ក្រុងប៊ែរឡាំង៖ រូបភាពអនុស្សាវរីយ៍បុរាណដែលមាន «ទាហានអាមេរិក» ២ នាក់ នៅ Checkpoint Charlie ធ្លាប់ជាអតីតព្រំដែនខ័ណ្ឌចែកអាល្លឺម៉ង់ខាងលិច និងខាងកើត ទំនងជាត្រូវបិទសេវាកម្មឲ្យភ្ញៀវទេសចរថតរូបជាមួយបុរស ២ នាក់ តែខ្លួនជាទាហាននោះទៀតហើយ។
កាសែត Bild ប្រចាំថ្ងៃបានរាយការណ៍កាលពីថ្ងៃចន្ទថា អ្នកគ្រងឈុតឯកសណ្ឋានយាមព្រំដែនដែលគិតប្រាក់ពីភ្ញៀវចំពោះការថតរូប ពេលនេះ ត្រូវបានបញ្ជាដោយអាជ្ញាធរក្រុងប៊ែរឡាំង ដើម្បីបញ្ឈប់មុខរបររបស់ពួកគេ។
បម្រាមនេះកើតឡើងក្រោយពីប៉ូលិសស្លៀកស៊ីវិលបានរកឃើញថា ភ្ញៀវទេសចរបានរងនូវសម្ដីមាក់ងាយ បើពួកគេបដិសេធមិនផ្ដល់វិភាគទាន។
លោក ថម លូសហ្សែត ដែលដឹកនាំក្រុមសម្ដែងឈ្មោះ Dance Factory ដែលធ្វើការសម្ដែងតួអង្គទាហានបានប្រាប់ថា លោកត្រូវ «បណ្ដេញបុគ្គលិក ៦ នាក់» ដោយសារតែបម្រាមភ្លាមៗនេះ។
លោកបាននិយាយទៀតថា៖ «ប៉ុន្ដែយើងមិនបោះបង់នោះទេ ហើយយើងចង់វិលមកផ្ដល់សេវាកម្មជាថ្មី»។
យោងតាម Bild បានបង្ហាញថា សរុបមក វាជាជំនួញដ៏កាក់កប ដោយអាចរកចំណូលបានរហូតដល់ ៥ ៥០០ ដុល្លារ ក្នុង ១ ថ្ងៃឯណោះ។
Checkpoint Charlie ធ្លាប់ជាតំបន់ដ៏តានតឹងបំផុតក្នុងសម័យសង្គ្រាមត្រជាក់ ខណៈរថក្រោះអាមេរិក និងសូវៀតបានពើបប្រយុទ្ធគ្នាក្នុងខែតុលា ឆ្នាំ ១៩៦១។
អស់រយៈពេលជាច្រើនតាំងពីអាល្លឺម៉ង់បង្រួបបង្រួមជាតិក្នុងឆ្នាំ ១៩៩០ Checkpoint Charlie បានក្លាយជាដែនដីប្រវត្ដិសាស្ដ្រដ៏កាក់កប ដោយអាជីវករលក់មួករោមសត្វក្លែងក្លាយរបស់កងទ័ពក្រហម និងម៉ាស់មុខ ហើយមនុស្សនាំគ្នាគ្រងឈុតទាហានអាមេរិកដោយភ្ញៀវត្រូវបង់ប្រាក់ចំពោះការថតរូបទៀតផង។
លោក Burkhard Kieker ប្រធានទីភ្នាក់ងារទេសចរណ៍Visit Berlin បាននិយាយក្នុងបទសម្ភាសជាមួយកាសែត Tagesspiegel ដោយបានហៅតំបន់ទេសចរណ៍កៀរគរភ្ញៀវឲ្យបង់ប្រាក់ថតរូបនេះជា «ជំងឺឈឺភ្នែក»។
ថ្មីៗនេះ ការជជែកដេញដោលបានផ្ទុះឡើងអំពីវិធីអភិវឌ្ឍតំបន់នេះ។ ក្រោយពីគម្រោងអភិវឌ្ឍអគារពីសណ្ឋាគារ Hard Rock Hotel ក្រុងប៊ែរឡាំង កាន់តែរឹតបណ្ដឹងការគ្រប់គ្រងលើទីតាំងនោះ រួមទាំងដាក់កំហិតលើកម្ពស់អគារ ព្រមទាំងតម្រូវឲ្យសង់ផ្ទះជួយសង្គមរហូតដល់ ៣០ ភាគរយ៕ AFP/HR