បាត់ដំបង: អារម្មណ៍រំភើបលេចឡើងពេលបានឃើញសម្រស់បុប្ផាផ្កាត្រែលឿង រីកស្គុះស្គាយប្របសងខាងផ្លូវទៅកាន់ច្រកទ្វារធំរំលេចសំណេរ «ស្វាគមន៍រមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយ» ជាទីដែលសំបុត្រសម្រាប់រថយន្ដ ១ គ្រឿងមានតម្លៃ ១ ម៉ឺនរៀល។
នៅក្នុងចម្ការស្វាយរាប់ម៉ឺនដើមដុះជាជួរៗ ការរចនាផ្លូវចុះ និងជណ្ដើរសង់ឡើងយ៉ាងមានរបៀបរៀបរយសម្រាប់ជាទីកន្លែងបោះតង់ ក្រាលកន្ទេលអង្គុយលម្ហែ និងទទួលទានអាហារក្បែរជំនោរត្រសៀកពីទឹកអូរហូរសន្ធឹក ផ្ដល់នូវអារម្មណ៍ជ្រះថ្លា ស្បើយអស់ភាពនឿយហត់ពីការងារ និងការសិក្សា។
អង្គុយក្នុងតង់មាត់ទឹក មាត់ទំពាអាហារយ៉ាងឆ្ងាញ់ពិសា លោក ម៉ុន មីកា វ័យ ៥២ ឆ្នាំ ម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងថា៖ «រមណីយដ្ឋាននេះបានទាក់ទាញភ្ញៀវតាំងពីមិនទាន់កែច្នៃម្ល៉េះ ដោយពួកគេចូលចិត្ដមកងូតទឹក និងក្រាលកន្ទេលអង្គុយញ៉ាំអាហារ ព្រមទាំងសម្រាកលេងរហូតដល់ពេលព្រលប់ទើបវិលទៅកាន់លំនៅឋាន និងទីស្នាក់អាស្រ័យវិញ»។
រយៈពេលជាង ២ ឆ្នាំ នៃការដាំកូនស្វាយលើផ្ទៃដីជិត ១០០ ហិកតា ជាមួយនឹងការអភិវឌ្ឍរមណីយដ្ឋានបន្ដិចម្ដងៗរហូតដល់ប្រែក្លាយជាទីឋានធម្មជាតិបែបកែច្នៃយ៉ាងស្រស់ស្អាត ទីនេះស្វាគមន៍ភ្ញៀវរាប់រយនាក់ក្នុង ១ ថ្ងៃៗមកងូតទឹកហូរលើកម្រាលថ្មនៃភ្នំចំបាំង អង្គុយទទួលទានអាហារ និងសម្រាកក្នុងក្យូសដែកប្រក់តង់កៅស៊ូចម្រុះពណ៌នៅប្របតាមមាត់ទឹក។
ស្ថិតក្នុងចំណោមភ្ញៀវជាច្រើន កញ្ញា សុខ ធារី ដែលមកពីទីរួមស្រុកសំឡូតជាមួយមិត្ដភក្ដិ ២ នាក់ទៀតបាននិយាយមុនពេលចុះងូតទឹកថា៖ «ទីនេះទឹកស្អាតល្អ និងត្រជាក់ដែលពួកយើងអាចចុះងូតលេងបាន ទោះវារាងហូរខ្លាំងបន្ដិចក្នុងរដូវវស្សា»។
បន្ថែមពីការងូតទឹកត្រជាក់ស្រេង និងទទួលទានអាហារកុម្ម៉ង់ ដូចជា មាន់ដុត ត្រីដុត ឆា ស្ងោរ និងគ្រឿងក្លែមនានា ដែលមានតម្លៃចាប់ពី ១ ម៉ឺនដល់ ៥ ម៉ឺនរៀលនៅមានសកម្មភាពបែបផ្សងព្រេងគឺការបោះតង់ស្នាក់ក្នុងចម្ការស្វាយ។
