/ ឬ​ទូរស័ព្ទ​ទៅ​លេខ ០១២ ២៥០ ៨១៧៕