សៀមរាប៖ «Bike Meet» ឬ «Bike Week» រមែង​ត្រូវ​បាន​ប្រារឰ​ឡើង​រយៈពេល​ជា​ច្រើន​ថ្ងៃ​។ ព្រឹត្ដិការណ៍​ដ៏​ល្បី​នេះ​មាន​ការ​ពេញ​និយម​ខ្លាំង​នៅ​ថៃ ម៉ាឡេស៊ី ឥណ្ឌា វៀតណាម និង​ឥណ្ឌូនេស៊ី​។ វា​ជា​ឱកាស​នៃ​ការ​ជួប​ជុំ​រវាង​ភ្ញៀវ​ទេសចរ​ជាតិ និង​អ្នក​ស្រឡាញ់​ទោចក្រ​យានយន្ត​អន្ដរជាតិ​​មក​ពី​ជុំវិញ​ពិភព​លោក​។

Siem Reap Bike Meet (SRBM) ដែល​រៀបចំ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០១៧​ ចាប់​ផ្ដើម​ពី​កម្មវិធី​សាមញ្ញៗ​ ជា​ជំនួប​មិត្ដភក្ដិ​ក្រុម​តូច​តាម​ផ្ទះ​សំណាក់​ ដែល​ពួក​គេ​ស្រឡាញ់​ម៉ូតូ​ និង​ចូលចិត្ដ​កិច្ចការ​សង្គម​។ កម្មវិធី​ជំនួប​អ្នក​ស្រឡាញ់​ម៉ូតូ​កាន់​តែ​ពង្រីក​ខ្លួន​ធំ​ក្នុង​ឆ្នាំ ​២០១៨ ហើយ​ឆ្នាំ​ទី ៣ នេះ វា​នឹង​ក្លាយ​ជា​ប្រវត្ដិសាស្ដ្រ​ជំនួប​ម៉ូតូ​នៅ​កម្ពុជា​។

លោក Dean McLacklan សហស្ថាបនិក (SRBM) បាន​និយាយ​ថា​៖ «​(SRBM) ចាប់​ផ្ដើម​ពី​ជំនួប​តូចតាច​ រវាង​ក្រុម​អ្នក​ជិះ​ម៉ូតូ និង​អ្នក​ស្រឡាញ់​ម៉ូតូ​។ យើង​ចង់​បង្កើត​កម្មវិធី​ជួប​ជុំ​ជាមួយ​មិត្ដភក្ដិ​ ដើម្បី​ចែក​រំលែក​បទពិសោធ​នៃ​ការ​បើកបរ​យានយន្ត​កង់ ២​ និង​ចរាចរណ៍​លើ​ដង​ផ្លូវ​»។

លោក McLacklan សហស្ថាបនិក​ JustRide Motorbike Adventure និង Refill Not Landfill បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា​៖ «​យើង​បាន​​ទាក់​ទាញ​អ្នក​ដំណើរ​ម៉ូតូ​អន្ដរជាតិ​​ជា​ច្រើន​នាក់​ រួម​ទាំង​អ្នក​ជំនាញ​បើក​ម៉ូតូ​មក​ពី​ថៃ ៤ នាក់​ផង​ដែរ​។ យើង​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​អ្នក​ជិះ​​ម៉ូតូ​ ដែល​ស្រឡាញ់​ចូលចិត្ដ​ការ​រៀបចំ​នេះ​»​។

ក្រុម​អ្នក​ជិះ​ម៉ូតូ​មាន​ទស្សនៈ​ផ្ទុយ​ពី​ភ្ញៀវ​ទេសចរ​ទូទៅ ដែល​ពួក​គេ​ចូលចិត្ដ​ធ្វើ​ដំណើរ​តាម​ទី​ដាច់​ស្រយាល​នៅ​ទូទាំង​ប្រទេស ​កម្ពុជា ព្រម​ទាំង​ត្រាច់ចរ​​ពី​ព្រំ​ដែន​ម្ខាង​ទៅ​ព្រំដែន​ម្ខាង​ទៀត​។

