ក្រុងព្រះសីហនុ: ឆ្នេរ​តាបារាំង រំលេច​ស្ពាន​លយ​ចូល​ផ្ទៃសមុទ្រ បណ្ដែត​លើ​ឆ្នេរ​ចោល​សម្រស់​ខ្សាច់​សក្បុស​ដូច​ពពក កំពុង​អន្ទង​ចិត្ដ​ភ្ញៀវទេសចរ​ប្រាថ្នា​មក​លេង​ទីឋាន​ដ៏ស្រស់ត្រកាល ដែល​ផ្ដើម​ល្បី​ខ្លាំង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ស្ថិត​ក្នុង​ភូមិ​រិទ្ធី​ ២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​ផ្ទៃដី​ព្រៃ​មួយ​ហិកតា​ក្បែរ​ឆ្នេរ​ឆក​កំពង់សោម​ដែល​ម្ចាស់​ឆ្នេរ​គឺ​តា​បារាំង​ទិញ​តាំងពី​ជាង ២០ ​ឆ្នាំ​មុន​គ្រាន់តែ​ចង់​ទុក​ជា​ទីកន្លែង​ជ្រកកោន​សម្រាប់​ជីវិត​ចុងក្រោយ​ប៉ុណ្ណោះ ដោយ​មិន​នឹក​ចង់​បង្កើត​រីសត​កម្សាន្ដ​អ្វី​ឡើយ​។

ចុះ​ពី​លើ​រថយន្ដ Jeep ក្នុង​សម្លៀកបំពាក់​អាវយឺត និង​គគីរ​ប្រឡាក់​ដី សំដៅ​រើ​សំរាម​រប៉ាត់រប៉ាយ​ក្នុង​បរិវេណ​ចំណតរថយន្ដ​ទុកដាក់​ក្នុង​ធុងសំរាម​យ៉ាង​មាន​របៀបរៀបរយ ខណៈ​ស្បើយ​ភ្ញៀវ​នាពេល​ល្ងាច​បុរស​ចំណាស់​រាង​ស្គម សក់ និង​ពុកមាត់​ពណ៌​ស ទំនង​ជា​ទាហាន​ចូល​និវត្ដន៍ និង​បុគ្គលិក​ដែល​ខ្វល់ខ្វាយ​ពី​បរិស្ថាន​ឆ្នេរ​ម្នាក់​ប៉ុណ្ណោះ​។

បុរស​វ័យ ៦៨ ​ឆ្នាំ​រូប​នេះ​ដែល​មើល​ទៅ​ស្រដៀង​នឹង​ជនជាតិ​បរទេស​បន្ដិច បាន​ចំណាយពេល ២២ ​ឆ្នាំ​មក​នេះ​កែច្នៃ​តំបន់​ព្រៃ​ដែល​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​អ្វី​ទាំងអស់​ទៅ​តាម​លទ្ធភាព​សន្សឹមៗ​។

ភ្ញៀវទេសចរ​ថតរូប​អនុស្សាវរីយ៍​នៅ​ស្ពានឈើ​ដ៏វែង​ឆ្ពោះ​ទៅ​ក្យូស​លម្ហែកាយ​លយ​លើ​ទឹក​សមុទ្រ​។ ហុង មិនា

លោក ពុធ ចន្ទតារាវុទ្ធ បាន​ថ្លែង​ក្នុង​សម្ដី​ច្បាស់ៗ​ក្នុង​សភាព​នឿយហត់​ពី​ការងារ​សម្អាត​បរិស្ថាន​ថា​៖ «​ដោយសារ​ខ្ញុំ​ធ្លាប់​រស់នៅ​លើ​ទឹកដី​ប្រទេស​បារាំង​តាំងពី​អាយុ ២២ ​ឆ្នាំ​ហើយ​ពេល​ខ្ញុំ​មក​រស់នៅ​ស្រុក​ខ្មែរ​យើង​នេះ អ្នកស្រុក​បង្កើត​ទម្លាប់​ហៅ​ខ្ញុំ​ថា បង​បារាំង ពូ​បារាំង អ៊ំ​បារាំង និង​តា​បារាំង​រហូត​ដល់​សព្វថ្ងៃ​»​។

