សៀមរាប៖ ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៤០ គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប ជា​ជំរំ​ដំរី​ទើប​បង្កើត​ថ្មី​​សម្រាប់​ឲ្យ​ភ្ញៀវ​នែបនិត្យ​ជាមួយ​ដំរី​រស់នៅ​ក្នុង​ធម្មជាតិ​របស់​ពួក​វា​។

Kulen Elephant Forest ​ស្ថិត​ក្នុង​ស្រុក​ប្រាសាទ​បាគង​ គឺ​ជា​ជំរំ​ដំរី​ចំនួន ១៤ ក្បាល ​ដែល​កាល​ពេល​មុន​ធ្លាប់​ត្រូវ​បាន​ជិះ​ក្នុង​បរិវេណ​ឧទ្យាន​អង្គរ​។

ភ្ញៀវ​ទេសចរ​អាច​ជ្រើសរើស​សេវាកម្ម​កញ្ចប់​កន្លះ​ថ្ងៃ និង ១​ ​ថ្ងៃ ​ដើម្បី​ទស្សនា​បរិស្ថាន​ធម្មជាតិ​​របស់​ដំរី​។ ដំណើរ​កម្សាន្ដ​នឹង​ចាប់​ផ្ដើម​ពី​ទីក្រុង​សៀមរាប​តាមរយៈ​សេវាកម្ម​ដឹក​ជញ្ជូន។

លោក David-Jaya Piot​សហស្ថាបនិក​គម្រោង​បាន​និយាយ​ថា​៖ «​ពេល​ភ្ញៀវ​ធ្វើ​ដំណើរ​ប្រហែល​ជា ១ ម៉ោង ​ពី​ក្រុង​សៀមរាប និង​ដើរ​ប្រមាណ ១៥ នាទី ទទួល​ទាន​តែ​កាហ្វេ​រួច​ចុះ​ពី​ក្យូស​មក​រោង​ដំរី​ដើម្បី​បញ្ចុក​ចំណី​ឲ្យ​ស្គាល់​គ្នា​សិន​។ ភ្ញៀវ​ដើរ​ទស្សនា​ដំរី​ពេល​ពួក​វា​ប្រាស្រ័យ​ទាក់ទង​មិត្ដភក្ដិ​ដំរី​ និង​ប្រលែង​គ្នា​លេង​»។

លើ​វិថី​ឆ្ពោះ​ទៅ​កាន់​ជំរំដំរី Kulen Elephant Forest​ភ្ញៀវ​នឹង​មាន​ឱកាស​បាន​ទស្សនា​​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៃ​ជួរ​ភ្នំ​គូលែន​ និង​ភាព​ស្រស់​បំព្រង​ជា​ច្រើន​ទៀត។

អ្នកស្រី ខាតារីន ​ងូត​ទឹក​ឲ្យដំរី​ ដែល​នេះ​ជា​ដំណើរ​កម្សាន្ត​លើក​ទី២ របស់អ្នកស្រី។ ហុង មិនា

ពេល​ទៅ​ដល់​ទីតាំង​ភ្ញៀវ​អាច​មើល​ដំរី​លេង និង​ប្រាស្រ័យ​​ទាក់ទង​គ្នា​ ឬ​ពួក​គេ​អាច​ដើរ​ចូល​ព្រៃ​កាន់​តែ​ជ្រៅ ​ដើម្បី​ទស្សនា​សកម្មភាព​ដំរី​ផ្សេងៗ​ទៀត​។

លោក David បាន​និយាយ​ថា​៖ «ពេល​ព្រឹក យើង​យក​ផ្លែ​ឈើ​​ដាក់​ក្នុង​កង់​ឡាន​រួច​បោះ​ឲ្យ​ដំរី ដើម្បី​រិះរក​វិធី​ស៊ី​ចំណី​ដោយ​​ខ្លួន​ឯង​។ ពួក​វា​ចាប់​ផ្ដើម​លើក​ក្រឡុក​ និង​ជាន់​ដើម្បី​កាយ​យក​ចំណី​ស៊ី​។ រួច​ហើយ មើល​ពួក​វា​លេង​ទឹក​នៅ​ក្នុង​ស្រះ​។ ចុង​បញ្ចប់ ភ្ញៀវ​ទៅ​ទទួល​ទាន​អាហារ​នៅ​លើ​ផ្ទះ​ធំ​។

