ភ្នំពេញ៖ សម្លឹង​ឃើញ​​​ភាព​លំបាក​​របស់​មនុស្ស​ស្រី​ដូច​គ្នា ដែល​មិន​​​អាច​ទៅ​សាលារៀន​​ ​ឬ​បំពេញ​ការងារ​ដូច​ធម្មតា​នៅ​ពេល​មក​រដូវ​ ស្រ្តី​ជនជាតិ​ដាណឺម៉ាក និង​ជនជាតិ​​​​ហ្ស៊ីមបាវ៉េ​ បាន​សហការ​គ្នា​​បង្កើត​អង្គការ​ Period Pride និង​យុទ្ធនាការ​​ជំរុញ​កូន​សិស្ស​ស្រី​ឲ្យ​មក​សាលា​រៀន​ក្នុង​ពេល​មាន​រដូវ​ ឬ​ Keep Our Girl in School ដើម្បី​អប់រំ​សិស្ស​និស្សិត​ស្រី​អំពី​ការ​ថែទាំ​សុខភាព​ និង​រក្សា​អនាម័យ​នា​អំឡុង​​ពេល​មក​រដូវ​ប្រចាំ​ខែ។​

បច្ចុប្បន្ន​ ក្រុម​ការងារ​របស់​ Period Pride កំពុង​ស្វែងរក​ដៃ​គូ​សហការ​នៅ​​​ប្រទេស​នីមួយៗ​នៅ​ក្នុង​ពិភព​លោក​ ក៏​ដូចជា​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ​។

សហ​ស្ថាបនិក​ទាំង ២ មក​ពី​តំបន់ ​២​ ​ផ្សេង​គ្នា​ អ្នកស្រី​ Trine Sig អាយុ​ ៤៧ ឆ្នាំ​ មក​ពី​ប្រទេស​ដាណឺម៉ាក​ និង​អ្នកស្រី​ Thelma Mafukidze អាយុ​ ៣៤ ឆ្នាំ​មក​ពី​ហ្ស៊ីមបាវ៉េ​ បង្កើត​​យុទ្ធនាការ​នេះ​ឡើង​ ព្រោះ​ពួក​គេ​ជឿ​ថា​ ដរាប​ណា​មនុស្ស​ម្នា​​មិន​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​​គ្រប់​រូប​ទទួល​បាន​ការ​អប់រំ​ និង​ប្រើប្រាស់​ផលិតផល​រក្សា​អនាម័យ​ ព្រោះ​កង្វះ​​ខាត​សម្ភារ​ប្រើប្រាស់​ពេល​មក​រដូវ​​​នៅ​តែ​​​ជា​បញ្ហា​ដ៏​ធំ​ រារាំង​ស្ត្រី​​​ពី​ការ​ស្វែងរក​​​សក្តានុពល​របស់​ពួក​គេ​។​

ការ​ពិភាក្សា​រវាង​អ្នក​ទាំង ២​ ​បង្កើត​ឲ្យ​​មាន​អង្គការ​ Period Pride និង​យុទ្ធនាការ​ឲ្យ​ក្មេង​ស្រី​ទៅ​សាលារៀន​ពេល​មក​រដូវ​តាំង​ពី​​ថ្ងៃទី ​៤ ខែ​តុលា​ ឆ្នាំ ​២០១៨​ ដែល​យុទ្ធនាការ​នេះ​ត្រូវ​បាន​ចូលរួម​ពី​សំណាក់​​​យុវជន​​តាម​​ប្រទេស​​នីមួយៗ​​ទូទាំង​ពិភព​លោក​។

យុទ្ធនាការ​នេះ​មាន​បំណង​ជួយ​ដោះ​ស្រាយ​វិបត្តិ​​ក្នុង​ពេល​មក​រដូវ​របស់​​ស្រ្តី​នៅ​តាម​សហគមន៍​ ដែល​ងាយ​​រង​គ្រោះ​ និង​មាន​ការ​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​ ព្រម​ទាំង​ដើម្បី​បង្កើន​ចំណេះ​ដឹង​អំពី​សុខភាព​អនាម័យ​ក្នុង​ពេល​មក​រដូវ​​ច្រើន​ជាង​ការ​បង្ខាំង​ពួក​គេ​​ឲ្យ​នៅ​ផ្ទះ​​។​

អ្នកស្រី Thelma ​ ជឿ​ថា យុទ្ធនាការនឹង​ជួយ​ឲ្យ​ក្មេង​ស្រី​ទទួល​បាន​ឱកាស​អប់រំ​ពេញលេញ​​។ រូបថត សហ​ការី