តាបារាំង​បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​កាលពី​ឆ្នាំ​ ១៩៩៧ ខ្ញុំ​ទិញ​ដី​នេះ​ដើម្បី​រស់នៅ​ខ្លួនឯង​ទេ ដោយសារ​ខ្ញុំ​ស្រឡាញ់​ខ្យល់​អាកាស​មាត់សមុទ្រ​ជាមួយ​ភរិយា​ខ្ញុំ​។ ខ្ញុំ​ចេះ​តែ​អភិវឌ្ឍ​អ៊ីចឹង​ទៅ ហើយ​ដល់​ពេល​យូរៗ​ទៅ គេ​ល្បី គេ​នាំ​គ្នា​ផ្សាយ​តាម​ហ្វេសប៊ុក​ក៏​ស្គាល់​ទាំងអស់​គ្នា​ទៅ ហើយ​ល្បី​ចុងក្រោយ​គឺ​ឆ្នាំ​នេះ​តែម្ដង​។ មាន​ភ្ញៀវ​មក​លេង​ទីនេះ​យូរ​ហើយ តែ​មិន​សូវ​ល្បី​ដូច​ពេលនេះ​។ មាន​មួយ​ឡានៗ​អ៊ីចឹង​ទៅ​»​។

ជាមួយ​វត្ដមាន​ភ្ញៀវទេសចរ​ដែល​ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរ​ដ៏ច្រើន​កុះករ​កំពុង​បន្ដ​សម្រុក​មក​លេង​ឆ្នេរ​តា​បារាំង​នា​រដូវ​សម្បូរ​បុណ្យជាតិ​នៅក្នុង​ខែ​នេះ​។

អាណិកជន​ខ្មែរ​ដែល​ខំ​ធ្វើការងារ​តត្រុក​មិន​ខ្លាច​នឿយហត់​រូបនេះ បាន​និយាយ​ថា​៖ «​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​យើង​មាន​ភ្ញៀវ​ច្រើន​លើសលប់​។ ខ្ញុំ​មិន​អាច​ប៉ាន់ប្រមាណ​បាន​ទេ តែ​បើ​ប្រហែល​ជា ៥០០ ​នាក់​អី​ធានា​ថា​ប្រាកដ​ជា​បាន​ច្រើន​ណាស់​»​។

ជាមួយ​ប្រវែង​ឆ្នេរ​ខ្សាច់​ស​សរុប​ទាំងអស់ ៣,៥ គីឡូម៉ែត្រ ចំណែក​ដី​របស់​ឆ្នេរ​តា​បារាំង​មាន​ត្រឹម ៥០ ម៉ែត្រ​ដែល​ដំឡើង​ក្យូស​លម្ហែ​ចំនួន ៦ ​តម្លៃ ៣ ម៉ឺន​រៀល​សម្រាប់​ក្រាល​កន្ទេល​អង្គុយលេង និង​ក្បូស​លយ​ចូល​សមុទ្រ​ចំនួន ១ តម្លៃ ៨ ម៉ឺន​រៀល​។

ម្ចាស់​ឆ្នេរ​តាបារាំង​ទទូច​ឲ្យ​ភ្ញៀវទេសចរ​ចូលរួម​ថែរក្សា​បរិស្ថាន និង​កុំ​បោះចោល​សំរាម​ឥត​សណ្ដាប់ធ្នាប់​។ ហុង មិនា

បើ​ទោះបី​ជា​ចំនួន​ទេសចរ​កើនឡើង​ខ្លាំង​រហូត​ដល់​ភ្ញៀវ​ភាគច្រើន​ត្រូវ​ក្រាលកន្ទេល​អង្គុយ​តាម​គុម្ពោត​ព្រៃ ដែល​ធ្វើឲ្យ​ម្ចាស់​រីសត​ឆ្នេរ​តាបារាំង​តែងតែ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួកគេ​យ៉ាង​ណា​ក៏ដោយ ក៏​លោកតា​បារាំង មិន​សម្រេច​ចិត្ដ​បង្កើន​ការសាងសង់​ក្យូស​បន្ថែម​នោះ​ទេ​។

លោក ចន្ទតារាវុទ្ធ បាន​បន្ដ​ថា​៖ «​ខ្ញុំ​អត់​ធ្វើ​ទេ​។ គេ​បាន​ស្នើ​ខ្ញុំ​ដែរ តែ​ខ្ញុំ​អត់​ចង់​ធ្វើ​ទេ​។ ខ្ញុំ​ចាស់​ហើយ​។ ខ្ញុំ​ធ្វើ​ប៉ុណ្ណឹង​បាន​ហើយ​។ ខ្ញុំ​ធ្វើ​នេះ ដោយសារ​ខ្ញុំ​ស្រឡាញ់​ភ្ញៀវ​ពីព្រោះ​វា​ជា​កិត្ដិយស ហើយ​ខ្ញុំ​សប្បាយ​ចិត្ដ​ដែល​ខ្ញុំ​ធ្វើ​បាន​ប៉ុណ្ណឹង ដោយ​នាំ​ឲ្យ​ពួកគាត់​មក​លេង​ដល់​ទីកន្លែង​ខ្ញុំ​នេះ​»​។

