ភ្នំពេញ: ចាកចេញ​ពី​ក្រុង​ញូវយ៉ក​នៅ​ថ្ងៃទី​ ២៨ ខែ​ឧសភា ឆ្នាំ​ ១៩១៤ រថភ្លើង ក្មេង​កំព្រា​ដែល​ដឹក​កុមារកំព្រា​ ៩ ​នាក់​ដោយ​ឆ្ពោះ​ដំណើរ​ទៅ​តាម​ផ្ទះសំបែង​គ្រប់​ច្រកល្ហក​នៃ​ទីប្រជុំជន​នានា​ក្នុង​បំណង​ស្វែងរក​កុមារកំព្រា និង​ត្រូវបាន​បោះបង់ចោល​។

សំឡេង​ស៊ីផ្លេ​បាន​បន្លឺ​សូរ ខណៈ​ម៉ាស៊ីន​រថភ្លើង​រោទ៍​ឡើង​ជា​សញ្ញា​ចាប់ផ្ដើម​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ដែល​ធ្វើឲ្យ​បង្កើត​ជា​អារម្មណ៍​ចម្រុះ​រួមទាំង​ចិត្ដ​អន្ទះសា សំណើច​ក្អាកក្អាយ និង​ក្រៀម​ក្រំចិត្ដ​។

ពួកគេ​ជិះ​រថភ្លើង​ជាមួយ​ក្ដីសង្ឃឹម​ក្នុង​ការស្វែងរក​ឪពុកម្ដាយ​ផ្ដល់​ភាពកក់ក្ដៅ ស្វែងរក​គ្រែ និង​អាហារ​គ្រប់គ្រាន់​ដើម្បី​បំពេញ​ភាព​ស្រេកឃ្លាន​។ ពួកគេ​ជិះ​រថភ្លើង​ក្មេង​កំព្រា​ក៏​ព្រោះ​តែ​មជ្ឈមណ្ឌល​កុមារកំព្រា​ជោរជន់​ពេក និង​ទីក្រុង​មិន​ស្វាគមន៍​ក្មេង​កំព្រា​កខ្វក់​ដែល​ដើរ​ត្រាច់ចរ​ពាសពេញ​ផ្លូវ​។

«​រថភ្លើង​ក្មេង​កំព្រា​» ប្រលោមលោក​និពន្ធ​ដោយ​កវី អាមេរិក អូរ៉ាដ ហារីស ត្រូវ​បាន​ក្រុម Phnom Penh Players លើក​យក​មក​សម្ដែង​ជាថ្មី​ដោយ​នាំ​អារម្មណ៍​មហាជន​វិល​ទៅកាន់​សម័យកាល​ខ្មៅ​ងងឹត​នៃ​ប្រវត្ដិសាស្ដ្រ​ពេល​កុមារ​រាប់សែន​នាក់​ដែល​ត្រូវ​បាន​បោះបង់ អត់​ទី​ពំនាក់ ឬ​រស់នៅ​តាម​ចិញ្ចើមផ្លូវ ដោយសារ​ឪពុកម្ដាយ​បាន​ស្លាប់ ឬ​អស់​លទ្ធភាព​ចិញ្ចឹម​បីបាច់​ពួកគេ​។

ការត្រៀម​រៀបចំ​ឆាក​សម្រាប់​សម្ដែង​រឿង The Orphan Train​។ រូបថត ហ្វេសប៊ុក

យោង​តាម​សេចក្ដី​ប្រកាស​របស់ Phnom Penh Players ​បាន​បង្ហាញ​ថា​៖ «​ការសម្ដែង​នឹង​បង្ហាញ​ពី​សមត្ថភាព​របស់​កុមារ​ដ៏មាន​ទេពកោសល្យ​។ តួសម្ដែង​ជា​កុមារ​ទាំងនោះ​មកពី​ប្រវត្ដិ​គ្រួសារ ជនជាតិ និង​សាលា​ផ្សេងៗ ដោយ​ការជួបជុំ​គ្នា​ប្រារឰ​ព្រឹត្ដិការណ៍​ដើម្បី​កុមារ​»​។

Phnom Penh Players ​បាន​ឲ្យ​ដឹង​ថា​សហផលិតករ Chelsea Middendorf និង Jo-Ann Lim បាន​សម្រេច​ចិត្ដ​ដឹកនាំ និង​រៀបចំ​ការសម្ដែង​នេះ​រួម​គ្នា​ដោយសារ​ពួកគេ​ចង់​ផ្ដល់​ឲ្យ​កុមារ​ក្រុង​ភ្នំពេញ​នូវ​ឱកាស​សម្ដែង​រឿងរ៉ាវ​ស្ដីពី​កុមារ​។ ចំពោះ​តួអង្គ​ជាច្រើន​ការសម្ដែង​នេះ​ជា​លើក​ដំបូង​របស់​​ពួកគេ ដោយ​តួសម្ដែង​ក្មេង​បំផុត​គឺ​មាន​អាយុ​ត្រឹមតែ ៨ ​ឆ្នាំ​ព្រម​ទាំង​តួអង្គ​ជា​មនុស្ស​ធំ និង​កុមារ​ផ្សេងៗ​ទៀត​។