អ្នក​ទាំង ២ ​បាន​និយាយ​​ថា​​៖ «យើង​​នឹង​មិន​​អង្គុយ​ដោយ​មិន​ធ្វើ​អ្វី​ទាំង​អស់​ហើយ​ចាំមើល​ភាព​ខ្វះខាត​នៅ​ពេល​មក​​រដូវ​​រាំង​ស្ទះ​ដល់​ការ​បញ្ចេញ​សក្តានុពល​របស់​ក្មេង​ស្រី​ក្នុង​វ័យ​សិក្សា​ ហើយ​ត្រូវ​ខកខាន​ការ​សិក្សា​រៀងរាល់​ ៤ ថ្ងៃ​ ក្នុង ​១ វដ្ត​រដូវ​។

អ្នកនាង Thelma ​ ដែល​ធ្លាប់​ជា គ្រូ​បង្រៀន​នៅ​តាម​សាលា​ជនបទ​ សង្កេត​ឃើញ​ក្មេង​​ស្រី​ជាច្រើន​​តែង​អវត្តមាន​ក្នុង​ថ្នាក់​យ៉ាង​ហោចណាស់​ ៣ ទៅ​ ៤ ថ្ងៃ​ក្នុង ​១ ​ខែ​ ដោយសារ​កង្វះខាត​លទ្ធភាព​ប្រើប្រាស់​​សម្ភារ​អនាម័យ​ពេល​មក​រដូវ។

ក្រោយ​មក​ Thelma ព្យាយាម​សិក្សា​ និង​ធ្វើ​ការ​ណែនាំ​បច្ចេកវិទ្យា​ថ្មី​ ​និង​បាន​ណែនាំ​​ផលិតផល​​ ក្រណាត់​អនាម័យ​ដែល​មិន​ឆ្លង​មេរោគ​ និង​រក្សា​អនាម័យ​បាន​ល្អ អាច​​ជួយ​​ផ្លាស់ប្តូរ​ការ​​រស់នៅ​របស់​ក្មេងស្រី​ជា​ច្រើន​នៅ​តាម​តំបន់​ជនបទ​ ដែល​កំពុង​ត្រូវ​ការ​ សម្ភារ​អនាម័យ ​ ហើយ​អាច​ធានា​បាន​ថា​ ពួក​គេ​នៅ​តែ​អាច​បន្ត​ការ​ទៅ​សាលារៀន​ទោះ​ជា​ពេល​មក​រដូវ​។

ចំណែក​ឯ Trine​​ បាន​ចាប់​ផ្តើម​ស្វែង​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​សុខភាព​ស្ត្រី​​ពេល​មក​រដូវ​។ ​ការ​ស្រាវជ្រាវ​​របស់​អ្នក​ស្រី​បាន​បង្ហាញ​ថា​​ ពលរដ្ឋ​នៅ​សហគមន៍​មួយ​ចំនួន​​នៅ​តែ​​​​ហាម​ប្រាម​ មនុស្ស​ស្រី​នៅ​ក្នុង​ផ្ទះ​​ មិន​ឲ្យ​ចេញ​ទៅ​សាលារៀន​ និង​កន្លែង​ធ្វើ​ការ​ក្នុង​អំឡុង​ពេល​មក​រដូវ​​។​

អ្នកស្រី​បាន​លើក​ឡើង​ថា​៖ «ហេតុផល​​មួយ​ក្នុង​ចំណោម​ហេតុផល​ដែល​ធ្វើ​ឲ្យ​មាន​ការ​ហាម​មិន​ឲ្យ​ចេញ​ទៅ​ក្រៅ​​ ​គឺ​កង្វះ​ខាត​ក្រណាត់​អនាម័យ​ និង​ព័ត៌មាន​អប់រំ​ស្តីពី​ការ​រក្សា​អនាម័យ​​ឲ្យ​បាន​ត្រឹមត្រូវ​។ ប៉ុន្តែ​ ក្រណាត់​អនាម័យ​ ដែល​អាច​បោក និង​ប្រើប្រាស់​​ឡើង​វិញ​បាន​ អាច​ជា​ផ្នែក​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហាទាំង​នេះ​»។

