ភ្នំពេញ: គ្រង​ឈុត​កីឡា​បាល់ទាត់​ កុមារា អេនឌី ត្រូវ​បាន​​ណែនាំ​ឲ្យ​បើក​រូបភាព​ផ្កាប់​មួយ​សន្លឹក​ឡើង​​ រួច​ពិព័រណ៍នា​​នូវ​អ្វី​ដែល​ខ្លួន​បាន​ឃើញ​តាមរយៈ​រូបភាព​នោះ​។

មើល​មួយ​ភ្លែត កុមារា វ័យ ១០ ឆ្នាំ​នេះ​ ដែល​អាច​និយាយ​ភាសា​​អង់គ្លេស ខ្មែរ និង​ចិន​​បាន​យ៉ាង​​​ល្អ ត្រូវ​បាន​​ចាត់​ទុក​ជា​កុមារ​ប្រក្រតី​ម្នាក់​។ ប៉ុន្ដែ​ អេនឌី ជួប​ការ​លំបាក​ក្នុង​ការ​ទាក់ទង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ និង​ពេល​ខ្លះ​មាន​ការ​តបត​ខុស​កាលៈទេសៈ​ថែម​ទៀត​។

Claire Banks ជា​អ្នក​ជំនាញ​​ផ្នែក​ទំនាក់ទំនង​មក​ពី​អូស្ដ្រាលី ដែល​ធ្វើ​ការ​ជាមួយ អេនឌី ៦ ខែ ​នៅ​គ្លីនិក ហេបភី ឃីដ បាន​និយាយ​ថា អេនឌី ជា​កុមារ​អូទីសឹម​ និង​ជួប​ការ​លំបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​។ នោះ​ជា​មូលហេតុ​ដែល​កុមារា​រូប​នេះ​​មក​កាន់​គ្លីនិក​រៀងរាល់ ២ សប្ដាហ៍​ម្ដង​។

Claire និយាយ​ថា​៖ «​យើង​ធ្វើ​កិច្ចការ​ទាំង​នេះ​ដើម្បី​ឲ្យ​គាត់​មាន​ទំនាក់ទំនង​ល្អ​ដោយសារ​គាត់​ពិបាក​និយាយ​ស្ដី​ និង​​បញ្ហា​ការ​ប្រាប់​ពី​បំណង​។ យើង​​​ព្យាយាម​ឲ្យ​គាត់​ចេះ​ប្រើ​ប្រយោជន៍​និយាយ និង​អនុវត្ដ​ជាមួយ​សព្ទនាម​ ដូចជា «​គាត់​» ជា​ដើម​។ យើង​ក៏​បង្រៀន​គាត់​ឲ្យ​ចេះ​ប្រាប់​​អំពី​គោល​បំណង​ និង​​ហា​មាត់​និយាយ​ស្ដី​ជាមួយ​ក្រុម​គ្រួសារ​ សាច់​ញាតិ និង​មិត្ដភក្ដិ​ដូច​ប្រក្រតី​»។

អេនឌី គ្រាន់​តែ​ជា​ឧទាហរណ៍​មួយ​ក្នុង​ចំណោម​កុមារ​ជា​ច្រើន​ទៀត ហើយ Claire ក៏​ជា​អ្នក​ជំនាញ​ម្នាក់​ក្នុង​ចំណោម​អ្នក​បច្ចេកទេស​ជនជាតិ​បរទេស​មក​​ពី​ ហេបភី ឃីដ ដែល​ជា​សហគ្រាស​ឯកជន​មួយ​របស់​អង្គការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​សេវា​ព្យាបាល​ការ​ប្រាស្រ័យ​ទាក់ទង និង​លេប​អាហារ​នៅ​កម្ពុជា (OIC Cambodia)។

