ភ្នំពេញ: កម្ពុជា​គឺជា​គោលដៅ​ទី​ ២ បន្ទាប់ពី​ប្រតិបត្ដិការ​ដ៏ជោគជ័យ​ក្នុង​ទឹកដី​សិង្ហបុរី​លើ​សេវាកម្ម​តាក់ស៊ី​ដំណើរការ​ហៅ​តាម​កម្មវិធី​ទូរស័ព្ទដៃ​ដែល​កំពុង​ពេញនិយម​ចំពោះ​កម្មវិធី​ក្រុមហ៊ុន Pass App និង Grab​។

TADA ជា​ភាសា​កូរ៉េ​ដែល​មានន័យថា «​តោះ​ជិះ​» គឺជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​រថយន្ដ​តាក់ស៊ី​មិន​គិត​ប្រាក់​កម្រៃ​ជើងសា​ដំបូង​បំផុត និង​ថ្មី​បំផុត​នៅ​កម្ពុជា ទើប​បាន​ចុះបញ្ជី​សហការ​ជាមួយ​អ្នក​បើកបរ​រថយន្ដ​តាក់ស៊ី​ជាង ២០០ ​នាក់​នៅ​ថ្ងៃ​បើក​សម្ពោធ​កាលពី​ពាក់កណ្ដាល​ខែ​មករា​កន្លង​ទៅ​។

ក្រោម​ទស្សនវិស័យ​ជំនួញ «​បង្កើត​ទំនាក់ទំនង​ជ្រាលជ្រៅ និង​មាន​អត្ថន័យ​ជាមួយ​ដៃគូ​អ្នកបើកបរ​ទាំងអស់​» TADA ចង់​ឲ្យ​អ្នក​បើកបរ​ផ្ដល់​សេវាកម្ម​ជូន​ភ្ញៀវ​ឥតមាន​ស្ដ្រេស​ដោយ​មិន​ចំណាយ​កម្រៃ​ជើងសា​ ១ ​កាក់​ ១ ​សេន​ឡើយ​។

ស្ថាបនិក និង​អគ្គនាយក TADA លោក កាយ វូ បាន​ឲ្យ​ដឹងថា​៖ «​ពេល​នេះ​យើង​បើក​ទ្វារ​ស្វាគមន៍​អ្នកបើកបរ​ទាំងអស់​នៅ​ក្រុងភ្នំពេញ​។ យើង​ប្ដេជ្ញា​ជំរុញ​កំណើន​ចំណូល​ដល់​អ្នកបើកបរ​នៅ​កម្ពុជា​តាមរយៈ​សេវាកម្ម​គ្មាន​កម្រៃជើងសា​ពី​ពួកគាត់​»​។

លោក​បញ្ជាក់​ទៀត​ថា​៖ «​អ្នកបើកបរ​មិន​ចាំបាច់​បារម្ភ​ពី​ការចំណាយ​ប្រាក់កម្រៃ​ជើងសា​ដល់​ក្រុមហ៊ុន​ទៀត​ទេ គឺ​យើង​ចង់​ឲ្យ​អ្នករត់​តាក់ស៊ី​រីករាយ​ក្នុង​ការបើកបរ​ដោយ​ឥត​ខ្វល់ខ្វាយ និង​ផ្ដល់​សេវាកម្ម​ល្អ​ជូន​ភ្ញៀវ​។ ក្រុមការងារ TADA នឹង​ស្ដាប់​គ្រប់​តម្រូវការ​ទាំង​អ្នករត់​តាក់ស៊ី និង​អ្នកជិះ ដើម្បី​អភិវឌ្ឍ​សហគមន៍​យើង​ទាំងអស់​គ្នា​»​។

ខុស​ពី​សេវាកម្ម​គូប្រជែង TADA បំពាក់​នូវ​បច្ចេកវិទ្យា Mass Vehicle Ledger (MVL) ដើម្បី​បង្កើត​បណ្ដាញ​ទំនាក់ទំនង​សម្ព័ន្ធ​យានយន្ដ​ដោយ​ផ្អែកលើ​បច្ចេកវិទ្យា​កំណត់ត្រា​ទិន្នន័យ​ដូចជា ប្រតិបត្ដិការ ចលនា ឧប្បត្ដិហេតុ ការរក្សា​ថែទាំ និង​ការផ្ដល់​សេវាកម្ម​ជាក់ស្ដែង​ដែល​ត្រូវ​បាន​កត់ត្រា និង​ភ្ជាប់​ទៅកាន់​បណ្ដាញ MVL​។

