ភ្នំពេញ : ផ្ដើម​ពីការ​បង្រៀនរាំ​ និង​ឧបត្ថម្ភ​របស់​លោកTuy Kay kaySobilចំពោះ​កុមារ​​រស់​នៅ​អនាថា​លើ​ចិញ្ចើម​​​គ្មាន​គោល​ដៅ​ជីវិតតែ ៩ នាក់​​​រហូត​ដល់ការ​បើក​សម្ពោធ​មជ្ឈមណ្ឌល​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ​២០០៨ ដែលមាន​សិស្ស​ជាង ១០០ នាក់​ក្នុង​មួយ​ថ្ងៃ​​ពេល​​នេះ Tiny Toonesដែល​បាន​​បំពេញ​បេសកកម្ម​ដ៏​វែង​ឆ្ងាយ​​លើ​វិថី​សិល្បៈ​ហ៊ីប​ហបនិង​ការ​អប់រំវិជ្ជាជីវៈ​​​ ត្រៀម​រៀបចំ​ប្រារឰ​កម្មវិធី​ជប់​លៀង​ហ៊ីបហប​​ធំ​​សម្បើម​មួយ​ដើម្បី​អបអរ​​ខួប​ ១០ ឆ្នាំ​របស់​ខ្លួន​នា​ចុង​សប្ដាហ៍​នេះ​​។

ពិធី​ជប់​លៀង​ហ៊ីបហប​ ​មួយ​ទសវត្សរ៍ ដែល​រំឭក​ពី​ការ​បើក​ទ្វារ​ដំបូង​របស់ Tiny Toonesនិង​ការ​ប្រើ​ប្រាស់​សិល្បៈ​ហ៊ីបហប​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​កុមារ​អនាថា​ជាមួយ​សង្គម​ និង​ការ​អប់រំ​ នឹង​មាន​កម្មវិធី​កម្សាន្ដ​ជា​ច្រើន រួម​មាន ការ​បង្ហាញ​ក្បាច់​រាំ​ហ៊ីបហប ឌីជេ សកម្មភាព​ទេពកោសល្យ​គំនូរ​លើ​ជញ្ជាំង​ ព្រមទាំង ការ​សម្ដែង​ជា​ច្រើន​ទៀត​ពី​សំណាក់​តារា​ល្បី​ៗ​ប្រចាំ​កម្ពុជា​។

ជាមួយ​នឹង​គម្រោង​ជួយ​កុមារ​ចាក​ផុត​ពី​អំពើ​អបាយមុខ បង​ធំ គ្រឿង​ញៀន និង​ទង្វើ​ឧក្រិដ្ឋ​ក្នុង​សង្គម ដោយ​ឈាន​ចាប់​ការ​អប់រំ និង​ពន្លឺ​ជីវិត​ រយៈ​ពេល ១០ ឆ្នាំ​មក​នេះ Tiny Toonesបាន​ជួយ​កុមារ​ជាង ១៥០០០ នាក់ ទទួល​បាន​ការ​សិក្សា និង​មុខ​ជំនាញ​ពិត​ប្រាកដ​។

របាយ​ការណ៍​របស់ Tiny Toonesបាន​បង្ហាញថា​៖ «​ក្នុង​ចំណោម​កុមារ​ជាង ១៥០០០ នាក់ មជ្ឈមណ្ឌល​ទទួល​សិស្ស​ចូល​រៀន​ជាង ១០០ នាក់​រៀង​រាល់​ថ្ងៃ​។ សិស្ស​ ៨០ ភាគរយ ដែល​ភាគ​ច្រើន​ជា​កុមារ​បោះ​បង់​ការ​សិក្សា​ ឬ​មិន​ធ្លាប់​ចូល​រៀន​ទាល់​តែ​សោះ បាន​វិល​ទៅ​កាន់​​ការ​អប់រំ​​សាលា​រដ្ឋ​វិញ​។ ៩៦ ភាគរយ​ទទួល​បាន​ការ​ងារ​ដ៏​សម​រម្យ​ក្នុង​សង្គម ខណៈ​រាប់​ពាន់​នាក់​ផ្សេង​ទៀត ចាក​ផុត​ពី​គ្រឿង​ញៀន និង​បទ​ឧក្រិដ្ឋ​នានា​ ហើយ​ខ្លះ​ទៀត​បាន​ក្លាយ​ជា​តារា​រ៉េប​ ក្រុម​រាំ និង​សិល្បករ​ល្បី​ៗ​»។

