The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជិះ​គោយន្ដ​តាម​ភូមិ និង​ដើរ​កម្ដៅ​សាច់ដុំ​ទៅ​លេង​ទឹកធ្លាក់​ឯជើង​ភ្នំ​ឱរ៉ាល់

ជិះ​គោយន្ដ​តាម​ភូមិ និង​ដើរ​កម្ដៅ​សាច់ដុំ​ទៅ​លេង​ទឹកធ្លាក់​ឯជើង​ភ្នំ​ឱរ៉ាល់

Content image - Phnom Penh Post
ចម្ងាយ​ផ្លូវ​មិន​ជា​ឆ្ងាយ​ទេ តែ​ភ្ញៀវ​ត្រូវ​ធ្វើ​ដំណើរ​កាត់ទឹក និង​ព្រៃ​ឫស្សី​ប្រមាណ ២ ម៉ោង​ទើប​ដល់​ទីទឹកធ្លាក់​។ ហុង មិនា

ជិះ​គោយន្ដ​តាម​ភូមិ និង​ដើរ​កម្ដៅ​សាច់ដុំ​ទៅ​លេង​ទឹកធ្លាក់​ឯជើង​ភ្នំ​ឱរ៉ាល់

ក្រុងច្បារមន: បើ​មិន​ទាន់​គិតដល់​កំពូលភ្នំ​ឱរ៉ាល់​ដ៏ខ្ពស់​បំផុត​នៅ​កម្ពុជា អ៊ីចឹង​សាក​រៀបចំ​គម្រោង​ទៅ​លេង​ទឹកធ្លាក់​ច្រើន​ដំណាក់​ត្រឹម​សសៀរៗ​ភ្នំ​សិន​។

ដំណើរ​នេះ​ពុំ​ទាមទារ​បទពិសោធ​ឡើង​ភ្នំ​តឹង​សរសៃ​សាច់ដុំ​ទេ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ពុះពារ​លើ​វិថី​ដ៏សែន​យ៉ាប់យ៉ឺន​តាំងពី​ក្នុង​ភូមិ​ជា​ទី​ដែល​អ្នក​ត្រូវ​ជួល​អ្នក​នាំ​ផ្លូវ និង​គោយន្ដ​ផង​ដែរ​។

ពី​ផ្លូវបំបែក​នៃ​រង្វង់មូល​ត្រង់​ចំណុច​ស្ពានដែក (​ឈ្មោះ​ស្ពានដែក​ចាស់ តែ​បច្ចុប្បន្ន​ជា​ស្ពានថ្ម​) ចម្ងាយ​ជិត ១០ គីឡូម៉ែត្រ​ពី​ចម្ការ​អំពៅ​លោក លី យ៉ុងផាត់ ឆ្លងកាត់​ភូមិ​ស្រែច្រាប និង​ភូមិ​ពោធិ៍មាស​ជា​ទី​ដែល​តារាចម្រៀង មាស សុខសោភា ដាក់​គម្រោង​ដាំ​កូនឈើ ១ ​ម៉ឺន​ដើម​លើ​ផ្លូវលំ​ចម្ងាយ​ប្រមាណ ២០ ​គីឡូម៉ែត្រ អ្នក​នឹង​ទៅ​ដល់​ដើមភូមិ​ស្រែកិន​។

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​សួយម្លូ​ចំនួន ៣០០ ​គ្រួសារ​ក្នុង​ភូមិ​ស្រែកិន​ទី១ ទី២ និង​ទី៣ ដែល​ស៊ាំ​នឹង​ការធ្វើ​ដំណើរ​តាម​គោយន្ដ​ដឹក​ជញ្ជូន​បរ​កាត់​ដងផ្លូវ​កំពុង​តែ​ទន្ទឹង​រង់ចាំ​វត្ដមាន​គ្រឿងយន្ត​ឈូស​ផ្លូវលំ​ក្រួស​ក្រហម​ថ្មី ដើម្បី​សម្រួល​ដល់​ការធ្វើ​ដំណើរ​របស់​ពួកគេ​។

Content image - Phnom Penh Post
ដំណើរ​ត្រឹម​ ១ ​ថ្ងៃ​ពុំ​អាច​ឲ្យ​ភ្ញៀវទេសចរ​ទស្សនា​ទឹកធ្លាក់​ដ៏ច្រើន​កន្លែង​នៅ​ជើងភ្នំ​ឱរ៉ាល់​នោះ​អស់​ទេ​។ ហុង មិនា

