ភ្នំពេញ៖ នៅ​ផ្ទះ​ជា​ពាក្យ​ពេចន៍​ដ៏​ខ្លី តែ​មាន​ន័យ​ជ្រៅ​។ រដ្ឋាភិបាល​តាម​បណ្ដា​ប្រទេស​នានា ​ជុំវិញ​ពិភព​លោក​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍ និង​បង្ខំ​ប្រជាជន​ឲ្យ​អនុវត្ដ ​ដើម្បី​ទប់ទល់​នឹង​ការ​រីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី​។

នៅ​កម្ពុជា ប្រជាជន​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឲ្យ​ធ្វើ​ដំណើរ​ បើ​មិន​ចាំបាច់​រួម​ទាំង​ការ​ជួប​ជុំ​ផង​ដែរ។ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​នានា​ ដូចជា​ការ​ដាក់​ឲ្យ​សាលា​រៀន​ទាំង​អស់​វិស្សមកាល​មុន​កាល​កំណត់ ការ​បិទ​សារមន្ទីរ បៀរហ្គាដេន ខារ៉ាអូខេ និង​កាស៊ីណូ​ទាំង​អស់​។

ឥឡូវ មនុស្ស​​ផ្ដើម​នឹក​ភាព​ស្រស់​ស្អាត​នៃ​សមុទ្រ​ នឹក​មនុស្ស​ម្នា​មក​ពី​គ្រប់​ជាតិ​សាសន៍​ដែល​មក​ប្រជ្រៀត​គ្នា​​តាម​ប្រាង្គ​ប្រាសាទ​នានា ក៏​ដូច​ជា​នឹក​សកម្មភាព​ខាង​ក្រៅ​ជុំ​ៗ​​​ផង​ដែរ​។

ផ្ទៃ​ទឹក​ខៀវ​ស្រងាត់​ បោក​បក់​រលៃ​តាម​ចង្វាក់​រលក​មួយ​ៗ អម​ដោយ​ខ្យល់​ជំនោរ​ត្រសៀក​ដែល​រសាយ​អស់​ភាព​តានតឹង​ ខណៈ​គ្រាប់​ខ្សាច់​ស​ក្បុស​នៅ​លើ​ឆ្នេរ​ផ្ដល់​នូវ​ភាព​ស្រស់ស្រាយ​ និង​​ជា​កន្លែង​ក្មេង​លេង​យ៉ាង​រីក​រាយ​។ អ្នក​ខ្លះ​ថែម​ទាំង​ជ្រមុជ​ទឹក​មើល​ត្រី និង​រុក្ខជាតិ​នានា​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​ផង​ដែរ។ ទីឋាន​ទាំង​នេះ មាន​នៅ​ឆ្នេរ​ក្រុង​ព្រះសីហនុ កំពត កែប និង​កោះ​កុង​។

មុន​ពេល​ថ្ងៃ​រះ ភ្ញៀវ​ទេសចរ​ជា​ច្រើន​នាំ​គ្នា​មក​ឈរ​ចាប់​ទីតាំង​ល្អ ​ដើម្បី​គយគន់​ថ្ងៃ​រះ​ដែល​ផុស​លើ​កំពូល​ប្រាសាទ​អង្គរ​វត្ដ​ ខណៈ​ទីឋាន​គយគន់​ថ្ងៃ​ហៀប​អស្ដង្គត​ដ៏​ល្អ​បំផុត​នៅ​ប្រាសាទ​បាក់​ខែង ​​បាគង និង​ភ្នំ​ក្រោម​​​។

​អ្នក​ដែល​នៅ​ផ្ទះយូរ​ធុញថប់​អារម្មណ៍​ក៏អាច​ប្រើ​បច្ចេកវិទ្យា VR ទៅ​មើល​ទិដ្ឋភាព​បាត​សមុទ្រ​ផង​ដែរ​។ រូបថត AFP