កុមារ​ទទួល​ការ​បង្វឹក​ក្បាច់រាំ​ និង​ជំនាញ​ផ្សេងៗ​ទៀត​។ សហការី

លោក Tuy “KK” Sobil ជា​ស្ថាបនិក​ Tiny Toonesបាន​ឲ្យ​ដឹង​ថា​៖ «​ពេល​​យើង​​បង្កើត​ Tiny Toonesកាល​ពី ១០ ឆ្នាំមុន​​ ក្ដីសង្ឃឹម​ធំ​បំផុត​របស់​ខ្ញុំ​គឺ​ថា យ៉ាង​ហោច​ណាស់​ក្នុង​ចំណោម​ពួកគេ​ម្នាក់​អាច​ស្វែង​រក​ពន្លឺ​ជីវិត​ដ៏​ជោគ​ជ័យ​។ ថ្ងៃនេះខ្ញុំ​​បាន​ឃើញ​កុមារ​ជំនាន់​ថ្មី​ដំបូង​​ថាពួកគេ​​ជា​អ្នក​សិល្បៈ​ល្បី​ឈ្មោះជា​អ្នក​ជំនួញ​ដ៏​ជោគ​ជ័យនិង​គ្រូ​បង្រៀន​ប្រកប​ដោយ​វិជ្ជា​ជីវៈ​»។

ជាមួយ​នឹង​ការ​បើក​ទូលាយ​សម្រាប់​កុមារ​គ្រប់​មជ្ឈដ្ឋាន​ ទោះ​ភាគ​ច្រើន​ជា​កុមារ​ក្រី​ក្រ​​ អង្គការ​កុមារ​មួយ​នេះ បាន​ផ្ដល់​ការ​អប់រំ​លើ​សមត្ថភាព​ចំណេះ​​ដឹង​​បន្ថែម​លើ​ជំនាញ​ហ៊ីបហប និង​ក្បាច់​រាំ ជាមួយ​វគ្គ​សិក្សា​ភាសា​ខ្មែរ អង់គ្លេស កុំព្យូទ័រ និង​គណិត​វិទ្យា​​ដើម្បី​ជា​ទុន​បំភ្លឺ​ផ្លូវ​។

លោកShhortជា​អ្នក​គ្រប់​គ្រង​ទូទៅ​ Tiny Toonesបាន​ឲ្យ​ដឹង​ថា៖ «​ចំពោះ​ការ​បង្រៀន​ក្បាច់​រាំ យើង​មិន​មាន​ការ​លំបាក​​ណែនាំ​ប្រាប់​​ក្មេង​ប្រុស​ៗ​នោះ​​ទេ តែ​យើង​ត្រូវ​ការ​ពេល​វេលា​ច្រើន​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ឪពុក​ម្ដាយ​ក្មេង​ស្រី​ៗ​ ពីព្រោះ​ពួកគេ​មិន​ចង់​ឲ្យ​កូន​ខ្លួន​រៀន​រាំ​ដោយ​ខ្លាច​បារម្ភ​ពី​វប្បធម៌​។ តាមពិត យើង​បាន​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​លើស​ពី​ការ​រៀន​រាំ​ ដែល​នាំ​ចិត្ដ​កុមារី​ចង់​ចូលរួម​ជាមួយ​យើង​»។