ក្នុង​ឆ្នាំ​ ២០១៤ អ្នកស្រី Trine និងមិត្តភក្ដិ​​បញ្ជូន​ ១ លាន​ក្រណាត់អនាម័យជូនស្ត្រី​ក្រីក្រ​។ រូបថត សហ​ការី

មុន​បង្កើត Period Pride នៅ​​ឆ្នាំ​ ២០១៤​ អ្នកស្រី​ Trine​​ និង​មិត្តភក្តិ​អ្នកស្រី​ម្នាក់​ទៀត​​​បាន​បញ្ជូន​​ក្រណាត់​អនាម័យ​បរិស្ថាន​​​​ជាង ​១ លាន​ក្រណាត់​​ ទៅ​កាន់​តំបន់​ដែល​មាន​ស្ត្រី​កំពុង​ត្រូវ​ការ​ពួក​វា​ខ្លាំង​បំផុត​ ហើយ​វា​​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​ខ្លាំង​​ក្នុង​ការ​​លុប​បំបាត់​​ភាព​អាម៉ាស់​ពី​​​ប្រឡាក់​សម្លៀក​បំពាក់​ ចម្លង​មេរោគ​ និង​ការ​ផ្តាច់​ខ្លួន​ពី​សង្គម​នៅ​ពេល​មក​រដូវ​។

សហស្ថាបនិក​ជនជាតិ​ ដាណឺម៉ាក​ បាន​​ឲ្យ​ដឹង​ទៀត​ថា​៖ «កាល​ពី​ថ្ងៃ​ទី​ ២៨ ​​​ ខែ ​ឧសភា​ ឆ្នាំ ​២០២០ ​ជា​ទិវា​អនាម័យ​នៃ​ការ​មក​រដូវ​ Period Pride ​បាន​អញ្ជើញ​ក្រុម​ការងារ​ និង​មិត្តភក្តិ​ចូលរួម​ធ្វើ​ការ​ចែក​រំលែក​ចំណេះដឹង​ និង​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​សុខភាព​ពេល​មក​រដូវ​។ កម្មវិធី​នេះ​រៀប​ចំឡើង​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ WhatsApp និង​ធ្វើ​ការ​ពិភាក្សា​គ្នា​​ពេញ ១ ​ថ្ងៃ​ ដោយ​មាន​ការ​​ចូលរួម​ពី​ស្រី្ត​ដែល​ជា​មាតា​ ក្មេង​ស្រី​ ស្ត្រី​វ័យ​ជំទង់​ និង​បុរស​សរុប​​ប្រហែល​ ២៥០ ​នាក់​ ដើម្បី​ចូល​រួម​អបអរ​​ទិវា​អនាម័យ​នៃ​ការ​មក​រដូវ​នេះ»។

ទោះបី​ជា​ ទិវា​អនាម័យ​នៃ​ការ​មក​រដូវ​នេះ​បាន​បញ្ចប់​ ប៉ុន្តែ​ក្រុម​ការងារ​របស់​ Period Pride នៅ​តែ​បន្ត​សកម្មភាព​នៅ​លើ​បណ្តាញ​សង្គម​។

អ្នកស្រី​ ​​Trine បាន​បន្ត​ឲ្យ​ដឹង​ថា​៖ «យើង​នឹង​ស្វែង​រក​យុវទូត​តំណាង​ឲ្យ​ក្រុម​មនុស្ស​វ័យ​ជំទង់​ និង​កុមារ​ ដូច​ដែល​យើង​មាន​គម្រោង​បង្កើត​ក្រុម​យុវទូត​ពិសេស និង​ផ្តល់​ឱកាស​ឲ្យ​ពួក​គេ​បំពេញ​កាតព្វកិច្ច​ជា​រៀង​រាល់​ខែ​ជាមួយ​ក្រុម​ការងារ​នៅ​ក្នុង​ប្រទេស​ និង​តំបន់​ដែល​ពួក​គេ​រស់នៅ​ យោង​ទៅ​លើ​ការ​អប់រំ​អំពី​អនាម័យ​នា​ពេល​មក​រដូវ​នេះ​»។​

ព័ត៌មាន​​បន្ថែម​សូម​ចូល​ទៅ​​កាន់​ហ្វេសប៊ុក​​ @Period Pride​ ឬ​អ៊ីមែល​ ts@realreliefway.com៕

Thelma Mafukidze អាយុ​ ៣៤ ឆ្នាំ​ មក​ពី​ហ្ស៊ីមបាវ៉េ​ សហស្ថាបនិក​យុទ្ធនាការ Period Pride។ រូបថត សហការី