សៀមរាប : ព្រៃឈើ​បៃតងខ្ចី​រំលេច​នូវ​ថ្ម​ធម្មជាតិ និង​ខ្លះ​រាយប៉ាយ​នៅ​ខាង​ក្រោម​គឺជា​ទស្សនីយភាព​ដ៏គួរ​ឲ្យ​ទាក់ទាញ​មួយ​មើល​ពី​ពើងតាខុ ឬ​ហៅថា ពើងជ្រួញ ដែល​ទើប​ត្រូវ​បាន​បើក​ឲ្យ​ចូល​កម្សាន្ត​កាលពី​ឆ្នាំ ២០១៨​។

ផ្ទាំងថ្ម​ដ៏ធំ​សម្បើម​លយ​ចេញ​ពី​ជួរ​ភ្នំ​នេះ​មាន​ផ្ទៃ​ធំ​ទូលាយ​ល្មម​អាច​ឲ្យ​ភ្ញៀវទេសចរ​ដែល​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ខ្នងភ្នំ​គូលែន ឬ ឈ្មោះ​ដើម​មហេន្ទ្របពត៌​អាច​ឆៀង​ចូល​គយគន់​ទិដ្ឋភាព​ដ៏​ស្រស់ត្រកាល​នៃ​សម្រស់​ធម្មជាតិ​មួយ​ផ្នែក​នៃ​អតីត​រាជធានី​បុរាណ​របស់​កម្ពុជា​មួយ​នេះ​។

ទីនេះ​ក៏​ជា​ចំណុច​ស័ក្ដិសម​បំផុត​សម្រាប់​ការថតរូប​ដ៏ពេញនិយម​ដែល​បង្ហាញ​ពី​ភាព​ស្រៀវ​ខ្លួន​ផង​ដែរ​។

ធ្វើ​ដំណើរ​ពី​ជើងភ្នំ​នៅ​ត្រង់​ចំណុច​បង់ប្រាក់​ប្រមាណ​ជា ៣ គីឡូម៉ែត្រ​នោះ​ភ្ញៀវទេសចរ​នឹង​មក​ដល់​ច្រកចូល ពើងតាខុ ឬ​ពើងជ្រួញ ដែល​មាន​ដាក់​ស្លាក​សម្គាល់​នៅ​ខាង​ឆ្វេង​ដៃ​ដោយ​ត្រូវ​បន្ត​ដំណើរ​ដើរកាត់​ព្រៃ​ចម្ងាយ ៥០ ម៉ែត្រ​ទើប​ទៅ​ដល់​ទី​នោះ​។

ទិដ្ឋភាព​ពើងតាខុ​ដ៏​គួរ​ឲ្យ​ស្រៀវ​ឆ្អឹងខ្នង​ពី​លើ​វេហាស៍​។ ផា លីណា

វាយោ​បក់​មក​រំភើយៗ​នៅ​ពេល​ក្រុម​ការងារ ភ្នំពេញ ប៉ុស្តិ៍ បាន​ទៅ​ផ្តិត​រូបភាព​នៅលើ​ផ្ទាំង​ថ្ម​មាន​ផ្ទៃ​រាង​ពកៗ​ជ្រួញ រដិបរដុប និង​មាន​កន្លែង​ខ្លះ​រាបស្មើ ប៉ុន្តែ​មាន​ខ្យល់អាកាស​បរិសុទ្ធ និង​ធ្វើឲ្យ​អ្នក​បាន​ទៅ​ដល់​មាន​អារម្មណ៍​ស្រស់ស្រាយ​។

យ៉ាងណា​មិញ​ទីឋាន​ថតរូប​ដ៏ស្រស់ស្អាត​នេះ​ក៏​ជា​កន្លែង​ប្រកប​ដោយ​គ្រោះថ្នាក់​ផង​ដែរ​សម្រាប់​អ្នក​ធ្វេសប្រហែស ឬ​ចិត្ដ​សឿង​ខ្លាំង​ពេក ជាពិសេស​មាន​ក្មេង​តូចៗ​ដែល​រពិស​។

