សៀមរាប : ព្រៃឈើបៃតងខ្ចីរំលេចនូវថ្មធម្មជាតិ និងខ្លះរាយប៉ាយនៅខាងក្រោមគឺជាទស្សនីយភាពដ៏គួរឲ្យទាក់ទាញមួយមើលពីពើងតាខុ ឬហៅថា ពើងជ្រួញ ដែលទើបត្រូវបានបើកឲ្យចូលកម្សាន្តកាលពីឆ្នាំ ២០១៨។
ផ្ទាំងថ្មដ៏ធំសម្បើមលយចេញពីជួរភ្នំនេះមានផ្ទៃធំទូលាយល្មមអាចឲ្យភ្ញៀវទេសចរដែលធ្វើដំណើរឡើងទៅលើខ្នងភ្នំគូលែន ឬ ឈ្មោះដើមមហេន្ទ្របពត៌អាចឆៀងចូលគយគន់ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃសម្រស់ធម្មជាតិមួយផ្នែកនៃអតីតរាជធានីបុរាណរបស់កម្ពុជាមួយនេះ។
ទីនេះក៏ជាចំណុចស័ក្ដិសមបំផុតសម្រាប់ការថតរូបដ៏ពេញនិយមដែលបង្ហាញពីភាពស្រៀវខ្លួនផងដែរ។
ធ្វើដំណើរពីជើងភ្នំនៅត្រង់ចំណុចបង់ប្រាក់ប្រមាណជា ៣ គីឡូម៉ែត្រនោះភ្ញៀវទេសចរនឹងមកដល់ច្រកចូល ពើងតាខុ ឬពើងជ្រួញ ដែលមានដាក់ស្លាកសម្គាល់នៅខាងឆ្វេងដៃដោយត្រូវបន្តដំណើរដើរកាត់ព្រៃចម្ងាយ ៥០ ម៉ែត្រទើបទៅដល់ទីនោះ។
វាយោបក់មករំភើយៗនៅពេលក្រុមការងារ ភ្នំពេញ ប៉ុស្តិ៍ បានទៅផ្តិតរូបភាពនៅលើផ្ទាំងថ្មមានផ្ទៃរាងពកៗជ្រួញ រដិបរដុប និងមានកន្លែងខ្លះរាបស្មើ ប៉ុន្តែមានខ្យល់អាកាសបរិសុទ្ធ និងធ្វើឲ្យអ្នកបានទៅដល់មានអារម្មណ៍ស្រស់ស្រាយ។
យ៉ាងណាមិញទីឋានថតរូបដ៏ស្រស់ស្អាតនេះក៏ជាកន្លែងប្រកបដោយគ្រោះថ្នាក់ផងដែរសម្រាប់អ្នកធ្វេសប្រហែស ឬចិត្ដសឿងខ្លាំងពេក ជាពិសេសមានក្មេងតូចៗដែលរពិស។
លោក វ៉ាន់ វ៉ង ប្រជាការពារអាយុ ៣៥ ឆ្នាំដែលឈរយាមនៅត្រង់ចំណុចនោះបានប្រាប់ថាទីនេះមិនទាន់សូវមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរចូលលេងនៅឡើយទេ ដោយសារច្រើនទៅហួសមកហួស ប៉ុន្តែក៏មានមួយចំនួនតូចឈប់រថយន្ត ឈប់ម៉ូតូចូលថតរូបលេងដែរ បន្ទាប់ពីពួកគេចុះពីទឹកធ្លាក់ និងព្រះអង្គធំ។
លោកថ្លែងថា៖ «ភ្ញៀវភាគច្រើនចូលលេងមួយភ្លែតៗនៅពេលល្ងាច ១ ក្រុម ២-៣ នាក់យូរៗម្តងមានឡានឈប់ចូលលេងមួយសន្ទុះ ដោយសារភាគច្រើនគេទៅលេងនៅទឹកធ្លាក់ខាងលើ ពេលខ្លះល្ងាចគេចុះមកវិញបានមានអ្នកខ្លះចូលថតរូបបន្តិចអ៊ីចឹងទៅ»។
បុរសសម្បុរស្រអែម ខ្មែរអង្គររូបនេះបន្តថានៅពេលរាត្រីមានភ្ញៀវទេសចរជាតិ និងបរទេសមួយចំនួនច្រើនមកអាំងសាច់ គយគន់ផ្កាយ និងបោះតង់សម្រាកលេងកម្សាន្តនៅទីនោះផងដែរ។
នៅពេលសួរអំពីសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកបោះតង់នៅពេលយប់ លោក វ៉ាន់ វ៉ង បញ្ជាក់ថាមិនមានបញ្ហាទេ ប៉ុន្តែភ្ញៀវអាចហៅពួកគាត់មកជួយយាមបាននិងសំណូមពរឲ្យភ្ញៀវទេសចរដែលមកលេងនៅទីនេះជួយថែរក្សាបរិស្ថានកុំបោះចោលសំរាម។
សូមបញ្ជាក់ថាភ្នំគូលែនគឺជាអតីតទីក្រុងបុរាណដ៏អច្ឆរិយ និងល្បីល្បាញមួយនាសម័យអង្គរស្ថិតនៅទិសឦសានដែលមានចម្ងាយប្រមាណជា ៥០ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។
ភ្នំគូលែនសម្បូររមណីយដ្ឋានធម្មជាតិ និងប្រវត្ដិសាស្ដ្រជាច្រើនកន្លែងដែលបាននិងកំពុងតែទាក់ទាញភ្ញៀវទេសចរទាំងជាតិ និង បរទេសទៅកម្សាន្តជាហូរហែ៕
វីដេអូ៖