ភ្នំពេញ: វា​បាន​កើតឡើង​តាំងពី ១៥ ឆ្នាំ​មុន​ពេល​អ្នកស្រី Laurence Vandenborre ធ្វើការ​ជាមួយ​កុមារី​វ័យ ៩ ​ឆ្នាំ​ម្នាក់​ដែល​ត្រូវបាន​សង្គ្រោះ​ពី​គ្រោះ​រលក​យក្ស​ស៊ូណាមិ វាយប្រហារ​លើ​ប្រទេស​ឥណ្ឌូនេស៊ី​។

អ្នក​ព្យាបាល​ផ្លូវ​ចិត្ដ​តាមរយៈ​សិល្បៈ​បាន​ដឹង​ថា​ការជួយ​កុមារ​ដែល​សល់​ជីវិត​ពី​គ្រោះ​ស៊ូណាមិ ពុះពារ​ជម្នះ​បញ្ហា​ផ្លូវ​ចិត្ដ ពិតជា​ចំណុច​ស្នូល​ក្នុង​ការធ្វើឲ្យ​ជីវិត​ពួកគេ​ប្រសើរ​ឡើង​។

បង្កើតឡើង​ក្នុង​ឆ្នាំ​​ ២០១១ The Red Pencil Humanitarian Mission ជា​អង្គការ​មិន​រកប្រាក់​ចំណូល​ដោយ​បំពេញ​បេសកកម្ម​លើ​ការព្យាបាល​បញ្ហា​ផ្លូវ​ចិត្ដ​តាមរយៈ​សិល្បៈ​ដល់​កុមារ មនុស្ស​ពេញវ័យ និង​ក្រុមគ្រួសារ​ប្រឈម​នឹង​បញ្ហា​ជីវិត​ដែល​ពិបាក​ថ្លាថ្លែង​ប្រាប់​អ្នកដទៃ​។

កម្មវិធី​នេះ​បាន​ជួយ​ដល់​អ្នកមាន​វិបត្ដិ​ផ្លូវ​ចិត្ដ និង​ពុះពារ​តាមរយៈ​ការបង្កើត​ស្នាដៃ​សិល្បៈ (​គំនូរ តន្ដ្រី ឬ​ចលនា​/​ការរាំ​) ​ព្រម​ទាំង​បាន​ជួយ​ពួកគេ​ឲ្យ​ឆាប់​ជាសះស្បើយ រឹងប៉ឹង និង​បង្កើន​ភាពស្វាហាប់​ឲ្យ​ខ្លួនឯង​។

អ្នក​ដែល​ជួប​វិបត្ដិ​ផ្លូវចិត្ដ​មាន​បទពិសោធ​ការគំរាមកំហែង​ដល់​អាយុជីវិត ជំងឺ​រ៉ាំរ៉ៃ រងរបួស ការបំពាន​ផ្លូវភេទ និង​រាងកាយ គ្រោះមហន្ដរាយ​ធម្មជាតិ សង្គ្រាម ឬ​ហិង្សា​នយោបាយ​។

អ្នកស្រី Laurence Vandenborre ដែល​បាន​អនុវត្ដ​ការព្យាបាល​តាមរយៈ​សិល្បៈ​នៅ​មន្ទីរពេទ្យ​រ៉ាហ្វហ្វល ប្រទេស​សិង្ហបុរី​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មុន​ពេល​បើក​ស្ទូឌីយោ «The Art-Therapy Studio» ផ្ទាល់ខ្លួន​បាន​និយាយ​ថា​៖ «​អ្នកខ្លះ បញ្ហា​ផ្លូវ​ចិត្ដ​អាច​បង្ក​ជា​វិបត្ដិ​ធ្ងន់ធ្ងរ​ដូចជា ជំងឺ​បាក់ស្បាត ធ្លាក់ទឹក​ចិត្ដ ក្រេវក្រោធ ប្រើ​គ្រឿង​ស្រវឹង គ្រឿងញៀន ព្រមទាំង​ប៉ះពាល់​ទំនាក់ទំនង​ជាមួយ​គ្រួសារ មិត្ដភក្ដិ និង​ការងារ​ថែម​ទៀត​» ។

ការព្យាបាល​ជំងឺផ្លូវចិត្ត​តាមរយៈ​ការបង្កើត​ស្នាដៃ​សិល្បៈ គំនូរ តន្ត្រី ឬ​ចលនា​/​ការរាំ​) បាន​ជួយ​ឲ្យ​កុមារ និង​អ្នក​ជួប​វិបត្តិ​ផ្លូវចិត្ត ឆាប់​ជាសះស្បើយ រឹងប៉ឹង និង​បង្កើន​ភាពស្វាហាប់​ដោយ​ខ្លួនឯង​។ រូបថត សហការី

