កោះសាមុយ: ស្ថិតនៅភាគខាងកើតឆ្នេរសមុទ្រថៃ កោះសាមុយ ជាដែនដីទេសចរណ៍ដ៏ល្បីល្បាញមួយ ដែលទទួលភ្ញៀវទេសចរបរទេស ១,៩ លាននាក់ កាលពីឆ្នាំ ២០១៧ (ការចុះផ្សាយដោយ Bangkok Post) ដោយសារតែទីនោះសម្បូរកន្លែងកម្សាន្តទាំងពេលថ្ងៃ និងរាត្រីកាល។
អំណោយផលពីធម្មជាតិ ឆ្នេរសមុទ្រស្រស់ស្អាត មច្ឆាជីវៈចម្រុះសម្បូរបែប អារាមមានចម្លាក់ធំៗបង្កប់ជំនឿស័ក្ដិសិទ្ធិ វិថីផ្សាររាត្រីដ៏ភ្លឺវែងអន្លាយ ហាងទំនិញតូចធំ ព្រមទាំងអាហាររសជាតិឆ្ងាញ់ត្រូវមាត់អ្នកទេសចរទូទៅ នាំឲ្យកោះសាមុយស័ក្ដិសមជាទីវិស្សមកាលលម្ហែកាយ ពិសេសភ្ញៀវខ្មែរតែម្ដង។
ដំណើរទៅកាន់កោះសាមុយ អាចធ្វើទៅបានយ៉ាងងាយស្រួលតាមរយៈជើងហោះហើរ បាងកក អ៊ែរវេ ពីរាជធានីភ្នំពេញទៅ ទីក្រុងបាងកក (ថិរវេលាប្រមាណ ១ ម៉ោង) មុននឹងបន្តទៅកោះសាមុយ ដោយចំណាយពេល ត្រឹមតែ ១ ម៉ោង ១៥ នាទី។
គ្រាន់តែទៅដល់អាកាសយានដ្ឋានសាមុយ ហ៊ុមព័ទ្ធដោយសួនច្បារ និងព្រៃភ្នំ ភ្ញៀវទេសចរដែលទិញកញ្ចប់ដំណើរកម្សាន្ត មគ្គុទ្ទេសក៍ និងរថយន្តវ៉ែនបានសំចតរង់ចាំជាស្រេច ដើម្បីជូនភ្ញៀវទៅទទួលទានអាហារថ្ងៃត្រង់នៅ The Fair House Beach Resort & Hotel ជាប់ឆ្នេរសមុទ្រតែម្ដង។
ក្រោយពីភ្លក្សអាហារសមុទ្រ ទឹកដូងក្រអូបផ្អែមឈ្ងុយឆ្ងាញ់ រួមទាំងសម្លគ្រឿងរមៀតគមដូងប្រចាំកោះសាមុយ ពេលស្រកពោះបន្តិច មគ្គុទេ្ទសក៍បាននាំភ្ញៀវទៅកាន់សណ្ឋាគារ Nora Resorts & Hotel Thailand ដែលមានអាងហែលទឹកជាប់ឆ្នេរសមុទ្រ ងាយស្រួលក្នុងការហែលទឹក និងគយគន់ទេសភាពពេលរសៀល។
សម្រាប់អាហារពេលល្ងាច មគ្គុទេ្ទសក៍នាំភ្ញៀងទៅហាងម្ហូបឆ្ងាញ់ប្រចាំតំបន់មួយឈ្មោះថា Sabienglae នៅតំបន់ Fisherman's Village ដែលល្បីម្ហូបបែបអ្នកកោះសាមុយ មានរសជាតិឆ្ងាញ់ប្លែកមាត់ពីម្ហូបនៅក្រុងបាងកក។

