ក្រុងខេមរភូមិន្ទ: ម៉ោងប្រមាណ ៣ រសៀល លោក ពេជ្រ ឡុងណេត បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍នូវដំណើរមកដល់ភ្ញៀវទេសចរដែលបានណាត់គ្នារួចជាស្រេចជាមួយសម្ភារចាំបាច់មួយចំនួនដូចជា ធុងទឹក ឆ្នាំង អង្ករ បន្លែ ត្រីសាច់ និងភេសជ្ជៈ ព្រមទាំងតង់ និងកម្រាលកៅស៊ូដើម្បីទប់ទល់នឹងអាកាសធាតុដែលអាចបង្អុរទឹកភ្លៀងគ្រប់ពេលវេលា។
លោក ឡុងណេត អាយុ ៤០ ឆ្នាំជាមគ្គុទេ្ទសក៍ភូមិនៃសហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាងបាននិយាយថា៖ «ភ្ញៀវដែលធ្វើដំណើរពីភ្នំពេញតាមរយៈក្រុមហ៊ុនផ្ដល់កញ្ចប់សេវាកម្មទេសចរណ៍ភាគច្រើនមកដល់នាពេលរសៀលរួចពួកគេរូតរះវេចបង្វេចរៀងៗឡើងភ្នំតែម្ដង ពីព្រោះពួកគាត់ត្រូវបោះតង់ស្នាក់អាស្រ័យលើកំពូលភ្នំ»។
ពីផ្ទះមគ្គុទេ្ទសក៍ភូមិដែលមានបទពិសោធនាំភ្ញៀវជិត ១ ទសវត្សរ៍ ភ្ញៀវចាប់ផ្ដើមដើរឡើងប្រមាណ ១០ នាទីនឹងបានឃើញផ្លូវបេតុងដែលកសាងឡើងជាប្រយោជន៍សម្រាប់ការដឹកជញ្ជូនសម្ភារការដ្ឋានសំណង់វារីអគ្គិសនីគិរីរម្យ ៣។
ដៃកាន់កំសៀវទឹកបែកសម្បុរខ្មៅ លោក ឡុងណេត បានឲ្យដឹងថា៖ «ភ្ញៀវមកតាមរយៈក្រុមហ៊ុនទេសចរណ៍ពី ១០ ឬ ២០ នាក់ហើយពេលខ្លះពី ៥០ ទៅ ៦០ នាក់។ ពួកគេនាំគ្នាដើរឡើងភ្នំតាមជម្រាលផ្លូវបេតុងបត់បែនប្រមាណជាង ១ ម៉ោងទើបទៅដល់ទីតាំងបោះជំរំ។ ចំពោះសម្ភារបោះតង់ និងម្ហូបអាហារផ្សេងៗ យើងដឹកជញ្ជូនតាមម៉ូតូ»។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ទោះចំនួនភ្ញៀវតិច ឬច្រើនកម្រិតណា យើងគិតតម្លៃផ្ដោតតែលើអ្នកនាំផ្លូវម្នាក់ៗប៉ុណ្ណោះ។ បើយើងជូនពួកគាត់ដើរ អ្នកនាំភ្ញៀវម្នាក់មានតម្លៃ ១៥ ដុល្លារ បើជូនតាមរយៈម៉ូតូឌុបក្នុងមួយថ្ងៃ យើងគិតពី ៣០ ទៅ ៣៥ ដុល្លារសម្រាប់មគ្គុទ្ទេសក៍ម្នាក់។
ភ្នំទ័ពជាង ស្ថិតនៅភាគនិរតីនៃតំបន់ជួរភ្នំក្រវាញដែលធ្លាប់រងនូវការបំផ្លាញព្រៃឈើពីសំណាក់អ្នកភូមិ ពេលនេះបានប្រែក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញសម្រាប់ការបោះជំរំ លេងទឹកធ្លាក់ ដើរព្រៃ ស្ទូចត្រី ចាប់ឈ្លើង និងមើលសត្វជាដើម។
លោក ណុប កុយ ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាងបានឲ្យដឹងថា ដំបូងឡើយសហគមន៍នេះត្រូវបានបង្កើតឡើងក្នុងបំណងការពារធនធានធម្មជាតិ និងផ្ដល់ឱកាសការងារពីវិស័យទេសចរណ៍សម្រាប់ប្រជាសហគមន៍។
