ភ្នំពេញ៖ កុំ​ចាំ​​បាច់​ទាល់​តែ​មាន​ក្បាល​​ដី​ទំនេរ​​ធំ​​ទូលាយ ​ឬ​​ដី​​​ចម្ការ​​​រាប់​សិប​​​ម៉ែត្រ​​​​នោះ​ ឲ្យ​តែ​​​មាន​​កន្លែង​សល់​​ទំនេរ​​​ចន្លោះ​​ត្រឹម​​តែ​ ២-៣ ​​​ម៉ែត្រ ក៏​អាច​ប្រែ​ក្លាយ​ជា​កសិដ្ឋាន​ដាំ​បន្លែ​បង្ការ​គ្រប់​ប្រភេទ​​​​មាន​ទិដ្ឋភាព​បៃតង​​នៅ​ឯ​មុខ​​ផ្ទះ ការិយាល័យ ​អាហារដ្ឋាន និង​ហាង​​​កាហ្វេ​បាន​ហើយ​ ជាមួយ​​​ធុង​ដាំ​បន្លែ​ពី​​​ក្រុមហ៊ុន​ផលិត​ជី​សរីរាង្គ​ TWIN Agri Tech Co.Ltd ដោយ​រីករាយ​។​

TWIN Agri Tech Co.Ltd គឺ​​​ជា​អ្នក​ជំនាញ​ខាង​ផលិត​ជី​សរីរាង្គ​ធំ​មួយ​ ទាំង​ជី​​​អាចម៍​ជន្លេន និង​​ជី​កំប៉ុស ដែល​​​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០១៣ ​ខណៈ​ការ​ច្នៃ​​​ធុង​ដាំ​បន្លែ ទើប​មាន​នៅ​ក្នុង​​​​​​រយៈពេល​​​ប៉ុន្មាន​​​ឆ្នាំ​​ចុង​ក្រោយ​​​​នេះ​ប៉ុណ្ណោះ ដោយសារ​មាន​ទំនោរ​នៃ​ការ​​​​ដាំ​បន្លែ​​នានា​រួម​មាន​​​ ដូចជា ស្ពៃ​ចង្កឹះ ស្ពៃតឿ ស្ពៃ​ខ្មៅ ស្ពៃ​ក្តោប សាលាដ ​ខាត់ណា ប៉េងប៉ោះ ឬ​​ដំណាំ​​ប្រភេទ​វល្លិ​នានា មាន​ទិដ្ឋភាព​បៃតង​ សម្រាប់​ជា​ការ​លម្អ​ និង​ចម្អិន​ធ្វើ​​ម្ហូប​អាហារ​ជា​លក្ខណៈ​គ្រួសារ​បាន​ទៀត​ផង​​​​។

កសិកម្ម​លក្ខណៈគ្រួសារ​ ដែល​ប្រើ​ធុងដាំ​បន្លែ​ និង​ជី​ពី​ក្រុម​ហ៊ុន​TWIN Agri-Tech​​​។ រូបថត សហ​ការី

លោក គីម នីណូ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ TWIN Agri Tech Co.Ltd ​បាន​​បង្ហើប​ប្រាប់​ភ្នំពេញ ​​ប៉ុស្តិ៍​ ថា៖ ​«​កាល​​​ពី​​ដំបូង​​ ក្រុមហ៊ុន​​យើង​​​​គ្រាន់​តែ​បាន​​​ផលិត​ជី​លក់​តែ​ប៉ុណ្ណោះ ដែល​​ក៏​ជា​ការងារ​បាន​​​​​ចូលរួម​​មួយ​​ចំណែក​ក្នុង​ការ​​ជួយ​រក្សា​​​បរិស្ថាន​ គឺ​មិន​ទាន់​​ច្នៃ​ធុង​​ដាំ​បន្លែ​​​ឡើយ​​ទេ​។ តែ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សង្កេត​​ឃើញ​បង​​ប្អូន​ខ្មែរ​យើង​ហាក់​មាន​នូវ​​ទំនោរ​​ចូលចិត្ត​​ដាំ​បន្លែ​បង្ការ​បែប​សរីរាង្គ​ធម្មជាតិ​​ ឬ​រុក្ខជាតិ​វល្លិ​នានា ​ដើម្បី​ជា​ការ​ដាក់​លម្អ​​នៅ​តាម​​​ផ្ទះ​ក្តី​ នៅ​ទី​កន្លែង​​​ធ្វើ​ការ​ ឬ​ការិយាល័យ​នៃ​​​ក្រុមហ៊ុន​ក្តី និង​​​​លម្អ​តាម​អាហារដ្ឋាន​​ ក៏​ដូច​ហាង​កាហ្វេ​​ជា​ដើម​​នោះ យើង​​ក៏​​ច្នៃ​​​ធុង​ដាំ​បន្លែ​នេះ​ ឆ្លើយ​តប​តាម​សេចក្តី​​ត្រូវការ​​»។​