អ្នកស្រី​បន្ដ​ថា​៖ «​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​បាក់ស្បាត រួមមាន​សុបិន​អាក្រក់ ឬ​នឹកឃើញ​អតីតកាល​ជូរចត់ អត់​ហ៊ាន​ធ្វើ​កិច្ចការ​ ឬ​ទៅ​បៀត​ទីកន្លែង​ធ្លាប់​កើតឡើង សោកសៅ ភ័យ​ស្លន់ស្លោ ដេក​មិន​លក់ និង​ការ​ផ្ចង់​អារម្មណ៍​ចុះខ្សោយ​។ នៅ​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្ដ អាការ​ធុញទ្រាន់ ការប្រើ​ថ្នាំញៀន និង​គ្រឿង​ស្រវឹង ព្រម​ទាំង​ក្រេវក្រោធ​ញឹកញាប់​»​។

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស ២៤ ដែល​អង្គការ Red Pencil ប្រតិបត្ដិការ​ការងារ​របស់​ខ្លួន​បាន​និង​កំពុង​ពុះពារ​ទប់ទល់​នឹង​ជំងឺ​បាក់ស្បាត​ដែល​ពលរដ្ឋ​ខ្មែរ​វ័យ​ចំណាស់​ជាប់​ដិតដាម​តាំងពី​របប​ខ្មែរក្រហម​។ ​ការព្យាបាល​ជំងឺ​ផ្លូវចិត្ដ​នេះ​ដំណើរការ​ក្នុង​​ឆ្នាំ​ ២០១៥ ដើម្បី​ជួយ​ជនរងគ្រោះ​កសាង​ក្ដីសង្ឃឹម​ថ្មី​ក្នុង​ឆាកជីវិត ខណៈ​កម្មវិធី​នេះ​ក៏​ផ្ដោត​ចម្បង​លើ​កុមារី និង​ស្ដ្រី​វ័យក្មេង​ដែល​ជួប​វិបត្ដិ​ផ្លូវ​ចិត្ដ​។

ស្ថាបនិក​អង្គការ​ដែល​បាន​សរសេរ​បាវចនា​ថា​ «​ពេល​យើង​ជួយ​កុមារ​ម្នាក់​ក៏ដូចជា​យើង​បាន​សង្គ្រោះ​មនុស្ស​ពេញវ័យ​ម្នាក់​ផងដែរ​» បាន​និយាយ​ថា​៖ «​កម្ពុជា​ជា​ប្រទេស​ដ៏ស្រស់ស្អាត​ជាមួយ​ស្នាមញញឹម​ដ៏រួសរាយ​រាក់ទាក់​របស់​ប្រជាជន​ខ្មែរ​។ តែ​កម្ពុជា​ក៏​​ដូចជា​បណ្ដា​ប្រទេស​ដទៃ​បាន​ពើបប្រទះ​នូវ​បញ្ហា​ប្រេះស្រាំ​ខ្លះៗ​។ ​នោះ​ហើយ​​ជា​អ្វី​ដែល​យើង​ចង់​ជួយ​គាំពារ​» ។

កម្មវិធី​អង្គការ​នឹង​បញ្ជូន​អ្នក​ឯកទេស​មក​ធ្វើការ​ជាមួយ​កុមារ ស្ដ្រី និង​ក្រុមគ្រួសារ ព្រម​ទាំង​បង្កើត​វគ្គបណ្ដុះបណ្ដាល​អ្នក​ផ្ដល់​សេវាកម្ម​ផង​ដែរ​។

អ្នកស្រី Laurence ដែល​ចាត់ទុក​អង្គការ HAGAR International ជា​ដៃគូ​ដ៏ស័ក្ដិសម​បាន​បន្ដ​ថា​៖ «Red Pencil និង HAGAR ផ្ដល់​សេវាកម្ម​ព្យាបាល​ផ្លូវ​ចិត្ដ​តាមរយៈ​សិល្បៈ​ដល់​ស្ដ្រី​វ័យក្មេង​ដែល​ត្រូវ​បាន​ជួយ​ពី​ការជួញដូរ​មនុស្ស ។ កុមារ​ដែល​មកពី​គ្រួសារ​ក្រីក្រ​គឺជា​ក្រុមមនុស្ស​ងាយ​រងគ្រោះ​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ រង​អំពើហិង្សា​ក្នុង​គ្រួសារ និង​ការបង្ខំ​ឲ្យ​ដើរ​សុំទាន​ជាដើម​។ មួយផ្នែក យើង​បាន​បណ្ដុះបណ្ដាល​បុគ្គល HAGAR និង​អ្នក​ផ្ដល់​សេវាកម្ម​ផងដែរ​»​។