លោក កុយ អាយុ ៦៦ ឆ្នាំបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «សហគមន៍ភ្នំទ័ពជាងបង្កើតឡើងក្នុងឆ្នាំ ២០០១ ដើម្បីការពារធនធានធម្មជាតិសម្រាប់ជាផលប្រយោជន៍ដល់ក្មេងស្រករក្រោយ»។
ដោយមើលឃើញពីសក្កានុពលអេកូទេសចរណ៍នៃតំបន់ភ្នំទ័ពជាងលោក សៀង មករា ស្ថាបនិកក្រុមហ៊ុនទេសចរណ៍ Cambodia Camping បានរៀបចំកញ្ចប់សេវាកម្មទេសចរណ៍ដំបូងបំផុតក្នុងឆ្នាំ ២០១៦។
លោកបានឲ្យដឹងថា៖ «ខ្ញុំបានរៀបចំដំណើរកម្សាន្ដទៅទីនោះច្រើនដងណាស់ តាំងពីឆ្នាំ ២០១៦។ ខ្ញុំចង់ជួយសហគមន៍នៅទីនោះបង្កើតតំបន់ទេសចរណ៍ថ្មីមួយដោយសារមើលឃើញថា ទីនោះមានសក្ដានុពលខ្លាំងដូចជា ទឹកជ្រោះ វាលផ្កាលើភ្នំ ដងព្រែកដ៏វែងរហូតដល់ ៣០ គីឡូម៉ែត្រ ព្រមទាំងទីតាំងភូមិសាស្ដ្រល្អ»។
បើទោះបីជាប្រញាប់ឡើងភ្នំទៅរៀបចំទីតាំងស្នាក់អាស្រ័យ និងទទួលទានអាហារពេលល្ងាចជុំគ្នាក្រោមពន្លឺផ្កាយរយពាន់ដ៏សែនសប្បាយយ៉ាងណាក៏ដោយ ក៏ដំណើរនាពេលរសៀល ភ្ញៀវនឹងអាចខកខានឱកាសគយគន់ពពកសដេរដាសគ្របដណ្ដប់លើភូមិឋាន និងចម្ការដំណាំ។
លោក ពេជ្រ ឡុងណេត បានឲ្យដឹងថា៖ «នាពេលព្រឹកព្រលឹម បើយើងចាប់ផ្ដើមឡើងនៅម៉ោង ៥:៣០ ព្រឹក យើងនឹងអាចគយគន់ពពកពណ៌សក្បុសគ្របដណ្ដប់លើភូមិ និងដំណាំយ៉ាងស្រស់ស្អាត។ ទម្រាំយើងឡើងលើ យើងបានឃើញនូវទិដ្ឋភាពពពកជាច្រើនដំណាក់តាមជម្រាលភ្នំ»។
ទៅដល់កំពូលជាទីតាំងបោះតង់សម្រាប់ក្រុមដែលមានសមាជិកតិចដ៏ស័ក្ដិសមដែលផ្ដល់ឱកាសគន់ពពកកាន់តែមានច្រើនវេលាក្រោកពីដំណេកភ្លាម។
យោងតាមវេបសាយ ភ្នំទ័ពជាង បានឲ្យដឹងថា សេវាកម្មអ្នកនាំភ្ញៀវម្នាក់ ១០ ដុល្លារក្នុង ១ ថ្ងៃ គោយន្ដ ២៥ ដុល្លារក្នុង ១ ថ្ងៃ ជួលម៉ូតូ ១០ ដុល្លារ ជួលកង់ ៥ ដុល្លារ ទូក ៥ ដុល្លារម្នាក់ និងជួលតង់ ៥ ដុល្លារម្នាក់សម្រាប់ ១ យប់។
ស្ថិតនៅលើផ្លូវជាតិ ៤៨ ហួសពីស្ពានស្រែអំបិលប្រមាណ ៥០ ម៉ែត្រអ្នកដំណើរបត់ស្ដាំលើផ្លូវលំក្រួសក្រហមតាមស្លាកសញ្ញារោងចក្រវារីអគ្គិសនីគិរីរម្យ ៣ ចម្ងាយ ១៥ គីឡូម៉ែត្រ។ ហួសទីតាំងស្ថានីយវារីអគ្គិសនីប្រមាណ ១ គីឡូម៉ែត្រនឹងទៅដល់ផ្ទះលោក ឡុងណេត ក្បែរជើងភ្នំទ័ពជាង ជាទីកន្លែងដែលភ្ញៀវចេញដំណើរ។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់វេបសាយ សហគមន៍អេកូទេសចរណ៍ភ្នំទ័ពជាង https://cbet-ptc.org/kh/cbet/ ឬទាក់ទងតាមលេខទូរស័ព្ទ ០១៥ ៧៣ ១១ ៧៦៕
វីដេអូ៖