Phnom Penh Players ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ចំណោម​សហគមន៍​ជនបរទេស​ជាជាង​ពលរដ្ឋ​ខ្មែរ រមែង​រៃអង្គាស​ប្រាក់​ជួយ​ក្នុង​ទង្វើ​មនុស្សធម៌​ជា​ហូរហែ​នៅ​កម្ពុជា​បាន​បន្ដ​ថា​៖ «​ការសុំ​កូនចិញ្ចឹម និង​មជ្ឈមណ្ឌល​កុមារកំព្រា ជា​អ្វី​ដែល​ត្រូវ​បាន​ជជែក​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា តែ​កុមារ​ជាច្រើន​មិនមាន​ការយល់ដឹង​ច្រើន​អំពី​បញ្ហា​នេះឡើយ​។ ការសម្ដែង​នេះ​បាន​ផ្ដល់​ឲ្យ​កុមារ និង​ក្រុម​គ្រួសារ​នូវ​ឱកាស​ស្វែងយល់​ពី​បញ្ហា​ទាំងនេះ​សម្រាប់​ជាការ​ជជែក​វែកញែក​បន្ថែម​»​។

Phnom Penh Players បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ភ្ជាប់​រូបភាព​ក្រុម​កុមារ​នៅ​ជុំវិញ​រ៉ឺម៉ក​បិទ​ប៉ាណូ​រឿង «​រថភ្លើង​ក្មេង​កំព្រា​» ថា​៖ «​រាត្រី​បើក​សម្ពោធ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​។ ក្រុម​ការងារ និង​ក្រុម​តួសម្ដែង​រឿង រថភ្លើង​ក្មេង​កំព្រា​កំពុង​មមាញឹក​ខ្លាំង​ដើម្បី​បញ្ចប់​កិច្ចការ​ឲ្យ​បាន​ល្អ​។ យើង​រំពឹង​ទទួល​ស្វាគមន៍​វត្ដមាន​របស់​លោក​អ្នក​ជាច្រើន​»​។

មិន​ខុស​ពី​ការសម្ដែង​ជាច្រើន​កន្លង​មក​ល្ខោន​រឿង «​រថភ្លើង​ក្មេង​កំព្រា​» របស់​Phnom Penh Players ដែល​កៀរគរ​ក្រុម​សម្ដែង​ជាច្រើន​ជា​កុមារ​ក៏​ជា​ឱកាស​​រៃអង្គាសប្រាក់​សម្រាប់​ជួយ​ដល់​កិច្ចការ​សង្គម​ផង​ដែរ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​៖ «​ចំណូល​ទាំងអស់​ដែល​ទទួល​បាន​ពី​ការសម្ដែង​នេះ​នឹង​ប្រគល់ជូន​ដល់ Cambodian Organization for Living and Temporary Care (COLT) ​ជា​អង្គការ​ដែល​ជួយ​ដល់​សហគមន៍​គាំពារ​កុមារ​នៅ​កម្ពុជា​។ COLT បាន​មូលនិធិ​ដែល​ទទួល​បាន​ពី​កិច្ចខិតខំ​ប្រឹងប្រែង​នានា​ដើម្បី​ឧបត្ថម្ភ និង​ផ្ដល់​ការអប់រំ​ដល់​កុមារ​ព្រម​ទាំង​សេវាកម្ម​សង្គម​ឪពុកម្ដាយ​។

ល្ខោន​រឿង «​រថភ្លើង​ក្មេង​កំព្រា​» នឹង​ត្រូវ​បាន​សម្ដែង​នៅ​សមាគម​សិល្បៈ​សុវណ្ណភូមិ ផ្ទះ​លេខ​ ១៦៦ ផ្លូវ​ ៩៩ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៥ និង​ទី​ ៦ ខែ​មេសា ម៉ោង ៧ ​យប់ និង​ថ្ងៃទី ៧ ខែ​មេសា​នៅ​ម៉ោង ៥ ​ល្ងាច​។

សំបុត្រ​មាន​តម្លៃ ១០ ដុល្លារ​ម្នាក់​ហើយ​សិស្ស​លើស​ពី ១០ ​នាក់​នឹង​ទទួល​បាន​ការបញ្ចុះ​តម្លៃ​ពិសេស​ដែល​មហាជន​អាច​រក​ទិញ​បាន​នៅ The Box Office - Phnom Penh, Lot 369 Cafe & Bar - TTP, Lot 369 Cafe & Bar - BKK និង Kwest Restaurant​ ឬ​ទាក់ទង​ផលិតករ​ទាំង​ ២ Chelsea Middendorf និង Jo-Ann Lim តាមរយៈ​អ៊ីមែល chelsea.middendorf@gmail.com​ និង​joannconsultant@gmail.com៕

រឿង The Orphan Train និពន្ធ​ដោយ​កវី​អាមេរិក អូរ៉ាដ ហារីស​។ រូបថត ហ្វេសប៊ុក