ភ្នំពេញ៖ ផ្ដើម​ពី​សំឡេង​អ៊ឺន​យ៉ាង​គ្រលួច​នូវ​សំនៀង​ខ្មែរ​លាយ​អង់គ្លេស​ថា «អើយ!!! Time to Rise» បន្ទរ​ដោយ​សំឡេង​ចាប៉ី​ដង​វែង មុន​ពេល​បន្ថែម​ពាក្យពេចន៍​ណែនាំ​បង្ហាញ​ពី​ក្ដី​ស្រមៃ​របស់សិល្បករ-សិល្បការិនី​ជំនាន់​ថ្មី ដែល​សុំ​បន្ដ​ស្នាដៃ​ពី គង់ ណៃ។

សំឡេង​ឧបករណ៍​ខ្លុយ​ចាប់​ផ្ដើម​បន្ទរ​អម​សំឡេង​ចាប៉ី​រហូត​ដល់​តន្ដ្រី​ចាប់​ផ្ដើម​រន្ថាន់​កញ្ឆក់​អារម្មណ៍ ហើយ​ភ្លាមៗនេះ សំឡេង​ចម្រៀង​រ៉េប​ចាប់​ផ្ដើម​បន្លឺ​ឡើង​ពី​តារា​រ៉េប វណ្ណដា គ្រង​ឈុត​បុរាណ​ប្រពៃណី អង្គុយ​ខាង​ក្រោម ក្បែរ​គ្រែ​លោកគ្រូ​ចាប៉ី​ដងវែង គង់ ណៃ។

វីដេអូ​ចម្រៀង «Time to Rise» ជា​សំនៀង​រួមគ្នា​រវាង​អ្នក​ច្រៀង​ចាប៉ី​ដងវែង​ជើង​ចាស់ ជាមួយ​តារា​រ៉េប​វ័យ​ក្មេង​ទើប​រះ ដែល​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នៅ​ក្នុង​សារមន្ទីរជាតិ បាន​ទទួល​ការ​គាំទ្រ​ខ្លាំង​រហូត​ដល់​ក្រុម​អ្នក​ផលិត និង​តារា​ចម្រៀង​ខ្លួន​ឯង​រំភើប​ចង់​គាំង។

«Time to Rise» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម YouTube នៅ​យប់​ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២១ បាន​ទទួល​ការ​ទស្សនា​ជាង ១ លាន​ដង​ក្នុង​រយៈពេល​ក្រោម ២៤ ម៉ោង។

ទំព័រ​ហ្វេសប៊ុក​របស់ ​វណ្ណដា Vannda-វណ្ណដា បាន​សរសេរ​ថា៖ «សុំ​និយាយ​ពាក្យ​ក្នុង​ចិត្ត​មួយ! អ្នក​គាំទ្រ​តន្ត្រី​ខ្ញុំ​អស្ចារ្យ​ខ្លាំង​ណាស់។ អរគុណ!»។

ដោយ​មាន​កិច្ច​សហការ​ជាមួយ​នឹង​ខាង​ក្រុមហ៊ុន​សែលកាត និង​ផលិតកម្ម​បារមី Time to Rise បាន​កើត​ចេញ​ជា​រូបរាង​ក្រោម​ការ​ខិតខំ​ប្រឹងប្រែង​រយៈពេល ៥ ខែ។

លោក ឡុង ភីតធ័រ ជា​អ្នក​ចាត់ការ​ទូទៅ​របស់​តារា​ចម្រៀង វណ្ណដា ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍​ថា៖ «មុន​ដំបូង យើង​អត់​សូវ​គិត​ប៉ុន្មាន​ទេ​ថា វា​ល្បី​ខ្លាំង​កម្រិត​នេះ​ទេ។ ទោះបីជា​យើង​ដឹង​ថា ក្រុម​អ្នក​គាំទ្រ វណ្ណដា មាន​ចំនួន​ច្រើន​ស្រាប់​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​អត់​ធ្លាប់​គិត​ថា វា​ផ្ទុះ​លឿន​ដល់​ថ្នាក់​នេះ​ឡើយ។ វា​ផ្ទុះ​លឿន​មែនទែន!»។

