The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កន្លែង​ជិះ​ខ្សែ​រ៉ត​តំបន់​អង្គរ​រំពឹង​ភ្ញៀវ​ខ្មែរ​មក​ច្រើន




កន្លែង​ជិះ​ខ្សែ​រ៉ត​តំបន់​អង្គរ​រំពឹង​ភ្ញៀវ​ខ្មែរ​មក​ច្រើន

Content image - Phnom Penh Post
ភ្ញៀវ​ទេសចរ​ដើរ​លើ​ស្ពាន​យោល​ដែល​ភ្ជាប់ពី​ដើម​ឈើ​មួយ​ទៅ​ដើម​ឈើ​មួយ​ទៀត​​។ រូបថត សហ​ការី

កន្លែង​ជិះ​ខ្សែ​រ៉ត​តំបន់​អង្គរ​រំពឹង​ភ្ញៀវ​ខ្មែរ​មក​ច្រើន

សៀមរាប: វេលា​ម៉ោង៧​ព្រឹក​ ភ្ញៀវ​ទេសចរ​រៀបចំ​ខ្លួន​ជា​ស្រេច ដោយ​ពាក់​អាវ​យឺត​ដៃ​វែង ខោ​ជើង​វែង និង​ស្បែក​ជើង​បាតា អង្គុយ​ចាំ​រថយន្ត​របស់​ភ្នាក់ងារ​អេកូ​ទេសចរណ៍​ផ្សង​ព្រេង​ឈ្មោះ​ថា Flight of Gibbon យក​ទៅ​ជិះ​ខ្សែ​រ៉ត​យោង​ខ្លួន​លើ​អាកាស នៅ​ពី​ក្រោយប​រិវេណ​ប្រាសាទ​តាកែវ ក្នុង​ឧទ្យាន​បុរាណ​ក្រុង​អង្គរ។

អ្នក​គ្រប់គ្រង​ ​លោក​ ឡុង​​ គីម​នឿន បាន​និយាយ​ថា៖ «យើង​បើក​កន្លែង​ជិះ​កម្សាន្ត​នេះ​យូរ​មក​ហើយ​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ ដោយ​ពី​មុន​មិន​សូវ​ជា​មាន​ការ​ពេញ​និយម​និង​ដឹង​ឮ​ពី​ខាង​ភ្ញៀវ​ជន​ជាតិ​ខ្មែរ​យើង​ប៉ុន្មាន​ទេ»។

​លោក​សម្គាល់​ឃើញ​ថា៖ «បច្ចុប្បន្ន​មាន​ភ្ញៀវ​ខ្មែរ​យើង​មក​ជិះ​ច្រើន​ជាង​មុន​បន្តិច បើ​ធៀប​ទៅ​នឹង​ពេល​ដែល​យើង​បើក​ពី​ដំបូង ក៏​ប៉ុន្តែ​វា​នៅ​តែ​តិចជាង​ការ​រំពឹង​ទុក​របស់​យើង គឺ​ភ្ញៀវ​ខ្មែរ​គាត់​មក​ជិះ​បានត្រឹម​តែ​៥​ភាគ​រយ​ប៉ុណ្ណោះ​ពេល​បុណ្យ​ទាន ចូល​ឆ្នាំ ឬ ភ្ជុំ​ជាដើម»។

ភ្ញៀវ​ខ្មែរ​ដែល​មក​ជិះ​ខ្សែ​រ៉ត​យោល​ខ្លួន​លើ​អាកាស​មាន​វ័យ​ពី​៣០​ទៅ​៤០​ឆ្នាំ​ច្រើន​ជាង​គេ បន្ទាប់​មក​ភ្ញៀវ​វ័យ​ចន្លោះ​ពី២០​ទៅ​៣០​ឆ្នាំ​។ ពួក​គេ​មក​ជា​ក្រុម​ ៥​ ទៅ​ ៦ ​នាក់ តាម​រយៈ​ការ​បបួល​ពី​មិត្តភ័ក្ដិ ហ្វេសប៊ុក និង​ទូរទស្សន៍។

Content image - Phnom Penh Post
ខ្សែ​រ៉ត​ដែល​អាច​ជិះលេង​កម្សាន្ត​​​ទន្ទឹម​គ្នា​ពីរ​នាក់​។ រូបថត សហ​ការី