ចំពោះ​ពេល​រសៀល សកម្មភាព​​ស្រដៀង​គ្នា ដោយ​ចាប់​ផ្ដើម​ពី​ការ​ទទួល​ទាន​អាហារ និង​ហ្គេម​​សម្រាប់​ដំរី​ ជាមួយ​សកម្មភាព​លាយ​បាយ​ដំណើប​ គ្រាប់​ឈូក​រ័ត្ន និង​កន្ទក់​ ជា​អាហារ​សម្រន់​ឲ្យ​ដំរី​។

លោក David ដែល​ជា​កូន​កាត់​បារាំង​-ខ្មែរ អាយុ ២៣ ឆ្នាំ បាន​​បន្ដ​ថា៖ «សម្រាប់​ភ្ញៀវ​ពេញ ​១ ថ្ងៃ ពួក​គាត់​មាន​សកម្មភាព​ទាំង​ហ្គេម​កង់​ឡាន និង​រៀបចំ​អាហារ​សម្រន់​ឲ្យ​ដំរី​ ព្រម​ទាំង​ដំណើរ​រុក​ព្រៃ​បាន​ឆ្ងាយ​ និង​ទទួល​ទាន​អាហារ​នៅ​ក្នុង​ព្រៃ​តែ​ម្ដង។ យើង​រៀបចំ​ជា​លក្ខណ​គ្រួសារ​។ ជា​ទូទៅ សកម្មភាព​យើង​​ដើរ​មើល​ដំរី​រស់​នៅ​តាម​ធម្មជាតិ​របស់​វា និង​អាច​បញ្ចុក​ចំណី​ដំរី​។ ខ្ញុំ​នៅ​ជាមួយ​ដំរី​យូរ​ដែរ តែ​ឥឡូវ ខ្ញុំ​អង្គុយ​មើល​វា​ ២ ម៉ោង​ក៏​អត់​អផ្សុក​ដែរ»។

នេះ​ជា​ដំណើរ​កម្សាន្ដ​លើក​ទី ២ របស់​អ្នកស្រី ខាតារីន មក​កាន់​ជំរំ​ដំរី​។ ដោយ​ប្រាប់​ត្រឹមតែ​​នាម​ខ្លួន ស្ដ្រី​ជនជាតិ​អាមេរិក​​រូប​នេះ​មក​ជាមួយ​មិត្ដភក្ដិ​ស្រីៗ ៤ នាក់​ផ្សេង​ទៀត​។ ពួក​គេ​និយាយ​​ថា ពួក​គេ​ចូលចិត្ដ​មើល​​ដំរី​ងូត​ទឹក​ និង​បញ្ចុក​ចំណី​ឲ្យ​ពួក​វា​។

ភ្ញៀវ​ទេសចរស្ទាបអង្អែល​ដំរី នៅ​ជំរំដំរី Kulen Elephant Forest។ហុង មិនា

យុវជន David ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ ក៏​ដូចជា​​បញ្ចប់​ការ​សិក្សា​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ចាប់​ផ្ដើម​បង្កើត​គម្រោង​ជំរំ​ដំរី Kulen Elephant Forest ក្នុង​ឆ្នាំ ​២០១៧​។

ក្រោយ​ពី​ធ្វើ​ការ​នៅ​ធនាគារ​ប្រទេស ​ហ្ស៊កដានី និង​គ្រប់គ្រង​សណ្ឋាគារ​របស់​ឪពុក​ក្នុង​ក្រុង​សៀមរាប លោក​សម្រេច​ចិត្ដ​ថា លោក​គួរ​ធ្វើ​អ្វី​ម្យ៉ាង​មាន​ប្រយោជន៍​ទុក​ឲ្យ​កូន​បាន​ឃើញ​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ស្វែងរក​ទីតាំង​ជា​ច្រើន​កន្លែង​រហូត​ដល់​សហគមន៍​បុស​ធំ​នេះ​ ដោយសារ​វា​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ក្រុង​សៀមរាប​»។