ដោយ​ផ្ដោត​លើ​គោលដៅ​ទេសចរ​ជាតិ​ជា​ចម្បង បុរស​អាណិកជន​បារាំង​រូប​នេះ​បាន​ឲ្យ​ដឹង​ពី​សេវាកម្ម​ម្ហូបអាហារ​របស់​រីសត​ឆ្នេរ​តាបារាំង​ថា​៖ «​យើង​មាន​បម្រើ​មុខម្ហូប​ឡូខល [Local] ទូទៅ​ដូចជា នៅ​ព្រែកលៀប នៅ​ភ្នំពេញ​អ៊ីចឹង កុំ​និយាយ​ដល់​អន្ដរជាតិ ដូច បារ៍បារាំង​នៅ​មាត់ទន្លេ Steak Ripe, Boulogne ឬ Salad អី​ទេ​។ នៅ​ទីនេះ​យើង​មាន​មាន់​ដុត មាន់ស្ងោរ​ជ្រក់ មឹកឆា មឹក​អាំង មឹក​ស្ងោរ ក្ដាម និង​បង្គា​អ៊ីចឹង​ទៅ​»​។

យ៉ាងណា​មិញ​ស្រប​ពេល​កំណើន​ភ្ញៀវទេសចរ​ហក់​ឡើង​យ៉ាង​គំហុក​នៅ​ទី​កម្សាន្ដ​ឆ្នេរ​ខ្សាច់ស​តាបារាំង​លោក​ ពុធ ចន្ទតារាវុទ្ធ នៅ​តែ​ទទូច​ចំពោះ​ការចូលរួម​សម្អាត​បរិស្ថាន​តំបន់​ឆ្នេរ​ដ៏ស្រស់បំព្រង​ទាំងអស់​គ្នា បើ​ទោះ​ជា​លោក​ស្នើសុំ​វិភាគទាន​សម្អាត​បរិស្ថាន​ពី​អ្នក​ដំណើរ​យ៉ាង​ណា​ក៏ដោយ​។

ក្យូស​អង្គុយ​លម្ហែកាយ​ជាប់​ឆ្នេរសមុទ្រ​មាន​បម្រើ​នូវ​ម្ហូប​ខ្មែរ​។ហុង មិនា

លោក​បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​ដែរ​ថា ឲ្យ​អតិថិជន​ទាំងអស់​ជួយ​អនាម័យ តែ​ពួកគាត់​អត់​បាន​ធ្វើអ្វី​ដូច​ចិត្ដ​ខ្ញុំ​ចង់​បាន​នោះទេ​។ អ៊ីចឹង​នៅ​សល់​សំរាម​ទាំង​អម្បាលម៉ាន ខ្ញុំ​ប្រមូល​ដុត​នៅ​ក្នុង​ឡ​នេះ​។ ខ្ញុំ​មិន​ឲ្យ​សំរាម​ប៉ះពាល់​ដល់​ឆ្នេរ​ឡើយ ពីព្រោះ​ខ្ញុំ​ស្រឡាញ់​ឆ្នេរ​ណាស់​»​។

ជា​ចុងក្រោយ តាបារាំង សំណូមពរ​ដល់​រាជរដ្ឋាភិបាល ជាពិសេស​អាជ្ញាធរ​ដែនដី​រៀបចំ តបណ្ដាញ​ទឹក និង​ភ្លើង ដែល​ផ្ដល់​ភាពងាយស្រួល​ក្នុង​ការផ្ដល់​សេវាកម្ម​ជូន​ភ្ញៀវ​។

ឆ្នេរ​ខ្សាច់ស​តាបារាំង ដែល​បច្ចុប្បន្ន​មាន​សភាព​ទឹក​ពណ៌​ប្រផេះ ព្រម​ទាំង​ក្យូស​លម្ហែ និង​បឹងហ្គាឡូ​ ២ ​តម្លៃ ៦០ ដុល្លារ​ក្នុង​ ១ ​យប់​ស្ថិត​ក្នុង​ភូមិ​រិទ្ធី ២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​ចម្ងាយ​ប្រមាណ ១៩០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​ប្រមាណ ៥០ គីឡូម៉ែត្រ​ពី​ផ្លូវ​បំបែក​ស្រែអំបិល​៕

វីដេអូ៖