លោក​ ឡុង គីមនឿន បាន​និយាយ​បន្ត​ថា៖ «កន្លែង​ជិះ​កម្សាន្ត​ខ្សែ​យោល​លើ​អាកាស​នេះ​ កាល​ពី​ឆ្នាំ ​២០១៣ ​យើង​ប្រើ​ដើម​ឈើ​មាន​តែ​ ៨​ ដើម​ឈើ​ប៉ុណ្ណោះ ឥឡូវ​នេះ​គឺ​ពង្រីក​ឲ្យ​ធំ​ជាង​មុន​ហើយ​ប្រើប្រាស់​ដើម​ឈើ​រហូត​ដល់​១៥​ដើម ហើយ​បើ​គិត​ជា​ខ្សែ​វិញ​គឺ​មាន​ ១០ ​ខ្សែ ស្ពាន​យោល​មាន​ ៤ សម្រាប់​ឲ្យ​ភ្ញៀវ​ជិះ​ និង​ដើរ​ឆ្លង​កាត់។ បើ​គិត​ពី​កម្ពស់​ដើម​ឈើ​ពី​ដី​ដល់​លើ​ចំណុច​ដែល​យើង​ឈប់​ គឺ​មាន​កម្ពស់​ចន្លោះ​ពី ​១០ ​ម៉ែត្រ ទៅ ​៤០ ​ម៉ែត្រ​ដែល​ជា​ចំណុច​ខ្ពស់​ជាង​គេ»។

ចំពោះ​ខ្សែ​កាប​ជិះ​វិញ​មាន​ប្រវែង ៣០០ ម៉ែត្រ ឯណោះ។ សម្រាប់​ភ្ញៀវ​ដែល​ចង់​ជិះ​ជា​គូ ក៏​មាន​ខ្សែ​កាប​ជិះ​មួយ​ខ្សែ​អាច​ជិះ​បាន​ពីរ​នាក់​ដែល​គេ​ហៅ​វា​ថា​ «ខ្សែ​កាប ហូនីមូន»។

ចំពោះ​រយៈពេល​នៃ​ការ​ជិះ​កម្សាន្ត​លើ​ខ្សែ​កាប​នោះ គឺ​មាន​រយៈ​ពេល​ពីរ​ទៅ​បី​ម៉ោង។

Content image - Phnom Penh Post
សកម្មភាព​ជិះ​ខ្សែ​រ៉ត​យោល​ខ្លួន​លើ​អាកាស​​។ រូបថត សហ​ការី

អ្នក​គ្រប់គ្រង​ទូទៅ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «វា​ក៏​អាស្រ័យ​លើ​ចំនួន​មនុស្ស​ជិះ​ច្រើន​ឬ​តិច ទៅ​តាម​ភ្ញៀវ​គាត់​ចង់​ថតរូប ឬ​មួយ​ក៏​សម្រាក​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជា​ដើម គឺ​យើង​មិនអាច​បង្ខំ​ឲ្យ​គាត់​ជិះ​លឿន​បានទេ ហើយ ចំពោះ​ការ​ជិះ​ខ្សែ​រ៉ត​នេះ គឺ​ក្នុង​មួយ​ថ្ងៃ​មាន​ ១០​ជើង ស្មើ​នឹង​ ១០ ​ក្រុម ដោយ​ក្នុង​មួយ​ក្រុម​មាន​គ្នា ៩ នាក់»។

ក្រុមហ៊ុន​ក៏​មាន​ការ​ផ្តោត​សំខាន់​​ទៅ​លើ​ការ​យក​ចិត្ត​ដាក់​សុវត្ថិភាព​ និង​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​ភ្ញៀវ​ និង​លើ​ប្រព័ន្ធ​អេកូ​ឡូស៊ី​ផង​ដែរ។

ក្រុម​ហ៊ុន​បាន​ប្រើ​ឧបករណ៍​ទំនើប​មាន​គុណ​ភាពល្អ​ និង​មាន​ការ​បង្ហាត់​បង្រៀន​ភ្ញៀវ​ពី​របៀប​ជិះ ​និង​ប្រើ​ខ្សែ​កាប​យោង​ខ្លួន​នោះ​ទៀត​ផង។

ដើម្បី​រក្សា​នូវ​សម្រស់​បរិស្ថាន​តំបន់​នោះ​ឲ្យ​មាន​ភាព​គង់វង្ស​ល្អ​ លោក ឡុង គីមនឿន បាន​អះអាង​ថា ​ក្រុម​ហ៊ុន​បាន​ប្រើ​ឧបករណ៍​និង​ខ្សែ​កាប​យោង​ខ្លួន​ដោយ​មិន​ធ្វើការ​ប៉ះពាល់​ដល់​ដើម​ឈើ​ធំៗ​ឡើយ។

សំបុត្រ​សម្រាប់​ភ្ញៀវ​ខ្មែរ​គឺ​ ៧៩ ​ដុល្លារ​ក្នុង​មួយ​នាក់។ ​​តម្លៃ​នេះ​គឺ​រួម​បញ្ចូល​ទាំង​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ពី​សណ្ឋាគារ ការ​ជិះ​ខ្សែ​រ៉ត ​ការ​ប្រើប្រាស់​ឧបករណ៍​នានា និង​អាហារ​មួយ​ពេល​នៅ​ជិត​ស្រះស្រង់​ក្រោយ​ពី​ជិះ​ខ្សែ​រ៉ត​លេង​កម្សាន្ត​រួច​ហើយ៕

អត្ថបទគួរចាប់អារម្មណ៍