ដោយ​បាន​ក្លាយ​ជា​តារា​រ៉េប​អាជីព​ដ៏​ល្បី​ល្បាញ​ម្នាក់ កញ្ញា សាំង សុខសេរី ជា​តារា​រ៉េប​ព័ត៌មាន​ស្ដ្រី​ដំបូង​បំផុត​នៅ​កម្ពុជា​ និង​ជា​អតីត​សិស្ស​នៅ Tiny Toonesបាន​ឲ្យ​ដឹង​ថា៖ «​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អ្វី​នោះ​ទេបើ​គ្មានTiny Toones។ ពួកគេ​បាន​ជួយ​ស្វែង​រក​ទេពកោសល្យ​ឲ្យ​ខ្ញុំ​។ Tiny Toonesបាន​ជួយ​កុមារដែល​ស្រែក​ឃ្លាន​ការ​សិក្សាតែ​គ្មាន​លទ្ធផល​ចំណាយ​ប្រាក់​។ ពួកគេ​ថែម​ទាំង​អាច​គៀង​គង​កុមារ​មក​ពី​គ្រប់​ទិស​ទី​។ កុមារ​អាច​មាន​លទ្ធភាព​សិក្សា​នូវ​អ្វី​ដែល​ខ្លួន​ចូលចិត្ដ​។ វា​ពិត​ជា​ល្អ​ខ្លាំង​ណាស់​ ហើយ​ខ្ញុំ​ចង់​ឃើញ​កុមារ​ទាំង​នេះ​ជួប​ពន្លឺ​ជីវិត​នា​ពេល​អនាគត​​»។

ចំពោះ​ការ​បង្កើត​ឱកាស​ឲ្យ​កុមារ​ក្រីក្រ​កម្ពុជា​បាន​ទទួល​ការ​អប់រំ​ និង​ជំនាញ​ក្បាច់​រាំ​ ស្ថាបនិក Tiny Toones បាន​រៀប​រាប់​អំពី​ដំណើរ​ជីវិត​ជា​ជន​ភៀស​ខ្លួន​ទៅ​ដល់​ទឹក​ដី​អាមេរិក​ និង​ការ​និរទេស​មក​មាតុភូមិ​កំណើត​វិញ​។

លោកKK និយាយ​ថា​៖ «​ខ្ញុំ​មាន​ឱកាស​ច្រើន​ណាស់​ ក្រោយ​ពេល​ភៀស​ខ្លួន​ទៅ​អាមេរិក​។ ខ្ញុំ​ទទួល​ការ​អប់រំ​ឥត​គិត​ថ្លៃ និង​មាន​ឪពុក​ម្ដាយ​ល្អ​។ វា​ជា​កំហុស​របស់​ខ្ញុំ​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​នេះ​ ដោយ​ទៅ​សេពគុប​ជាមួយ​បង​តូច​បង​ធំ​។ ពេល​ខ្ញុំ​ត្រូវ​បាន​និរទេស​មក​កាន់​កម្ពុជា ខ្ញុំ​ឃើញ​ថា កុមារ​ទាំង​នេះ​គ្មាន​អ្វី​ទាំង​អស់​ សូម្បី​តែ​ចំណុច​ចាប់​ផ្ដើម​ដ៏​ល្អ​មួយ​ ក៏​គ្មាន​ដែរ​។ ម្នាក់​ៗ និយាយ​ថា ពួកគេ​គ្មាន​ផ្លូវ​ងើប​ផុត​ពី​ទី​នេះ​ឡើយ​។ តើ​ពួកគេ​មាន​ឱកាស​អ្វី?​»។

