ស្ទឹងត្រែង: ឫស​ឈើ​ដុះ​ហើប​ផុត​ពី​ផ្ទៃ​ទឹក ឆ្នេរ​ខ្សាច់​ទន្លេ​ពណ៌​សក្បុស​រំលេច​ជា​កូន​កោះ​រាប់រយ​លើ​ដង​ទន្លេមេគង្គ អន្លង់​ផ្សោត ព្រម​ទាំង​ពពួក​ត្រី​យក្ស​កម្រ និង​ព្រៃ​លិច​ទឹក គឺជា​គោលដៅ​ទាក់​ចិត្ដ​ភ្ញៀវទេសចរ​ពី​ជុំវិញ​ពិភពលោក​មក​កម្សាន្ដ​លើ​តំបន់​ដីសើម​រ៉ាមសា​ក្នុង​ខេត្ដ​ស្ទឹងត្រែង​។

ភាគ​ខាង​ជើង​ក្រុង​ស្ទឹងត្រែង​តំបន់​ដីសើម ១៤៦០០ ហិកតា​លាតសន្ធឹង​ជិត ៤០ គីឡូម៉ែត្រ​តាម​ដង​ទន្លេមេគង្គ​ទៅកាន់​ព្រំដែន​កម្ពុជា-ឡាវ ត្រូវ​បាន​ចុះបញ្ជី​ជា​អនុសញ្ញា​ស្តីពី​តំបន់​ដីសើម​ដែល​មាន​សារៈសំខាន់​ជា​អន្តរជាតិ​ (​អនុសញ្ញា​រ៉ាមសា​) ដែល​អភិវឌ្ឍ​លើ​តំបន់​ដីសើម​។ វា​ជា​ទីតាំង​ព្រៃ​លិច​ទឹក​ដែល​រមែង​លិច​កប់​ក្រោម​ទឹក​រៀងរាល់​រដូវ​ទឹក​ឡើង រួច​រំលេច​នូវ​ឫស​ឈើ​ច្រូងច្រាង​ពេល​ទឹក​ស្រក​។

លោក អ៊ន់ ប៉ោសឿន ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា​៖ «​តំបន់​ព្រៃ​ទឹក​សម្បូរ​ធនធាន​ធម្មជាតិ ជីវចម្រុះ ជាពិសេស អន្លង់​មច្ឆា​ធំៗ សត្វ​កម្រ​។ ក្រសួង​បរិស្ថាន​បាន​ធ្វើ​កិច្ចការ​អភិរក្ស​ជា​តំបន់​ដីសើម​ទន្លេមេគង្គ​»​។

ភ្ញៀវទេសចរ​អុំទូក​កាយ៉ាក់​ទៅ​ទស្សនា​ទេសភាព​តំបន់​ព្រៃ​លិចទឹក​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

លោក​បាន​និយាយ​ថា​ដោយសារ​ធនធាន​ធម្មជាតិ​មាន​ស្រាប់ ការបម្រើ​ទៅ​លើ​វិស័យ​ទេសចរណ៍​គឺជា​ទេសចរណ៍​ធម្មជាតិ ផ្សងព្រេង​តាម​ដង​ទន្លេមេគង្គ ស្វែងយល់​ពី​សក្ដានុពល​ផ្សេងៗ​ដូចជា អន្លង់ ថ្មកំបោរ ជួរ​ទឹក [​កន្លែង​ទឹក​ហូរ​ខ្លាំង​លើ​ដង​ទន្លេ​] បក្សី ព្រៃ​លិច​ទឹក​ដែល​មាន​ដើមឈើ​ធន់​នឹង​ទឹក និង​រំលេច​នូវ​ឫស​ឈើ​ស្ញេញស្ញាញ​។

អំឡុង​រដូវប្រាំង​នេះ​តំបន់​មួយ​ចំនួន​បាន​ផុសចេញ​នូវ​វាល​ខ្សាច់ និង​ទឹកស្អាត​គួប​ព្រៃ​លេច​ទឹក​ស័ក្ដិសម​ចំពោះ​ការបោះ​ជំរំ​ស្នាក់​នៅក្នុង​តំបន់​ដែន​កោះ​ជាច្រើន​។

