កំពត: ជាមួយ​ទេសភាព​ដើម​ផ្កា ចម្ការ​ដំណាំ មៀន ស្វាយ ម្រេច និង​កសិដ្ឋាន​ចិញ្ចឹមសត្វ តាម​ជួរ​ភ្នំ រមណីយដ្ឋាន​កសិទេសចរណ៍ ជ្រលង​ភ្នំ​ក្រហម នៅ​ខេត្ត​កំពត ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា បោះតង់ ញ៉ាំ​អាហារ មើល​សូរិយា និង​សម្រាក​នៅផ្ទះ​បាងហ្គាឡូ ក្រោម​ជំនោរ​ខ្យល់​ធម្មជាតិ​។

ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំងក្តារ ឃុំ​ស្រែជា​ខាងត្បូង ស្រុក​ដងទង់​ក្នុង​ចម្ងាយ​ប្រមាណ​ជាង ១០ ​គីឡូម៉ែត្រ​ចេញ​ពី​រង្វង់​មូល​ព្រះ​នារាយណ៍ ដោយ​បត់​ចូល​តាម​ច្រក​ផ្លូវ​ក្រួស​ក្រហម​នៃ​ផ្លូវ​ភ្នំ​វល្លិ៍ រមណីយដ្ឋាន​ជ្រលង​ភ្នំ​ក្រហម ដែល​បើក​ដំណើរការ​ជិត​ ១ ​ឆ្នាំ​នេះ​អាច​ទទួល​ភ្ញៀវ​បាន​ ១ ​ពាន់​នាក់​នៅលើ​ផ្ទៃដី​ប្រមាណ ៣០ ​ហិកតា​។

អ្នកគ្រប់គ្រង​ទូទៅ​នៅ​រមណីយដ្ឋាន​ជ្រលង​ភ្នំ​ក្រហម​លោក ទុំ ឡាត់ បាន​រៀបរាប់​ថា​៖ «​យើង​ខ្ញុំ​ផ្តោត​សំខាន់​លើ​វិស័យ​កសិកម្ម និង​ទេសចរណ៍​។ យើង​មាន​ចម្ការ​ជាច្រើន​កន្លែង​។ យើង​មាន​ដាំ​ម្រេច​កំពត​គឺ​ម្រេច​សរីរាង្គ ហើយ​នឹង​ដាំ​មៀន​កំពត ដែល​ហៅថា​តាង៉ែន​ហ្នឹង ទំពាំង​ផ្អែម ស្វាយ ខ្នុរ ការ៉ុត និង​ដំណាំ​ចម្រុះ​ជាច្រើន​ទៀត​»​។

ក្រៅពី​ចម្ការ​ដំណាំ និង​រុក្ខជាតិ​ហូបផ្លែ​ដ៏សម្បូរបែប អ្នកគ្រប់គ្រង​ទូទៅ​រូបនេះ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​យើង​បាន​ដាំ​ដើម​ក្ងោក​នៅ​តាម​ជើងភ្នំ​ហ្នឹង​រាប់ពាន់​ដើម​ដើម្បី​លម្អ​។ ដូច​ខែ​វា​ចេញ​ផ្កា​មក​គឺ​មើល​ទៅ​ឃើញ​ទេសភាព​ស្អាត​។ យើង​មាន​កសិដ្ឋាន​ចិញ្ចឹមសត្វ​ជាច្រើន​ប្រភេទ និង​មាន​សួន​ដាំ​ផ្កា​សម្រាប់​គយគន់​»​។

បើក​ពី​ម៉ោង ៩ ​ព្រឹក ដល់​ម៉ោង ៥ ល្ងាច ការចូល​ទស្សនា​រមណីយដ្ឋាន ភ្ញៀវ​ម្នាក់​ត្រូវ​បាន​គិតថ្លៃ ៣ ​ពាន់​រៀល​។

ភ្ញៀវ​អាច​ទស្សនា​ថ្ងៃ​រះ និង​ថ្ងៃ​លិច​គងភ្នំ​អម​ដោយ​ខ្យល់អាកាស​បែប​ស្រុកស្រែ​ចម្ការ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លោក ទុំ ឡាត់ បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​កន្លែង​ខ្ញុំ​មាន​សេវាកម្ម​ទទួល​បោះតង់ ហើយ​និង​បាងហ្គាឡូ​។ យើង​អាច​ញ៉ាំ​អាហារ​ជុំគ្នា រាំលេង​កម្សាន្ត មើល​ថ្ងៃ​លិច គេ​ហៅថា​ថ្ងៃ​គងភ្នំ​។ យើង​អាច​ងើប​ពី​ព្រឹក​ហាត់ប្រាណ​មើល​ថ្ងៃ​រះ​។ បើសិន​ខែ​វា​ចុះ​អ័ព្ទ​យើង​មើល​ពី​ចម្ងាយ​អ៊ីចឹង​ទៅ ឃើញ​ពពក​អ័ព្ទ​ផ្សែង អ៊ីចឹង​ដូច​យើង​នៅលើ​ពពក​អ៊ីចឹង​។ យើង​អាច​ជិះ​កង់​លេង​កម្សាន្ត អុំទូក ហែលទឹក លេង​អី​បាន​»​។

