The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចេតិយ​នាង កែវ​ណាម៉ា​ លាក់ខ្លួន​ក្នុង​ព្រះវិហារ​សំណ​

ចេតិយ​នាង កែវ​ណាម៉ា​ លាក់ខ្លួន​ក្នុង​ព្រះវិហារ​សំណ​

Content image - Phnom Penh Post
ព្រះវិហារ​សំណ​ ស្ថិត​នៅ​ភូមិ​វិហារ​ហ្លួង ឃុំ​វិហារ​ហ្លួង ស្រុក​ពញា​ឮ ធ្វើដំណើរ​តាមផ្លូវជាតិលេខ ៥។ ផា លីណា

ចេតិយ​នាង កែវ​ណាម៉ា​ លាក់ខ្លួន​ក្នុង​ព្រះវិហារ​សំណ​

កណ្ដាល: ស្ថិត​ក្នុង​អារាមនៅភូមិ​វិហារហ្លួង ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល ចម្ងាយ ៣៧ គីឡូម៉ែត្រ​ពីរាជ​ធានី​ភ្នំពេញ តាម​ផ្លូវជាតិលេខ ៥ វត្ត​វិហារ​សំណ មិនត្រឹម​តែមានប្រវត្តិ​ដ៏យូរលង់​ទេ ទីនោះ​ក៏ល្បី​មានចេតិយបុរាណ​​ហ៊ុមព័ទ្ធ​​ដោយ​រុក្ខជាតិ​តូចធំ និងដើមជ្រៃ​រយ​ឆ្នាំដុះចាក់​ឫសខ្វាត់​ខ្វែងដ៏​ខ្ពស់​សន្លឹម​ផង​ដែរ។​

រឿង​តំណាលថា ជន​ជាតិ​ចិន​មួយក្រុម​បានធ្វើដំណើរ​តាម​ផ្លូវ​ទឹក​ដោយ​ជិះសំពៅ​ឆ្ពោះមកកាន់ប្រទេស​​កម្ពុជា​ ដើម្បី​ប្រាថ្នា​ទំនាក់ទំនងពាណិជ្ជកម្ម។ លុះ​មក​ដល់​ភាគ​ខាងជើងភ្នំព្រះ​រាជ​ទ្រព្យ​ចម្ងាយ ៣ គីឡូម៉ែត្រ ស្រាប់តែសំពៅ​កឿង​កល់​ជាប់មួយ​កន្លែង​ ទៅមុខ​ពុំរួចថយ​ក្រោយ​ពុំរួច​ ដោយ​មិន​ដឹង​អំពីមូលហេតុ​។

នេះបើ​យោងតាម​សៀវភៅ​ប្រវត្ដិសង្ខេប​នៃ​ការកកើត​ព្រះវិហារសំណ​តាំងពីសម័យ​​ចិន​ចូល​ស្រុក​ដែលត្រូវបាន​​ចងក្រង​ដោយ​​ព្រះ​តេជគុណ​ចៅ​អធិការវត្ត ព្រះ​នាម ឯក សុផាន។

ជន​ជាតិ​ចិន​ទាំង​នោះ​បានធ្វើការ​បួងសួង​ម្ចាស់​ទឹក​ម្ចាស់​ដី​ដើម្បី​សុំ​ធ្វើដំណើរឲ្យ​មាន​សេចក្ដី​សុខ​ដោយ​រៀបចំ​គ្រឿង​សក្ការបូជា​សែន​ព្រេន​​ជាមួយ​នឹង​ពាក្យ​សន្យា​សង់​ព្រះវិហារ​ថ្វាយ​។ ទី​បំផុត បារមី​វត្ថុ​ស័ក្ដិសិទ្ធិ​បាន​ជួយឲ្យពួកគេ​សម្រេច​បំណង​មែន​។

តាម​ការ​សន្យា​ ក្រុមជំនួញ​ជនជាតិ​ចិន​បាន​ត្រឡប់​មក​កសាង​ព្រះវិហារជញ្ជាំង​រៀប​ឥដ្ឋ​ បូក​បាយ​អ ដំបូល​ប្រក់សំណ សសរ​ឈើ​ក្រាក់​បំពាក់​ជហ្វា​ដងក្ដារ​ក្បាច់​រចនា​សុទ្ធតែឈើ​ទាំង​អស់​ និង​ព្រះអង្គ​ធំ​ក្នុង​ព្រះវិហារ​ធ្វើពីថ្ម​ភក់​ដោយ​ព្រះភ្នែនទំហំ ២,៨ ម៉ែត្រ​តាម​រចនាប័ទ្ម​សម័យ​អង្គរ។

Content image - Phnom Penh Post
ចេតិយ​បុរាណ​គេ​នាំ​គ្នាហៅ​តៗមក​ថា ចេតិយ​ព្រះនាង​កែវណាម៉ា។ ផា លីណា

ដោយ​សារតែ​ព្រះវិហារ​នេះ​ប្រក់​សុទ្ធ​​តែលោហ​ធាតុ​សំណ​ទើប​ប្រជាជន​ដាក់​ឈ្មោះថា «ព្រះវិហារ​សំណ​» ​ហើយ​ទី​បុរាណដ្ឋាន​នេះក៏មានបន្សល់​ទុក​នូវ​ចេតិយ​ដែល​គេ​នាំ​គ្នា​ហៅថា «ចេតិយ​ព្រះ​នាង​កែវ​ណាម៉ា​»។ ​

