ក្រុង​កែប៖ ចំទើត​លើ​ទី​ខ្ពស់​​នៃ​ឧទ្យាន​ជាតិ​កែប​ តូប​ឈើ​តូច​មួ​យ​តុប​តែង​រូប​ថត​ក្រុម​ចម្រៀង​​រ៉ុក​ទសវត្សរ៍​ទី ៦០ បិទ​​ភ្ជាប់​ផែនទី​គូរ​ដោយ​ដៃ ជាមួយ​តុ​ឈើ​ប្រក់​ឆត្រ​ឈរ​ជា​ជួរ​តាម​ដង​ផ្លូវ​ឡើង​​ភ្នំ និង​អង្រឹង ​៣ ចង​ដើម​ឈើ​ ជា​ទី​ឋាន​គន់​ទេសភាព​ឆ្នេរ​សមុទ្រ​​​កែប​យ៉ាង​ត្រជាក់​ចិត្ដ​។

នេះ​ជា​ Led Zep ហាង​កាហ្វេ​​​តែ ​១ គត់​ស្ថិត​នៅ​លើ​ផ្លូវ​ដើរ​ព្រៃ​ដែល​មាន​ប្រវែង ៨ គីឡូម៉ែត្រ បាន​ក្លាយ​ជា​គោលដៅ​សំចត​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ​ ក៏​ដូចជា​អ្នក​ចង់​ស្រូប​យក​បរិយាកាស​បរិសុទ្ធ​។

ហាង​កាហ្វេ ​ Led Zep ដែល​យក​លំនាំ​តាម​ឈ្មោះ​ក្រុម​ចម្រៀង​រ៉ុក Led Zeppelin ​ចម្ងាយ​ប្រមាណ ៣០០ ម៉ែត្រ​ពី​ច្រក​ឡើង​ឧទ្យាន​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បុរស​ជាតិ​បារាំង​ឈ្មោះ Christian Debinut ដែល​បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​រុក​រក និង​គូស​វាស​ផែនទី​ព្រៃ​ភ្នំ​ស្ថិត​នៅ​លើ​ទីក្រុង​តូច​ដ៏​ស្រស់​ស្អាត​។

កញ្ញា ស្រីពៅ និង​អ្នកស្រី ឡាំង អានីកា ដែល​រាប់​អាន​បុរស​បារាំង​​យ៉ាង​ស្និទ្ធស្នាល​ហាក់​ដូចជា​សាច់​ញាតិ​បង្កើត​ក្នុង​​ក្រុម​គ្រួសារ បាន​ស្នង​មរតក​​​ហាង​កាហ្វេ​ ក្រោយ​ពេល​លោក Christian បាន​ស្លាប់​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

កញ្ញា ស្រីពៅ បាន​និយាយ​ពេល​កំពុង​ច្របាច់​ទឹក​ក្រូច​ថា​៖ «​Led Zep ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​​ឆ្នាំ ​២០០៥ ហើយ​កាល​ពី​មុន ៩០ ភាគរយ ​ជា​ភ្ញៀវ​បរទេស​ ហើយ​ពួក​គេ​ស្គាល់​ Led Zep Café ច្បាស់​ ដោយសារ​​យើង​បាន​ផ្សព្វផ្សាយ​លើ ​Google និង TripAdvisor»។

អ្នកស្រី អានីកា បាន​បន្ដថា Christian បាន​រើ​មក​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ​២០០៤ ក្រោយ​ពេល​ធ្វើ​ដំណើរ​ឡើង​ចុះ​បារាំង​-​កម្ពុជា​ញឹកញាប់​។ អ្នកស្រី​បាន​រំឭក​អតីតកាល​ដែល​ធ្វើ​ឲ្យ​ខ្លួន​ហូរ​ទឹក​​ភ្នែក​ថា​៖ «​គាត់​ស្រឡាញ់​កម្ពុជា​ ហើយ​គាត់​ចង់​ស្លាប់​ក្នុង​ប្រទេស​នេះ​។ គាត់​មាន​បំណង​ប្រាថ្នា​ចង់​យក​ធាតុ​របស់​ខ្លួន​បញ្ចុះ​ក្នុង​ឧទ្យាន​នេះ​។ គាត់​ក៏​សំណូម​ពរ​ឲ្យ​យើង​បន្ដ​កិច្ចការ​សម្អាត​​ព្រៃ និង​ផ្លាស់​ប្ដូរ​ស្លាក​សញ្ញា​ផង​ដែរ​»។