ស្ថាបនិក​ Tiny Toonesដែល​ប្រសូត​នៅ​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃនិង​​ធ្លាប់​រស់​នៅ​ក្នុងក្រុង​ឡុងប៊ិករដ្ឋ​កាលីហ្វរនីញ៉ាសហរដ្ឋ​អាមេរិកបាន​បន្ដ​ថា​៖ «​វា​បាន​ក្លាយ​ជា​ក្ដី​សុបិន​របស់​ខ្ញុំ​ដែល​ចង់​ធ្វើ​ជា​បង​ធំ​ម្នាក់​។ ខ្ញុំ​ចង់​ជួយ​ពួកគេ​ឆ្លង​ឧបសគ្គ​ជីវិត​នេះ​ដោយ​មិន​ធ្លាក់​ទៅ​ក្នុង​អំពើ​ឧបាយមុខ​ដូច​រូប​ខ្ញុំ​។ ដឹង​ទេ​ថាពេល​ខ្ញុំ​នៅ​ក្មេង​ ខ្ញុំ​គ្រាន់តែ​ចង់​ទទួល​ជោគ​ជ័យនិង​ប្រាក់​ប៉ុណ្ណោះ​។ ប៉ុន្ដែ​​ខ្ញុំ​ឆ្លង​ផុត​ដំណាក់​កាល​នោះ​ហើយ​។ ពេល​នេះខ្ញុំ​ចង់​ឲ្យ​កូន​ៗ​របស់​ខ្ញុំទាំង​កូន​បង្កើតនិង​កូន​ក្នុង​មជ្ឈមណ្ឌល Tiny Toonesទទួល​ជោគ​ជ័យ​ក្នុង​ជីវិត​»។

លោក​បាន​បញ្ជាក់​ថា​៖ «​ពេល​អនាគតខ្ញុំ​ចង់​ឲ្យ Tiny Toonesពង្រីក​ខ្លួន​កាន់តែ​ធំ​ មាន​ទី​កន្លែង​កាន់តែ​ប្រសើរ ដើម្បី​បើក​ទ្វារ​ស្វាគមន៍​សហគមន៍​ទាំង​មូល​ ជា​ពិសេស កុមារ​ដែល​ត្រូវ​ការ​ការ​អប់រំ​។ ខ្ញុំ​ចង់​ជួយ​កុមារ​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​ពន្លឺ​ជីវិត​ថ្មី​។ ទោះបីជា​ខ្ញុំ​ និង​អ្នក​រាល់​គ្នា​នៅ​ទី​នេះ​ទៅ​បាត់ ខ្ញុំ​សង្ឃឹម​ថា Tiny Toonesនៅតែ​បន្ដ​បេសកកម្ម​របស់​ខ្លួន​ជា​ដរាប​។ ខ្ញុំ​រំពឹង​ថាវិស័យ​អប់រំ​នៅ​កម្ពុជា​នឹង​កាន់តែ​ប្រសើរ​តែ​ទោះ​ជា​ចឹង​ក៏​ដោយ ក៏​ខ្ញុំ​នៅតែ​ចង់​ឲ្យ​ពួក​យើង​បន្ដ​ជួយ​កុមារ​ដែល​ត្រូវការ​យើង​»។

ពិធី​ជប់​លៀង​ហ៊ីបហប​ Tiny Toonesអបអរ​ខួប ១០ ឆ្នាំ​ ដែល​នឹង​មាន​ការ​ចូល​រួម​ពី​សិល្បករ​ជា​ច្រើន ដូចជា កញ្ញា សាំង សុខ​សេរី KlapYaHandz, 12me, Kreative Kings, Nikki Nikki, Khmer Thorsue, DJ Cake, DJ Niko Yu, DJ Jay, DJ Shadow, DJ B-Roc, Kbach Crew នឹង​ប្រារឰ​ឡើង​នៅ​Factory Phnom Penh ផ្លូវ​ជាតិ​លេខ ២ ថ្ងៃទី​ ៣០ ខែ​មិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់​ដល់​ម៉ោង ៦ ល្ងាច​។ ព្រឹត្ដិការណ៍ បើក​ទ្វារ​ស្វាគមន៍​មហាជន​ចូលរួម​ដោយ​សេរី​៕