លោក​និយាយ​ដោយ​ពាំនាំ​ពាក្យ​ពេចន៍ វណ្ណដា ថា៖ «គាត់​ត្រេកអរ និយាយ​អី​អត់​ចេញ​តែ​ម្ដង។ គាត់​មិន​ស្មាន​ដល់​ថា បទ​ចម្រៀង​នេះ​ផ្ទុះ​ខ្លាំង​បែប​នេះ។ អរគុណ​ខ្លាំង​មែន​ទែន​ទៅ​កាន់​ក្រុមហ៊ុន​សែលកាត និង​ផលិតកម្ម​បារមី»។

បទ​ចម្រៀង Time to Rise ត្រូវ​បាន​ចំណាយ​ពេល​ផលិត​រយៈពេល ៥ ខែ តាំង​ពី​ខែ វិច្ឆិកា ឆ្នាំ ២០២០ មិន​យូរប៉ុន្មាន ​ក្រោយ​ពី វណ្ណដា ក្លាយ​ជា​អ្នក​តំណាង​ក្រុមហ៊ុន​សែល​កាត។

ដោយសារ​តែ​បទ​ចម្រៀង​នេះ​ជា​ការ​បញ្ចូល​គ្នា​រវាង​សិល្បៈ​ចម្រៀង​ចាប៉ីដងវែង និង​សម័យ​ការ​ស្នើសុំ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​ដូច​ជា​នាយកដ្ឋាន​ភាពយន្ដ ក៏​ត្រូវ​បាន​ធ្វើ​ដើម្បី​ទទួល​បាន​ការអនុញ្ញាត​ទាំង​លើ​អត្ថន័យ​នៃ​បទ​ចម្រៀង និង​ការ​ថត​នៅ​ក្នុង​សារមន្ទីរ​ជាតិ។

អ្នក​ច្រៀងចាប៉ីដងវែងជើងចាស់ និង​ក្រុម​ហ៊ីបហប​របស់ វណ្ណដា។ រូបថត សហ​ការី

លោក ភីតធ័រ អាយុ ២៤ ឆ្នាំ ឱ្យ​ដឹង​ថា៖ «យើង​ចង់​ថែរក្សា​កេរដំណែល​បុរាណ​យើង​នៅ​ក្នុង​វីដេអូ​ចម្រៀង​បុរាណ​លាយ​សម័យ​នេះ។ យើង​ក៏​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​ដឹង​ពី​វប្បធម៌​យើង​កាន់​តែ​ច្រើន ជាពិសេស​យុវវ័យ​ដែល​បច្ចុប្បន្ន​ខ្លះ​មិន​សូវ​ខ្វាយខ្វល់​ពាក់ព័ន្ធ​ជាមួយ​សិល្បៈ​បុរាណ​ប៉ុន្មាន​ទេ»។

លោក​បញ្ជាក់​ពី​សារៈសំខាន់​ក្នុង​បទចម្រៀង​របស់ វណ្ណដា ដែល​ជា​អ្នក​ចូលចិត្ដ​ចម្រៀង​តាំង​ពី​តូច​ជាមួយ​ចង្វាក់​ភ្លេង​បែប Hip hop Trap ថា៖ «អ៊ីចឹង​យើង​ចង់​ដាស់​តឿន​ពួក​គាត់​ឱ្យ​គិត​រឿង​វប្បធម៌​របស់​យើង​ផង​ដែរ»។

លោក​បន្ដ​ថា បទ​ចម្រៀង​ដែល​និពន្ធ​ដោយ វណ្ណដា ផ្ទាល់​នេះ ក៏​គិត​អំពី​ទស្សនៈ​ផ្សេងៗ​ជុំវិញ​ការ​បញ្ចូល​ទម្រង់​ចាប៉ី​ដង​វែង​ក្នុង​បទ​ចម្រៀង​រ៉េប​យុវវ័យ​នេះ​ផង​ដែរ ទើប​ក្រុម​ការងារ​ធ្វើការ​ជាមួយ​ខាង​នាយកដ្ឋាន​ភាពយន្ដ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។