លោក ធាង សូត្រ ជា​អ្នក​នាំ​ភ្ញៀវ​ដ៏ប៉ិនប្រសប់​ម្នាក់​ពី​សហគមន៍​តំបន់​ស្រែកិន ជា​ទី​ដែល​ភ្ញៀវ​ចាប់ផ្ដើម​ដំណើរ​ទៅ​កាន់​តំបន់​ទឹកធ្លាក់​ភ្នំ​ឱរ៉ាល់​បាន​ឲ្យ​ដឹងថា​៖ «​ពេល​ភ្ញៀវ​មក​ដល់​ទីនេះ យើង​បាន​រៀបចំ​គោយន្ដ​រួចរាល់​ដើម្បី​ជូន​ពួកគាត់​ឡើង​ភ្នំ មិន​ថា​ត្រឹម​ទឹកធ្លាក់ ឬ​កំពូលភ្នំ​ឡើយ​»​។

អ្នក​នាំភ្ញៀវ​វ័យ ៤៧ ​ឆ្នាំ​រូប​នេះ​បន្ត​ថា​៖ «​នៅ​ទីនេះ​ក្រៅពី​កង់ ម៉ូតូ យើង​ប្រើ​តែ​គោយន្ដ​សម្រាប់​ដឹក​សម្ភារ មនុស្ស និង​ភ្ញៀវទេសចរ​ផង​ដែរ​»​។

ចម្ងាយ​ផ្លូវ​ប្រមាណ ៨ គីឡូម៉ែត្រ​ពី​ភូមិ​ស្រែកិន​ឆ្ពោះ​ទៅ​កាន់​ទឹកធ្លាក់​ព្រែក​ស្នា​នៃ​ជើងភ្នំ​ឱរ៉ាល់​គោយន្ដ​ ១ ​ដឹក​ភ្ញៀវ​បាន ៧-៨ នាក់​ត្រូវ​ចំណាយពេល​ជាង ២ ​ម៉ោង​កាត់​ព្រៃ​ឫស្សី និង​ឆ្លង​ទឹកអូរ​ប្រឡាយ​ជាច្រើន​កន្លែង​។

មគ្គុទ្ទេសក៍​ភូមិ​ដែល​ក្នុង​ ១ ​ខែ​មិថុនា​នេះ​ទទួល​ភ្ញៀវ​បាន ៣ ​ក្រុម​ម្នាក់ឯង​បាន​ឲ្យ​ដឹង​ថា​៖ «​អ្នកខ្លះ​គេ​មក​លេង​ត្រឹម​ទឹក​ ១ ឬ​ ២ ​កន្លែង​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​»​។

ភ្ញៀវ​ខ្លះ​ស្នាក់នៅ​ពេល​យប់​ដោយ​ដើរ​ឡើង​លេង​លុក​ព្រៃ​ពី​ទឹកធ្លាក់​មួយ​ទៅ​ទឹកធ្លាក់​មួយ​ទៀត ព្រោះ​ដំណើរ​ត្រឹម​ ១ ​ថ្ងៃ​ពេញ ពុំ​អាច​ទស្សនា​ទឹក​ធ្លាក់​ដ៏ច្រើន​កន្លែង​នោះ​ទេ​។

ចំពោះ​ការចំណាយ​វិញ​លោក សូត្រ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​ខាង​ខ្ញុំ​គិត​តែ​លើ​អ្នក​នាំ​ភ្ញៀវ​ប៉ុណ្ណោះ​។ បើ​គាត់​ត្រូវការ​តែ​អ្នក​នាំ​ម្នាក់ យើង​គិត ៣៥ ដុល្លារ​ម្នាក់​សម្រាប់​ពេល​មួយ​ថ្ងៃ ហើយ​ថ្លៃ​គោយន្ដ​យើង​គិត ៥០ ដុល្លារ​ទាំង​ទៅ និង​មក​»​។

Content image - Phnom Penh Post
គោយន្ត​បរ​កាត់​ព្រៃ​ឫស្សី​ប៉ប្រះ​ក្បាល​។ ហុង មិនា

ក្រោយ​បរ​គោយន្ដ​ជាង ២ ម៉ោង​រួច​ចូល​ចំណត​ក្រោម​ម្លប់ឈើ ភ្ញៀវ​នឹង​បាន​ឮ​សំឡេង​ទឹក​ហូរ​រងំ​ក្នុង​ត្រចៀក​ដែល​ជា​សញ្ញា​បញ្ជាក់​ពី​ការមក​ដល់​ទី​បន្សាប​ភាព​នឿយហត់​ទាំង​អម្បាលម៉ាន​។ នោះ​ជា​ទឹក​ហូរ​លើ​ជម្រាល​ថ្ម​ដែល​ភ្ញៀវ​អាច​រំអិល​ខ្លួន​ធ្លាក់​ចូល​អាង​ធម្មជាតិ​តូច​ ១ ​ជម្រៅ​ទឹក​ប្រហែល ១,២ ម៉ែត្រ​។