អ្នកស្រី នេត ចិន្តា នាយិកាអង្គការ OIC។ រូបថត ហុង មិនា

អង្គការ​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​ជនជាតិ​អូស្ត្រាលី​ លោក​ Weh Yeoh ដែល​បាន​មក​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ដ​នៅ​​កម្ពុជា​​ក្នុង​ឆ្នាំ​ ២០១២។ លោក​ចុះ​ទៅ​ជួយ​កុមារ​ ដែល​មាន​ផល​វិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​​ និង​លេប​អាហារ​​ក្នុង​តំបន់​នៃ​ខេត្ដ​សៀមរាប​ ឬ​ក៏​កុមារ​មាន​ពិការភាព ដូចជា ពិការ​ចលករ​ខួរ​ក្បាល​ ឬ CP។​

អំឡុង​ពេល​កិច្ចការ​ស្ម័គ្រ​ចិត្ដ លោក​មើល​ឃើញ​ពី​កង្វះ​ខាត​ទាក់ទង​ជំនាញ​ឯកទេស​លើ​ការ​ប្រាស្រ័យ​ទាក់ទង ឬ​ការ​និយាយ​ស្ដី​។ ​បាន​កៀរគរ​​អ្នក​បច្ចេកទេស​មក​ពី​អូស្ដ្រាលី​មក​ធ្វើ​ការ​ជាមួយ​លោក​ រហូត​​បង្កើត​​ជា​អង្គការ​ ដែល​ចុះ​បញ្ជី​ក្នុង​ឆ្នាំ ​២០១៧។

សកម្មភាព​​យុទ្ធសាស្ត្រ​

ផ្ដោត​សំខាន់​លើ​ការ​ប្រាស្រ័យ​​ទាក់ទង និង​លេប​អាហារ​ សកម្ម​ភាព​យុទ្ធសាស្ដ្រ​​ទី​១​ បំណង​ជំរុញ​បង្កើត​ថ្នាក់​​បរិញ្ញាបត្រ​ជំនាញ​​នេះ​ផ្ទាល់។

សកម្មភាព​ទី​២ គឺ​ការ​បណ្ដុះបណ្ដាល​ពង្រឹង​​សមត្ថភាព​គ្រូ ឬ​អង្គការ​ពាក់ព័ន្ធ​ ឪពុក​ម្ដាយ​។ ទី៣ ស្វែងរក​​​ការ​យល់​​ដឹង​ និង​ការ​គាំទ្រ​ពី​សហគមន៍​រហូត​ដល់​​ថ្នាក់​ជាតិ​ ពី​ព្រោះ​សេវាកម្ម​នេះ​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ទូលំទូលាយ​នៅ​ក្នុង​ស្រុក​ខ្មែរ​នៅ​​ឡើយ​ទេ។

ចំណុច​ទី៤ ទាក់ទង​ការ​បង្កើត​​ជា​គម្រោង​សាកល្បង​ជា​ច្រើន​តាម​រយៈ​ការ​ប្រើប្រាស់​ការ​ប្រាស្រ័យ​ទាក់ទង​ ដែល​អនុវត្ដ​ទៅ​តាម​គោលដៅ​ផ្សេង​គ្នា។​ សព្វ​ថ្ងៃ​នេះ ​Happy Kids Clinic របស់​អង្គការ​ ផ្ដល់​សេវាកម្ម​ផ្ទាល់​ដល់​កុមារ​ដែល​ជួប​​បញ្ហា​លំបាក​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​។

ទី៥ ការ​ស្រាវជ្រាវ និង​បង្កើត​​ឯកសារ​មាន​ស្រាប់​នៅ​ស្រុក​ខ្មែរ ពី​ព្រោះ​វា​មិន​ត្រូវ​បាន​ស្គាល់​ទូលំទូលាយ​ ជាពិសេស​ការ​ប៉ាន់​ប្រមាណ​លើ​ការ​វិវត្ដ​ភាសា​របស់​កុមារ​តាម​អាយុ​ នៅ​មិន​ទាន់​មាន​នៅ​​​ខ្មែរ​ទេ​។

