ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រកួតកីឡាប្រពៃណីនៅវិហារសួគ៌ នៅតែរក្សាគោលជំហរយ៉ាងខ្ជាប់ខ្ជួនក្នុងការរួមគ្នារៀបចំឲ្យមានការប្រណាំងក្របី សេះ ប្រកួតចំបាប់ និងគុនដំបង ក្នុងថ្ងៃភ្ជុំបិណ្ឌធំ ដើម្បីរក្សាកេរមរតករបស់ដូនតា ឲ្យបានគង់វង្សសម្រាប់ទុកឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញ បើទោះបីជាចំនួនក្របី ដែលនឹងត្រូវយកមកប្រណាំងនៅភ្ជុំបិណ្ឌធំ នាថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ កាន់តែមានចំនួនថយចុះក៏ដោយ។
លោក ម៉េង ឈាងហេង មេឃុំវិហារសួគ៌ និងជាប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាប្រពៃណី នៅវិហារសួគ៌ បានប្រាប់ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃពុធថា៖ «ការរៀបចំឲ្យមានការប្រកួត កីឡាប្រពៃណី នៅថ្ងៃភ្ជុំបិណ្ឌធំ ជាទំនៀមទម្លាប់នៅទឹកដីនេះ គឺយើងយកសត្វទាំងនេះ មកថ្វាយ បារមីវត្តវិហារសួគ៌ ហើយនេះជាកេរដំណែលរបស់ដូនតា ដែលយើងបានរួមគ្នាថែរក្សាតៗគ្នា អស់រយៈពេលរាប់រយឆ្នាំមកហើយ ហេតុនេះបើយើងមិនរៀបចំ មិនបានទេ! ប្រជាពលរដ្ឋ ពិតជាមានការខឹងនឹងយើង ព្រោះពួកយើងមិនចង់ឲ្យវប្បធម៌ប្រពៃណីដ៏ផូរផង់ ដែលបានបន្សល់ទុកពីជីដូនជីតារបស់យើងបាត់បង់នោះទេ»។
លោកបន្ថែមថា៖ «យើងមានរៀបចំជាគណៈកម្មការឯកភាពឃុំរួមមួយ ដោយក្នុងនោះយើងមានទាំងប្រធាន និងអនុគណៈកម្មការជាច្រើនផ្នែកទៀត ហើយយើងបានប្រជុំគ្នា កាលពីព្រឹកថ្ងៃពុធ ដើម្បីបែងចែកការងារគ្នាធ្វើ គឺយើងបានរៀបចំរួចរាល់អស់ហើយ ហេតុនេះខ្ញុំជឿថា ការប្រកួតកីឡាប្រពៃណីនៅវិហារសួគ៌ឆ្នាំនេះ នឹងដំណើរការបានទៅកាន់តែល្អប្រសើរជាងមុន»។
យ៉ាងណាក៏ដោយ លោក ថែ ថាំង ប្រធានភូមិវិហារសួគ៌ និងជាប្រធានគ្រប់គ្រងការប្រកួតកីឡាប្រពៃណីនៅវិហារសួគ៌បានប្រាប់ថា ចំនួនក្របីដែលនឹងត្រូវចូលរួមប្រណាំងនៅឆ្នាំនេះ មានការធ្លាក់ចុះជាងឆ្នាំមុន។
លោកបានប្រាប់ថា៖ «កាលពីឆ្នាំមុនចំនួនក្របីចូលរួមមាន ១៩ គូ តែឆ្នាំនេះ មាន ១៦ គូទេ ចំណែកសេះដែលឆ្នាំមុនមាន ២៧ គូ បានកើនដល់ ៣០ គូ ឯចំបាប់បុរាណ ដែលធ្លាប់មាន ៣៧ គូ ក៏អាចនឹងកើនឡើងផងដែរ ហើយគុនដំបង មាន ២ ទៅ ៣ គូដដែល»។
ជុំវិញនឹងការធ្លាក់ចុះចំនួនក្របី ជាបន្តបន្ទាប់នេះ លោក ម៉េង ឈាងហេង បានបញ្ជាក់ថា៖ «យើងពិបាកបង្កើនចំនួនក្របីដែរ ព្រោះសព្វថ្ងៃអ្នកចិញ្ចឹមក្របីវានៅតិច ហើយដីធ្វើស្រែក៏កាន់តែរួមតូច ដោយសារគាត់បានលក់ទៅឲ្យក្រុមហ៊ុន អ៊ីចឹងហើយទើបយើងបាននាំគ្នាបំផុសចលនា ដើម្បីឲ្យអ្នកជិតអ្នកឆ្ងាយនាំយកក្របីមកប្រណាំង តែវាមិនអត់នោះទេ គឺប្រជាពលរដ្ឋរបស់យើងនៅតែមានក្របីប្រណាំង គ្រាន់តែថាវាមិនមានចំនួនច្រើនដូចពេលកន្លងមក»។
ទោះបីជាយ៉ាងណា លោក ថែ ថាំង បានមើលឃើញថា ការប្រកួតកីឡាប្រពៃណីនៅវិហារសួគ៌ ថ្ងៃភ្ជុំបិណ្ឌធំឆ្នាំនេះ នឹងមានអ្នកចូលរួមទស្សនាផ្ទាល់កាន់តែច្រើន។ លោកបាននិយាយថា៖ «តាមទូរលេខ កាលពីឆ្នាំមុន មានអ្នកចូលរួមទស្សនាផ្ទាល់ជិត ២ ម៉ឺននាក់ គឺរកកន្លែងឈរមើលមិនចង់បានផង ហើយនៅឆ្នាំនេះ ចំនួនអ្នកទស្សនា នឹងអាចកើនឡើងជាងឆ្នាំមុន ដោយសារផ្លូវធ្វើដំណើរ វាមានលក្ខណៈងាយស្រួលជាងមុនសម្រាប់អ្នកមកពីខេត្តឆ្ងាយៗ»។
បន្ថែមលើនេះលោក ឈាងហេង និងលោក ថែ ថាំង បានបង្ហើបថា ចំនួនក្របី សេះ និងអ្នកចំបាប់បុរាណអាចនឹងមានការប្រែប្រួល នៅពេលប្រណាំង និងប្រកួតជាក់ស្តែង ចំណែកពេលនៃការប្រកួត គឺការប្រណាំងក្របី និងសេះ នឹងចាប់ផ្តើមពីម៉ោង ៦ ដល់ម៉ោង ៧ ហើយការប្រកួតចំបាប់ និងគុនដំបូង នឹងចាប់ផ្តើមពីចន្លោះម៉ោង ៨ ដល់ម៉ោង ១១។ ចំណែកពីរសៀលម៉ោង ១ ឬម៉ោង ២ ទៅនឹងមានការលេងល្បែងប្រជាប្រិយរហូតដល់យប់៕