ក្រុងអាថែន៖ ប្រទេសក្រិកចង់ឃើញភ្ញៀវទេសចរដ៏ច្រើនវិលមកកាន់ដែនកោះស្រស់ស្អាតរបស់ខ្លួនជាថ្មី និងបានបញ្ជូនរដ្ឋមន្ដ្រីទេសចរណ៍ទៅកាន់ទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេសដើម្បីបញ្ចុះបញ្ចូលទីផ្សារធំបំផុតមួយប្រចាំប្រទេសខ្លួនពីកត្ដាសុវត្ថិភាព។
មុនពេលជួបវិបត្ដិកូវីដសកល ទេសចរចក្រភពអង់គ្លេស ៣,៥ លាននាក់បានមកលេងប្រទេសក្រិក ក្នុងឆ្នាំ ២០១៩ ហើយលោក ហាររី ធេអូហារីស បាននិយាយថា លោកនឹងចំណាយពេល ៣ ថ្ងៃធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍សប្ដាហ៍នេះ។
ចក្រភពអង់គ្លេសបានដាក់ប្រទេសក្រិកក្នុងគោលដៅធ្វើដំណើរពណ៌លឿងទុំនាពេលបច្ចុប្បន្ននេះ ដែលមានន័យថា ពលរដ្ឋអង់គ្លេសដែលវិលពីក្រិកចូលស្រុកវិញ ត្រូវធ្វើចត្ដាឡីស័កយ៉ាងតិច ៥ ថ្ងៃ។
វិស័យទេសចរណ៍បានផ្ដល់ចំណូល ១ ភាគ ៤ នៃសេដ្ឋកិច្ចប្រចាំឆ្នាំដល់ប្រទេសក្រិក ហើយក្រុងអាថែន ចង់ធ្វើការបញ្ចុះបញ្ចូលដល់ប្រតិបត្ដិករទេសចរណ៍នូវកត្ដាសុវត្ថិភាពក្នុងការធ្វើដំណើរមកប្រទេសខ្លួន។
លោក ធេអូហារីស នឹងជួបជាមួយរដ្ឋមន្ដ្រីការបរទេសប្រចាំតំបន់អាស៊ី នីហ្គេល អាដាមស៍ ដើម្បីសម្រួលដល់ការធ្វើដំណើររវាងប្រទេសទាំង ២។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ប្រទេសក្រិក។
សេចក្ដីថ្លែងការណ៍បានបន្ដថា លោកក៏នឹងជជែកជាមួយអាកាសចរណ៍ British Airways, EasyJetនិង Jet2ដែលរមែងហោះហើរទៅកាន់ប្រទេសក្រិក ដោយជាចលករសំខាន់ បញ្ជាក់ពីកត្ដាសុវត្ថិភាពនៃការធ្វើដំណើរ។
នាយករដ្ឋមន្ដ្រីក្រិក Kyriakos Mitsotakis បានកត់សម្គាល់កាលពីថ្ងៃចន្ទក្រោយជួបជជែកជាមួយសមភាគីអេស្ប៉ាញ Pedro Sanchez ថាក្រុងអាថែនគឺជាទីក្រុងសហភាពអឺរ៉ុបមួយ ជាមួយក្រុងម៉ាឌ្រីត ដែលគាំទ្រគំនិតចេញវិញ្ញាបនបត្រវ៉ាក់សាំងដើម្បីបើកផ្លូវឱ្យមានការធ្វើដំណើរដូចប្រក្រតីឡើងវិញ។
អ្នកនាំពាក្យរដ្ឋាភិបាល អារីស្ដូតលី ប៉េឡូនី បាននិយាយថា៖ «នៅថ្ងៃទី ១៤ ខែឧសភា ការចាប់ផ្ដើមវិស័យទេសចរណ៍ និងធ្វើដំណើររវាងនាយកដ្ឋានក្រិកទាំងអស់ ពិតជាជំហានដ៏សំខាន់ ដែលស្របពេលជាមួយការបើកដំណើរការឡើងវិញនូវសារមន្ទីរនានា»។
ក្រោមវិធានការបិទខ្ទប់ដោយអន្លើតាំងពីថ្ងៃទី ៧ ខែវិច្ឆិកា ប្រទេសក្រិកបន្ដកត់ត្រាចំនួនអ្នកឆ្លងប្រចាំថ្ងៃជាង ១៥០០ ករណី ដែលភាគច្រើននៅទីក្រុងអាថែន ជាមួយអ្នកស្លាប់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យច្រើនទៀត។
កាលពីថ្ងៃចន្ទ សាលារៀនទាំងអស់ត្រូវបានអនុញ្ញាតឱ្យបើកទ្វារក្រោយពីបិទអស់រយៈពេល ៦ ខែ។ សិស្ស និងគ្រូនឹងត្រូវធ្វើតេស្ដរកវីរុស ២ ដងក្នុង ១ សប្ដាហ៍។
ជិត ១ ខែមុន ការធ្វើចត្ដាឡីស័ករយៈពេល ៧ ថ្ងៃត្រូវបានលើកលែងសម្រាប់អ្នកធ្វើដំណើរពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អ៊ីស្រាអែល ស៊ែប អេមីរ៉ាតអារ៉ាប់រួម និងបណ្ដាប្រទេសមួយចំនួនទៀត៕