លោក McLacklan បាន​ឲ្យ​ដឹង​ថា​៖​ «​អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​តាម​ម៉ូតូ​ចូល​ចិត្ដ​ជិះ​ម៉ូតូ​ចូលរួម​ព្រឹត្ដិការណ៍​នានា​​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​។ ពេល​​ធ្វើ​ដំណើរ​ពួក​គេ​ត្រូវ​ចាយ​ប្រាក់ ដូច្នេះ​អ្នក​ទទួល​ប្រយោជន៍​គឺ​សហគមន៍​ និង​អ្នក​រស់នៅ​តាម​ទី​ជនបទ​កម្ពុជា​។ ពួក​គេ​ក៏​ត្រូវ​ចំណាយ​ពេល​ស្នាក់​នៅ​យូរ​ទៅ​តាម​គោលដៅ​នីមួយ​ៗ​ មិន​មែន​តែ​​នៅ​ក្នុង​សណ្ឋាគារ ឬ​រីសត​នោះ​ឡើយ​»។

លោក​បន្ដ​ថា ពួក​គេ​ប្រើ​សណ្ឋាគារ​​ជា​មូលដ្ឋាន ​ដើម្បី​បន្ដ​ធ្វើ​ដំណើរ​ទៅ​ជនបទ និង​បណ្ដា​ខេត្ដ​នានា​ រួម​ទាំង​ភោជនីយដ្ឋាន ហាង​កាហ្វេ បារ៍ សណ្ឋាគារ កន្លែង​ជួស​ជុល ​យានយន្ដ ហាង​ម៉ូតូ ស្ថានីយ​ប្រេង ផ្សារ ហាង​កាត់​សក់​ និង​ហាង​ចាក់​សាក់​ជាដើម​។

លោក​បន្ថែម​ថា​៖ «​យើង​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ពី​អ្នក​ចូលរួម​ ហើយ​ពួក​គេ​ពិត​ជា​ចូលចិត្ដ​ព្រឹត្ដិការណ៍​​នេះ។ ពួក​គេ​រីករាយ​ និង​ចង់​ចូលរួម​ជា​ថ្មី​ទៀត​។ យើង​មាន​ក្រុម​កម្ពុជា​ល្អៗ ជាមួយ​ក្រុម​បរទេស​ ជា​អ្នក​ធ្វើ​ដំណើរ​ទេសចរណ៍​តាម​ម៉ូតូ​ ព្រម​ទាំង​មិត្ដភក្ដិ​មក​ពី​ថៃ​»។

ការ​ចំណាយ ១៥ ដុល្លារ អាច​ទិញ​មួក​​​ល្អ​មួយ​សម្រាប់កុមារ​​​។ រូបថត សហ​ការី

ជា​ប្រវត្ដិសាស្ដ្រ​​ «Bike Meet» ទេសចរ​ម៉ូតូ​ចំណាយ​ពេល​យ៉ាង​តិច ១០ ថ្ងៃ​ត្រាច់ចរ​តាម​ទីឋាន​ជនបទ​ ទោះបីជា​​ព្រឹត្ដិការណ៍​ចម្បង​ត្រូវ​បាន​រៀបចំ​ឡើង​តែ ​១ ថ្ងៃ​ក៏​ដោយ​។ តាំង​ពី​កម្មវិធី​តូច​ដំបូង​ក្នុង​ឆ្នាំ ​២០១៧ SRBM បាន​ទទួល​អ្នក​ជិះ​ម៉ូតូ ១២០ នាក់ ហើយ​ឆ្នាំ ​២០១៨ វា​កើន​ដល់ ៤៥០ នាក់ ខណៈ​ឆ្នាំទី ៣ អ្នក​រៀបចំ​រំពឹង​នឹង​កើន​ដល់​ជិត ១ ពាន់​នាក់​។

សហស្ថាបនិក SRBM បាន​លើក​ឡើង​ថា​៖ «​ព្រឹត្ដិការណ៍​នេះ​រៀបចំ​ឡើង​នៅ​ថ្ងៃទី ២៣ ខែ​វិច្ឆិកា​ តែ​យើង​ក៏​មាន​ការ​ជិះ​ម៉ូតូ​ដើម្បី​សង្គម​នៅ​ថ្ងៃ​បន្ទាប់​ និង​កម្មវិធី​រៃ​អង្គាស​ប្រាក់​ Light Em Up នៅ​ថ្ងៃទី ២២ ដែល​រៀបចំ​ឡើង​ដោយ​មិត្ដភក្ដិ​នៅ Wild Cambodia Press ផង​ដែរ​»។

