កោះភីភី៖ ភ្ញៀវ​ទេសចរ​អង្គុយ​​លើ​នាវា​​បាន​ត្រឹម​តែ​ថត​រូប​សែលហ្វ៊ី ហើយ​​សម្លឹង​ពី​ចម្ងាយ ខណៈ​យាន​លើ​ទឹក​បន្ថយ​​ល្បឿន​ប៉ប្រះ​សំណាញ់​ខណ្ឌ​ចែក​កុំ​ឲ្យ​មាន​វត្តមាន​ទេសចរ​ទៅ​ចុះ​ចត​នៅ​ឆ្នេរ​ខ្សាច់​ដ៏​សក្បុស ហ៊ុមព័ទ្ធ​ដោយ​ភ្នំ​បៃតង ​ផុស​​ពី​លើ​ផ្ទៃ​ទឹក​ដ៏​ខៀវ​ស្រងាត់​។

នាយកដ្ឋាន​អភិរក្ស​រុក្ខជាតិ និង​សត្វ​ នៃ​ឧទ្យានជាតិ​ថៃ​បាន​​ប្រកាស​ថា ​នឹង​បិទ​ឆ្នេរ ម៉ាយ៉ា នៅ​ដែន​កោះ​ភីភី​ភាគ​ខាង​ត្បូង​​ប្រទេស ​ថៃ រហូត​ដល់​ឆ្នាំ ២០២១ ដើម្បី​ឲ្យ​ឆ្នេរ​​ដែល​ល្បី​​ដោយសារ​ខ្សែ​ភាពយន្ត​ហូលីវូដ​រឿង The Beach នេះ​អាច​ស្ដារ​ជីវចម្រុះ​​ពី​ឥទ្ធិពល​បៀតបៀន​ដោយ​វត្តមាន​ភ្ញៀវ​ទេសចរ​យ៉ាង​កកកុញ។​

ដើម្បី​ឆ្នេរ​ឆកដ៏​​តូច​នេះ​គេ​គ្រោង​នឹង​បិទ​​​លែង​ទទួល​ភ្ញៀវ​ត្រឹមតែ ​៤ ខែ​ អំឡុង​រដូវ​មូសុង​នៅ​ឆ្នាំ ២០១៨។ ប៉ុន្តែ​អ្នក​ជំនាញ​បាន​សម្រេច​​ពន្យារពេល​បើក​ឡើង​​វិញ ដើម្បីស្ដារ​អេកូឡូស៊ី ផ្កា​ថ្ម និង​ជីវចម្រុះ នៅ​តំបន់​ឆ្នេរ​ម៉ាយា​​រហូត​ដល់​ ២ ឆ្នាំ​ទៀត​ឯណោះ។

ខ្សែ​សំណាញ់ខណ្ឌ​​​មិនឲ្យនាវា​ចូល​ក្បែរ​ឆ្នេរ​ម៉ាយ៉ា។ រូបថត AFP

ឆ្នេរ​ម៉ាយ៉ា បាន​ល្បី​សុសសាយ​នឹង​ទាក់ទាញ​​ភ្ញៀវ​ទេសចរ​មក​ពី​ជុំវិញ​ពិភព​លោក ដោយសារ​​វា​ត្រូវ​បាន​ប្រើប្រាស់​ជា​ទីតាំង​ថត​ភាពយន្ត​ហូលីវូដ​រឿង The Beach ដែល​សម្ដែង​ដោយ​តារា​​ភាពយន្ត​ល្បី លេអូណាដូ ឌីកាព្រីយោ នៅ​ឆ្នាំ ១៩៩៩។

ឥទ្ធិពល​ខ្សែ​ភាពយន្ត​ហូលីវូដ​​កាល​ពី​ជិត ២ ទសវត្សរ៍​​មុន​នេះ បាន​ធ្វើ​ឲ្យ​ឆ្នេរ​ដ៏​តូច ​ដែល​មាន​ប្រវែង​តែ ២៥០ ម៉ែត្រ និង​ទទឹង​តែ ១៥ ម៉ែត្រ​ទទួល​ភ្ញៀវ​កកកុញ ​ប្រមាណ​ជា ៥ ០០០ នាក់​ក្នុង ១ ថ្ងៃ។

