ក្រុងម៉ុមបៃ: នៅភូមិដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូ លើដែនកោះ អេឡេហ្វានតា អ្នកស្រី ឌីបា បួរ និងស្វាមី សាស៊ូរ៉ាម ដែលធ្លាប់អង្គុយក្នុងស្ថានភាពងងឹត ខាងក្រៅផ្ទះលើកោះ និងបានក្រឡេកមើលពន្លឺក្រុងម៉ុមបៃ ពីចម្ងាយ។ តែខណៈបណ្ដាញអគ្គិសនីត្រូវបានតភ្ជាប់ដល់ភូមិថ្មីថ្មោង គ្រួសារអ្នកស្រី និងអ្នកភូមិរាប់រយនាក់ ពេលនេះអាចតភាគល្ខោនដល់យប់ជ្រៅ។
អាជ្ញាធរមូលដ្ឋានក៏សង្ឃឹមដែរថា ភ្ញៀវទេសចរដែលត្រូវជិះទូកជិតៗ ពីក្រុងម៉ុមបៃ ទៅលេងល្អាងកោះសតវត្សរ៍ទី ៥ ដ៏ល្បីល្បាញនឹងចំណាយពេលស្នាក់នៅកាន់តែយូរ និងចាយប្រាក់កាន់តែច្រើន ដោយបានបង្កើនឱកាសការងារ និងជំនួញបន្ថែមទៀត។
អ្នកស្រី បួរ បានពោលថា៖ «យើងរង់ចាំរាប់សិបទសវត្សរ៍ ហើយពេលនេះ យើងពិតជារីករាយណាស់ ដែលអាចមើលកម្មវិធីជាច្រើនលើកញ្ចក់ទូរទស្សន៍គ្មានការរំខាន»។
កោះអេឡេហ្វានតា ល្បីមានល្អាងប្រាសាទដែលមានប្រវត្ដិជាង ១៥០០ ឆ្នាំ និងជាជម្រករបស់មនុស្សប្រមាណ ១២០០ នាក់។ ប៉ុន្ដែទោះជាស្ថិតនៅចម្ងាយប្រមាណតែ ១០ គីឡូម៉ែត្រពីទីក្រុងសេដ្ឋកិច្ចឥណ្ឌាយ៉ាងណាក៏ដោយ ក៏អ្នកកោះនេះបានចំណាយពេលជាច្រើនរស់នៅឥតភ្លើងអគ្គិសនី។
លោក សាស៊ូរ៉ាម និយាយថា៖ «កង្វះអគ្គិសនីជារឿងខ្វះចិត្ដ ហើយយើងបានជួបការលំបាកជាច្រើន»។
មានការប៉ាន់ប្រមាណថា ផ្ទះ ៣៣៣ លានខ្នងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ហើយលោកនាយរដ្ឋមន្ត្រី មូឌី ចង់ឲ្យពួកគេអាចទទួលបានភ្លើង ប្រើនៅដំណាច់ឆ្នាំនេះ។
កោះ អេឡេហ្វានតា ស្គាល់ជា ហ្គារ៉ាពូរី មានន័យថា «ទីក្រុងល្អាង» ជាពិភពមួយផ្សេងគ្នាពីក្រុងម៉ុមបៃ។ សត្វស្វាមានចំនួនច្រើនជាងមនុស្ស ហើយគ្មានរថយន្ដអីមួយគ្រឿងលើដែនកោះនេះ ក្រៅពីខ្សែរថភ្លើងតូចមួយ។
មានតែហាងលក់អាហារសម្រន់ និងវត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវ។ អ្នកលក់អាយុ ៥២ ឆ្នាំ ស៊ូរេខា បាហ្គាត បាននិយាយថា៖ «មុខរបររបស់ខ្ញុំកាន់តែដុនដាប ខណៈភេសជ្ជៈត្រជាក់ៗ ការ៉េម និងសូកូឡាមិនមានលក់»។
រៀងរាល់ថ្ងៃ ភ្ញៀវរាប់ពាន់នាក់បានមកលេងល្អាង ៧ នៃដែនកោះសម្បូរចម្លាក់ព្រាហ្មណ៍ តែពួកគេត្រូវចាកចេញនៅមុនម៉ោង ៥ ល្ងាច។ មន្ដ្រីសង្ឃឹមថា អគ្គិសនីនឹងបញ្ចុះបញ្ចូលភ្ញៀវទេសចរឲ្យស្នាក់នៅពេលរាត្រីផងដែរ៕