​យ៉ាងណាក្ដី ​រហូត​មក​ដល់​បច្ចុប្បន្ននេះ​ គ្មាននរណាអះអាង​លើស​​ពី​ពាក្យ​ត្រឹម​ថា «ចេតិយបុរាណ» សូម្បី​តែ​លោក​តាអាយុ ៧០ ឆ្នាំ​ប្លាយដែល​កើតមិន​ទាន់​នោះ​​ក៏​បានត្រឹមតែ​ស្គាល់ថានោះ​ជា​ ​ប្រាសាទ​នាង​កែវណាម៉ា​តាមចាស់ៗតំណាល​តៗ​គ្នា​ប៉ុណ្ណោះ​។ ​

លោក​តា ឃុត បឿន​ ជា​អាចារ្យ​វត្ត​ព្រះ​វិហារ​សំណ និង​ជាចាស់ព្រឹទ្ធាចារ្យ​នៅ​ក្នុងភូមិ​ បាន​ឲ្យ​ដឹងថា​៖ «​តាមរឿង​និទាន​ពី​ចាស់ៗ​ដែល​យោង​តាម​រឿងកែវណាម៉ា​ បាន​ឲ្យ​ដឹង​ថា ពេល​នាង​កែវ​ណាម៉ាអស់ព្រះ​ជន្មទៅ​ ប្រជាជន​បាន​សង់​ប្រាសាទនេះដើម្បី​ទុក​ជា​ភ័ស្ដុតាង​ ឬជា​ទី​សក្ការ​បូជាតបស្នង​សង​គុណដួង​វិញ្ញាណ​កែវ​ណាម៉ា​»។

លោកតា​ដែលមាន​​កំណើត​ក្នុង​ភូមិ​វិហារ​ហ្លួងរូបនេះ បាន​បញ្ជាក់​ថា​៖ «តាម​ខ្ញុំ​ធ្លាប់​រៀន ខ្ញុំ​ដឹង​ថា ខ្មែរយើងមាន​រឿង​កែវ​ណាម៉ា ឬ​មរណមាតា។ ដល់​ពេលឥឡូវ​នេះ ថៃ​ក៏​មាន​រឿង​កែវ​ណាម៉ា និង​មរណមាតា​ ​​ដាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​មក​។ ដល់អ៊ីចឹង ខ្ញុំ​មិន​ដឹង​ថា​យ៉ាងម៉េចដែរ​»។

ទន្ទឹម​នឹង​ភាព​មិន​ច្បាស់​លាស់​នេះ ​ព្រះ​តេជគុណ ឯក សុផាន ដែលជា​ចៅ​អធិការ​វត្ដវិហារ​សំណតាំង​ពី​ឆ្នាំ ១៩៨៧ ​មាន​សង្ឃដីកាថា​៖ «អាត្មា​មាន​ការ​សោក​ស្ដាយ​ដែលបាន​​វាយ​កម្ទេច​អារាម​ទ្រុឌ​ទ្រោម​បុរាណ​ដើម្បី​សង់ព្រះវិហារ​ថ្មី​បញ្ចុះ​បឋម​សិលា​ក្នុង​ឆ្នាំ ១៩៩៩ ឬ ២០០០។ អ្វីដែល​កាន់​តែ​គួរឲ្យ​សោក​ស្ដាយ​ទៀត​នោះគឺអាត្មា​មិន​បាន​យក​គម្រូ​ប្លង់​តាម​ព្រះវិហារ​ចាស់ទៀត ដោយ​សារ​ពេល​នោះ​យើង​មិន​បានដឹងច្បាស់​អំពីកេរដំណែល​ដូនតា»។

ព្រះ​តេជគុណ​បាន​បញ្ជាក់​ថា​ ​ប៉ុន្តែ​រូប​ចម្លាក់​ព្រះ​ពុទ្ធ​ដ៏​ធំ​ក្នុងព្រះវិហារនោះ គឺជា​ចម្លាក់​ដើម​ដោយ​គ្រាន់តែលាបពណ៌​ពី​លើ​ប៉ុណ្ណោះ។

លោក​បានរំឭកឲ្យដឹង​ផង​ដែរ​ថា​​៖ «នៅ​ដើម​ទសវត្សរ៍ ៨០ មាន​គេ​ខួង​យក​មាស និង​សំណ​យ៉ាងគគ្រឹកគគ្រេង។និយាយ​ឲ្យ​ចំទៅ អ្នកជីក​កកាយនោះ​គឺជា​អាជ្ញាធរ​ដែន​ដី​»។

ក្រោយ​មក​ ដោយ​មាន​ការ​បារម្ភ​ចំពោះ​ការ​បាក់​ស្រុតប្រាសាទ ព្រះតេជគុណ​បាន​បញ្ជា​ឲ្យផ្សារ​ភ្ជិតកន្លែង​ធ្លុះ​ធ្លាយ​តែ​ម្ដង​៕

អត្ថបទគួរចាប់អារម្មណ៍