ប្រធាន​មន្ទីរ​រូបនេះ​បាន​បន្ដ​ថា​៖ «​ផ្នែក​ខ្លះ​នៃ​តំបន់​សហគមន៍​បាន​នាំ​គ្នា​រៀបចំ​ក្យូស​លម្ហែកាយ​នៅ​លើ​វាលខ្សាច់​។ ជាក់ស្ដែង​សហគមន៍​អេកូទេសចរណ៍​សម្រស់​កោះ​ហាន​បាន​សង់​ក្យូស​ច្រើន​ដែរ​សម្រាប់​ភ្ញៀវ​ទេសចរ​។ ក្នុង​តំបន់​នោះ​មាន​ព្រៃ​លិច​ទឹកស្អាត រួមទាំង សត្វ​បក្សី​មួយ​ចំនួន​ទៀត​ជា​ប្រភេទ​សត្វ​កម្រ​»​។

លោក​បន្ថែម​ថា​៖ «​ដោយ​មាន​ការចូលរួម​ចំណែក​ពី​វិស័យ​ឯកជន​ដូចជា ទីភ្នាក់ងារ​ទេសចរណ៍ និង​ក្រុមហ៊ុន​ទេសចរណ៍​ដែល​ជួយ​លើកកម្ពស់ និង​យល់ដឹង​ពី​ទេសចរណ៍​ផ្សារភ្ជាប់​ធម្មជាតិ​។

ការបោះ​ជំរំ​នៅ​ឆ្នេរ​ខ្សាច់​សក្បុស​គឺជា​សកម្មភាព​ពេញនិយម​មួយ​ចំពោះ​ទេសចរ​ទាំង​ជាតិ និង​អន្ដរជាតិ​។ នៅក្នុង​តំបន់​រ៉ាមសា​ចាប់ពី​រមណីយដ្ឋាន​បក្សី​មេគង្គ សុទ្ធតែ​ជា​តំបន់​ធម្មជាតិ​ស្រស់ស្អាត​រួមទាំង​កោះ​ខេ និង​កោះ​ហាន​ក្បែរៗ​ក្រុង​រហូត​ដល់​កោះ​ល្ង​ និង​អន្លង់​ឈើទាល​ក្នុង​សហគមន៍​ព្រះ​រំកិល ស្រុក​ថា​ឡាបរិវ៉ាត់ ក្បែរ​ព្រំដែន​កម្ពុជា-​ឡាវ​។

តង់​តម្រៀប​គ្នា​ជា​ជួរ​លើដី​ខ្សាច់​សក្បុស អម​ទេសភាព​ថ្ងៃ​លិច​គង​ភ្នំ​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

ហ៊ាន ហាណា អាជីវករ​លក់​គ្រឿងសង្ហារិម​ឈើ អាយុ ២៧​ ​ឆ្នាំ​និយាយ​ថា​៖ «​ចំពោះ​ខ្ញុំ​ការធ្វើ​ដំណើរ​កម្សាន្ដ​ផ្សងព្រេង​នេះ​គឺជា​ចំណូល​ចិត្ដ​ខ្ញុំ ថ្វីដ្បិត​តែ​មាន​ការលំបាក​បន្ដិចបន្ដួច ហើយ​ខ្ញុំ​មិន​ចេះ​ហែល​ទឹក​យ៉ាងណា​ក៏ដោយ​។ ខ្ញុំ​ចូលចិត្ដ​ទស្សនា​ផ្សោត ឆ្នេរ​ខ្សាច់ ព្រៃ​លិច​ទឹក បោះជំរំ និង​ងូតទឹក​ទន្លេ ហើយ​វា​ដិតដាម​ក្នុង​អារម្មណ៍​ខ្ញុំ​ជានិច្ច​»​។

សម្រាប់​អ្នក​មិន​ចង់​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ក្រុង​ដោយ​មាន​ចម្ងាយ​ប្រមាណ​តែ ២០ ​គីឡូម៉ែត្រ​តាមរយៈ​ផ្លូវជាតិ​លេខ ៧ ឆ្ពោះ​ទៅ​កាន់​ព្រំដែន ប្រធាន​មន្ទីរ​រូបនេះ​បាន​ណែនាំ​ឲ្យ​ទៅ​កម្សាន្ដ​តំបន់​រមណីយដ្ឋាន​កោះ​ហាន​ដែល​មាន​សម្រស់​ស្រស់ស្អាត​។ ចំពោះ​ភ្ញៀវ​ចូល​លេង​នៅ​រមណីយដ្ឋាន​បក្សី​មេគង្គ​ក៏​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ទៅ​កាន់​ដែន​កោះ​ហាន​ផង​ដែរ​។

