ក្រុង​ហាណូយ៖ ក្របី​ត្រូវ​បាន​ចាត់​ទុក​ជា​គូកន​ជិតស្និទ្ធ និង​ស្ថិត​ក្នុង​ចំណោម​ទ្រព្យ​សម្បត្ដិ​ដ៏​ងាយ​រងគ្រោះ​បំផុត​របស់​ប្រជាកសិករ។

សម្រាប់​កសិករ​ក្រុង​ហ៊ុយអាន ខេត្ដ​ក្វាងណាម សត្វ​ក្របី​ក៏​ជា​មគ្គុទេ្ទសក៍​អេកូ​ទេសចរណ៍ រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ទេសចរណ៍ ជេក ត្រាន់។

ឆ្នាំ​ឆ្លូវ​នេះ ពួក​គេ​បាន​លើក​ឡើង​ពី​គុណ​សម្បត្ដិ​របស់​សត្វ​បម្រើ​វិស័យ​កសិកម្ម​ផងដែរ។

ត្រាន់ វ៉ាន់ខាវ អ្នក​គ្រប់គ្រង​ផ្នែក​លក់ និង​ជា​ម្ចាស់​ក្រុមហ៊ុន​បាន​ប្រាប់ Vietnam News ថា គំនិត​ទេសចរណ៍​ក្របី​នេះ​បាន​កើត​ឡើង ពេល​លោក​ដឹកនាំ​ក្រុម​ទេសចរ​បរទេស​ទៅ​ភូមិ​បន្លែ​ត្រាឃ្វេ នៃ​ទីក្រុង​បុរាណ​ហ៊ុយអាន កាល​ពី ១០ ឆ្នាំ​មុន។

លោក​និយាយ​ថា៖ «ទេសចរ​បរទេស​ចាប់​អារម្មណ៍​នឹង​ក្របី​ស៊ី​ស្មៅ។ ពួក​គេ​បាន​សុំ​ម្ចាស់​ក្របី​ថតរូប​ជាមួយ​ក្របី។ ពួក​គេ​តែងតែ​ផ្ដល់​ប្រាក់​ធីប​ឱ្យ​ប្រជាកសិករ ១ ឬ ២ ដុល្លារ​សម្រាប់​ការ​ថតរូប​ម្ដង។ ខ្ញុំ​គិត​ថា ក្របី​ប្រហែល​ជា​ផលិតផល​ទេសចរណ៍​សំខាន់ ដែល​នឹង​អាច​នាំយក​ប្រាក់​ចំណូល​បន្ថែម»។

ស្ថាបនិកហ្វេសប៊ុក ជិះក្របី​លេង​នៅ​វៀតណាម​កាលពីឆ្នាំ ២០១១។ រូបថត AFP

វេលា​ក្រោយ​មក​ទៀត ក្រុមហ៊ុន​បាន​ប្រមែប្រមូល​ពលរដ្ឋ​ចិញ្ចឹម​ក្របី​ជិត ២០ គ្រួសារ ដែល​បាន​ក្របី​សរុប​ជាង ១០០ ក្បាល​ក្នុង​បំណង​បង្កើត​ទេសចរណ៍​កសិកម្ម​ដែល​ផ្ដល់​ឱកាស​ឱ្យ​ទេសចរ​គយគន់​វាលស្រែ​វាលស្រូវ​លើ​ខ្នង​ក្របី។ មុន​ពេល​វិបត្ដិ​កូវីដ​ក្នុង ១ ឆ្នាំ​ក្រុមហ៊ុន​ទទួល​ភ្ញៀវ​ចន្លោះ​ពី ២ ពាន់​ទៅ ៣ ពាន់​នាក់ ដោយ​នាំ​ចំណូល​ដល់​គ្រួសារ​នីមួយៗ​ពី ១០ ទៅ ១៥ លាន​ដុង (ពី ៤៣៤-៦៥១ ដុល្លារ) ក្នុង ១ ឆ្នាំ។

ទេសចរ​ក្របី​ប្រើ​ពេល​វេលា ៥ ម៉ោង ដោយ​អនុញ្ញាត​ឱ្យ​ភ្ញៀវ​ភ្លក្ស​រសជាតិ​កិច្ចការ​របស់​កសិករ​នៅ​​លើ​វាលស្រែ។