ជាមួយទេសភាពដើមដូងបំភ្លឺដោយភ្លើងអគ្គិសនី ជាប់ឆ្នេរសមុទ្រតែម្ដង តំបន់ Fisherman's Village នេះដែរ ក៏ជាផ្សាររាត្រីមានលក់ចំណីអាហារ ភេសជ្ជៈ ស្រាក្រឡុក ការសម្ដែងគ្រវីភ្លើង ការប្រគំតន្ត្រី សម្ភារប្រើប្រាស់ គ្រឿងសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ដ៏ច្រើន។
នៅថ្ងៃទី ២ នៃដំណើរកម្សាន្ត ភ្ញៀវត្រូវក្រោកពីដំណេកតាំងពីព្រលឹម ដើម្បីស្រស់ស្រូបអាហារពេលព្រឹក មុននឹង ចេញដំណើរតាមនាវាល្បឿនលឿនបោះពួយទៅលេងបណ្ដុំកោះ។
មុននឹងចេញដំណើរសូមកុំភ្លេច ឡេការពារកម្តៅថ្ងៃ ឆត្រ អាវភ្លៀង ស្បែកជើងផ្ទាត់ ខោអាវមុជទឹកដៃវែង វ៉ែនតាការពារពន្លឺថ្ងៃ កាបូបមិនជ្រាបទឹក និងថ្នាំពុលទូកផងដែរ។ ដំណើរតាមនាវាលឿនរលាក់បន្តិច ប៉ុន្តែសំឡេងតន្ត្រី និងការជជែកគ្នាលេង ធ្វើឲ្យរយៈពេលជាង ១ ម៉ោង លើអូប៊័រដូចជាមិនសូវយូរទេនឹងទៅដល់ឧទ្យានមច្ឆជាតិ Angthong National Marine Park។

ទីនោះ នាវាបានសំចតឲ្យភ្ញៀវជ្រមុជទឹកមើលត្រី និងថតរូបលេងនៅកោះ Koh Wao រយៈពេល ១ ម៉ោងសិន ទើបបន្តទៅមើលបឹងបៃតង (Talenai Lagoon) កណ្ដាលកោះដែលមានទេសភាពស្រស់ត្រកាល រួចក៏ធ្វើដំណើរទៅឆ្នេរឯកជន ១ ទៀតដើម្បីអុំទូកកាយ៉ាក់លេង មុននឹងទៅបញ្ចូលថាមពលអាហារនៅភូមិអ្នកនេសាទផាលួយ។
នៅថ្ងៃទី ៣ បន្ទាប់ពីញ៉ាំអាហារពេលព្រឹក ភ្ញៀវត្រូវបាននាំទៅអារាមចិន មានរូបសំណាកមេទ័ព គួនអ៊ី (Guan Yu) រួចបន្តទៅទស្សនាថ្មមានរាងដូចអវយវៈភេទប្រុស និងស្រី ដែលត្រូវបានអ្នកភូមិហៅថា «ថ្មតា ថ្មយាយ» ជាទីបួងសួងសុំសេចក្តីសុខ។ នៅទីនោះក៏សម្បូរអ្នកស្រុកធ្វើការ៉េមដូង និងនំកាឡាមែ ប្រចាំសាមុយ ដែលអ្នកទេសចរកម្ររំលងណាស់។ គោលដៅចុងក្រោយនៃដំណើរកម្សាន្ត គឺទៅកាន់វត្ត Pra Yai ដែលមានបដិមាព្រះធំពណ៌មាសឆ្អិនឆ្អៅ។

សម្រាប់ដំណើរកម្សាន្តនេះ អ្នកនាង ឡេង ផល្លី អ្នកផ្ដល់ប្រឹក្សាពាណិជ្ជកម្មប្រចាំការិយាល័យបាងកក អ៊ែរវេ នៅកម្ពុជា បានបញ្ជាក់បន្ថែមថា៖ «ដំណើរទៅកោះសាមុយ ២ យប់ ៣ ថ្ងៃ នេះ បាងកកអ៊ែរវេ បានផ្តល់ជូនជាកញ្ចប់ពិសេសតម្លៃចាប់ពី ៤២៥ ដុល្លារឡើងទៅ ក្នុងម្នាក់រួមមាន សំបុត្រយន្តហោះទៅមក ដឹកជញ្ចូនពីសណ្ឋាគារទៅព្រលានយន្តហោះ សណ្ឋាគារស្នាក់នៅ ២ យប់ជាមួយអាហារពេលព្រឹក ជាដើម។ ភ្ញៀវអាចកក់កញ្ចប់កម្សាន្តពីភ្នំពេញ ឬសៀមរាប ទៅសាមុយនេះនៅតាមភ្នាក់ងារទេសចរណ៍នានាហើយសម្រាប់កញ្ចប់នេះមានសុពលភាពរហូតដល់ខែធ្នូ ឆ្នាំ ២០១៨»៕