សៀមរាបៈ រំលេច​ទេសភាព​ផ្កា​ចម្រុះ​ពណ៌​ ក្លិន​ពិដោរ​ឈ្ងុយឈ្ងប់ លាយ​ឡំ​ជាមួយ​ជំនោរ​ធម្មជាតិ​ត្រជាក់​កាយ​ក្រោម​ម្លប់​ឈើ​ត្រឈឹងត្រឈៃ ភោជនីយដ្ឋាន «ម្លប់​បៃតង» ទីឋាន​សម្រាក​លម្ហែ​ស្ងប់ស្ងាត់​បំបាត់​កង្វល់ ស្រូប​ខ្យល់​ធម្មជាតិ ភ្លក្ស​អាហារ​ខ្មែរ​ស្រុក​ស្រែ​ចម្ការ កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ នៅ​ក្នុង​ខេត្ត​សៀមរាប​។

ម្លប់​បៃតង ត្រូវ​បាន​បង្កើត​ដោយ​​អ្នក​ជំនាញ​បដិសណ្ឋារកិច្ច​ម្នាក់​ ដែល​បាន​មើល​ឃើញ​​ពី​ទីតាំង​អំណោយផល​សម្រាប់​វិស័យ​ទេសចរណ៍។

លោក លី សុភ័ក្ត្រា អ្នក​គ្រប់គ្រង​បាន​ប្រាប់​ពី​មូលហេតុ​នៃ​ការ​បង្កើត​ភោជនីយដ្ឋាន​នេះ​ថា​៖ «ខ្ញុំ​សិក្សា​ទៅ​លើ​ទីផ្សារ​ភោជនីយដ្ឋាន ខ្ញុំ​មើល​ឃើញ​ថា​ នៅ​ម្តុំ​ហ្នឹង​មាន​តែ​ក្យូស​បែប​ធម្មតា​អត់​មាន​លក្ខណៈ​បែប​គ្រួសារ​ទេ អ៊ីចឹង​​បាន​ខ្ញុំ​ក៏​សម្រេច​រៀបចំ​បើក​ភោជនីយដ្ឋាន​​នេះ គឺ​ធ្វើ​តាម​បែប​ធម្មជាតិ សម្រាប់​ភ្ញៀវ​​កម្សាន្ត​លក្ខណៈ​គ្រួសារ​ និង​មាន​រៀបចំ​ម្ហូប​ខ្មែរ​គឺ​ចង់​ឲ្យ​ពួក​គាត់​ភ្លក្ស​រសជាតិ​ឆ្ញាញ់​បែប​ស្រុកស្រែ​»​។​

បើក​ដំណើរការ​ជាង ​៣ ​ឆ្នាំ ភោជនីយដ្ឋាន ម្លប់​បៃតង ត្រូវ​បាន​​សាងសង់​លើ​ផ្ទៃ​ដី​ជិត ​២ ​ហិកតា ដោយ​រចនា​បឹង​ឈូក ​និង​ព្រលឹត នៅ​ចំ​កណ្តាល ភ្ជាប់​ជាមួយ​ស្ពាន​ឫស្សី​សម្រាប់​ឆ្លង​កាត់​​បឹង​​​​ដែល​មាន​បណ្តោយ ​៤០ ​ម៉ែត្រ​ និង​ទទឹង​ ២៥ ម៉ែត្រ និង​​ជម្រៅ​ត្រឹមតែ​ ១ ម៉ែត្រ។

ស័ក្ដិសម​​​នឹង​ឈ្មោះ​ភោជនីយដ្ឋាន ម្លប់​បៃតង ក្យូស​ឈើ​ប្រក់​ស្បូវ​​ចំនួន ១៧ ​ក្យូស ដែល​ហែហម​ដោយ​​ដើម​ត្នោត ដើម​ស្វាយ ដើម​ផា​សិន ចេកទឹក ដើម​រុន និង​មាន​ផ្កា​ចម្រុះ​ដូចជា​ផ្កាស្វាយ ផ្កា​ស្បៃរឿង ផ្កា​ម៉ោងដប់ និង​ផ្កា​ឈូក​រ័ត្ន ផ្កា​ឈូក ផ្កា​ព្រលឹត បង្កើត​បាន​ជា​បរិយាកាស​​អង្គុយ​សម្រាក​គេង​យោល​អង្រឹង​លម្ហែកាយ​យ៉ាង​​រីករាយ​។​