អ្នក​ស្រី នេត ចិន្ដា នាយិកា​អង្គការ OIC Cambodia បាន​សម្ដែង​ក្ដីបារម្ភ​ពី​កុមារ​មិន​​ទទួល​បាន​ការ​គាំទ្រ ឬ​អន្ដរាគមន៍​ទាន់​ពេល​វេលា អាច​​មាន​ការ​លំបាក​ក្នុង​ការ​ត្រឡប់​ទៅ​រៀន​វិញ។​ រីឯ​​មនុស្ស​ធំ​​អាច​បាត់​បង់​សមត្ថភាព​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ ​ចូលរួម​កិច្ចការ​​សង្គម​ និង​លទ្ធភាព​​ក្នុង​ការ​រៀប​ការ ដោយសារ​ជួប​បញ្ហា​ផ្នែក​ទំនាក់ទំនង​ និង​​​ពិបាក​ស្វែងរក​ដៃគូ​ជា​ដើម​។

អ្នកស្រី​​បញ្ជាក់​​​ថា៖ «ឲ្យ​តែ​យើង​ដឹង​ពី​របៀប​នៃ​ការ​ជួយ​ពួក​គាត់​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ឡើង​វិញ​»។

គោលដៅ​ថ្នាក់​ជាតិ

យោង​តាម​អនុស្សរណៈ​យោគយល់​​​ជាមួយ​ក្រសួង​អប់រំ​ យុវជន និង​កីឡា រយៈពេល​ ៥ ឆ្នាំ​ពី ២០១៩-​២០២៣​ កិច្ច​សហការ​នេះ​ផ្ដោត​លើ​គម្រោង​ការ​កសាង​សមត្ថភាព​គ្រូ​មត្តេយ្យ បឋម និង​មធ្យម​សិក្សា ទាក់ទង​ការ​ប្រើប្រាស់​ប្រាស្រ័យ​ទាក់ទង​ក្នុង​ថ្នាក់​រៀន។

អ្នកស្រី ចិន្ដា បាន​ប្រាប់​ថា៖ «​វា​អាច​​ជួយ​ជំរុញ​គោល​នយោបាយ​របស់​ក្រសួង​ក្នុង​ការ​បង្កើន​ចំនួន​កុមារ​ចូល​រៀន​នៅ​ក្នុង​ប្រទេស ​កម្ពុជា​»។

អ្នកស្រី​បាន​អះអាង​ថា ទោះ​អង្គការ​​បណ្ដុះបណ្ដាល​ផ្ទាល់​​លើ​គ្រូ ដូច​ជា គ្រូ​មត្តេយ្យ បឋម​សិក្សា និង​គ្រូ​ឧទ្ទេស​ ព្រម​ទាំង ឪពុក​ម្ដាយ ប្រមាណ ២៥០ នាក់​ ​ពួក​គេ​បាន​ជួយ​ដល់​កុមារ​​ប្រមាណ​​ជាង ១ ម៉ឺន​នាក់​។

ខុស​ប្លែក​ពី​អង្គការ​ដទៃ OIC មាន​គោលដៅ​ចាកចេញ​ចុង​ក្រោយ​នៅ​ឆ្នាំ ​២០៣០ ជាមួយ​ការ​បណ្ដុះបណ្ដាល​​អ្នក​បច្ចេកទេស​ក្នុង​ស្រុក​ចំនួន ១០០ នាក់​ ដែល​មាន​វិជ្ជាជីវៈ​នៅ​ស្រុក​ខ្មែរ​ និង​​មាន​ការ​ទទួល​ស្គាល់​ដោយ​រាជ​រដ្ឋាភិបាល​លើ​សមត្ថភាព​របស់​ពួក​គាត់​។

កុមារ​​មួយចំនួន​ចាំ​បាច់ត្រូវការ​អ្នកជំនាញ ដើម្បី​ជួយ​ពួកគាត់​ក្នុងការ​ផ្លាស់ប្ដូរ​។ សហការី