គួរ​ឲ្យ​កត់សម្គាល់​ថា មនុស្ស​ម្នាក់ៗ​រមែង​ជួប​បញ្ហា​ខុសៗ​គ្នា​ដែល​អាច​បណ្ដាល​មកពី​កត្ដា​បរិស្ថាន​ផ្ទាល់ខ្លួន​មុន​ពេល​កើត​វិបត្ដិ​ផ្លូវ​ចិត្ដ តែ​ក៏​ជា​សមត្ថភាព​បង្ហាញ​ពី​ភាព​រឹងប៉ឹង និង​ថាមពល​ខ្លួនឯង​ផង​ដែរ ។

ការព្យាបាល​ជំងឺផ្លូវចិត្ត​តាមរយៈ​ការបង្កើត​ស្នាដៃ​សិល្បៈ គំនូរ តន្ត្រី ឬ​ចលនា​/​ការរាំ​) បាន​ជួយ​ឲ្យ​កុមារ និង​អ្នក​ជួប​វិបត្តិ​ផ្លូវចិត្ត ឆាប់​ជាសះស្បើយ រឹងប៉ឹង និង​បង្កើន​ភាពស្វាហាប់​ដោយ​ខ្លួនឯង​។ រូបថត សហការី

អ្នកស្រី​លើក​ឡើង​ថា​៖ «​អ្នក​ដែល​កើត​បញ្ហា​ផ្លូវ​ចិត្ដ​ត្រូវការ​ការគាំទ្រ ពេលវេលា និង​ការស្វែងយល់ ហើយ​ការព្យាបាល​ត្រឹមត្រូវ​អាច​ជួយ​កែកុន​ស្ថានការណ៍​ធ្ងន់ធ្ងរ​។ មនុស្ស​ភាគច្រើន​នឹង​ឆាប់​ជាសះស្បើយ​ជាមួយ​ការគាំទ្រ​ពី​ក្រុមគ្រួសារ និង​មិត្ដភក្ដិ​»​។

បេសកកម្ម​មកកាន់​កម្ពុជា​របស់​អ្នកស្រី Laurence ដើម្បី​ជួយ​អ្នក​កើត​វិបត្ដិ​ផ្លូវចិត្ដ​ឲ្យ​មាន​ក្ដីសង្ឃឹម​ថ្មី​ក្នុង​ឆាកជីវិត​។ Red Pencil បាន​ធ្វើការ​ជាមួយ​កុមារ និង​កុមារី​កម្ពុជា​ពី ៤០ ទៅ ៦០ ​នាក់​ដែល​បាន​រួច​ផុត​ពី​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​លើ​សិទ្ធិ​របស់​ពួកគេ ដូចជា អំពើ​ជួញដូរ​មនុស្ស ហិង្សា និង​ការរំលោភបំពាន​ផ្លូវភេទ​។

Red Pencil ក៏​បាន​ផ្ដល់​ការបណ្ដុះបណ្ដាល​ដល់​បុគ្គលិក​របស់​អង្គការ HAGAR ១៤ ​នាក់​ដែល​ធ្វើការ​ជាមួយ​កុមារ​ទាំងនោះ​រៀងរាល់​ថ្ងៃ​។ ក្រៅពី HAGAR អង្គការ Red Pencil ក៏​បាន​សហការ​ជាមួយ​អង្គការ​ជំនួយ​កាតូលិក​សម្រាប់​ការអភិវឌ្ឍ​សង្គម Caritas ផងដែរ​។

អ្នកស្រី Laurence បាន​បញ្ជាក់​ថា​ដោយសារ​ការព្យាបាល​ផ្លូវចិត្ដ​តាមរយៈ​សិល្បៈ​នៅ​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​នៅ​កម្ពុជា Red Pencil បាន​នាំយក​អ្នកឯកទេស​មកពី​អាមេរិក និង​អូស្ដ្រាលី​ចំនួន ២ ​នាក់​ដើម្បី​ជួយ​កុមារ និង​អ្នកផ្ដល់​សេវាកម្ម​របស់​អង្គការ HAGAR ដោយ​ផ្ទាល់​។

អ្នកស្រី​បាន​បន្ថែម​ថា​៖ «Red Pencil បំពេញ​បេសកកម្ម​មនុស្សធម៌​ដែល​មិន​គិត​ប្រាក់​ចំណូល​ពី​អ្នក​ទទួល​ប្រយោជន៍​ពី​កម្មវិធី តែ​យើង​ត្រូវការ​ការគាំទ្រ​ពី​ម្ចាស់​ជំនួយ​នានា​ដើម្បី​បន្ដ​បេសកកម្ម​របស់​យើង​»​។

សម្រាប់​សំណួរ​ផ្សេងៗ លោកអ្នក​អាច​ចូល​អាន​ក្នុង​វេបសាយ​តាមរយៈ​គេហទំព័រ welcome@repencil.org​ ឬ​សម្រាប់​ព័ត៌មាន​លម្អិត និង​ផ្ដល់​ការបរិច្ចាគ​ផ្សេងៗ​សុំ​ចូល​ទៅ​កាន់ www.redpencil.org៕

វីដេអូ៖