​ម្ហូប​ស្រុកស្រែ​​ចម្ការ​​ក្នុង​បរិយាកាស​ខ្យល់បរិសុទ្ធ។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នក​គ្រប់គ្រង​ភោជនីយដ្ឋាន​វ័យ​ ៣១​​ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​កន្លែង​ខ្ញុំ​មាន​ចំណុច​ពិសេស​មួយ​ទៀត គឺ​យើង​ដាំ​​ផ្កា​ឈូករ័ត្ន​ពេញ​ស្រែ​តែ​ម្តង ពេល​រីក​​គឺ​ស្អាត​ណាស់ ភ្ញៀវ​មក​ចូលចិត្ត​ថត​រូប​លេង គាត់​សរសើរ​គ្រប់គ្នា ហើយ​យើង​ដាំ ​២ ដង ​ចាប់ពី​ខែ ​១២ ដល់​ខែ​ ២ និង​ចាប់​ពី​ខែ ​៣ ដល់​ខែ ​៤»​។​

ក្រៅ​ពី​គយគន់​សម្រស់​ធម្មជាតិ​ភ្ញៀវ​ក៏​អាច​ឆ្ងាញ់​មាត់​នឹង​ម្ហូប​ពិសេស​ប្រចាំ​ភោជនីយដ្ឋាន​ដូចជា​ មាន់​អាំង​អំបិល​ម្ទេស មាន់​លីង​អំបិល​ម្ទេស មាន់​​​​អាំង​ទឹកឃ្មុំ និង​មាន់​ដុត​ទឹក​ឃ្មុំ និង​មាន​​ម្ហូប​ជា​ច្រើន​ទៀត​ដូចជា ត្រី​ដុត​ទឹក​ត្រី​ផ្អែម ទឹក​គ្រឿង ប្រហុកលីង សម្ល​ម្ជូរ​ស្រែ សម្លម្ជូរ​ព្រៃ និង​ស្ងោរជ្រក់​។

អតីត​និស្សិត​សិក្សា​ផ្នែក​បដិសណ្ឋារកិច្ច​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​រសជាតិ​ម្ហូប​ឆ្ញាញ់ គឺ​ដោយសារ​ម៉ាក់​ខ្ញុំ​គាត់​ចេះ​រូបមន្ត​ហ្នឹង តាម​ម៉ាក់​ប៉ា​របស់​​គាត់ អ៊ីចឹង​​គាត់​យក​រូបមន្ត​ហ្នឹង​មក​ច្នៃ​ និង​បង្កើត​ជាមួយ​នឹង​មាន់ និង​ត្រី​គឺ​ធានា​ថា ​រសជាតិ​ឆ្ងាញ់​ណាស់»​។

ម្ហូប​មាន​តម្លៃ​សមរម្យ ដោយ​ត្រី ​១ ​ក្បាល ​តម្លៃ ២៥ ០០០ ​រៀល រីឯ​មាន់​​មួយ ៥២ ០០០ ​រៀល ​ដែល​ភ្ញៀវ​អាច​កុម្ម៉ង់​ធ្វើ​ម្ហូប​បាន​ជា​ច្រើន​មុខ​។ មាន់​ស្រែ និង​បន្លែ​ធម្មជាតិ ត្រូវ​លោក ​លី សុភ័ក្ត្រា ចិញ្ចឹម​ដាំដុះ​ និង​ទិញ​ពី​អ្នក​ភូមិ​ក្បែរ​នោះផង​ដែរ​។​

ទីនេះ​សម្បូរ​រុក្ខជាតិ​បៃតង​ដូចនឹង​ឈ្មោះ​ភោជនីយដ្ឋាន។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

