ក្រុងព្រះសីហនុ: ទោះ​មិន​មាន​ឆ្នេរ​ខ្សាច់​សក្បុស អំណោយផល​ដល់​ភ្ញៀវ​ចុះ​ងូតទឹក​លេង​កម្សាន្ដ​ដូច​នៅ​ឆ្នេរ តាបារាំង​ក្បែរ​ខាង ឆ្នេរ​ពយយាយម៉ៅ ក៏​មាន​ភាព​ទាក់ទាញ​ពិសេស​ផ្ទាល់​ខ្លួន ដែល​អាច​អន្ទង​ចិត្ដ​ភ្ញៀវ​មិន​ភ្លេច​ឆៀង​អើត​ឈ្ងោក​មិន​ដាច់​រយៈ​។

ស្ពាន​បេតុង​លយ​ចូល​ផ្ទៃសមុទ្រ​ត្រូវ​បាន​សាងសង់​ឡើង​តម្រូវ​ចិត្ដ​ភ្ញៀវ​ឈរ​គន់​មើល​ទិដ្ឋភាព​ឆក​កំពង់សោម និង​ថតរូប​សែលហ្វ៊ី​ពេញ​អេក្រង់​តែ​ឆ្នេរ​ក្រាល​ដោយ​ថ្មដុះ​រដិបរដុប​ច្រូងច្រាង នេះ​មិន​អនុគ្រោះ​ដល់​ការងូតទឹក​លេង​កម្សាន្ដ​ទេ ជាពិសេស​ចំពោះ​កុមារ​។

ឆ្នេរ​មាន​ទេសភាព​ស្រស់ស្អាត ប៉ុន្តែ​មាន​ថ្ម​ច្រើន​ដែល​មិន​អំណោយផល​ដល់​ការចុះ​ងូតទឹក​លេង​កម្សាន្ត​។ ហុង មិនា

បើ​វា​មិនទាន់​គ្រប់គ្រាន់​ក្នុង​ការទាក់ទាញ​ចិត្ដ​ភ្ញៀវ​និយម​ការ​ងូតទឹក​សមុទ្រ ដែល​ខំ​ស្កាត់​មកពី​ឆ្ងាយ អ៊ីចឹង​រមណីយដ្ឋាន​ពយយាយម៉ៅ ដែល​ស្ថិត​ក្នុង​ឃុំ​កែវផុស នៅ​មាន​អាង​ហែល​ទឹក​ជាប់​មាត់​សមុទ្រ ជំនួស​ឲ្យ​ភាពមិន​អំណោយផល​នៃ​ឆ្នេរ​ក្រាល​ដោយ​ថ្ម​គឺ​អាង​ទឹកសាប​ប្រើប្រាស់​មិន​ចេះ​រីងស្ងួត​ផុស​ពី​ក្រោម​ដី​តាម​ធម្មជាតិ ដែល​រចនា​ម៉ូដ​រូប​បេះដូង​គួរ​ឲ្យ​ទាក់ទាញ​។

អ្នកស្រី សុង ស្រីរ័ត្ន ជា​អ្នកគ្រប់គ្រង​រមណីយដ្ឋាន​ពយយាយម៉ៅ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​យើង​ទើប​ដាក់​ឲ្យ​ដំណើរការ​អាង​ហែល​ទឹក​នៅ​មាត់សមុទ្រ​ចំនួន ១ សម្រាប់​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវ​ដែល​មាន​បំណង​ចង់​ហែល​ទឹក​លេង​។ ដោយសារ​ទីនេះ​អត់​មាន​ឆ្នេរ​អំណោយផល​ដល់​ការងូតទឹក​សមុទ្រ​ដូច​កន្លែង​ដទៃ យើងខ្ញុំ​ក៏​នឹក​ឃើញ​សង់​អាងទឹក​សម្រាប់​ភ្ញៀវ​ទទួល​យក​នូវ​បទពិសោធ​ហែល​ទឹកសាប​អែប​មាត់សមុទ្រ​»​។

ខុសពី​តំបន់​ឆ្នេរសមុទ្រ​ដទៃ​ទៀត​ដែល​មិន​សម្បូរ​ប្រភព​ទឹកសាប​ដែល​មាន​តម្លៃ​ថ្លៃ​ចំពោះ​ការប្រើប្រាស់ និង​លាងជម្រះ​កាយ​ក្រោយពី​ងូតទឹក​សមុទ្រ ឆ្នេរ​ពយយាយម៉ៅ មិន​ខ្វះ​ទឹកសាប​ដោយ​ប្រភព​ទឹកសាប​ធម្មជាតិ​ផុស​ពី​ក្នុង​ដី ផ្ដល់​នូវ​ទឹកសាប​សម្រាប់​ភ្ញៀវ​ហែល​ក្នុង​អាង និង​ងូត​លាង​សម្អាត​កាយ​នា​មាត់សមុទ្រ​បង្កើយ​។