តាំង​ពី​ឆ្នាំ ២០១៤ OIC មាន​​ដៃគូ​ច្រើន​ទៅ​តាម​បណ្ដុះបណ្ដាល​​​ផ្សេងៗ ចាប់​ពី ១ ថ្ងៃ ៣ ថ្ងៃ និង​ ៦ ខែ ដូចជា អង្គការ​សាលា​ទន្សាយ អង្គការ KPF អង្គការ MCC ហើយ​បច្ចុប្បន្ន អង្គការ CODO ​ដែល​គាត់​ផ្ដល់​សេវា​កម្មវិធី​មត្តេយ្យ​សហគមន៍​ដល់​គ្រូ អង្គការ Hands of Hope Communication នៅ​តាម៉ៅ ទាក់ទង​នឹង​ថ្នាក់​អប់រំ​ពិសេស ដោយ​ការ​បណ្ដុះបណ្ដាល​គ្រូ​ អង្គការ CRS និង UNICEF​។

OIC កំពុង​មាន​បេសកកម្ម​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​ផ្នែក​ទំនាក់ទំនង ​ដើម្បី​ជួយ​ដល់​កុមារ​ជួប​បញ្ហា​ការ​និយាយ​ស្ដី និង​លេប​អាហារ ដែល​បណ្ដាល​មក​ពី​ជំងឺ​អាប់​បញ្ញា អូទីសឹម ទន់​អវយវៈ (CP) និង​ប៉ះពាល់​ខួរ​ក្បាល​ជា​ដើម។

ក្រៅ​ពី​បញ្ហា​​​​លារ​ពឹង​ផ្អែក​លើ​អ្នក​បច្ចេកទេស​ជា​បុគ្គលិក​បរទេស​ទាំង​ស្រុង អង្គការ​ក៏​ជួបការ​លំបាក​ស្វែងរក​អ្នក​ជំនាញ ដែល​ស្ម័គ្រ​ចិត្ដ និង​ទទួល​ប្រាក់​ខែ​តិចតួច។

ទន្ទឹម​នឹង​នោះ ​ការ​ពន្យារពេល​នៃ​ការ​បើក​មហាវិទ្យាល័យ​ថ្មី​ដែល​ទាមទារ​ ឲ្យ​​សាកល​វិទ្យាល័យ​សុខាភិបាល​ស្វែង​យល់​បន្ថែម​ទាក់ទង​យុទ្ធសាស្ដ្រ​និរន្ដរភាព គឺ​ជា​ឧបសគ្គ​មួយ ពី​ព្រោះ​អង្គការ ​OIC ត្រូវ​ចាកចេញ​នៅ​ឆ្នាំ ២០៣០ ខាង​មុខ​តាម​គម្រោង​។

យោង​តាម​​ទិន្នន័យ​របស់​ OIC ផ្ទាល់ បាន​រក​ឃើញ​ថា អ្នក​ជួប​បញ្ហា​ទាំង​នេះ​​មាន​ចំនួន​ ៦០ ម៉ឺន​នាក់​នៅ​កម្ពុជា។ ក្នុង​ចំណោម​កុមារ ២៥ នាក់​ មាន​ក្មេង​ម្នាក់​ ដែល​ជួប​បញ្ហា​នេះ​។

អ្នកស្រី ចិន្ដា អះអាង​ថា​៖ «​ពួក​គាត់​ចាំបាច់​ត្រូវ​ការ​អ្នក​ជំនាញ​ដើម្បី​ជួយ​គាត់​ក្នុង​ការ​ផ្លាស់ប្ដូរ​»។

អង្គការ OIC Cambodia ស្ថិត​នៅ​អគារ​លេខ ១០​ ផ្លូវ ៥០០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ភ្នំពេញ ឬ​ចូល​ទៅ​កាន់​វេបសាយ​ http://oiccambodia.org និង​ទំព័រ​ហ្វេសប៊ុក​​ @oiccambodia សម្រាប់​ព័ត៌មាន​បន្ថែម៕

វីដេអូ៖