ក្រុង​គែរ៖ រយៈ​ពេល​ជាង​មួយ​សតវត្សរ៍​ក្រោយ​ពី​បង្ហាញ​ខ្លួន​នៅ​លើ​ដង​ទន្លេ​នីល នាវា​ Steam Ship Sudan បាន​ទាក់​ទាញ​ទេសចរ​លើ​ដំណើរ​កម្សាន្ដ​តាម​វិថី​ដ៏​ល្បី​ល្បាញ​នៃ​កវី​ឧក្រិដ្ឋ​កម្ម​ អាហ្គាថា គ្រីស្ទី​។

ដំណើរ​រឿង​ស្ដីពី​ឧក្រិដ្ឋកម្ម​រៀបរាប់​អំពី​ជីវិត​ភ្នាក់ងារ​ស៊ើប​ប៊ែលហ្ស៊ិក​ ដ៏​មាន​ប្រជាប្រិយ​របស់គ្រីស្ទី គឺ​ Hercule Poirot ដែល​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​ចំពោះ​ភ្ញៀវ​ទ្រព្យ​ស្ដុក​ ខណៈ​ពួកគេ​ធ្វើ​ដំណើរ​តាម​នាវា​កម្សាន្ដ​លើ​ដង​ទន្លេ​នីល​។

នាយក​គ្រប់​គ្រង​នាវា​កម្សាន្ដ អាមី អាត់ទីយ៉ា បាន​និយាយថា​៖ «​នាវា​​​កម្សាន្ដ​របស់ អាហ្គាថា គ្រីស្ទី ទាំង​ទិដ្ឋភាព​ទូទៅ និង​ផ្លូវធ្វើដំណើរ បាន​អន្ទង​ចិត្ដ​អ្នក​ស្រី​ឱ្យ​ចាប់​ផ្ដើម​សរសេរ​ប៉ុន្មាន​ជំពូក​ដំបូង​»។

កសាង​ឡើង​សម្រាប់​រាជ​វង្ស​អេហ្ស៊ីប ​ក្នុង​ឆ្នាំ ​១៨៨៥ និង​បាន​ប្រែ​ក្លាយជា​នាវា​កម្សាន្ដ​ក្នុង​ឆ្នាំ ​១៩២១ នាវា SS Sudan បាន​រៀបចំ​កម្មវិធី​ឱ្យ​កវី​និពន្ធ​ជាមួយ​ស្វាមី​ទី ២ ដែល​ជា​បុរាណ​វត្ថុ​វិទូ ម៉ាក ម៉ាល់​ឡូវ៉ាន់ ក្នុង​ឆ្នាំ​ ១៩៣៣​។

ចំណោម​ ២៣​ បន្ទប់​តូច និង​បន្ទប់ធំ ក្នុង​នាវា អាត់ទីយ៉ា បាន​និយាយថា​ បន្ទប់​របស់​កវី​រូប​នេះ​នៅតែ មាន​ប្រជា​ប្រិយភាព​បំផុត​។ អ្នក​ដំណើរ​ត្រូវបាន​ណែនាំ​ឱ្យ​ស្គាល់​ផ្លូវ​ដំណើរ​ដើម​ដំបូង​របស់​អ្នកស្រី គ្រីស្ទី ឈប់​នៅ​ឧទ្យាន​បុរាណ​វិទ្យា​ដូច​គ្នា ទោះ​ខុសត្រង់​ថា ​នាវា​បច្ចុប្បន្ន​ប្រើ​ថាមពល​ប្រេង​ម៉ាស៊ូត និង​សូឡា ជំនួស​ឱ្យ​ថាមពល​ធ្យូង​។

លោក​និយាយថា​៖ «​មាន​ការ​កក់​ទុក​ច្រើន​រហូត​ដល់​រយៈ​ពេល ២​ឆ្នាំ​មុន​ឯនោះ​»។

ខណៈ​វិស័យ​ទេសចរណ៍​សំខាន់​របស់​អេហ្ស៊ីប បាន​រង​នូវ​ផល​ប៉ះពាល់​ដោយ​ការ​រឹត​បណ្ដឹង​ពី​វិបត្ដិ​កូវីដ ១៩ ដោយ​ចំណូល​បាន​ធ្លាក់​ចុះ​ជាង ៥​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៩​ បុគ្គលិក​នាវា​និយាយ​យ៉ាង​មាន​ជំនឿចិត្ដ​ថា វិបត្ដិ​សកល​នឹង​មិន​ពន្លិច​នាវា​ប្រវត្ដិ​សាស្ដ្រ​នេះ​ឡើយ​។

លោក​បាន​អះអាងថា​៖ «​ផលិតផល​ទេសចរណ៍​របស់​យើង​គឺ​វិសេស​ខុស​គេ​។ អេហ្ស៊ីប ជា​គោល​ដៅ​ទេសចរេណ៍​មិន​អាច​ដួល​រលំ​ឡើយ​។ SS Sudan គឺជា​នាវា​កម្សាន្ដ​ដំបូង​ដែល​បើក​ទទួល​ភ្ញៀវ​ឡើង​វីញ​កាល​ពី​ខែ​តុលា​។ ភ្លាម​ៗ​នោះ យើង​ទទួល​បាន​ការ​កក់​ជា​ច្រើន ដែល​យើង​ត្រូវ​លប់​ចោល​ខ្លះ​»៕ AFP/HR