អ្នកស្រី អានីកា និង​កញ្ញា ស្រីពៅ រៀបចំភេសជ្ជៈ​ជូនភ្ញៀវ​នៅឧទ្យាន​ជាតិ​កែប។ហុង មិនា

អ្នក​ដំណើរ​ដែល​ចង់​ត្រាច់ចរ​ និង​ដើរ​កម្សាន្ដ​ក្នុង​ឧទ្យាន​តែងតែ​​មាន​ចម្ងល់​ថា ​ហេតុ​អ្វី​បាន​ជា​ផែនទី​គូរ​ដោយ​ដៃ​បិទ​លើ​ជញ្ជាំង​​តូប​ ត្រូវ​បាន​ដាក់​ស្លាក​ហាម​ថត​រូប​។ វា​ជា​ផែនទី​បង្ហាញ​ពី​ចំណុច​លម្អិត​ក្នុង​បរិវេណ​ឧទ្យាន​ ដែល​បុរស​បារាំង​ចំណាយ​ពេល​ជិត ២០ ឆ្នាំ​គូរ​។

អ្នកស្រី​ អានីកា បាន​ប្រាប់​ភ្នំពេញ​ ប៉ុស្ដិ៍​ ពី​ក្នុង​តូប​កាហ្វេ​ថា​៖ «​ខ្ញុំ​មិន​ច្បាស់​​ថា គាត់​ចាប់​ផ្ដើម​គូរ​តាំង​ពី​ពេល​ណា​ទេ។ តែ​ក្រោយ​គូរ​រួច គាត់​បិទ​នៅ​ទី​នេះ និង​ដាក់​ស្លាក​ហាម​ថត​ ដោយសារ​មាន​គេ​លួច​ថត និង​កែ​ចំណុច​ជា​ច្រើន​នៃ​ផែនទី ដែល​​ធ្វើ​ឲ្យ​ភ្ញៀវ​វង្វេង​ផ្លូវ​»។

អ្នកស្រី​អះអាង​ថា ទោះបី​ជា​ការ​ថត​​ត្រូវ​ហាម​ឃាត់​យ៉ាង​ណា​​ក៏​ដោយ ក៏​ហាង​កាហ្វេ​តែងតែ​ផ្ដល់​ផែនទី​បង្ហាញ​ពី​ទិដ្ឋភាព​ទូទៅ​នៃ​ឧទ្យាន​ ជា​ពិសេស គោលដៅ​តាម​ផ្លូវ​ដើរ​ព្រៃ​នីមួយៗ​​ដល់​ភ្ញៀវ​ទាំង​អស់​។

អ្នកស្រី អានីកា ដែល​បាន​រក្សា​​ទុក​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​​ស្ថាបនិក​ Led Zep បាន​សារភាព​​ថា​៖ «​យើង​ពិត​ជា​បារម្ភ​ពី​ការ​បាត់បង់​ផែនទី​ដែល​ទុក​នៅ​ទី​នេះ​។ មែនទែន​ទៅ ទោះ​គេ​ឲ្យ​តម្លៃ​រហូត​ដល់ ២ ០០០ ដុល្លារ ក៏​យើង​​មិន​អាច​លក់​ដែរ​។ យើង​ចង់​រក្សា​ទុក​ស្នាដៃ​របស់​គាត់​»។

ចំពោះ​អតិថិជន​ហាង​កាហ្វេ ដែល​ភាគ​ច្រើន​លើស​លប់​ជា​ជនជាតិ​បរទេស​ស្រីពៅ បាន​និយាយបញ្ជាក់​​ថា វា​ដោយសារ​តែ​បច្ចុប្បន្ន​មាន​ការ​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ច្រើន​ ដែល​នាំ​ឲ្យ​​ភ្ញៀវ​ក្នុង​​ស្រុក​មក​កាន់តែ​ច្រើន​។