យ៉ាងណា​មិញ ក្នុង​កាលៈទេសៈ​នេះ បច្ចេកវិទ្យា​ VR អាច​ជួយ និង​នាំ​យក​ទិដ្ឋភាព​ទាំង​នោះ​មក​ដល់​ក្នុង​បន្ទប់​ក្នុង​ផ្ទះ​សម្រាប់​អ្នក​ត្រូវ​សំងំ​ក្នុង​ផ្ទះ​រយៈពេល​ជា​ច្រើន​ថ្ងៃ ជា​ច្រើន​សប្ដាហ៍ ឬ​រហូត​ដល់​ខែ​។

លោក អៀ សារ៉ាបុត្រ ជា​ស្ថាបនិក Virtual Reality Cambodia និង​​ជា​នាយក​គ្រប់គ្រង​ Hiverlab Cambodia បាន​ឲ្យ​ដឹង​ថា​៖ «​យើង​អាច​​ទៅ​លេង​អង្គរវត្ដ យើង​​ទៅ​សមុទ្រ ​ទៅ​កោះ ទៅ​ស្រុក​អី​ផ្សេង​ទៀត ដូចជា ក្រុង​ប៉ារីស អូស្ដ្រាលី និង​គ្រប់​កន្លែង រួម​ទាំង​ទិដ្ឋភាព​បាត​សមុទ្រ​នៅ​ក្នុង​កម្រិត​​រូប ៣៦០ ដឺក្រេ»​។

ភ្ញៀវ​ទេសចរ​ថែម​ទាំង​ហោះហើរ​លើ​អវកាស​​ និង​ពុះ​ជ្រែក​អាកាស​ ព្រម​ទាំង​​ទស្សនា​ទិដ្ឋភាព​ ៣៦០ ដឺក្រេ ​ជុំវិញ​ខ្លួន​ជាមួយ​រូបភាព​គុណភាព​ខ្ពស់​នៅ​ក្នុង​ផ្ទះ​ផង​ដែរ​។

លោក សារ៉ាបុត្រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «មាន​ប្រ៉ូក្រាម​មួយ​ គេហៅ Google Earth ដែល​ល្អ​ ពីព្រោះ​បើ​​យើង​ចង់​ហោះ​ទៅ​ណា យើង​អាច​ហោះ​​បាន​ជុំវិញ​ពិភព​លោក​។ យើង​អាច​មើល​តាម​លម្ហ​អាកាស​ និង​បណ្ដែត​ខ្លួន​លើ​ទី​អវកាស​ក៏​បាន​ដែរ។ យើង​អាច​ទស្សនា​រូបភាព ៣៦០ ដឺក្រេ​ ដែល​ច្បាស់​ត្រជាក់​ភ្នែក​»។

កូន​ខ្មែរ​ដែល​ធ្លាប់​រត់​ភៀស​ខ្លួន​ទៅ​កាន់​អាមេរិក​ក្នុង​សម័យ​សង្គ្រាម​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​អ្នក​ខ្លះ​នៅ​ផ្ទះ​យូរ​ពេក ដោយ​អត់​អាច​ចេញ​ជួប​ពួក​ម៉ាក បងប្អូន ពួក​គេ​អាច​មាន​អារម្មណ៍​ស្ដ្រេស ធុញ​ថប់ និង​ឯកោ​។ បច្ចេកវិទ្យា​​អាច​ជួយ​ពួក​គេ​ចាក​ផុត​ពី​ភាព​ឯកា​ និង​ស្វែង​រក​មិត្ដភក្ដិ​ថ្មី​ៗ»​។

លោក​​ថា៖ «​កម្មវិធី ឬ ​Social Application អាច​ឲ្យ​យើង​ប្រាស្រ័យ​ទាក់ទង​រវាង​បុគ្គល​នៅ​ឆ្ងាយៗ​ពី​គ្នា​ឲ្យ​មក​ក្បែរ​គ្នា​។ វា​លែង​ជា​បញ្ហា​ឯកោ​ទៀត​ហើយ​ បើ​​យើង​ផ្សារ​ទំនាក់​ទំនង​តាម​ជាមួយ​អ្នក​ផ្សេង​ទៀត​»។

