បន្ទាយមានជ័យៈ ខណៈរដូវកាលចូលឆ្នាំថ្មីប្រពៃណីខ្មែរខិតជិតមកដល់នោះ ទេសចរទីជិតឆ្ងាយ អាចសាកល្បងប្តូរចំណាប់អារម្មណ៍ការកម្សាន្ត ដែលដើមឡើយធ្លាប់តែពេញនិយមសម្រាប់ភ្ញៀវបរទេស។ នោះគឺទៅជិះទូកលេងទស្សនាសត្វស្លាបទឹក ពពួកសត្វជីវៈចម្រុះច្រើនប្រភេទ និងបណ្តុំទេសភាពធម្មជាតិ ដ៏ស្រស់ស្អាត នៃរមណីយដ្ឋានអាងទឹកត្រពាំងថ្ម។
រមណីយដ្ឋាន អាងទឹកត្រពាំងថ្ម លាតសន្ធឹងនៅលើផ្ទៃដីទំហំ ១២ ៦៥០ ហិកតា មានភូមិចំណុះជាច្រើនស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយចេញពីចំណុចនៃផ្លូវបំបែកស្រុកព្រះនេត្រព្រះ។
ទេសចរធ្វើដំណើរចេញពីទីរួមស្រុកភ្នំស្រុកចម្ងាយប្រមាណ ១០ គីឡូម៉ែត្រ នឹងបានប្រទះឃើញនូវ អាងទឹកត្រពាំងថ្មដែល ជាសមិទ្ធផលសល់ពីសម័យប៉ុលពត ដែលត្រូវបានកសាងនៅឆ្នាំ ១៩៧៦ និងជាគម្រោងជួសជុលស្តារឡើងវិញក្រោមមូលនិធិបដិភាគនៃជំនួយក្រៅគម្រោងរបស់ជប៉ុននៅឆ្នាំ ២០០៤។
លោក ឈិត ផាន អនុប្រធានភូមិសំបូរ នៃឃុំប៉ោយចារ និងជាសមាជិកនៃក្រុមមគ្គុទេសក៏ទេសចរណ៍មើលសត្វស្លាប របស់មជ្ឈមណ្ឌលសំវាសនា ដែរនោះ បានប្រាប់ពីកំណកំណើតនៃអាងទឹកត្រពាំងថ្ម ថា៖ «អាងទឹកនេះកើតឡើងកាលសម័យខ្មែរក្រហម ដែលជាសមិទ្ធផលកើតចេញពីការកសាងទំនប់ទឹកដោយក្រុមប្រជាពលរដ្ឋនៃសហករណ៍តំបន់ ៤ និងតំបន់ ៥»។
លោកបានណែនាំថា អាងទឹកនេះ មានទំហំលាតសន្ធឹងនៅលើផ្ទៃដី ១២៦៥០ ហិកតា តំបន់កណ្តាលនៃផ្ទៃអាងមានទឹកជ្រៅៗអាចបើកទូកជិះកម្សាន្តលេងបាន ខណៈទីនៅអែបៗច្រាំង ដែលមានស្មៅ ព្រលឹត រំចង់ ឬឈូកដុះរដិបរដុបនោះ គ្រាន់តែអាចជិះទូកនេសាទតូចៗប៉ុណ្ណោះ។
ចំពោះពេលវេលាល្អនៃការទស្សនាសត្វស្លាបទឹក លោកអនុប្រធានភូមិសំបូររូបនេះ បានឲ្យដឹងថា៖ «តាមធម្មតាប្រសិនបើចង់មើលសត្វស្លាបដូចជា កុក ប្រវឹក ឬទាព្រៃ ក្អែកទឹក ជាដើមនោះ គ្រាន់តែរួសរាន់មកពីព្រឹកបន្តិច ទើបអាចមើលឃើញនូវពពួកសត្វទាំងអស់នេះនៅជុំគ្នាច្រើន តែបើពេលថ្ងៃបន្តិចរាងខ្សត់ពួកវា»។
យ៉ាងណាលោក បានបញ្ជាក់ទៀត៖ «ចំណែកឯពពួកសត្វក្រៀលវិញ គឺត្រូវការពេលវេលាយូរ ឬត្រូវរង់ចាំការឲ្យដំណឹងពីក្រុមអ្នកល្បាតព្រៃជាមុនសិនដែរ ព្រោះថាអាចនឹងខកបំណងក្នុងការចង់មើលសត្វក្រៀល ជាយថាហេតុគឺអាចអត់បានឃើញពួកវា។ ចំពោះពេលវេលាល្អសម្រាប់មកមើលសត្វទាំងនេះ គឺនៅចន្លោះចាប់ពីខែ មករា ដល់ខែ មីនា តែប៉ុណ្ណោះ»។
ទេសចរក៏អាចជិះទូកស្មាច់ គយគន់ទេសភាពផ្ទៃទឹកអាងត្រពាំងថ្ម ដ៏ធំល្វឹងល្វើយ ប្រៀបដូចជាកូនសមុទ្រទឹកសាបមួយ ធ្វើឲ្យអារម្មណ៍រីករាយ ធូរស្បើយពីការនឿយហត់ ខណៈដែលនៅទីនេះក៏ជាតំបន់កម្សាន្តមានសក្តានុពលនៅស្រុកភ្នំស្រុក របស់ខេត្តបន្ទាយជ័យ។
លោកឈិត ផាន បន្ថែមថា៖ «តែយ៉ាងណាក្តីសម្ទុះភ្ញៀវមកលេងនៅមានតាមរដូវកាលនៅឡើយ គឺសម្បូរច្រើនកកកុញនៅរដូវចូលឆ្នាំខ្មែរ ខណៈនៅថ្ងៃធម្មតាមិនសូវមានទេ ហើយភ្ញៀវភាគច្រើនមកកម្សាន្តនៅពេលថ្ងៃត្រង់ពេលបាយ បន្តរហូតដល់ពេលរសៀល»។
គួរបញ្ជាក់ដែរថា អាងទឹកត្រពាំងថ្មនេះ អាចស្តុកទឹកបានចំណុះ ៣០០ លាន ម៉ែត្រគូប និងស្រោចស្រពលើផ្ទៃដីស្រូវប្រាំង និងវស្សាសរុបប្រមាណជិត ៦០ ០០០ ហិកតា នេះបើតាមស្ថិតិរបស់ក្រសួងធនធានទឹក និងឧតុនិយម៕