ឫស​ដើម​កោង​កាង​នៅ​ឆ្នេរ​ដែល​ក្រាល​ទៅ​ដោយ​ថ្ម​រដិបរដុប​។ ហុង មិនា

ស្ថិត​ក្នុង​អាង​ដែល​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត​ជា​រូបរាង​បេះដូង​ទំហំ​អង្កត់ផ្ចិត​ប្រមាណ ៣ ​ម៉ែត្រ ទឹក​ដ៏ថ្លាឈ្វេង​បន្ដ​ផុស​ពី​ក្រោម​ដី​ផ្ដល់​ជា​ប្រភព​ទឹកសាប​ប្រើប្រាស់​ខួប​ប្រាំង​ខួប​វស្សា​។

អ្នក​ខេត្ដ​កំពង់ចាម​ទើប​មក​មើល​ការខុសត្រូវ​រមណីយដ្ឋាន​ពយយាយម៉ៅ របស់​ជីតា អ្នកស្រី សុង ស្រីរ័ត្ន បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ច្បាស់​ថា ប្រភព​ទឹកសាប​ក្បែរ​មាត់សមុទ្រ​នេះ​ជ្រាប​មកពី​ណា​នោះ​ទេ​គ្រាន់តែ​ដឹង​ថា​នៅ​ក្បែរ​នេះ​មាន​ភ្នំ​មួយ​។ ប្រហែល​ជា​វា​ជ្រាប​ហូរ​ពី​ភ្នំ​នោះ​ក៏​មិន​ដឹង​»​។

អ្នកស្រី​បញ្ជាក់​ថា​៖ «​សំខាន់​ទឹកសាប​នេះ​មាន​គុណភាព​ស្អាត ដែល​យើង​អាច​យក​មក​ប្រើប្រាស់​ដាំស្ល បង្ហូរ​ចូល​អាង​ធំ​សម្រាប់​ភ្ញៀវ​ហែល​លេង និង​ស្រោចស្រព​ដំណាំ​ទាំងអស់​នៅ​ទី​នេះ​។ វា​មិន​ដែល​រីងស្ងួត​ម្ដង​ណា​ឡើយ យ៉ាង​ច្រើន​ណាស់​នៅ​រដូវប្រាំង​គ្រាន់​តែ​វា​មិន​ជ្រាប​ឡើង​ច្រើន​ដល់​ពេញមាត់​អាង​ប៉ុណ្ណោះ​»​។

ផ្លូវ​ទៅ​កាន់​ឆ្នេរ​ពយយាយម៉ៅ ពោរពេញ​ដោយ​ទេសភាព​បៃតងខ្ចី អម​សងខាង យ៉ាង​ស្រស់ត្រកាល​។ រូបថត លៀប ទេពិទូ

អាង​ទឹកសាប​ជាប់​មាត់​សមុទ្រ​ដែល​ទើប​បើក​ដាក់​ឲ្យ​ដំណើរការ​បណ្ដើរៗ​មាន​បណ្ដោយ​ប្រវែង​ជាង ១០ ម៉ែត្រ និង​ទទឹង​ជិត ៥ ម៉ែត្រ គិត​ថ្លៃ​ ៥ ០០០ ​រៀល​សម្រាប់​មនុស្ស ពេញវ័យ និង ១០ គុណ​នឹង ២ ម៉ែត្រ តម្លៃ ២០០០ រៀល​សម្រាប់​កុមារ​។

អ្នកគ្រប់គ្រង​រមណីយដ្ឋាន​ពយយាយម៉ៅ មកពី​ទឹកដី​ចម្ការ​កៅស៊ូ​ដែល​ហាក់​មិន​សូវ​ស្គាល់​ភូមិសាស្ដ្រ​ឃុំ​កែវផុស​ច្បាស់ អ្នកស្រី សុង ស្រីរ័ត្ន បាន​ប្រាប់​ថា ហែល​ទឹកសាប​នៅ​សមុទ្រ​គឺជា​បទពិសោធ​ប្លែក​អារម្មណ៍​របស់​ភ្ញៀវ ជាពិសេស​ទេសចរ​ក្នុង​ស្រុក​ដែល​និយម​ហែល​ទឹក និង​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​នៃ​សមុទ្រ​។

ជាមួយ​ដំណើរការ​ទទួល​ភ្ញៀវ​ពេញដៃ​ពេញជើង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រមណីយដ្ឋាន​ពយយាយម៉ៅ​នៅ​បន្ដ​អភិវឌ្ឍ​ខ្លួន​ដើម្បី​ផ្គាប់​តម្រូវការ​ភ្ញៀវ​និយម​លេង​ទឹក​ដែល​នឹង​មិន​ស្រងាក​ចិត្ដ​ចំពោះ​ភាព​មិន​អំណោយផល​នៃ​ឆ្នេរ​ដ៏គួរ​ឲ្យ​គយគន់​មួយ​នេះ​។