ភីតធ័រ អះអាង​ថា៖ «យើង​ត្រូវ​សុំ​ការ​អនុញ្ញាត​ដោយ​ការឆ្លង​គាត់​ទាំង​អស់ ទាំង​ប៉ារ៉ូល និង​អូឌីយ៉ូ ក៏​ដូចជា​ប្លង់​ថត»។

ខុស​ស្រឡះ ក្ដី​បារម្ភ​រលក​រិះគន់ បទ​ចម្រៀង​ចាប៉ីដងវែង​លាយ​នឹង​ចង្វាក់​កន្ដ្រាក់​អារម្មណ៍ ដែល​ច្រៀង​ដង្ហោយ​ឱ្យ​យុវវ័យ​ចាប់​អារម្មណ៍​ចំពោះ​ទម្រង់​សិល្បៈ​ប្រពៃណី​ក្នុង​ទិដ្ឋភាព​សារមន្ទីរជាតិ បន្ថែម​រូបភាព​ចាស់ៗ បាន​ទាក់ទាញ​ចិត្ដ​អ្នក​ប្រើ​ហ្វេសប៊ុក​ឱ្យ​សរសេរ​ការ​កោត​សរសើរ​របស់​ខ្លួន។

អ្នក​ប្រើ​ហ្វេសប៊ុក Kann Pech សរសេរ​ថា៖ «ពេល​បានឮ​សំឡេង​ចាប៉ីដងវែង និង​ខ្លុយ ធ្វើ​ឱ្យ​ខ្ញុំ​ឡើង​ព្រឺរោម។ ខ្ញុំ​ពិត​ជា​មាន​ក្ដី​រំភើប​ដែល​បាន​ឃើញ​វីដេអូ​នេះ។ យើង​ដឹង​ច្បាស់​ថា តន្ដ្រី​យើង​មាន​ការ​រីកចម្រើន​ខ្លាំង ហើយ​ពិត​ជា​កោតសរសើរ​ចំពោះ​តារាចម្រៀង និង​មាន​មោទនភាព​ចំពោះ​ក្លាយ​ជា​តារា​រ៉េប​កំពូល​នៅ​កម្ពុជា»។

អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ទៀត Slick បន្ថែម​ថា៖ «អរគុណ​ច្រើន វណ្ណដា សម្រាប់​ជំនាន់​ថ្មី​នេះ ដែល​ចូលរួម​ដោយ​លោកតា​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង គង់ ណៃ បូក​បន្ថែម​ជាមួយ​ឧបករណ៍​តន្ដ្រីបុរាណ​ខ្មែរ​យើង រួម​នឹង​វីដេអូ​តន្ដ្រី​ដ៏​ល្អ រស់​រវើក បង្ហាញ​ពី​សម្បត្ដិ​វប្បធម៌ និង​អរិយធម៌​ដ៏​ថ្កុំថ្កើង​របស់​ជាតិ»។

វណ្ណដា ​គ្រង​សម្លៀកបំពាក់​បែប​ប្រពៃណី​​​ក្នុង​បទចម្រៀង Time to Rise។ រូបថត សហ​ការី

វណ្ណដា ដែល​បាន​ចាកចេញពី​ស្រុក​កំណើត​នៃ​ខេត្ដ​ព្រះសីហនុ​មក​ស្វែងរក​ក្ដី​ស្រមៃ​នៅ​រាជធានី​ភ្នំពេញ មក​ស្នាក់​នៅ​ក្នុង​វត្ដ​អារាម និង​អាស្រ័យ​ការ​ធ្វើ​ដំណើរ​ជាមួយ​មិត្ដភក្ដិ។