លោក វ៉ាន់ វ៉ង ប្រជាការពារ​អាយុ ៣៥ ឆ្នាំ​ដែល​ឈរ​យាម​នៅ​ត្រង់​ចំណុច​នោះ​បាន​ប្រាប់​ថា​ទី​នេះ​មិន​ទាន់​សូវ​មាន​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​ចូល​លេង​នៅ​ឡើយ​ទេ ដោយសារ​ច្រើន​ទៅ​ហួស​មក​ហួស ប៉ុន្តែ​ក៏​មាន​មួយ​ចំនួន​តូច​ឈប់​រថយន្ត ឈប់​ម៉ូតូ​ចូល​ថតរូប​លេង​ដែរ បន្ទាប់ពី​ពួកគេ​ចុះ​ពី​ទឹកធ្លាក់ និង​ព្រះអង្គ​ធំ​។

លោក​ថ្លែង​ថា​៖ «​ភ្ញៀវ​ភាគច្រើន​ចូល​លេង​មួយ​ភ្លែតៗ​នៅ​ពេល​ល្ងាច​ ១ ​ក្រុម ២-៣ នាក់​យូរៗ​ម្តង​មាន​ឡាន​ឈប់​ចូល​លេង​មួយ​សន្ទុះ ដោយសារ​ភាគច្រើន​គេ​ទៅ​លេង​នៅ​ទឹកធ្លាក់​ខាង​លើ ពេល​ខ្លះ​ល្ងាច​គេ​ចុះ​មក​វិញ​បាន​មាន​អ្នក​ខ្លះ​ចូល​ថតរូប​បន្តិច​អ៊ីចឹង​ទៅ​»​។

ភ្ញៀវទេសចរ​អង្គុយ​លើ​ថ្ម​រដិបរដុប​ដែល​នាំ​ឲ្យ​ហៅ​ថា ពើងជ្រួញ​។ផា លីណា

បុរស​សម្បុរ​ស្រអែម ខ្មែរ​អង្គរ​រូប​នេះ​បន្ត​ថា​នៅ​ពេល​រាត្រី​មាន​ភ្ញៀវទេសចរ​ជាតិ និង​បរទេស​មួយ​ចំនួន​ច្រើន​មក​អាំង​សាច់ គយគន់​ផ្កាយ និង​បោះតង់​សម្រាក​លេង​កម្សាន្ត​នៅ​ទី​នោះ​ផង​ដែរ​។

នៅពេល​សួរ​អំពី​សុវត្ថិភាព​សម្រាប់​ភ្ញៀវទេសចរ​មក​បោះតង់​នៅពេល​យប់ លោក វ៉ាន់ វ៉ង បញ្ជាក់​ថា​មិន​មាន​បញ្ហា​ទេ ប៉ុន្តែ​ភ្ញៀវ​អាច​ហៅ​ពួកគាត់​មក​ជួយ​យាម​បាន​និង​សំណូមពរ​ឲ្យ​ភ្ញៀវទេសចរ​ដែល​មក​លេង​នៅ​ទី​នេះ​ជួយ​ថែរក្សា​បរិស្ថាន​កុំ​បោះចោល​សំរាម​។

សូម​បញ្ជាក់​ថា​ភ្នំ​គូលែន​គឺជា​អតីត​ទីក្រុង​បុរាណ​ដ៏អច្ឆរិយ និង​ល្បីល្បាញ​មួយ​នា​សម័យអង្គរ​ស្ថិត​នៅ​ទិសឦសាន​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៥០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​សៀមរាប​។

ភ្នំគូលែន​សម្បូរ​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្ដិសាស្ដ្រ​ជាច្រើន​កន្លែង​ដែល​បាន​និង​កំពុង​តែ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង បរទេស​ទៅ​កម្សាន្ត​ជា​ហូរហែ​៕

វីដេអូ៖