ចៅស្រី​ម្ចាស់​រមណីយដ្ឋាន​ដែល​មាន​កម្មសិទ្ធិ​ដី ២០ ​ហិកតា អ្នកស្រី ស្រីរ័ត្ន បាន​ឲ្យ​ដឹង​ថា​៖ «​យើង​មាន​គម្រោង​សង់​អាង​ទឹក​ចំនួន​ ៣ ​ទៀត​នៅ​ប្រប​តាម​ឆ្នេរ​នេះ តែ​យើង​ធ្វើ​ទៅ​តាម​ដំណាក់កាល​បន្ដិច​ម្ដងៗ​»​។

អាងទឹក​រាង​បេះដូង ផ្ទុក​ទឹកសាប​ប្រភព​ផុស​ចេញ​ពី​ដី​ជា​ភាព​ទាក់ទាញ​នៃ​ឆ្នេរ​នេះ​។ ហុង មិនា

លោក ស៊ូ ម៉េង ជា​ស្វាមី អ្នកស្រី សុង ស្រីរ័ត្ន បាន​បង្ហើប​ប្រាប់​ថា​៖ «​យើង​នៅ​មាន​គម្រោង​សង់​ក្ដារ​រំអិល​សម្រាប់​ក្មេងៗ​លេង​រំអិល​ចូល​ទឹក​ផងដែរ​។ បើ​យើង​មិន​ខិតខំ​កសាង​អាង និង​កន្លែង​លេង​សម្រាប់​ក្មេងៗ​នោះ​ទេ ពួកគេ​មិន​អាច​ចុះ​ហែល​ទឹកសមុទ្រ​ដែល​សម្បូរ​ថ្ម​មុត​ជើង​បាន​ឡើយ​»​។

លោក​បន្ដ​ថា​ភ្ញៀវ​នៅ​តែ​អាច​ចុះ​ងូតទឹក​លេង​បាន បើ​ទោះបី​ជា​ស្ថានភាព​មាន​ថ្ម​រដិបរដុប​ច្រើន​យ៉ាង​ណាក៏ដោយ ហើយ​ទីតាំង​អាងទឹក​ទាំង​នោះ​ត្រូវ​បាន​សាងសង់​ឡើង​លើ​បរិវេណ​សម្បូរ​ថ្ម​ស្រួច​ច្រើន​ប៉ុណ្ណោះ​។

ជាមួយ​ក្យូស​ទទួលទាន​អាហារ​សង់​ដង្ហែ​តាម​ផ្លូវ​ចូល​ចំនួន​ ២០ ភ្ញៀវ​អាច​កុម្ម៉ង់​ម្ហូប​ចាប់ពី​គ្រឿងក្លែម មាន់ដុត ទាអាំង រហូត​ដល់​គ្រឿង​សមុទ្រ​តម្លៃ​ពី ២ ម៉ឺន ទៅ ៥ ម៉ឺន​រៀល​ក្នុង​មួយ​ចាន​ជាមួយ​តម្លៃ​ជួល​ក្យូស ៣ ម៉ឺន​រៀល​។

រមណីយដ្ឋាន​ពយយាយម៉ៅ ស្ថិត​ក្នុង​ភូមិ​រិទ្ធី ២ ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ដ​ព្រះសីហនុ​ចម្ងាយ​ប្រមាណ ១៩០ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ និង​ប្រមាណ ៥០ គីឡូម៉ែត្រ​ពី​ផ្លូវបំបែក​ស្រែអំបិល​។

សម្រាប់​ព័ត៌មាន​លម្អិត និង​ធ្វើការ​កក់​កន្លែង រមណីយដ្ឋាន​ពយយាយម៉ៅ ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឆ្នេរ​ខ្សាច់​សតាបារាំង សុំ​ទាក់ទង​តាម​លេខ​ទូរស័ព្ទ ០៨៦ ៧១ ៦៧ ៤៤៕

ភ្ញៀវទេសចរ​ចុះ​សំចត​ទិញ​ផ្លែ​ទុរេន សាវម៉ាវ តាម​ផ្លូវ​ទៅ​ឆ្នេរ​ពយយាយម៉ៅ​។ ហុង មិនា

ផ្កា​ព្រៃ​ដែល​រីក​ស្គុសស្គាយ​នៅ​ក្បែរ​ឆ្នេរ​ពយ​យាយ​ម៉ៅ ជា​ទី​ថតរូប​គួរ​ឲ្យ​គយគន់​។ ហុង មិនា

រមណីយដ្ឋាន ពយយាយម៉ៅ មាន​បម្រើ​ដូចជា​គ្រឿងក្លែម និង​មាន់​ដុត​។ហុង មិនា

វីដេអូ៖