អ្នក​រៀបចំ​បាន​ឲ្យ​ដឹង​ថា ការ​ចូលរួម​ព្រឹត្ដិការណ៍​មិន​តម្រូវ​ឲ្យ​បង់​ប្រាក់​ ដែល​នឹង​មាន​អ្នក​ចូលរួម​ជា​ភ្ញៀវ​ក្នុង​ខេត្ដ​សៀមរាប ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ទាំង​ខ្មែរ និង​បរទេស។​

លោក McLacklan អះអាង​ថា​៖ «​ពិបាក​ទស្សន៍ទាយ​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ណាស់​ តែ​ពួក​គេ​បាន​និង​កំពុង​ទាក់​ទង​កក់​សំបុត្រ​យ៉ាង​តិចពី ៣០០ ទៅ ៤០០ ម៉ូតូ​ ប្រមាណ​ចន្លោះ​ពី ៨០០ ទៅ ១ ០០០ នាក់​។ ទីតាំង​ថ្មី​នេះ​មាន​ភាព​ធំទូលាយ​ដែល​ងាយ​ស្រួល​ចំពោះ​លំហូរ​ចរាចរណ៍​»។

ដើម្បី​ជំរុញ​ឲ្យ​ព្រឹត្ដិការណ៍ SRBM កាន់​តែ​អស្ចារ្យ​រយៈពេល ៥ ឆ្នាំ​ទៀត រឹត​ចំណង​មិត្ដភាព​រវាង​ក្រុម​ម៉ូតូ​​ខ្មែរ និង​បរទេស​ លើក​ទឹក​ចិត្ដ​ដល់​យុវជន​កម្ពុជា​ចេះ​រក្សា​ម៉ូតូ​របស់​ខ្លួន និង​ជំរុញ​ពួក​គេ​ឲ្យ​យក​ចិត្ដ​ទុក​ដាក់​ចំពោះ​សុវត្ថិភាព​ចរាចរណ៍​ រួម​ទាំង​ការ​ស្លៀកពាក់​តាម​ក្បួន​ខ្នាត​ ចក្ខុវិស័យ​របស់ SRBM គឺ​សុវត្ថិភាព​នៃ​ការ​បើកបរ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

យោង​តាម​សេចក្ដី​ប្រកាស​របស់ SRBM បាន​ឲ្យ​ដឹង​ថា​៖ «​ក្រុម​ការងារ​បាន​បង្ហាញ​គម្រោង​សប្បុរសធម៌​ថ្មី​ឈ្មោះ LIDS FOR KIDS ក្នុង​ឱកាស​ព្រឹត្ដិការណ៍​ថ្ងៃទី ២៣ ខែ​វិច្ឆិកា​ នៅ BOX VILLE។ មួក​សុវត្ថិភាព​កាន់​តែ​ច្រើន​នឹង​ត្រូវ​បាន​ចែក​ជូន​កុមារ​ ដោយសារ​តែ​ការ​ផ្លាស់ប្ដូរ​ទម្លាប់​គិត​គូរ​ដល់​យុវជន​។ បើកបរ​ប្រកប​ដោយ​សុវត្ថិភាព និង​បើកបរ​ប្រកប​ដោយ​ភាព​វៃ​ឆ្លាត​»។

ការ​ចំណាយ​ប្រាក់ ១៥ ដុល្លារ ​ពី​ការ​បរិច្ចាគ​អាច​ទិញ​បាន​មួក​គុណភាព​ល្អ​មួយ​សម្រាប់​កុមារ​កម្ពុជា​។ គាំទ្រ​ព្រឹត្ដិការណ៍ SRBM អ្នក​ចូលរួម​នឹង​មាន​ឱកាស​ឈ្នះ​រង្វាន់​ថែម​ទៀត​។

Siem Reap Bike Meet នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃទី ២៣ ខែ ​វិច្ឆិកា ឆ្នាំ ​២០១៩ នៅ BOX VILLE ក្រុង​សៀមរាប​ចាប់​ពី​ម៉ោង ១១ ព្រឹក​ដល់​ម៉ោង ១១ យប់​។ សម្រាប់​ព័ត៌មាន​លម្អិត សុំ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក @srbmkh ឬលេខទូរស័ព្ទ ០៩២ ៩៨ ៣៣​ ៨២៕