យុវជន​វ័យ ២៣ ឆ្នាំ​រូបនេះ ចេះ​និពន្ធ​ចម្រៀង​តាំង​ពី​ឆ្នាំ ២០០៩ និង​ចាប់​ផ្ដើម​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ឆ្នាំ ២០១៦ ហើយ​បទ Hip hop Trap ដំបូង​របស់ វណ្ណដា គឺ «J+O ជោរ» ដែល​មាន​អ្នក​ទស្សនា​រាប់​លាន​ដង។

យ៉ាងណា​មិញ ការ​ច្រៀង​បញ្ចូល​គ្នា​រវាង​ទម្រង់​សិល្បៈ ២ សម័យ​នៅ​ក្នុង​បទ​ចម្រៀង​តែ ១ មិនមែន​ជា​កិច្ចការ​ងាយ​ស្រួល​ប៉ុន្មាន​ទេ ដោយ​ត្រូវ​ពឹង​អាស្រ័យ​ច្រើន​លើ​បច្ចេកទេស​កាត់ត និង​តាក់ទិក​ភ្លេង។

ភីតធ័រ បាន​និយាយ​លាយ​សំណើច​តិចៗ​ថា៖ «ទាក់ទង​នឹង​ចំណុច​នៃ​ការ​ច្រៀង និង​ថត​រួមគ្នា​រវាង វណ្ណដា និង​លោកគ្រូ គង់ ណៃ ដោយសារ​លោក​ជា​តារា​ជើង​ចាស់ ហើយ​ពាក្យពេចន៍​គាត់​មាន​អត្ថន័យ​បង្កប់​ច្រើន។ យើង​អាច​និយាយ​ថា លំបាក​ក៏​បាន ហើយ​អាច​ថា អត់​លំបាក​ក៏បាន​ដែរ ដោយសារ​គាត់​អាច​បត់បែន​តាម​យើង»។

លោក​បន្ដ​ថា៖ «ចំពោះ​ការ​កាត់ត យើង​ពឹង​ទៅលើ producer ក្នុង​ការ​បញ្ចេញបញ្ចូល​តាម​បច្ចេកទេស»។

អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ បញ្ជាក់​ពី​សក្ដានុពល​ទៅ​លើ​ការ​ទស្សនា​វីដេអូ​ចម្រៀង Time to Rise នេះ​ថា ចំពោះ​ការ​ទស្សនា​នេះ វា​មាន​បញ្ហា​រអាក់រអួល។

លោក​ប្រាប់​ថា៖ «យើង​មាន​បញ្ហា​ជាមួយ​ខាង YouTube ដោយសារ​ប្រវត្ដិសាស្ដ្រ​យើង អត់​មាន​វីដេអូ​ណា មាន​អ្នក​ទស្សនា ១ លាន​ដង​រយៈពេល ២៤ ម៉ោង​បែប​នេះ។ YouTube ត្រូវ​ការ​ត្រួត​ពិនិត្យ​មើល ដែល​មាន​ការ​កាត់​ចំនួន​ទស្សនា ដោយសារ​ថ្ងៃ​ដំបូង​មាន​អ្នក​ទស្សនា​ជាង ១ លាន​ដង តែ​គាត់​កាត់​នៅ​សល់​ជាង 600k»។

លោក​បញ្ជាក់ថា៖ «ម៉ោង ៨ យប់​មិញ [ថ្ងៃទី ៣០] យើង​បាន ១,៦ លាន​រួចហើយ តែ YouTube កាត់​នៅ​សល់​ត្រឹម ១ លាន​វិញ ហើយ​ឥឡូវ​យើង​បាន ១,៣ លាន​ដង​វិញ»។

ក្រៅ​ពី​ច្រៀង​លើក​ស្ទួយ​ទម្រង់​សិល្បៈ​បុរាណ Time to Rise ក៏​លើក​ពី​វីរភាព​តារាចម្រៀង​រៀមច្បង​ផង​ដែរ៕