លោក កុល សុភា អាយុ​ ៤២ ​ឆ្នាំ​ដែល​មាន​បទពិសោធ​បើកបរ​រថយន្ដ​តាក់ស៊ី​ម៉ែត្រ ១១ ឆ្នាំ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការចាប់​ដៃគូ​ជាមួយ TADA ថា​៖ «​វា​មាន​លក្ខណ​ពិសេស​ខុសប្លែក​ពី​ក្រុមហ៊ុន​ដទៃ​ដោយសារ TADA ជា​ក្រុមហ៊ុន​អត់​កាត់​កម្រៃ​ជើងសា​ពី​អ្នកបើកបរ​។ វា​ពិតជា​ល្អ​ណាស់​»​។

ទោះបី​ជា​សារភាព​ថា​លោក​ក៏​នឹង​អាច​ជួប​ផល​លំបាក​ក្នុង​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ថ្មី​សន្លាង ដែល​មិន​ទាន់​មាន​អ្នក​ស្គាល់​ទូលំទូលាយ​ក្ដី ក៏​លោក សុភា បង្ហាញ​នូវ​ជំនឿ​ចិត្ដ​មោះមុត​ថា ដំបូង​វា​លំបាក​បន្ដិច ទាល់តែ​អ្នក​បើកបរ​ជួយ​ផ្សព្វផ្សាយ​។

អ្នកនាង សាណេល តាន់ ជា​ប្រធាន​ផ្នែក​ទីផ្សារ​បាន​និយាយ​ថា​៖ «​យើង​មិន​រកប្រាក់​ចំណូល​ផ្ទាល់​ពី​អ្នករត់​តាក់ស៊ី​ទេ​។ ពួកគាត់​មិន​បាច់​បារម្ភ​ពី​ការបាត់បង់​កម្រៃ​ជើងសា​ឡើយ​។ ដូច្នេះ​អ្នក​ដំណើរ​ក៏​អាច​ទទួល​បាន​អត្ថប្រយោជន៍​តម្លៃ​ទាប​ផង​ដែរ​»​។

លោក ឌីន រ៉ាដែត នាយក​ប្រតិបត្ដិ​នៅ TADA ប្រាប់​ពី​អត្ថប្រយោជន៍​​ថា​៖ «​ឧបមាថា​ពី​ទី​នេះ​ទៅ​ព្រះបរមរាជវាំង Grab អស់ ៨៥០០ រៀល តែ​ធាតុពិត​អ្នក​បើកឡាន​គាត់​បាន​តែ​ជាង ៦០០០ ​រៀល​។ ចំពោះ TADA ពី​ទីនេះ​ទៅ​ដូច​គ្នា ភ្ញៀវ​ចំណាយ​តែ ៨០០០ ​រៀល​ទេ ហើយ​តែ​អ្នក​បើកឡាន​ទទួល​បាន​ ៨០០០ ​រៀល​ពេញ ខណៈ​យើង​មាន​កម្មវិធី​បញ្ចុះ​តម្លៃ​ដូចគ្នា​»​។

ជាមួយ​ដំណើរការ​រថយន្ដ​តាក់ស៊ី​ហៅ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ដែល​កំពុង​មាន​ការពេញនិយម​លើ​ប្រភេទ​រ៉ឺម៉ក​កង់ ៣ TADA ក៏​បាន​ត្រៀម​ខ្លួន​សហការ​ជាមួយ​អ្នក​បើកបរ​រ៉ឺម៉ក​គ្រប់​ប្រភេទ​ផង​ដែរ​។

អ្នកនាង សាណេល តាន់ បាន​បន្ដ​ថា​៖ «​បច្ចុប្បន្ន​យើង​មាន​តែ​ប្រភេទ​រថយន្ដ​តាក់ស៊ី​ធម្មតា ហើយ​អ្នក​បើកបរ​រ៉ឺម៉ក​កំពុង​តែ​មក​ចុះបញ្ជី​បណ្ដើរៗ​។ សេវាកម្ម​រ៉ឺម៉កកង់ ៣ របស់​យើង​នឹង​បើក​ដំណើរការ​បន្ដបន្ទាប់​»​។

TADA ត្រូវ​បាន​បើក​ដំណើរការ​ដំបូង​ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី ២៦ ខែ​កក្កដា ឆ្នាំ​ ២០១៨ និង​មាន​រថយន្ដ​តាក់ស៊ី​ជាង ២៧០០០ គ្រឿង និង​អ្នកប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ ២០ ម៉ឺន​នាក់​។ ក្រុមហ៊ុន​នឹង​បន្ដ​សម្ពោធ​សេវាកម្ម​របស់​ខ្លួន​នៅ​វៀតណាម និង​ម៉ាឡេស៊ី​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​បន្ទាប់ពី​សិង្ហបុរី និង​កម្ពុជា​៕