ភាព​ស្អាត​ប្លែក និង​លេចធ្លោ​ដែល​មាន​តែ​នៅ​តំបន់​រ៉ាមសា​ទន្លេមេគង្គ ជាពិសេស​ប៉ែក​ខាង​លើ​នៃ​ខេត្ដ​ស្ទឹងត្រែង​នោះ​គឺ​វត្ដមាន​ដើម​រំជែក​ដែល​រំលេច​ឫស​ច្រូងច្រាង​រេ​ទៅ​តាម​លំហូរ​ទឹក​នៃ​ខ្យល់​មូសុង​។

លោក ប៉ោសឿន បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ថា​៖ «​វា​ថ្មី​ប្លែក​ខុស​ពី​តំបន់​ផ្សេងៗ ដោយសារ​យើង​មាន​ដើម​រំជែក​បញ្ចេញ​ឫស​ស្ញេញស្ញាញ​ដែល​ភ្ញៀវទេសចរ គាត់​ចង់​ឃើញ​ចង់​ស្គាល់​ដើមឈើ​ព្រៃ​លិច​ទឹក​»​។

ជាមួយ​វត្ដមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ទាំង​ការធ្វើ​ដំណើរ​បែប​ឯកជន និង​រៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន មន្ទីរ​ក៏​ទទួល​ស្គាល់​នូវ​ផលប៉ះពាល់​ដល់​ជីវចម្រុះ​ក្នុង​តំបន់​រ៉ាមសា​ផង​ដែរ​។

លោក អ៊ន់ ប៉ោសឿន បាន​លើក​ឡើង​ថា​៖ «​យើង​បាន​ណែនាំ​ភ្ញៀវទេសចរ និង​តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍​ពី​ការចូលរួម​ថែទាំ​បរិស្ថាន​។ យើង​ត្រូវ​ចូលរួម​ចំណែក​ទាំងអស់​គ្នា​ដោយ​កុំ​បង្កើត​នូវ​កាកសំណល់ សម្អាត​អនាម័យ​បរិស្ថាន កុំ​កាប់​បំផ្លិចបំផ្លាញ​ព្រៃ​។

បក្សី​ទំ​លើ​ដើមឈើ និង​ខ្លះ​ហើរ​ឆ្វែលឆ្វាត់​គួរ​ជា​ទីគយគន់​។ រូបថត ភ្នំពេញ ប៉ុស្ដិ៍

លោក​ទទួល​ស្គាល់​ថា​ផលប៉ះពាល់​តែងតែ​មាន​ខ្លះ​ដោយ​មនុស្ស​ជាច្រើន​ចូល​ទៅ​ដល់​ដែន​ជម្រក​ធម្មជាតិ​របស់​សត្វ​ស្លាប និង​មច្ឆា​។ ប៉ុន្ដែ​លោក​អះអាង​ថា វា​មិន​ធ្ងន់ធ្ងរ​រហូត​ដល់​ដំណាក់កាល​ត្រូវ​ផ្ដាច់​ភ្ញៀវទេសចរ​នោះ​ទេ​។

លោក អ៊ន់ ប៉ោសឿន បាន​និយាយ​ដោយ​ដកស្រង់​ទិន្នន័យ​ពី WWF ថា ស្ថិត​នៅ​ក្បែរ​ព្រំដែន​កម្ពុជា-ឡាវ អន្លង់​ឈើទាល ជម្រក​សត្វ​ផ្សោត​មាន​ចំនួន ៣ ​ក្បាល ខណៈ​ជម្រក​ផ្សោត​ក្នុង​ខេត្ដ​មាន​ចំនួន ៤ ​អន្លង់​។

នៅលើ​ដង​ទន្លេមេគង្គ​ក្នុង​ឃុំ​អូរស្វាយ ស្រុក​ថាឡាបរិវ៉ាត់​ចម្ងាយ​ ៥៧ ​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​ស្ទឹងត្រែង ស័ក្ដិសម​ជា​ទីដំណើរ​កម្សាន្ដ​ជិះទូក​កាយ៉ាក់​គយគន់​ឫស​ឈើ​ខ្ពស់ៗ​ច្រូងច្រាង និង​ហ្វូងបក្សី​រាប់ពាន់​ក្បាល​ព្រម​ទាំង​ងូត​ទឹក​ទន្លេ​ថ្លាឈ្វេង​ដ៏ត្រជាក់ស្រេង និង​បោះតង់​លើ​កម្រាល​ព្រំ​ពពក​ស្រស់ស្អាត​៕