ភ្នំពេញ៖ ទីបំផុត​​តារា​​សម្តែង​ ដែល​ចូល​ចិត្ត​​បង្ហាញ​ភាព​ស្និទ្ធស្នាល​ និង​ផ្អែមល្ហែម ជា​​ភាសា​ក្មេង​​​សម័យ​ទំនើប​ហៅ​គ្នា​លេង​​ថា​ Sis & Bro កញ្ញា​ ​​ឌី សូ​និត្តា និង​លោក ​​​អាឡិចហ៊្សូរ៉ា​ ស្រាប់​តែ​បង្ហើប​​​​ពាក្យពេចន៍​សន្យា​ព្រម​គ្នា​ថា ​នឹង​រៀបរាប់​​​រឿង​​រ៉ាវ​​​ទាំង​ឡាយ​ពាក់ព័ន្ធ​នឹង​ចំណង​ស្នេហ៍​​លើស​ពី​មិត្ត​របស់​ពួក​គេ​ កំពុង​តែ​មាន​​បុត្រ​ដំបូង​​ជិត​​ចាប់​កំណើត​ជា​ចំណង​ស្នេហ៍​​នោះ​​។

បើ​​​យោង​តាម​ការ​រៀបរាប់​​ក្នុង​វីដេអូ​មួយ​ ដែល​​បាន​សន្យា​មុន​មួយ​​​ថ្ងៃ​ថា នឹង​រៀបរាប់​ដំណើរ​​រឿង​​​ពី​ដើម​ដល់​ចប់​នោះ​ជាសារ​ថា​៖ «​នេះ​គឺ​ជា​វីដេអូ​ ជា​ផ្លូវ​ការ​​របស់​នាង​ខ្ញុំ​ ​ដែល​បាន​សន្យា​ថា​ នឹងប​ង្ហោះ​ជូន​បងប្អូន​ក្នុង​ថ្ងៃ​នេះ ​នាង​ខ្ញុំ​សង្ឃឹម​ថា ពុក​ម៉ែ បង​ប្អូន ទាំង​អស់​មិន​ថា ​ក្នុង​ស្រុក ​ឬ​ក្រៅ​​ស្រុក​ យោគយល់ និង​អធ្យាស្រ័យ​ដល់​រូប​នាង​ខ្ញុំ។​ មូលហេតុ និង​ហេតុផល​នៃ​រឿង​នាង​ខ្ញុំ​​បាន​​បកស្រាយ​​ក្នុង​វីដេអូ​នេះ អស់​ហើយ សង្ឃឹម​​ថា​ ​កាដុង​ នឹង​នៅ​តែ​ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​ចិត្ត​បងប្អូន​ ជា​មនុស្ស​​ដែល​​​បងប្អូន​តែងតែ​ឱ្យ​តម្លៃ និង​​​ជា​តារា​​ម្នាក់​ ដែល​ធ្វើ​ឱ្យ​បងប្អូន​សើច​សប្បាយ​រីករាយ​រហូត​ទៅ។ ​សូម​​ទោស​ ហើយ​ក៏​​អរគុណ​ដល់​​​ពុក​ម៉ែ បងប្អូន​ ដែល​បាន​អធ្យាស្រ័យ»។​