អ្នក​គ្រប់គ្រង​បញ្ជាក់ថា​៖ «​យើង​ជួយ​ទិញ​គាត់ ព្រោះ​បើ​គាត់​យក​ទៅ​លក់​នៅ​ទីផ្សារ​បាន​តម្លៃ​ទាប តែ​បើ​លក់​​ឲ្យ​យើង គាត់​បាន​តម្លៃ​ខ្ពស់​ជាង​ទីផ្សារ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ ព្រោះ​បាន​ជួយ​គាត់ ទោះ​មិន​បាន​ច្រើន តែ​ក្នុង​ន័យ​ជួយ​បងប្អូន​ខ្មែរ​ដែរ​»។

ភោជនីយដ្ឋាន ​ម្លប់​បៃតង ចាប់​បើក​ពី​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ៥ ​ល្ងាច ដែល​មាន​​បុគ្គលិក​រួសរាយ​រាក់ទាក់​​ជិត ​២០ នាក់​ សុទ្ធ​តែ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ ដែល​ក្នុង​នោះ​ស្ត្រី​មាន​​អាយុ​ច្រើន​បម្រើ​ការ​​នៅ​ក្នុង​ផ្ទះបាយ រីឯ​​ស្ត្រី​វ័យក្មេង​ជា​អ្នក​បម្រើ​សេវាកម្ម។ នៅ​ថ្ងៃ​ចុង​សប្ដាហ៍ បុគ្គលិក​​​មាន​​ សិស្ស និស្សិត​ដែល​​​ឆ្លៀត​មក​ធ្វើ​ការ​យក​កម្រៃ​ទៅ​ផ្គត់ផ្គង់​ការ​សិក្សា​ផង​ដែរ​​។

ថ្ងៃ​ធម្មតា ភោជនីយដ្ឋាន​​ទទួល​បាន​ភ្ញៀវ​ជិត ១០០ នាក់ ​ដោយ​ចំនួន​កើន​ឡើង​ជាង​​ទ្វេ​ដង​នៅ​ចុង​សប្ដាហ៍​​។ រីឯ​ថ្ងៃ​បុណ្យ​ទាន គឺ​មាន​ភ្ញៀវ​មក​កម្សាន្ត​យ៉ាង​ច្រើន​កុះករ រហូត​មាន​ភ្ញៀវ​មួយ​ចំនួន ស៊ូ​ក្រាល​កន្ទេល​អង្គុយ​លេង​មាត់​ទឹក​ទៀត​ផង​។

ទន្ទឹម​នឹង​គម្រោង​ពង្រីក​​ក្យូស​ ​​ដាំ​ដើម​ត្នោត​ និង​ផ្កាភ្ញី​ឲ្យ​កាន់​តែ​ច្រើន ​លោក លី សុភ័ក្ត្រា ក៏​បន្ថែម​ឲ្យ​ដឹង​ដែរ​ថា​៖ «ភ្ញៀវ​ដែល​ចង់​សម្រាក​នៅ​ទី​នេះ ដល់​ល្ងាច ក៏​អាច​​កម្សាន្ត​បាន​តែ​គាត់​កក់​មុន គាត់​អាច​កម្សាន្ត​បាន​ដល់​​ម៉ោង ​៨ ​យប់ ខ្ញុំ​មាន​ភ្លើង និង​ម្ហូប។ ទិដ្ឋភាព​ពេល​យប់ គឺ​មាន​ភាព​ល្អ​បំផុត រ៉ូមេនទិក​​ និង​ស្ងាត់​ល្អ​​សម្រាប់​អ្នក​ចូលចិត្ត​ស្ងប់ស្ងាត់​»។

ភោជនីយដ្ឋាន​ម្លប់​បៃតង ស្ថិត​នៅ​ក្នុង ឃុំ​ខ្នាត ស្រុក​ពួក ខេត្ត​សៀមរាប នៅ​តាម​ផ្លូវ​ជាតិ​លេខ​ ៦ ទៅ​បារាយណ៍​​ខាង​លិច ចុះ​ពី​ផ្លូវ​ជាតិ​តាម​ស្ពាន​វត្ត​ខ្នាត​​ប្រហែល ៨00​ម៉ែត្រ​។ ទំនាក់ទំនង​​ទូរស័ព្ទ ០៧០ ៥៥៨ ៦៦៦, ០១២ ៨២១ ០០៤ និង​ ០៩៦ ៥០ ៧៦ ៤២១ ឬ ​ហ្វេសប៊ុក ម្លប់​បៃតង​៕

វីដេអូ៖