ក្រុងហាណូយ: រុក្ខជាតិតែបៃតងដ៏ល្បីល្បាញ ដែលដាំនៅកណ្ដាលទឹកនៃស្រុកថាញ់ឈួង ភាគកណ្ដាលខេត្ដញ៉េអាន បានទាក់ទាញចិត្ដភ្ញៀវទេសចរគ្រប់ទិសទី។
តំបន់នេះត្រូវបានភ្ញៀវខ្លះដាក់រហស្សនាមថា ហាឡុងបេ ញ៉េអាន។ ធ្វើដំណើរតាមមហាវិថីហូជីមិញ ដោយឆ្លងកាត់ឃុំថាញ់អាន ស្រុកថាញ់ឈួង ភ្ញៀវត្រូវបត់ស្ដាំទៅកាន់ផ្លូវតូច រួចបន្ដដំណើរត្រង់ប្រមាណ ២០០ ម៉ែត្រ នឹងបានឃើញប្រជុំកោះតែផុសឡើងកណ្ដាលបឹង។
កាលពីជាង ៥០ ឆ្នាំមុន តំបន់នេះជាបឹងធំមួយ ដែលផ្ដល់ទឹកសម្រាប់ស្រោចស្រពដីស្រែជុំវិញ ក្នុងឃុំថាញ់អាន និងឃុំថាញ់ថិញ។ អ្នកស្រុកចាប់ផ្ដើមដាំតែបៃតងលើប្រជុំកោះកាលពី ៣ ឆ្នាំមុន។ ពេលនេះ ពលរដ្ឋប្រមាណ ២០០ គ្រួសារ ដាំតែបៃតងលើផ្ទៃដីជាង ១០ កោះ ទាំងក្នុងបឹង និងលើដីគោក។ កោះនីមួយៗមានទំហំប្រមាណ ១ ហិកតា និងសីតុណ្ហភាពចន្លោះពី ១៧ ទៅ ២៨ អង្សាសេពេញ ១ ឆ្នាំៗ។
ភ្ញៀវទេសចរអាចជិះទូកទស្សនាដែនកោះតែ ដើម្បីផ្ដិតយករូបភាព និងរីករាយស្រូបខ្យល់អាកាសនៃវាលកម្រាលព្រំបៃតងនេះ។
លោក ង្វៀង ខុងខាន អាយុ ៧២ ឆ្នាំ ដែលដាំដើមតែលើកោះ និងផ្ដល់អាហារសម្រន់ដល់ទេសចរក្នុងតង់បណ្ដោះអាសន្ន និយាយថា៖«ភ្ញៀវទេសចរនាំគ្នាមកលេងទីនេះកាន់តែច្រើនតាំងពីដើមឆ្នាំរហូតមក»។
លោកនិយាយថា រៀងរាល់ឆ្នាំអ្នកស្រុកប្រមូលផលកសិកម្ម ៨ មុខ ដែលផ្ដល់ចំណូលថេរដល់ក្រុមគ្រួសារពួកគេ។ ជាមធ្យមក្រុមគ្រួសារនីមួយៗទទួលបានចំណូលប្រមាណជា ២០០ លានដុង (៨ ៦០០ ដុល្លារ) ក្នុង ១ ឆ្នាំ។
លោក ង្វៀង មិញថាញ ជាមគ្គុទេសក៍ក្នុងស្រុកបាននិយាយថា៖ «រៀងរាល់ព្រឹក ជាវេលាដ៏ស័ក្ដិសមសម្រាប់ការជិះទូកត្រាច់ចរជុំវិញដែនកោះ។ វាមានខ្យល់អាកាសបរិសុទ្ធ និងត្រជាក់ស្រួល។ អ្នកត្រូវការអាវក្រៅទោះនៅរដូវប្រាំងក៏ដោយ»។
ការជិះទូកជុំវិញដែនកោះ ទស្សនីយភាពរុក្ខជាតិតែស្រស់ដុះលិចត្រឹមៗចុងច្រមុះ។ អ័ព្ទផ្សែងរមែងគ្របដណ្ដប់លើចម្ការតែរៀងរាល់ពេលព្រឹកព្រលឹម មុនពេលព្រះអាទិត្យរះនាំយកកម្ដៅសម្រាប់ថ្ងៃថ្មីមកដល់។
លោកនិយាយថា៖ «បរិស្ថានដ៏ត្រជាក់បរិសុទ្ធនាពេលព្រឹកព្រលឹមនឹងផ្ដល់ថាមពលដល់រូបអ្នក»។
អ្នកស្រុកផ្ដល់សេវាកម្មផ្ទះស្នាក់ក្នុងតម្លៃមធ្យម ១៥ ម៉ឺនដុង (២៦ ០០០ រៀល) ក្នុង ១ យប់។ ការជិះទូកតាមប្រឡាយនៃដែនកោះចម្ការតែ ទេសចរនឹងបានឃើញទឹកធ្លាក់ជាច្រើនក្នុងភូមិឋានជនជាតិដើមភាគតិចថៃ។
ក្រៅពីជាតំបន់ទេសចរណ៍ និងទីតាំងថតរូបអាពាហ៍ពិពាហ៍ កោះចម្ការតែក៏ជាកន្លែងហ្វឹកហាត់នៃក្លិបទូកកាយៈហាឡុង ២ ឆ្នាំមកហើយដែរ។
លោក ឌីញ ង៉ុកហួង អនុប្រធានក្លិបបាននិយាយថា៖ «មើលពីលើមក ភ្នំតែទាំងនេះរំលេចនូវទេសភាពដ៏រ៉ូមេនទិក។ ខ្ញុំសង្ឃឹមថា អាជ្ញាធរមូលដ្ឋានបន្ដអភិរក្សទេសភាពដ៏ស្រស់ស្អាត វិស័យទេសចរណ៍កីឡា ដូចជា ទូកបុរាណ ទូកសម័យ ភោជនីយដ្ឋាន និងសណ្ឋាគារផងដែរ»។
លោក ង្វៀង ថៃអាន នាយកនៃនាយកដ្ឋានវប្បធម៌ និងព័ត៌មានស្រុកថាញ់ឈួង បានឲ្យដឹងថា៖ «ខេត្តកំពុងសិក្សាស្វែងរកអ្នកវិនិយោគដើម្បីអភិវឌ្ឍតំបន់នេះទៅជាទីឋានអេកូទេសចរណ៍គ្រប់រដូវ៕ VNS/HR