តារា​​​សម្តែង​ស្រី និង​ចម្រៀង​​ចូល​ចិត្ត​ច្រៀង​​ឡើង​វិញ​​ បទ​​ពី​ដើម​បង្ហោះ​​នៅ​​តាម​ប៉ុស្តិ៍ ​​Channel ​ផ្ទាល់​​ខ្លួន​ រាង​ស្រលូន​ស្អាត​ កញ្ញា ឌី សូនិត្តា ត្រូវ​បាន​​មហាជន​​​កោត​សរសើរ​ថា ​ជា​អ្នក​សិល្បៈ​គំរូ​​ ជាមួយ​​​ទឹក​ចិត្ត​​សប្បុរស​​ ដែល​ចែក​រំលែក​ថវិកា​ផ្ទាល់​ខ្លួន​​​​ជាង​ ៣ ពាន់​ដុល្លារ ​បាន​ពី​កម្លាំង​​ញើស​​ឈាម​​​សម្តែង​កុន​ ទៅ​​​​បរិច្ចាគ​​​ដល់​មន្ទីរពេទ្យ​​គន្ធបុប្ផា​​ កាល​ពី​ពេល​​ថ្មីៗ​នេះ សោះ​ស្រាប់​តែ​ធ្វើ​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​ខ្លាំង​ជាមួយ​​​នឹង​ការ​លេច​ឮ​​ថា កញ្ញា​មាន​ផ្ទៃ​ពោះ​​​ ខណៈ​ពេល​មិន​ទាន់​​​ចូល​រោង​​ការ​ ជាមួយ​នឹង​​តារា​សម្តែង​ប្រុស​ជា​ដៃគូ Bro គឺ​លោក ​អាឡិច​ហ៊្សូរ៉ា នោះ​។​

ក្រោយ​​​ពី​​​ឃើញ​វីដេអូ​​បក​​​​ស្រាយ​​​វគ្គ ​១ របស់​តារា​សម្តែង​ Sis & Bro គឺ​កញ្ញា​ ​​ឌី សូនិត្តា និង​​​អាឡិចហ៊្សូរ៉ា​ រួច​​មក​ហាក់​មាន​​​ឃើញ​​​​មាន​អ្នក​គាំទ្រ​ចូល​​ ​Comment អបអរ​សាទរ​ច្រើន​ ដោយ​​សរសេរ​ថា​​៖ «​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​បងស្រី​ តែ​ក៏​សប្បាយ​​​​​ចិត្ត​ជួស​បងស្រី ​និង​បង​ប្រុស​ផង​ដែរ​ សូម​ឱ្យ​បងប្រុស​បងស្រី និង​កូន​មាន​ក្តី​សុខ​ណា ​​ជូនពរ​ឱ្យ​បង​​មាន​សំណាង​ល្អ​ណា​។​ កូន​ជា​កាដូ​ដ៏​អស្ចារ្យ​ ដែល​ទេវតា​ប្រទាន​។ អូយ! ​ខ្ញុំ​មើល​វីដេអូ​​ ហើយ​​ញញឹម​ម្នាក់​ឯង គ្រាន់​តែ​​​ឃើញ​ក៏​ដឹង​ថា បង​មាន​សុភមង្គល​ណាស់​បង ក្នុង​នាម​​​ប្អូន​ជា​អ្នក​តាម​ដាន​នូវ​គ្រប់​វីដេអូ ​របស់​បង​គឺ​មាន​​​តែ​សប្បាយ ​រំភើប រីករាយ​ជាមួយ​​»​។​

ខ្លះ​ទៀត​​សរសេរ​ថា៖ ​«ជូនពរ​ឱ្យ​​មាន​សុខភាព​ទាំង​ម៉ាក់ និង​​កូន​សម្រាល​ ​ដោយ​ជោគជ័យ​ ម៉ាក់ ​និង ​បេប៊ី​ មាន​សុខភាព​​រឹងមាំ​ ស៊ូៗ​នៅ​តែ​តិច​ទៀត​ទេ បេប៊ី បាន​ឃើញ​​​ពិភព​លោក​ ដ៏​សែន​ស្រស់​​​ស្អាត​​​​នេះ​ហើយ ជា​ពិសេស អ្នកម៉ែ ​នឹង​​មាន​ចៅ​ប្រឡែង​​ហើយ​យ៉េ!  ស៊ូៗ ប្អូនស្រី​ កុំ​គិត​អី​​ច្រើន​ សំខាន់​សុខភាព​កូន និង​ម៉ាក់ណា​ ស្រ្តី​ ដែល​ជា​​ម្តាយ​​គឺ​​យល់​ចិត្ត​​ប្អូន​ណាស់​ គ្មាន​​កំហុស​ទេ​​ណា​ ស៊ូៗណា​​ ​​កាដុង ​របស់​ខ្ញុំ»៕​