អ្នក​នាំ​ភ្ញៀវ​ដើរ​ព្រៃ​ឱរ៉ាល់​តាំងពី​ឆ្នាំ ២០០២ លោក ធាង សូត្រ ក៏​ជា​ចុងភៅ​ដ៏ចំណាន​ម្នាក់​ចំពោះ​ស្នាដៃ​ចម្អិន​អាហារ​នៅ​កណ្ដាល​ព្រៃ​ជាមួយ​សម្ភារ​ខ្វះមុខ​ខ្វះក្រោយ​។

លោក​និយាយ​ថា​៖ «​ពេល​ភ្ញៀវ​កក់​ម្ហូប​ពី​ខ្ញុំ​ដូចជា មាន់ ២ ​ក្បាល​សម្រាប់​មនុស្ស ៦ ​នាក់ ពួកខ្ញុំ​ត្រៀម​មាន់​រស់ និង​មក​ធ្វើ​ម្ហូប​នៅ​ព្រៃ​ផ្ទាល់​ដោយ​គ្រាន់តែ​យក​គ្រឿង​ស្ល​ខ្លះ និង​ឆ្នាំង​រួម​ទាំង​បាយ​ស​។ ពួកយើង​ជួយ​គ្នា​ចម្អិន​មាន់​ដូចជា សម្ល​ស្ងោរជ្រក់ និង​អាំង​ម្នាក់​ម៉ា​ម៉ាត់​ម៉ាក​ទៅ​ឆ្អែត​ហើយ​»​។

ក្រោយពី​ស្រស់ស្រូប​អាហារ និង​ងូតទឹក​លេង​កម្សាន្ដ​លោក​បន្ដ​ជូន​ភ្ញៀវ​ដើរ​ឡើង​ភ្នំ​ជិត​ ១ ​ម៉ោង​ ទៅ​កាន់​ទីកន្លែង​ទឹកធ្លាក់​ទៀត​។ លើ​ចម្ងាយ​ផ្លូវ​ជាង ២ ​គីឡូម៉ែត្រ​ពី​ចំណត​គោយន្ដ​ទឹកធ្លាក់​ជា​ល្បាក់​ច្រើន​ដំណាក់​កម្ពស់​មិន​លើស​ពី ១០ ម៉ែត្រ​រង់ចាំ​ស្វាគមន៍​ភ្ញៀវ​មុន​នឹង​ត្រឡប់​ទៅ​ភូមិ​វិញ​។

Content image - Phnom Penh Post
ការសម្រាក​ចម្អិន​អាហារ​បែប​ដើរ​ព្រៃ​។ ហុង មិនា

លោក សូត្រ បាន​ប្រាប់​ថា​៖ «​ចាប់ពី​ខ្សែទឹក​ខាង​ក្រោម​មក​យើង​នាំ​ភ្ញៀវ​ទៅ​លេង​រូង​ស្មោញ​ជា​ល្អាង​ដែល​អាច​ដាក់​គ្រែ​គេង​លេង​ឆាយ​ស្ដាក បាក់​កញ្ជើរ ស្ទឹង​ក្រោល និង​អូរ​ដំណាក់​គគីរ​ដែល​សុទ្ធតែ​ជា​ទឹកធ្លាក់​។ បើ​សិន​ជា​ភ្ញៀវ​ចង់​ឃើញ​ទឹកធ្លាក់​ល្បាក់​នីមួយៗ​គ្រប់ ពួកគាត់​ដើរ​ពេញ​ ១ ​ថ្ងៃ​ក៏​មិន​អស់​ដែរ​»​។

លោក​បន្ដ​ថា​ចម្ងាយ​ផ្លូវ​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ​ទេ តែ​វា​ពិបាក​ត្រង់​គ្មាន​ផ្លូវ​បរ​ស្រួល​។ យ៉ាង​ណា​មិញ​សហគមន៍​កំពុង​តែ​រីករាយ និង​រំពឹង​វត្ដមាន​ផ្លូវ​ក្រួស​ក្រហម​ថ្មី​សន្លាង​នាពេល​ខាង​មុខ​។

