ខេត្ត​ពោធិ៍សាត់៖ ថ្មីៗ​​នេះ​ លោក សូរ សុខាល័យ និង​ក្រុម​​មិត្តភ័ក្តិ​ ដែល​និយម​​​ចូលចិត្ត​ដើរ​ព្រៃ និង​ឡើង​ភ្នំ បាន​​​​ចេញ​ដំណើរ​ផ្សង​ព្រេង​​កម្សាន្ត​​ឡើង​​​ភ្នំ​ខ្ពស់​ៗ​នៅ​​ក្នុង​ស្រុក​ ដោយ​កាល​​​ពី​​ចុង​​សប្តាហ៍​កន្លង​​មក​ លោក​​​​នាំ​គ្នា​ទៅ​ឡើង​ភ្នំ​សំកុស​ ស្ថិត​នៅ​ក្នុង​ស្រុក​វាលវែង ខេត្ត​​ពោធិ៍សាត់ ​គឺ​​ជា​ភ្នំ​ខ្ពស់​ជាង​គេ​លំដាប់​ទី ​២​ ក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ភ្នំ​ឱរ៉ាល់​​ ស្ថិត​​នៅ​​​ខេត្ត​កំពង់ស្ពឺ​នោះ​។​

លោក សូរ សុខាល័យ បុរស​វ័យ​​ប្រហែល​​ ៤០ ឆ្នាំ ដែល​ធ្លាប់​បង្កើត​កំណត់ត្រា​ផ្ទាល់​ខ្លួន​នឹង​ការ​ជិះ​ម៉ូតូ​ឆ្លង​​ប្រទេស​តំបន់​អាស៊ាន​​​ ដោយ​បញ្ចប់​​កុងទ័រ​ម៉ូតូ​លេខ ៤ ៤៧៤ គីឡូ​ម៉ែត្រ​ នៅ​​​​កម្ពុជា ក្រោយ​ចេញ​ពី​កុងទ័រ​លេខ​សូន្យ ​​នៅ​ទីក្រុង​ហាណូយ ​ប្រទេស​វៀត​ណាម ​កាល​​ឆ្នាំ ​២០១៧ ​នោះ​ បាន​បរិយាយ​ពី​បទ​ពិសោធ​នៃ​ការ​ដើរ​ព្រៃ និង​ឡើង​ភ្នំ​ខ្ពស់​លំដាប់​ទី ​២ នៅ​​​ស្រុក​​ខ្មែរ​នេះ មាន​ស្មាត់​ដើរ​ព្រៃ ​(អ្នក​នាំផ្លូវ) ថា៖ «ដំណើរ​ផ្សង​ព្រេង​នៅ​​តាម​​​ព្រៃ​ភ្នំ​ក្រំថ្ម ដើម្បី​ផ្តិត​យក​ទេសភាព​បៃតង​ខ្ចី ឬ ខៀវ​ស្រងាត់ នៅ​​ទីវាល​ព្រៃ​ស្រោង និង​កំពូល​ភ្នំ ពិត​ជា​​របៀប​នៃ​ការ​កម្សាន្ត​អស់​លុយ​តិច និង​ផ្តល់​​ប្រយោជន៍​​ច្រើន​ដល់​រាង​កាយ និង​សុខភាព​ផ្លូវ​ចិត្ត ជាពិសេស​ការ​បង្កើត​កំណត់ត្រា​ផ្ទាល់​ខ្លួន។ ការ​ត្រៀម​​​​មធ្យោបាយ​ធ្វើ​ដំណើរ រដូវកាល​ មាន​អ្នក​នាំផ្លូវ សម្ភារ ម្ហូប​អាហារ ទីតាំង​​បោះ​ជំរំ ជា​រឿង​សំខាន់ ដែល​​ត្រូវ​គិត​គូរ​ជា​មុន​ចាំបាច់ ដើម្បី​ឲ្យ​ដំណើរ​​លោក​អ្នក​មាន​​សុវត្ថិភាព និង​ស្ថិត​ក្នុង​ការ​​ចងចាំ​ជា​អមតៈ។ ភ្នំ​សំកុស​នេះ​​ ​គឺ​ពុំ​សូវ​ជា​ល្បីល្បាញ​មាន​មនុស្ស​ធ្លាប់​ឡើង​​​ច្រើន​​នោះ​ឡើយ ទោះបី​មាន​ដាន ឬ​​​តម្រុយ​ផ្លូវ​ចាស់ ស្ទើរ​រលុប​អស់​​ងាយ​​វង្វេង​ផ្លូវ និង​សម្បូរ​សត្វ​ទាក​ក្ដី។ តែ​បើ​ធ្លាប់​ឡើង​​ភ្នំ​ឱរ៉ាល់ អ្នក​នឹង​មិន​ពិបាក​ឡើង​ភ្នំ​នេះ​ឡើយ តែ​អ្នក និង​មេ​ក្រុម​អ្នក ក៏​ត្រូវ​​ត្រៀម​បម្រុង​ឲ្យ​បាន​ល្អ ដើម្បី​ធ្វើ​ដំណើរ​​ទៅ​រលូន និង​ចំណេញ​​ពេល​វេលា​»។

សម្ភារត្រៀមស្ពាយឡើងភ្នំទម្ងន់ជិត ១០ គីឡូក្រាម។ ដើមឈើដ៏ខ្ពស់​​​​ដុះស្រោ​ង​​នៅ​ភ្នំសំកុស​។ រូបថត សហ​ការី

