ក្រុង​ហូជីមិញ៖ ខេត្ដ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​គោលដៅ​មិន​សូវ​ពេញ​និយម​ទាំង ៧ ក្នុង​ពិភពលោក​ដែល​ភ្ញៀវ​ទេសចរ​គួរ​ពិចារណា ​ក្រោយ​បញ្ចប់​វិបត្ដិ​កូវីដ ១៩។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន​ដ៏​ល្បីល្បាញ​របស់​អាមេរិក CNBC។

ជាមួយ​នឹង​តំបន់​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ UNESCO ចំនួន គោលដៅ​ទេសចរណ៍ រួមទាំង​តំបន់​ប្រវត្ដិសាស្ដ្រ​ហ៊ុយអាន អតីត​រាជធានី ហ៊ូ ក្នុង​ខេត្ដ​ធួធៀនហ៊ូ និង​ដែន​ជម្រក មីសុន នៅ​ក្នុង​ខេត្ដ​ក្វាងណាម ភាគ​កណ្ដាល​ប្រទេស​វៀតណាម ជាទី​តាំង​ល្បីល្បាញ​លើ​ផែនទី​ទេសចរណ៍​តាំង​ពី​យូរយារ​ស្រាប់​ហើយ។

លើស​ពី​នេះ ទី​ក្រុង​ក្វាយញុន ដែល​មាន​ឆ្នេរ​សមុទ្រ​លាតសន្ធឹង​រហូត​ដល់ ៤២ គីឡូម៉ែត្រ ដែល​ជាប់​រហស្សនាម​ជា «ម៉ាល់ឌីវ វៀតណាម» បច្ចុប្បន្ន​ក្លាយ​ទៅ​ជា​តារា​រះ​ថ្មី​លើ​ផែនទី​ទេសចរណ៍​របស់​វៀតណាម។

ល្អាង​សុនដូង​ភាគ​កណ្ដាល ​ខេត្ដ​ក្វាងប៊ិញ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​អាយុកាល​ចន្លោះ​ពី ៤០០ ទៅ ៤៥០ លាន​ឆ្នាំ តែ​ទើប​ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំ ២០០៩។ ល្អាង​នេះ ដែល​មាន​ប្រវែង​សរុប ៩ គីឡូម៉ែត្រ ត្រូវ​បាន​ប្រកាស​ជា​ល្អាង​ធំ​បំផុត​ក្នុង​លោក និង​បាន​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​ក្នុង​ឆ្នាំ ២០១៣ ពោល​គឺ ៤ ឆ្នាំ​ក្រោយ​ពី​សមាជិក​សមាគម​ស្រាវជ្រាវ​ល្អាង​ចក្រភព​អង់គ្លេស​បាន​បញ្ចប់​ការ​រុករក។

ទូរទស្សន៍ CNBC ខាង​លើ បាន​បញ្ចូល​គោលដៅ​ដទៃ​ទៀត ដែល​គួរ​តែ​ទៅ​លេង​ក្រោយ​វិបត្ដិ​កូវីដ​បក់​ផាត់​ទៅ ដូចជា Normandy ប្រទេស​បារាំង Kagawa ប្រទេស​ជប៉ុន Dandenongs ប្រទេស​អូស្ដ្រាលី​ជា​ដើម៕ VNS/HR