បច្ចេកវិទ្យា​ VR នេះ​ក៏​បាន​ផ្ដល់​នូវ​បទពិសោធ​ដូច​បាន​ទៅ​ដល់​ទីឋាន​នោះ​​ពិតៗ​។

លោក សារ៉ាបុត្រ បាន​បន្ដ​ថា​៖ «​VR មាន​ applications ច្រើន​ទៀត។ វា​ជួយ​ទាំង​សុខភាព​ផ្លូវ​កាយ និង​សុខភាព​ផ្លូវ​ចិត្ដ​។ ជាក់​ស្ដែង យើង​អាច​ទៅ​ស្ទូច​ត្រី​បាន​ ដែល​វា​ហាក់​ដូចជា​សកម្មភាព​ពិតៗ​អ៊ីចឹង​។ យើង​អាច​​លេង​ Tennis ហើយ​យើង​អាច​លេង​ Golf បើក​ឡាន​ ជិះ​ទូក​ និង​សកម្មភាព​ផ្សេងៗ​ទៀត​»។

លោក ​អៀ សារ៉ាបុត្រ ស្ថាបនិក Virtual Reality Cambodia។ហុង មិនា

យ៉ាងណា​មិញ​ សកម្មភាព​ជា​ច្រើន​នៅ​លើ​កម្មវិធី VR App អាច​ដំណើរការ​ទៅ​ដោយ​​​ការ​បំពាក់​នូវ​ឧបករណ៍​ផ្សេងៗ​ ហើយ​សំខាន់​វា​មិន​មាន​តម្លៃ​ថោក​នោះ​ទេ ខណៈ​កម្ពុជា​ត្រូវ​នាំ​ចូល​សម្ភារ​ទាំង​នោះ​ពី​បរទេស​។

លោក សារ៉ាបុត្រ ​​ថា​៖ «​ចំពោះ​ការ​រៀបចំ​មួយ​ឈុត​នៅ​ផ្ទះ វា​ត្រូវ​មាន​ឧបករណ៍​ច្រើន​ដែរ ដូចជា កុំព្យូទ័រ​ល្អ ​មាន​ល្បឿន​លឿន តម្លៃ​រាប់​ពាន់​ដុល្លារ រួម​ទាំង​ឧបករណ៍​ VR និង​សេនស័រ​ជំនួយ​ ក៏​ដូចជា​សម្ភារ​ផ្សេងៗ​ទៀត​​។ ប៉ុន្ដែ​​ VR Headset ស៊េរី​ថ្មី​​មិន​ចាំបាច់​ប្រើ​ខ្សែ​ ឬ​បំពាក់​សេនស័រ​ជំនួយ​ឡើយ​។ ដោយសារ​យើង​ត្រូវ​នាំចូល​​ វា​អាច​មាន​តម្លៃ​ចន្លោះ​ពី ៦០០ ទៅ ៧០០ ដុល្លារ ​ក្នុង ​១ គ្រឿង»។

លោក​បាន​លើក​ឡើង​ថា នៅ​កម្ពុជា​ ពលរដ្ឋ​ខ្លះ​អាច​ទិញ​ត្រឹម​ឧបករណ៍ VR Headset ដែល​មាន​លក់​នៅ​ក្នុង​ស្រុក​ស្រាប់​ ដោយ​មិន​ចាំបាច់​បញ្ជា​ទិញ​ និង​រង់ចាំ​ទំនិញ​យូរ​។

លោក សារ៉ាបុត្រ បាន​បញ្ជាក់​ថា​៖ «​វា​ជា​ឧបករណ៍​បំពាក់​ជាមួយ​ទូរស័ព្ទ​ដៃ​។ យើង​អាច​សាក​​​ប្រើ​ឧបករណ៍ ទោះ​វា​មិន​សូវ​មាន​គុណភាព​ដែល​តម្លៃ​ប្រមាណ ២០ ដុល្លារ​។ យើង​អាច​ប្រើ​វា​មើល​ភាពយន្ដ 3D ​ឬ​មើល​រូបភាព​ VR ធម្មតា​ៗ»៕