លោក​ក៏​ប្រាប់​​ពី​​​វេលា ​ពី​ម៉ោង​​ចេញ​ដំណើរ​រហូត​​ឡើង​ទៅ​ដល់​កំពូល​​ភ្នំ​សំកុស​​​ដែរ​ថា៖ «ក្រោយ​​ពី​ញ៉ាំ​អាហារ​ពេល​​ព្រឹក​ ​​​​ទាំង​ព្រលឹម​​នៅ​ផ្ទះ​បង​ ហេង ក្នុង​​ភូមិ​ឈើ​ទាលជ្រំ ហើយ​នោះ​​ នៅ​​​ម៉ោង​ ៦ ព្រឹក ម៉ូតូ​ឌុប​ ដែល​ជិះ​សម្រាប់​តែ​មនុស្ស​​ម្នាក់​​​​តម្លៃ ១២ ម៉ឺន​រៀល មក​ដឹក​ពួក​​យើង​ចេញ​ជិះ​កាត់ ​អូរ ព្រៃ ដី​ទួល ប្រហែល ១ ម៉ោង ទើប​ដល់​ចំណុច​​មួយ​ ដែល​​ម៉ូតូ​​​ឌុប​ពុំ​អាច​​ទៅ​មុខ​​ទៀត​បាន​។ ចាប់​ពី​ទី​ម៉ូតូ​ឌុប ទម្លាក់​ពួក​យើង​មក​ដល់​ជំរំ គឺ​ប្រហែល​ចម្ងាយ​​​​ដី ៥ គីឡូ​ម៉ែត្រ​ ដោយ​​យើង​​ដើរ​​​ប្រហែល ​២ ឬ ​៣ ម៉ោង​ ដែល​ជា​ដំណើរ​រុក​ព្រៃ​ស្រោង​ និង​ព្រៃឫ​ស្សី និង​ឆ្លង​កាត់​ផ្លូវ​ច្រាប​ដំរី គឺ​កន្លែង​ដែល​ហ្វូង​ដំរី តែង​មក​លែង និង​លិឍ​ជាតិ​ដី​ប្រៃ​ជា​​​ច្រាប (ដី​ប្រៃ​) ​ចាស់ ​បន្ទាប់​មក​​​យើង​ត្រូវ​ចាត់​ចែង​រៀបចំ​ទីកន្លែង​ស្នាក់ ​ចង​អង្រឹង និង​ហូប​​​​បាយ​​ថ្ងៃ​ត្រង់​សិន​ នៅ​ម៉ោង ១២ កន្លះ​ ​ទើប​ឡើង​​បន្ត​ដល់​កំពូល​ភ្នំ​សំកុស​ គឺ​​ជា​ទី​សម្បូរ​​ព្រៃ​ស្រោង និង​​ទី​​​ជម្រក​ដ៏​​សុខសាន្ត​នៃ​​ពពួក​​សត្វ​ទាក​ ​ឬ​​ឈ្លើង​គោក​ នៅ​ចន្លោះ​ម៉ោង ២ ឬ ម៉ោង ៣ រសៀល ​​មានថ្ម ១ ដុំ និង​​​ស្លាក​សញ្ញា​ពី​អ្នក​ឡើង​មុនៗ និង​ជើង​ធូប​​​ខ្លះ​ ហើយ​វិល​​ចុះ​​មក​​ទីតាំង​​បោះ​ជំរំ​​វិញ​នៅ​​ម៉ោង ៧ យប់​​»។

ការ​បោះតង់​សម្រាក​​តាម​ផ្លូវ​នៃ​ក្រុម​អ្នកនិយមដើរព្រៃ​លោក សូរ​ សុខាល័យ ឡើង​​ភ្នំសំកុស កម្ពស់ ១ ៧៥៧ ម៉ែត្រ​។ សហ​ការី

អ្នក​ចូលចិត្ត​ដំណើរ​ផ្សង​ព្រេង​រូប​នេះ ក៏​​ប្រាប់​ពី​ការ​ត្រៀម​សម្ភារ ឬ​ស្បៀង​ សម្រាប់​​ឡើង​ភ្នំ​សំកុស​​​ថា​៖ ​«​អាហារ​​ក្រៀមៗ​ជា​ជម្រើស​ដ៏​​ល្អ​ ខណៈ​គ្រាប់​ធញ្ញជាតិ និង​ភេសជ្ជៈ​ដូចជា​ Pocari Sweat ជួយ​បន្ថែម​ថាមពល​ឡើង​ភ្នំ។​ សម្លៀក​​​បំពាក់​គួរ​តែ​​​ស្រាលៗ ​​មិន​​ជក់​ញើស ខោ​អាវ​ភ្លៀង​ក៏​គួរ​ពិចារណា​​ដែរ។ ស្បែក​ជើង​គុណភាព​​ល្អ និង​ស្រោម​​​ជើង​​វែងៗ​ ក្រាស់ៗ​ ស្រោម​ដៃ​ មួក និង​ឈើ​ច្រត់។ ថ្នាំ​ពេទ្យ​ និង​​សម្ភារ​សង្គ្រោះ​បឋម គួរ​ត្រៀម​​ជា​ប្រចាំ​ កាន់​តែ​ពិសេស​នោះ​ គួរ​​មាន​កូន​ចប​ជីក​​កប់​លាមក។ ​វិធី​ការពារ​សត្វ​ទាក​​​ប្រើ​ម្សៅ ហ៊ុយ​ចាក់​លើ​ខ្លួន ហើយ​​ក៏​​ត្រូវ​​មាន​កញ្ចប់​ម្សៅ Royal D កុំ​ឲ្យ​ខ្សោះ​ជាតិ​ទឹក ​គឺ​ត្រូវ​មាន​ជានិច្ច!»៕​