លោក ខាវ បាន​និយាយ​ថា៖ «ដំបូង ប្រជាកសិករ​ក្នុង​មូលដ្ឋាន​មិន​មាន​បំណង​ចូលរួម​សេវាកម្ម​នេះ​ឡើយ។ ពួក​គេ​គិត​ថា ភ្ញៀវទេសចរ​បរទេស​មិន​ចូលចិត្ដ​ប្រឡាក់​ប្រឡូក​លើ​វាលស្រែ។ ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន ​ដើម្បី​បញ្ចុះបញ្ចូល​ពួក​គេ​ឱ្យ​ចូលរួម»។

សំបុត្រ​ម្នាក់​តម្លៃ ១,៣ លាន​ដុង (២៣ ម៉ឺន​រៀល) បូក​ទាំង​អាហារ​ថ្ងៃ​ត្រង់​នៅ​ផ្ទះ​ស្នាក់។

កសិករ ឡេ ញៀន អាយុ​ខ្ទង់ ៥០ ឆ្នាំ ដែល​ចិញ្ចឹម​ក្របី​តាំង​ពី​កុមារភាព ស្ថិត​ក្នុង​ចំណោម​កសិករ ដែល​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​យូរ​បំផុត។

លោក​និយាយ​ថា៖ «យើង​តែងតែ​ជ្រើសរើស​ក្របី​ឈ្មោល​រឹងមាំ ស្លូត មាន​រូបរាង​ស្អាត ចោះ​ច្រមុះ ត្រចៀក​ធំៗ និង​ខ្នង​អ៊ែន ដែល​បង្ហាញ​ថា វា​ជា​ក្របី​ឧស្សាហ៍។ ក្របី​ភ្នែក​ក្រហម​ធំៗ​មិន​ត្រូវ​បាន​ជ្រើសរើស​ឡើយ ដោយសារ​វា​កាច»។

ភ្ញៀវទេសចរ​បរទេស និង​ភ្ញៀវ​ក្នុង​ស្រុកចាប់អារម្មណ៍​​ការ​ជិះ​ក្របី​កម្សាន្ត​។ រូបថត VNS

លោក​បន្ដ​ថា៖ «យើង​បង្ហាត់​បង្រៀន​ពួក​វា​ឱ្យ​ចេះ​ក្រោកឈរ​ពេលឮ​សំឡេង​បញ្ជា និង​រួសរាយ​ជាមួយ​ភ្ញៀវ។ ក្របី​គួរ​តែ​មាន​បទពិសោធ​លើ​កសិដ្ឋាន ២ ឆ្នាំ ដោយសារ​ពួក​វា​រហ័សរហួន និង​ឧស្សាហ៍។ ខ្ញុំ​ឱ្យ​ពួក​វា​ហិត​ទឹក​អប់ និង​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ ​ដើម្បី​ឱ្យ​សាំង​នឹង​វត្ដមាន​របស់​ភ្ញៀវ»។

វិបត្ដិ​កូវីដ​សកល​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​វិស័យ​ទូទៅ រួម​ទាំង​ទេសចរណ៍​ក្របី។

លោក​បន្ថែម​ថា៖ «មុន​ពេល​ជួប​វិបត្ដិ ១ ថ្ងៃ​យើង​ទទួលភ្ញៀវ​ពី ២០ ទៅ ១០០ នាក់។ ឥឡូវ​មាន​ត្រឹម ១ ឬ ២ នាក់ ឬ​គ្មាន​សោះ​កាល​ពី​ឆ្នាំ​មុន»។

ទិសដៅ​ត្រូវ​បាន​បង្វែរ​មក ភ្ញៀវទេសចរ​ជាមួយ​ការ​បញ្ចុះ​តម្លៃ​ពិសេស ដោយ​រយៈពេល ៤៥ នាទី មាន​តម្លៃ ៥០ ម៉ឺន​ដុង (៨៨ ០០០ រៀល) ក្នុង​ម្នាក់។

លោក​បញ្ជាក់​ថា៖ «យើង​តែងតែ​ធ្វើការ​ប្រដូច​ក្របី​យើង​នឹង​រថយន្ដ BMWs បរ​នៅលើ​វាលស្រែ ដោយសារ​វា​ខ្លាំង និង​មាន​តម្លៃ​ថ្លៃ»៕ VNS/HR