កញ្ញា​បាន​ឲ្យ​ដឹង​ថា​៖ «​បច្ចុប្បន្ន​មាន​​ភ្ញៀវ​ខ្មែរ និង​បរទេស ៥០-៥០។ ភ្ញៀវ​បរទេស​ស្គាល់ Led Zep ១០ ឆ្នាំ​ហើយ​ តែ​ថ្មីៗ​នេះ អ្នក​លេង​ហ្វេសប៊ុក​មាន​​ការ​ផ្សព្វផ្សាយ​ច្រើន​។ កន្លង​មក​ យើង​មិន​បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ទេ ដោយសារ​យើង​បារម្ភ​ថា ភ្ញៀវ​ខ្មែរ​ភាគ​ច្រើន​ចូល​ចិត្ដ​កុម្ម៉ង់​ម្ហូប​ច្រើន​ និង​កាហ្វេ​យីហោ​ថ្លៃៗ​។ យើង​មាន​តែ​កាហ្វេ​ធម្មតា និង​អាហារ​សម្រន់​តិច​តួច​ ហើយ​​​ភ្ញៀវ ៩០ ភាគរយ ​កុម្ម៉ង់​ទឹក​ក្រូច​ឆ្មារ»។

តុឈើ​ក្រោមដំបូល​ឆត្រ​ជាជួរ អាច​ឲ្យភ្ញៀវ​អង្គុយ​មើល​ទេសភាព​ឆ្នេរ​។ហុង មិនា

នារី​សក់​ទង់​ដែង ​២ នាក់ ឈ្មោះ សេម មក​ពី​កាណាដា និង​ជូលី មក​ពី​ស៊ែប៊ី អង្គុយ​ក្រែប​ភេសជ្ជៈ ជជែក​គ្នា​លេង និង​​គយ​គន់​ទេសភាព​សម្រស់​ឆ្នេរ​កែប​​ឆ្លុះ​ដល់​ភ្នំ​បូកគោ​ មុន​ពេល​ចេញ​ដំណើរ​ទៅ​កាន់​ភ្នំពេញ​។

បុគ្គលិក​ទស្សនាវដ្ដី Southeast Asia Globe ទាំង​ពីរ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ ថា៖ «​យើង​ញ៉ាំ​ទឹក​ក្រូចឆ្មារ​ទឹកកក​រួច​ឡើង​រថយន្ដ​ក្រុង​ទៅ​កាន់​ភ្នំពេញ​វិញ​»។

អ្នកស្រី ឡាំង អានីកា បាន​ឲ្យ​ដឹង​ថា ក្នុង ​១ ​ថ្ងៃ Led Zep​ អាច​លក់​ទឹក​ក្រូច​ឆ្មារ​ទឹកកក​ប្រមាណ ១០០ កែវ​ ហើយ​នៅ​​រដូវ​សម្បូរ​ភ្ញៀវ​ខ្លាំង គឺ​ក្រោយ​បុណ្យ​​គ្រិស្តស្មាស់់​រហូត​ដល់​ចុង​ខែ​កុម្ភៈ​។

ស្រីពៅ ​បាន​បញ្ជាក់​ថា៖ «​នៅ​ខែ​ភ្លៀង ដែល​មាន​ខ្យល់​ខ្លាំង យើង​ផ្អាក​លក់​ និង​​បិទ​តូប​បណ្ដោះ​អាសន្ន​សិន​ ​ដោយ​ផ្អាក​​​ខែ​មិថុនា ឬ​កក្កដា ហើយ​ខែ​សីហា បើក​ម្ដង​ទៀត រួច​ខែ​កញ្ញា យើង​បិទ​វិញ ដោយសារ​ភ្ជុំ​បិណ្ឌ​មាន​ភ្លៀង​ច្រើន»​។

ក្រៅ​ពី​អាហារ​កញ្ចប់ កាហ្វេ​ក្ដៅ​ ត្រជាក់ និង​ភេសជ្ជៈ​ស្រស់ៗ Led Zep មាន​នំ crepe ដ៏​ពេញ​​និយម​។

ហាង​កាហ្វេ Led Zep ស្ថិត​នៅ​ចម្ងាយ ៣០០ ម៉ែត្រ ពី​ច្រក​ចូល​ឧទ្យាន និង​ចម្ងាយ​ ៧,៦ គីឡូម៉ែត្រ ​ពី​រង្វង់​មូល​សេះ​ស​ក្នុង​ទីក្រុង​កែប​។ ចំពោះ​ព័ត៌មាន​​លម្អិត​មាន​នៅ​​ហ្វេសប៊ុក​ Led Zep Café ឬ​លេខ​ទូរស័ព្ទ ០១០ ៣១១ ៧១២៕

វីដេអូ៖