នាយក​ប្រតិបត្តិ​រូប​នេះ បន្ត​ថា​៖ «ធុង​ដាំ​បន្លែ​នោះ ​យើង​មាន ២ ប្រភេទ​ គឺ​ធុង​ដាំ​បន្លែ​ទី១ អាច​ដាំ​បន្លែ​​ចន្លោះ​ពី​ ​៥៥ ទៅ​ ៦០ គុម្ព ហើយ​​​​​អាច​ផ្ទុក​ជី​​ចំណុះ​​​​ជិត ២០០ គីឡូក្រាម និង​ប្រភេទ​ទី២ អាច​ដាំ​​បន្លែ​​​ចន្លោះ ២៥ ទៅ ៣០ គុម្ព ដែល​​អាច​​ផ្ទុក​ជី​ចំណុះ​​ជិត ៩០ គីឡូ​ក្រាម។ ចំពោះ​តម្លៃ​ធុងដាំ​បន្លែ​ទី​១ លក់​ក្នុង​តម្លៃ ១២០ ដុល្លារ សម្រាប់ ​១ កញ្ចប់ ដែល​មាន​ធុង​​​​ដាំ​បន្លែ ១ កំប្លេ មាន​ជី​ចំណុះ​ជិត ២០០ គីឡូ​ក្រាម និង​អាច​ជ្រើស​ប្រភេទ​ពូជ​​ដំណាំ ឬ​បន្លែ ដែល​ចង់​ដាំ​ជា​មុន គឺ​ក្រុមហ៊ុន​ នឹង​ជួយ​បណ្តុះ ​ដាំ​​​ជូន​រួច​ជា​ស្រេច ទើប​ដឹក​ជូន​ដល់​ទី​កន្លែង​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង រី​ឯ​ធុង​ទី​២ តម្លៃ ៩០ ដុល្លារ​។ សម្រាប់​​​ក្រុង​ភ្នំពេញ​ យើង​​មាន​សេវាកម្ម​​ដឹក​​ជូន​​ឥត​​គិត​ថ្លៃ​ឡើយ។ ​​​បច្ចុប្បន្ន​នេះ អ្នក​​ជាវ​​និយម​កុម្ម៉ង់​ធុង​ប្រភេទ​ទី១ ជាង​​​ទី​២ ដោយសារ​​អាច​ដាំ​​បន្លែ​បាន​ច្រើន​គុម្ព​ ​ខណៈ​ ​១ ​ខែ ​ក្រុមហ៊ុន​អាច​​លក់​បាន​ចន្លោះ​​ ១០-២០ ធុង ​ប៉ុណ្ណោះ ដោយ​​​​​​សម្បូរ​គេ​ជាវ​ជី​​ច្រើន​ គឺ​ក្នុង​រយៈពេល ១ ខែ​ អាច​លក់​បាន​ជី​រាប់​រយ​តោន​ឯណោះ»​។

កសិកម្ម​លក្ខណៈគ្រួសារ​ ដែល​ប្រើ​ធុងដាំ​បន្លែ​ និង​ជី​ពី​ក្រុម​ហ៊ុន​TWIN Agri-Tech​​​។ រូបថត សហ​ការី

TWIN Agri Tech Co.Ltd ជា​​​ក្រុមហ៊ុន​ធំ​​​ជំនាញ​​ផលិត​ជី​សរីរាង្គ​​ ដែល​បច្ចុប្បន្ន​​ក្រុមហ៊ុន​​ចែកចាយ​​​លក់​ជី​ទាំង ២ ​ប្រភេទ​នេះ​ ទូទាំង​ប្រទេស ដោយ​​តម្លៃ​ជី​អាចម៍​ជន្លេន ១ តោន ត​ម្លៃ ១៥៥ ដុល្លារ និង​​​ជី​កំប៉ុស ១ តោន ត​​ម្លៃ ១២៥ ដុល្លារ សម្រាប់​​លក់​​ដុំ ខណៈ​តម្លៃ​លក់​រាយ ១ ​បេ (ទម្ងន់​ ៥០ គីឡូ​ក្រាម)​តម្លៃ​ ១០ ដុល្លារ។

ចំពោះ​ប្រភព​​កាក​សំណល់​ដែល​​ផលិត​ជា​ជី​កំប៉ុស និង​ជី​អាចម៍​ជន្លេន លោក គីម នីណូ ​ឲ្យ​​ដឹង​ថា៖ «យើង​មាន​​ក្រុម​ការងារ​ប្រមូល​​កាក​សំណល់​ពី​ទី​​តំបន់​ផ្សារ និង​ភោជនីយដ្ឋាន​នានា​ ក្នុង​ក្រុង​ភ្នំពេញ ដែល​សម្បូរ​​កាក​សំណល់​ច្រើន​​នោះ ​គឺ​​ផ្សារ​ដើម​គ។ ចំណែក​ឯ​បច្ចេកទេស​ធ្វើ​ជី​​នេះ យើង​បាន​សហការ​ជាមួយ​​​​អ្នក​ជំនាញ​ធ្វើ​ជី​សរីរាង្គ​មក​ពី​ប្រទេស​ ​សិង្ហបុរី»។ ​

ប្រសិន​បើ​ចង់​​បាន​ជី​គុណភាព​ខ្ពស់​​ តម្លៃ​សមរម្យ​ និង​ចង់​ជាវ​ធុង​ដាំ​បន្លែ​នោះ អាច​ទាក់ទង​តាម​រយៈ​គេហទំព័រ​ហ្វេសប៊ុក​​ www.facebook.com/twinagri​​​​ និង​តាម​ទូរស័ព្ទ​ 016 494 016៕​

កាកសំណល់រុក្ខជាតិ​​នានា​ ដែល​ក្រុម​ហ៊ុន​TWIN Agri-Tech ​បាន​យក​មក​ច្នៃធ្វើជាជី​កំប៉ុស​​​​។ រូបថត សហ​ការី