ម្ចាស់រមណីយដ្ឋានលោក ម៉ុន មីកា បានប្រាប់ថា៖ «ភ្ញៀវដែលមកទីនេះមិនត្រឹមតែអាចលេងទឹក និងដើរលេងក្នុងចម្ការស្វាយបាននោះទេ ប៉ុន្តែខាងយើងក៏មានការបោះតង់សម្រាកនៅលើភ្នំផងដែរ។ ដោយសម្ភារ អ្នកទេសចរជាអ្នករ៉ាប់រងខ្លួនឯងទាំងអស់ ពួកយើងអាចបម្រើសេវាកម្មម្ហូបអាហារ និងគិតថ្លៃអនាម័យក្នុងម្នាក់ ១ ដុល្លារ ឬ ២ ដុល្លារប៉ុណ្ណោះ»។
ពីក្រោយភាពស្រស់ស្អាតនៃទឹកធម្មជាតិ និងការពេញចិត្តពីទេសចរភាគច្រើនចំពោះការកែច្នៃរមណីយដ្ឋាននៅមានភ្ញៀវខ្លះមានអារម្មណ៍រងការរំខានពីសំឡេងតន្ដ្រីធុងបាសឯកជនលាន់ឮលប់អស់សូរសៀងទឹកធ្លាក់ និងសំឡេងបក្សាបក្សី។
ចំពោះរឿងភ្ញៀវមួយចំនួនស្រងាកចិត្ដនឹងបញ្ហាភ្លេងដ៏ទ្រហឹងនេះលោក ម៉ុន មីកា ជាម្ចាស់រមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយបានបកស្រាយថា៖ «ចំពោះបញ្ហានេះខ្ញុំក៏បានគិតដែរ។ ខ្ញុំផ្ទាល់គឺជាម្ចាស់ទីតាំងពិតមែនខ្ញុំក៏មិនអាចហាមឃាត់ការសប្បាយរបស់គាត់បានដែរ។ ប៉ុន្តែភ្ញៀវភាគច្រើនគាត់សរសើរច្រើនជាងរិះគន់»។
ប្រជាប្រិយភាពនៃរមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយបានជំរុញឲ្យនៅតែបន្តអភិវឌ្ឍកន្លែងកម្សាន្តនេះឲ្យកាន់តែមានសកម្មភាពលម្ហែកាយដ៏សម្បូរបែប។
លោកបានបញ្ជាក់ថា៖ «ខ្ញុំ និងគ្រួសារ (ប្រពន្ធ) កំពុងមានគម្រោងទិញទូកសម្រាប់ដាក់នៅផ្នែកខាងលើ ដើម្បីឲ្យភ្ញៀវជិះកម្សាន្ត។ ប៉ុន្តែខ្ញុំដាក់ទូកក្នុងរដូវទឹកស្រកប៉ុណ្ណោះ។ ខ្ញុំក៏សុំបញ្ជាក់ដែរថា នៅខែទឹកឡើង ឬភ្លៀងខ្លាំង ទឹកឡើងខ្លាំងតែ ២ ទៅ ៣ ថ្ងៃប៉ុណ្ណោះ វាស្រកលឿនដោយសារមានទំនប់វារីអគ្គិសនីនៅខាងចុងនៃទឹករបស់ខ្ញុំមានទំហំដី ៣០០០ ហិកតាឯណោះ»។
រមណីយដ្ឋានទឹកធ្លាក់ចម្ការស្វាយស្ថិតក្នុងភូមិព្រៃស្ដៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្ដបាត់ដំបង ទល់មុខវត្ដយុទ្ធគិរីនទីយារាមហៅវត្ដភ្នំចំបាំងដោយធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រពីក្រុងបាត់ដំបង ឬ ៧ គីឡូម៉ែត្រពីរមណីយដ្ឋានសេកសក៕
វីដេអូ៖