រីឯ​តម្លៃ​ជួល​តង់​តូច​អាច​គេង​បាន ២ ​នាក់ គឺ ១២ ​ដុល្លារ តង់​គេង​បាន ៤ នាក់ តម្លៃ ១៥ ​ដុល្លារ និង​តង់​គេង​បាន ១០ ​នាក់​តម្លៃ ៥០ ​ដុល្លារ​។

ការ​សម្រាក​នៅផ្ទះ​ស្នាក់ (home-stay) ក្នុង​មួយ​យប់​តម្លៃ ២០ ​ដុល្លារ និង​ផ្ទះ​បាងហ្គាឡូ តម្លៃ ៥០ ​ដុល្លារ​។ ប្រសិន​បើ​ភ្ញៀវ​ចង់​បោះតង់​ដោយ​ខ្លួនឯង រមណីយដ្ឋាន​គិត​ប្រាក់​តែ ៣ ដុល្លារ​ប៉ុណ្ណោះ​ជាមួយ​ការផ្ដល់ជូន​ទីតាំង និង​ទឹក​ភ្លើង​គ្រប់គ្រាន់​។

តំបន់​កសិទេសចរណ៍​នេះ​ក៏​មាន​ការកម្សាន្ត​ប្លែក​មួយ​បែប​ទៀត​ដែល​លោក​ឲ្យ​ដឹងថា​៖ «​យើង​ក៏​មាន​កន្លែង​ជិះ​ត្រាក់ទ័រ​សណ្តោង​រ៉ឺម៉ក (Trailer) គឺ​អាច​ជិះ​បាន ៣០ ​នាក់​។ ជិះ​ត្រាក់ទ័រ​ខ្មែរ ៤ ​ពាន់​រៀល ជុំវិញ​កសិដ្ឋាន​ចម្ងាយ​ប្រហែល ៣​ ​គីឡូម៉ែត្រ ចំណែក​បរទេស​គិត​តម្លៃ ៨០០០ ​រៀល​»​។

រមណីយដ្ឋាន​ជ្រលង​ភ្នំ​ក្រហម​មាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ជា​ហូរហែ​។ នៅ​ថ្ងៃ​ធម្មតា​ទទួល​បាន​ភ្ញៀវ​ចន្លោះ​ពី ៥០ ទៅ ៦០ ​នាក់​។ ចំណែក​ថ្ងៃ​សៅរ៍-អាទិត្យ ទីនេះ​ទទួល​បាន​ភ្ញៀវ​ជាង ១០០ ​នាក់​។ ប៉ុន្តែ​សម្រាប់​រដូវ​បុណ្យ​ចូលឆ្នាំ រមណីយដ្ឋាន​នេះ​អាច​ទទួល​បាន​មួយ​ថ្ងៃ​ជាង ៨០០ ដល់ ៩០០ នាក់​ដែល​ភាគច្រើន​ជា​ភ្ញៀវ​ជាតិ​។

ជាមួយ​កសិដ្ឋាន និង​ដំណាំ​ស្រស់ៗ​ជិតបង្កើយ អ្នកគ្រប់គ្រង​ទូទៅ​វ័យ ៣៩ ឆ្នាំ​រូបនេះ​បន្ត​ថា​៖ «​រមណីយដ្ឋាន​ជ្រលង​ភ្នំ​ក្រហម​មាន​ទទួល​សេវា​កុម្ម៉ង់​ធ្វើ​ម្ហូប​ជា​ច្រើន​មុខ ព្រោះ​នៅ​លើ​ភ្នំ​មាន​អាហារដ្ឋាន​ស្រាប់ និង​មាន​តម្លៃ​សមរម្យ​»​។

មាន់​ស្រែ​ធម្មជាតិ​តម្លៃ ៦០០០០ ​រៀល និង​ម្ហូប​ដទៃ​ទៀត ១ ​ចាន ៣០០០០ រៀល​ទាំងអស់​។ ដោយ​បន្លែ​ធម្មជាតិ​គីមី ភ្ញៀវទេសចរ​ក៏​អាច​ទិញ​វា​ជា​បញ្ញើ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ​។

ទៅ​ថ្ងៃ​អនាគត ម្ចាស់​កសិទេសចរណ៍​ជ្រលង​ភ្នំ​ក្រហម​មាន​បំណង​ពង្រីក​ទីតាំង​នេះ​ឲ្យ​មាន​កន្លែង​កម្សាន្ត​ឲ្យ​បាន​ច្រើន​ដូចជា​ផ្ទះ​បាងហ្គាឡូ​លំដាប់​វីអាយភី អាង​ហែល​ទឹក និង​បង្កើន​សេវា​កម្សាន្ត​ដ៏ទំនើប​មួយ​ចំនួន​ថែម​ទៀត​។

ភ្ញៀវទេសចរ​ដែល​និយម​កន្លែង​កម្សាន្ត​បែប កសិទេសចរណ៍ ជ្រលង​ភ្នំ​ក្រហម មាន​ទំព័រ​ហ្វេសប៊ុក Red Valley Farm Resort និង​ទូរស័ព្ទ លេខ ០៧១ ៧៩៦ ១១១១៕

វីដេអូ៖