ក្រុងហាណូយ: ដំណើរ​ទេសចរណ៍​ជាច្រើន​លើ​ដង​ទន្លេ​នានា​នឹង​ត្រូវ​បាន​អភិវឌ្ឍ​នាពេល​អនាគត​ដ៏ខ្លី​ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​ខេត្ដ​ភាគ​ខាង​ត្បូង ប៊ិញ ដួង​។ នេះ​បើ​យោង​តាម​លោក ង្វៀង ថាញ់ផុង អគ្គនាយករង​នៃ​នាយកដ្ឋាន​វប្បធម៌ កីឡា និង​ទេសចរណ៍​ខេត្ដ​។

នាយកដ្ឋាន​សហការ​ជាមួយ​រដ្ឋបាល​ទេសចរណ៍​ជាតិ​វៀតណាម​រៀបចំ​សន្និសីទ​ដើម្បី​ណែនាំ​សក្ដានុពល​ទេសចរណ៍​ខេត្ដ​កាលពី​ថ្ងៃ​អង្គារ​ក្នុង​ទីក្រុង​ហាណូយ​។

លោក ថាញ់ផុង បាន​និយាយ​ថា​ព្រឹត្ដិការណ៍​នោះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កាន់​ខេត្ដ​ប៊ិញដួង​កាន់តែ​ច្រើន​រួម​ជាមួយ​នឹង​ក្រុមហ៊ុន​ទេសចរណ៍​ផង​ដែរ​។

លោក ផុង បាន​បន្ដ​ថា​៖ «​ប៊ិញដួង ជា​បណ្ដុំ​នៃ​ទន្លេ​សៃហ្គន ទន្លេ​ដុងណៃ និង​បេ បង្កើត​បាន​ជា​ទស្សនីយភាព​ដ៏ស្រស់​ត្រកាល ហើយ​វិស័យ​ទេសចរណ៍​បង្កើត​សក្ដានុពល​តាម​ដង​ទន្លេ​ទាំងនេះ​»​។

លោក​បាន​លើក​ឡើង​ថា​៖ «​យើង​ប្ដេជ្ញា​ចិត្ដ​ថា អភិវឌ្ឍ​ទេសចរណ៍​ទន្លេ​ជា​យុទ្ធសាស្ដ្រ​ដ៏ល្អ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​ខេត្ដ​នាពេល​ខាង​មុខ​។ ខេត្ដ​ប៊ិញដួង គឺជា​គោលដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​សម្រាក​លម្ហែ និង​កម្សាន្ដ​បែប​អេកូ​ទេសចរណ៍​»​។

អាជ្ញាធរ​ខេត្ដ​ប៊ិញដួង​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​ទទួល​ភ្ញៀវ ៤,៧៥ លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៨​។ AFP

លោក​បន្ដ​ថា​៖ «​ចំនួន​ភ្ញៀវទេសចរ​មក​កាន់​ខេត្ដ​ប៊ិញដួង កើនឡើង​រៀងរាល់​ឆ្នាំ​។ ខេត្ដ​នេះ​ទទួល​ភ្ញៀវ ៤,៥៥ លាន និង ៤,៧៥ លាន​នាក់​ក្នុង​ឆ្នាំ​ ២០១៧ និង​ឆ្នាំ​ ២០១៨»​។

លោក ភួង ក្វាងថាង អនុប្រធាន​សមាគម​ទេសចរណ៍​ក្រុង​ហាណូយ​បាន​និយាយ​ថា ទីភ្នាក់ងារ​ទេសចរណ៍​ក្រុង​ហាណូយ និង​តំបន់​ភាគ​ខាង​ជើង​មាន​បំណង​សហការ​ជាមួយ​នឹង​ដៃគូ​នានា​ក្នុង​ខេត្ដ​ប៊ិញដួង​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​នេះ​គឺជា​លើកដំបូង​ដែល​ទេសចរណ៍​ខេត្ដ​ត្រូវ​បាន​លើកស្ទួយ​ក្នុង​ទីក្រុង​ហាណូយ​ដែល​ផ្ដល់​ថា ក្រុម​អាជ្ញាធរ​ខេត្ដ​ចង់​បើក​ទ្វារ​ផ្សារ​ទៅ​កាន់​ភាគ​ខាងជើង​។ ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ខេត្ដ​គួរ​តែ​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​ទីក្រុង​ហូជីមិញ ខេត្ដ​ដុងណៃ និង​តាយនិញ ដើម្បី​បង្កើត​កញ្ចប់​សេវាកម្ម​ទេសចរណ៍​តាម​ដង​ទន្លេ​»​។

លោក ក្វាងថាង បាន​បញ្ជាក់​ថា​៖ «​អ្នក​អាច​ដឹងថា ខេត្ដ​ប៊ិញដួង ជា​បណ្ដុំ​តំបន់​ទេសចរណ៍​សម្បូរ​បែប​។ តាមពិត ប៊ិញដួង មាន​អារាម​ល្បីៗ​ដូចជា វត្ដ​ហូយខាញ់ និង​ប្រាសាទ បាធានហ៊ួ ក៏​ដូចជា​ពិធីបុណ្យ​ផ្សេងៗ​រួមមាន ការប្រណាំង​ទូក​លើ​ដង​ទន្លេ​សៃហ្គន​ជាដើម​»​។

ខេត្ដ​ប៊ិញដួង ក៏​ជា​គោលដៅ​សម្រាប់​អភិជន​ចូលចិត្ដ​លេង​កីឡា​វាយ​កូនហ្គោល​ដែល​មាន​ទីលាន​ស្ដង់ដា​អន្ដរជាតិ​រួមទាំង ទីលាន​ភួមី ទីលាន​មេគង្គ និង​ហាម៉ូនី​ផង​ដែរ​។

ឆាល គួនយាន អគ្គនាយក Becamex Hospitality បាន​និយាយ​ថា​សម្ព័ន្ធ​ក្រុមហ៊ុន​នឹង​ធ្វើការ​ជាមួយ​អ្នក​ដឹកនាំ​ខេត្ដ​ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​។

លោក​បន្ដ​ថា​៖ «​យើង​នឹង​អភិវឌ្ឍ​បណ្ដាញ​សណ្ឋាគារ និង​ហាង​ទំនើប​ដើម្បី​បម្រើ​ដល់​ភ្ញៀវទេសចរ​ក្នុង​ខេត្ដ​ប៊ិញដួង ដោយសារ​ទេសចរណ៍​កំពុង​តែ​ពេញ​និយម​ខ្លាំង​»៕ VNS/HR