លោក​បន្ដ​ថា៖ «​ដំរី​មាន​សេរីភាព​ក្នុង​ការ​ដើរ​លេង​បរិវេណ​ព្រៃ​ទាំង​នេះ ហើយ​យើង​មាន​សកម្មភាព​ធ្វើ​ការ​ជាមួយ​សហគមន៍ ដោយ​យើង​ទិញ​អំពៅ​ និង​ដើម​ចេក​។ ១​ថ្ងៃ យើង​ត្រូវ​ការ​ដំណាំ​ចំណី​ដំរី​ ៣ តោន​ ដោយសារ​ដំរី ​១ ​ក្បាល ​ត្រូវ​ការ​​ចំណី​ចន្លោះ​ពី ២០០ ទៅ ៣០០ គីឡូក្រាម​ក្នុង ​១ ​​ថ្ងៃ។

ដោយសារ​តែ​គម្រោង​នេះ ពលរដ្ឋ​សហគមន៍​មិន​ចាំបាច់​ធ្វើ​​​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស ​ថៃ និង​ក្រុង​សៀមរាប​ ពលរដ្ឋ​សហគមន៍​ខិតខំ​ប្រឹងប្រែង​ផលិត​ផលិត​ផល​ដំណាំ​សម្រាប់​ផ្គត់ផ្គង់​ចំណី​ដំរី ​១ ​ថ្ងៃ ៣ តោន ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ចំនួន​ដ៏​ច្រើន​សម្រាប់​​អ្នក​ភូមិ​ម្ដុំ​​នេះ​។

ស្ថិត​ក្នុង​ប្រាសាទ​បាគង Kulen Elephant Forest ជា​ជំរំដំរី​ចំនួន ១៤ ក្បាល​។ហុង មិនា

លោក David បាន​និយាយ​ថា​៖ ​«ពេល​យើង​លែង​ពួក​វា​ឲ្យ​ដើរ​ហើរ​សេរី​ក្នុង​ព្រៃ និង​មាន​ឱកាស​បាន​លេង​ជាមួយ​គ្នា​យ៉ាង​​សប្បាយ ពី​ព្រោះ​កន្លង​មក​ពួក​វា​អត់​ដែល​បាន​ជួប​មុខ​គ្នា​នោះ​ទេ និង​គ្មាន​សេរីភាព​ដូច​ឥឡូវ​ទេ។ ខ្ញុំ​ឃើញ​ពួក​វា​សប្បាយ​ ខ្ញុំ​ក៏​រីករាយ​ចិត្ដ​ដែរ​។ ទោះបី​ជា​ពួក​វា​មាន​សេរីភាព​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​តែងតែ​នាំ​ពួក​វា​ដើរ​រក​ចំណី​កន្លែង​ផ្សេង​ៗ ដើម្បី​កុំ​ឲ្យ​ពួក​វា​នៅ​មួយ​កន្លែង ដែល​អាច​ឡើង​គីឡូលឿន​»។

ខុស​ពី​ទម្លាប់​នៃ​ការ​ដឹក​ភ្ញៀវ​ ​ដំរី​នៅ​ជំរំ​ ​Kulen Elephant Forest ​ស៊ី​មួយ​កន្លែង​ មិន​សូវ​ល្អ​ចំពោះ​សុខភាព​ប៉ុន្មាន​ទេ ទើប​ពួក​វា​ត្រូវ​បាន​លើក​ទឹក​ចិត្ដ​ឲ្យ​​ដើរ​រក​ចំណី​ស៊ី​តាម​គោលដៅ​ផ្សេង​ៗ​ក្នុង​ព្រៃ ដោយ​មាន​ការ​ឃ្លាំ​មើល​ពី​ហ្ម​ដំរី។ ​

