ក្រុង​ហាណូយ៖ សត្វ​ស្វា​​កំហូច​រមែង​​​ឆក់​ថង់​នំ ដប​ទឹក ​និង​ចំណី​ចំណុក​​នានា​ពី​ដៃ​ភ្ញៀវ​ទេសចរ​នៅ​លើ​កោះ​ស្វា​របស់​វៀតណាម ​​ជា​ដែន​ដី​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​ ដែល​ក្រុម​សកម្មភាព​សិទ្ធិ​សត្វ​រិះគន់​ និង​អំពាវនាវ​ឲ្យ​បញ្ឈប់​ដំណើរការ​ទេសចរណ៍​សត្វ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​។

ភ្ញៀវ​ទេសចរ​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ធ្វើ​​សញ្ញា​ដៃ​ទទេ​ឲ្យ​ហ្វូង​ស្វា​ដឹង បើ​ពួក​គេ​មិន​ចង់​​រង​នូវ​ការ​បំពាន​ពី​ហ្វូង​ស្វា​​ដដែល​តែងតែ​លួច និង​​ឆក់​អាហារ​ មួក និង​ថែម​ទាំង​ទូរស័ព្ទ​ពី​ភ្ញៀវ ដែល​ភ័យ​ស្លន់ និង​ចូលចិត្ដ​ថត​រូប។

អ្នកស្រី ឌីញ​ ធីហាវ បាន​ប្រាប់ AFP នៅ​លើ​ដែន​កោះ​តូច​ក្នុង​ឆក​ញ៉ាភូ ស្ថិត​នៅ​ភាគ​កណ្ដាល​ប៉ែក​ខាង​ត្បូង ​ប្រទេស ​វៀតណាម ​ថា​៖ «​អា​ស្វា​បាន​ឆក់​នំ​ប៊ីស្គី​ពី​​ខ្ញុំ រួច​ហក់​តោង​ឡើង​លើ​ខ្លួន​ខ្ញុំ​ទៀត​»។

វា​ជា​តំបន់​ទេសចរណ៍​សត្វ​មួយ​ក្នុង​ចំណោម​គោលដៅ​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស ​វៀតណាម ដែល​ភ្ញៀវ​ចំណាយ​ប្រាក់​តែ​ប៉ុន្មាន​ដុល្លារ​អាច​ជិះ​ដំរី​ ឬ​អូទ្រីស ឬ​ទស្សនា​ខ្លាឃ្មុំ និង​ខ្លា​សម្ដែង​សៀក​ថែម​ទៀត​។

ភ្ញៀវ​ខ្លះ​ត្អូញត្អែរ​នឹង​ការ​បៀតបៀន​ពី​សំណាក់​ហ្វូង​ស្វា​រប៉ិលរប៉ូច​។ រូបថត AFP

នៅ​លើ​ដែន​កោះ​ស្វា ហ្វូង​ស្វា​ជិះ​ម៉ូតូ លើក​ដុំ​ដែក និង​លេង​បាល់​បោះ​ក្នុង​រោង​សៀក​ ដែល​ពានរ​មួយ​ក្បាល​ក្នុង​ឯក​សណ្ឋាន​អាវ​យឺត​ដើរ​ប្រមូល​ធីប​ពី​មហាជន​។ នៅ​ទីតាំង​ផ្សេង​ទៀត​នៃ​កោះ ភ្ញៀវ​អាច​ភ្នាល់​លើ​ការ​ប្រកួត​ហែល​ទឹក​របស់​សត្វ​សម្រាប់​ការ​កម្សាន្ដ​នា​ពេល​ព្រឹក​ព្រលឹម។

យោង​តាម​សម្ដី​បុគ្គលិក​ខ្លះ​បាន​ឲ្យ​ដឹង​ថា ទង្វើ​នេះ​ជា​សកម្មភាព​ព្រៃ​ផ្សៃ​ចំពោះ​សត្វ​។ លោក ជេសុន បេឃ័រ អនុប្រធាន​យុទ្ធនាការ​អន្ដរជាតិ​នៃ​ក្រុម​សម្ព័ន្ធ​សត្វ​​ PETA បាន​និយាយ​​ថា​៖ «​ស្វា​មិន​ប៉ង​ដើរ​ជើង​មុខ ជិះ​ម៉ូតូ ឬ​សម្ដែង​កាយវិការ​អ្វី​ឥត​ប្រយោជន៍​ និង​ឡប់ៗ​នោះ​ទេ​ ពួក​វា​ត្រូវ​ធ្វើ​តាម​ដោយ​បារម្ភ​ពី​ជោគ​វាសនា​ពេល​ខ្លួន​វា​មិន​ស្ដាប់​បង្គាប់​»។

ដែន​កោះ​តូច​នេះ មាន​ស្វា​ប្រមាណ ១ ២០០ ក្បាល​ ដែល​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​បង្ការ​ធ្លាប់​​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​សូវៀត​ មុន​ពេល​វា​​ត្រូវ​បាន​ប្រែ​ក្លាយ​​ជា​តំបន់​ទេសចរណ៍​ក្នុង​ទសវត្សរ៍​ឆ្នាំ ​១៩៩០​។

អ្នក​ទេសចរ​ឆ្លង​កាត់ និង​ចូល​ទស្សនា​កោះ​ស្វា ច្រើន​នៅ​ចុង​សប្ដាហ៍​​។ រូបថត AFP

អ្នក​គ្រប់គ្រង​កោះ​ស្វា លោក ទ្រួង ង្វៀង ភូកអាន បាន​និយាយ​ថា សត្វ​ទាំង​នេះ​ត្រូវ​បាន​ថែទាំ​យ៉ាង​ល្អ​ប្រសើរ​តាមរយៈ​​ប្រាក់​របស់​ភ្ញៀវ​ទេសចរ​។

ភ្ញៀវ​ទេសចរ​​ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម ចិន និង​រុស្ស៊ី ដែល​ឆ្លង​កាត់​តំបន់​ឆ្នេរ​ ញ៉ាត្រាង​ដ៏​ល្បីល្បាញ​។

គីរីល ទេសចរ​រុស្ស៊ី អាយុ ១៩ ឆ្នាំ បាន​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា ពួក​វា​មាន​ចំណី​គ្រប់គ្រាន់ និង​​រីករាយ​។ វា​ពិត​ជា​ល្អ​ណាស់​»៕ AFP/HR