ជំនួយ​ការ​សាស្ត្រាចារ្យ​លោក ថន ថាមរ៉ុងណាវ៉ាសាវ៉ាត មកពី​សាកលវិទ្យាល័យ​ជលជីវសាស្ត្រ កាសេតសាត នៅ​ជា​សមាជិក​គណៈកម្មការ​​ឧទ្យានជាតិ​បាន​និយាយ​ថា ការ​ពន្យារពេល​បើក​ឆ្នេរ​​ម៉ាយ៉ា​ឡើង​​វិញ គឺ​ដោយសារ​តែ​នាយកដ្ឋាន​អភិរក្ស​ជីវ​ចម្រុះ ត្រូវ​ការ​ពេលវេលា​​ស្ដារ​ការពារ​បរិស្ថាន និង​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម័ន្ធ ដូចជា​ស្ពាន​ដើរ កំពង់​ចំណត​នាវា​ទេសចរណ៍ និង​កន្លែង​ស្នាក់នៅ​សម្រាប់​អាជ្ញាធរ។ ទន្ទឹម​នឹង​នោះ​ប្រព័ន្ធ​សំបុត្រ​ឌីជីថល​នឹង​ត្រូវ​បាន​ដាក់​លក់ នៅ​ពេល​ដែល​ឆ្នេរ​នេះ​បើក​ដំណើរការ​ឡើង​វិញ។

ទិដ្ឋភាពអ៊ូអរ​មុនពេល​មានការ​ប្រកាស​បិទ​ឆ្នេរ​ម៉ាយ៉ា​។ រូបថត AFP

ក្រុម​អ្នក​ជំនាញ និង​មន្ដ្រី​បរិស្ថាន​បាន​ព្រមាន​ថា ភ្ញៀវ​ទេសចរ​ច្រើន​ពេក​បង្ក​ផល​ប៉ះពាល់​ដល់​សម្រស់​ឆ្នេរ​ទាំង​បញ្ហា​សំរាម បរិស្ថាន ​និង​ប្រព័ន្ធ​អេកូឡូស៊ី​ផង​ដែរ។

លោក​បាន​អះអាង​ទៀត​ថា៖ «នៅ​ពេល​ដែល​ឆ្នេរ​​ម៉ាយ៉ា បើក​ទទួល​ភ្ញៀវ​ទេសចរ​ឡើង​វិញ​ ចំនួន​ភ្ញៀវ​ទេសចរ​នឹង​ត្រូវ​បាន​កំណត់​ត្រឹមតែ ២ ៤០០ នាក់ ​ក្នុង​មួយ​ថ្ងៃ ហើយ​ក៏​មាន​ការ​កំណត់​​រយៈពេល​លេង​កម្សាន្ត​ផង​ដែរ»។

ប្រព័ន្ធ​កក់​សំបុត្រ​ចូល​តាម​អនឡាញ​ នឹង​ត្រូវ​បាន​អនុវត្ត​សាកល្បង ​ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​ស្ថិតិ​ទេសចរណ៍ ​ការ​ប្រមូល​​ព័ត៌មាន និង​ការ​ស្វែងរក​ចំណូល​ថវិកា​ប្រកប​​ដោយ​តម្លាភាព​ដល់​អាជ្ញាធរ​ប្រចាំការ​ថែរក្សា​ទីនោះ។

ខណៈ​ឆ្នេរម៉ាយ៉ា​ ​បាន​ត្រឹម​តែ​គយ​គន់​ពី​ចម្ងាយ​ ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ថៃ​​នៅ​មាន​ជម្រើស​​ទៅ​​​ឆ្នេរ និង​កោះ​ឯ​ទៀត​ នៅ​តំបន់​ឧទ្យាន​ជាតិ​​កោះភីភី​ ដែល​នៅ​តែ​បន្ត​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដដែល​៕ AFP