លោក ថេង សំបាន ប្រធាន​ក្រុមហ៊ុន​ Marry Travel កំពុង​ទស្សនា​ជាមួយ​ក្រុម​ការងារ​​ជា​ទីភ្នាក់ងារ​ទេសចរណ៍​។ ពួក​គេ​មក​ទី​នេះ​ដើម្បី​សម្រេច​​ថា តើ​ពួក​គេ​នឹង​ដាក់​បញ្ចូល​សេវាកម្ម​នេះ​ក្នុង​កញ្ចប់​របស់​ខ្លួន​ឬទេ?។

លោក​និយាយ​ថា​៖ «ខ្ញុំ​ចំណាយ​​ពេល​ដើរ ​១ ម៉ោង​ជាង​ ពី​ព្រោះ​​ខ្ញុំ​គ្រាន់​តែ​ដើរ​ត្រួសៗ​ប៉ុណ្ណោះ​។ យើង​ទៅ​កម្មវិធី​កន្លះ​ថ្ងៃ​ យើង​ឲ្យ​ចំណី​ដំរី​ ដូចជា ចេក អំពៅ និង​ដើរ​រុក​ព្រៃ​លេងៗ គយគន់​ទេសភាព​ក្នុង​ព្រៃ​សហគមន៍ និង​មើល​ដំរី​រស់​នៅ​តាម​ធម្មជាតិ​របស់​វា​អ៊ីចឹង​ទៅ​»។

ភ្ញៀវ​ទេសចរ​អាច​ចូលទៅ​ជិត​ដំរី​​​ ថត​រូបអនុស្សាវរីយ៍ ឲ្យចំណី និង​ស្ទាបអង្អែល​សត្វ​ដោយ​ផ្ទាល់​។ហុង មិនា

លោក​បាន​ប្រាប់​ ភ្នំពេញ​ប៉ុស្ដិ៍​ ថា​៖ «​យើង​ដើរ​ជាមួយ​មគ្គុទេសក៍ និង​ហ្ម​ដំរី​ ខណ:​មគ្គុទេសក៍​មាន​​​តួនាទី​រៀប​រាប់​សកម្មភាព និង​សហការ​ជាមួយ​ហ្ម បើ​សិន​ណា​​ភ្ញៀវ​ចង់​ចូល​ទៅ​ជិត​ដំរី និង​​ឲ្យ​ចំណី​ដំរី​ ហ្ម​នឹង​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ដំរី​»។

លោក​គាំទ្រ​​សកម្មភាព​បែប​អេកូ​ទេសចរណ៍​ជាមួយ​នឹង​ការ​ដើរ​ក្នុង​ព្រៃ​មើល​ដំរី​រស់នៅ​តាម​ធម្មជាតិ​របស់​ពួក​វា​។ ​លោក​​ក៏​មាន​លក់​កញ្ចប់​ទេសចរណ៍​ទៅ​មើល​ដំរី​ដល់​មណ្ឌលគិរី​ដែរ។ ប៉ុន្ដែ​បើ​ភ្ញៀវ​ស្នាក់​នៅ​ត្រឹម ៤-៥ យប់​អី លោក​​អាច​ណែនាំ​ឲ្យ​ភ្ញៀវ​មក​ត្រឹម​នេះ​​។

ដំណើរ​កម្សាន្ដ​កន្លះ​ថ្ងៃ​មាន​តម្លៃ ៨០ ដុល្លារ​ម្នាក់ ហើយ​ពេញ​​ ១ ​ថ្ងៃ មាន​តម្លៃ ៩៥ ដុល្លារ​ម្នាក់ រួម​ទាំង​អាហារ និង​ការ​ដឹក​ជញ្ជូន​ពី​ក្រុង​សៀមរាប​។

Kulen Elephant Forest​ស្ថិត​ក្នុង​ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ខេត្ដ​សៀមរាប។ សម្រាប់​ព័ត៌មាន​លម្អិត​ សុំចូល​ទៅ​កាន់​វេបសាយ​ www.kulenforst.asia ឬ​លេខ​ទូរស័ព្ទ ០៩៦ ៨៧៩ ៣៣ ៧៨៕

វីដេអូ៖