លោក ឈឺម ឈីម ប្រធាន​សហគមន៍​តំបន់​ស្រែកិន​ស្ថិត​ក្នុង​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ដ​កំពង់ស្ពឺ​ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៤ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ ថា​៖ «​ពេល​ឃើញ​គ្រឿងចក្រ​កំពុង​ឈូសឆាយ​ពូន​ជា​ផ្លូវ​នេះ ប្រជាជន​យើង​មាន​ការសប្បាយរីករាយ​ណាស់​។ ម្នាក់ៗ​នាំ​គ្នា​ឈរ​មើល​ផ្លូវ​ក្នុង​ទឹកមុខ​ញញឹមញញែម ពីព្រោះ​យើង​មិន​ដែល​បាន​ឃើញ និង​ប្រើប្រាស់​ផ្លូវ​ល្អ​ឡើយ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​យើង​រំពឹង​ថា​ក្រោយពី​មាន​ផ្លូវលំ​ ១​ ​ខ្សែ​នេះ​សហគមន៍​តំបន់​ស្រែកិន​នឹង​ទទួល​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​មក​លេង​ភ្នំ​ឱរ៉ាល់​ដែល​ជា​ឱកាស​ការងារ​បម្រើ​វិស័យ​អេកូទេសចរណ៍​នៅ​កម្ពុជា​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • អ៊ីរ៉ង់​រកឃើញ​អណ្តូងរ៉ែ​ថ្មី​មាន​ឧស្ម័ន​ ៥៣៨ ​ពាន់​លាន​ម៉ែត្រគុប

    ក្រុងតេអេរ៉ង់ៈ ប្រទេស​អ៊ីរ៉ង់​បាន​រកឃើញ​អណ្តូង​ឧស្ម័ន​មួយ​នៅ​ជិត​ឈូង​សមុទ្រ​ពែរ្ស៍ ដែល​មាន​កំណប់​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ការផ្គត់ផ្គង់​ដល់​ទីក្រុង​នេះ​រយៈពេល ១៦ ឆ្នាំ​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អាទិត្យ​។

  • ប៉ូឡូញ និង​រុស្ស៊ី ​ឡើង​វគ្គ​បន្ត ខណៈ​អាល្លឺម៉ង់​ចាំ​អ៊ុត​សិន

    ក្រុង​ប៉ារីស៖ ជម្រើស​ជាតិ​ប៉ូឡូញ​ និង​រុស្ស៊ី​បាន​កក់​កៅអី​របស់​​​ខ្លួន​នៃ​​​ព្រឹត្តិការណ៍​ Euro ​២០២០ ក្រោយ​ពី​​ក្រុម​ប៉ូឡូញ​បាន​ឈ្នះ​​ជម្រើស​ជាតិ​ម៉ាសេដ្វាន​ខាង​ជើង​ ហើយ​ក្រុម​រុស្ស៊ី​បាន​ឈ្នះ​ជម្រើស​ជាតិ​​ស៊ីប​ ​ពី​ថ្ងៃ​អាទិត្យ​ ខណៈ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ហូឡង់​

  • អ៊ីមរ៉ាន ខាន់​ ធ្វើ​ទស្សនកិច្ច​​​នៅ​​អ៊ីរ៉ង់​ ខណៈ​​ភាព​តានតឹង​កើន​ឡើង​នៅ​ឈូង​សមុទ្រ​

    ក្រុង​តេអេរ៉ង់៖ ​នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​លោក​ អ៊ីមរ៉ាន ខាន់ ​បាន​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស ​អ៊ីរ៉ង់ ​កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់​ពី​មាន​ការ​ស្នើសុំ​មួយ​ចេញ​ពី​អាមេរិក ​និង​អារ៉ាប៊ី សាអ៊ូឌីត​ ដើម្បី​ឲ្យ​លោក​ជួយ​បន្ធូរបន្ថយ​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​នៅ​ឈូង​សមុទ្រ​មាន​ជម្លោះ​។​

  • ធនាគារ​កណ្តាល​សិង្ហបុរី​ បន្ធូរ​គោលនយោបាយ​រូបិយវត្ថុ

    ក្រុងសិង្ហបុរីៈ ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃ​ចន្ទ​បាន​បន្ធូរបន្ថយ​គោលនយោបាយ​រូបិយវត្ថុ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ៣ ​ឆ្នាំ ខណៈ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​បញ្ចេញ​ឥទ្ធិពល ស្រប​ពេល​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការនាំចេញ​មួយ​នេះ​បាន​គេច​ផុតពី​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​ ៣​។