កំពតៈ តម្រៀប​ជា​ជួរ​ជិត​ស្ពាន​ចាស់​ចម្ងាយ​តែ ៣០ ​ម៉ែត្រ​ពី​ផ្សារ​ក្ដាម​កំពត ទូក​ទេសចរណ៍​ប្រមាណ​ជិត​ ១០ ​គ្រឿង​រំលេច​ពណ៌​ចម្រុះ​កំពុង​សំចត​រង់ចាំ​ភ្ញៀវទេសចរ​ឡើង​ជិះទូក​លេង​កម្សាន្ត ញ៉ាំ​អាហារ ក្រេប​ភេសជ្ជៈ ក្លែម​ទេសភាព​ធម្មជាតិ​ដ៏ស្រស់ត្រកាល វេលា​សុរិយា​រៀប​អស្តង្គត​ជះ​ពន្លឺ​ក្រហមច្រាល​ឯជើង​មេឃ​ជាប់​ជួរ​ភ្នំ​។

ចាប់ផ្តើម​ដំណើរការ​ដំបូង​ជាមួយ​ចំនួន​ទូក​ត្រឹម​តែ​ ២-៣ ​គ្រឿង​នោះ​នៅ​ឆ្នាំ​ ២០១៤ ដំណើរ​កម្សាន្ត​តាម​ទូក​ទេសចរណ៍​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​ពី​សំណាក់​ភ្ញៀវ​ខ្មែរ និង​បរទេស​ដែល​មក​លម្ហែកាយ​នៅ​ទឹកដី​ល្បី​ផ្លែ​ទុរេន​ផ្អែម​ឆ្ងាញ់​មួយ​នេះ​។

ស្ពាន​បំភ្លឺ​ភ្លើង​នាពេល​រាត្រី ឯ​កំពង់ទូក​ទេសចរណ៍​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ម្ចាស់​ទូក​ទេសចរណ៍​ឡបលីបត (Lovely boat) លោក អ៊ិត សារី បាន​រៀបរាប់​ថា​៖ «​ភ្ញៀវ​ដែល​មក​ជិះទូក​កម្សាន្ត​ក្នុង ១ ​នាក់​ជនជាតិខ្មែរ​គឺ ១០០០០៛ មិន​ថា​ថ្ងៃបុណ្យ ឬ​ថ្ងៃ​អត់​បុណ្យ​នោះទេ​។ បើ​ភ្ញៀវ​បរទេស​ម្នាក់ ២០០០០៛​។ សម្រាប់​សេវាកម្ម​មាន​ដូចជា​គ្រឿង​សមុទ្រ និង​ម្ហូប​ទូទៅ​ជាច្រើន​មុខ​ទៀត ហើយ​មាន​តម្លៃ​សមរម្យ​អត់​ថ្លៃ​ទេ​ចាប់ពី ២ ​ដុល្លារ​ដល់ ៦ ​ដុល្លារ​»​។

ដំណើរ​កម្សាន្ត​ពេល​រសៀល​លើ​នាវា​បក់​ដោយ​ជំនោរ​ត្រជាក់ចិត្ត ភ្ញៀវទេសចរ​នឹង​ទទួល​បាន​បទពិសោធ​ថ្មី​ដ៏រំជើបរំជួល ពេល​ដែល​ទូក​បរ​ក្រោម​ស្ពាន​ចាស់​យ៉ាង​កៀក​កិត​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ខ្លះ​ផ្ដេក​ខ្លួន​ខ្លាច​ប៉ះ និង​ខ្លះ​ទៀត​ស្រូត​ទាញ​ទូរស័ព្ទ​ថត​សែលហ្វ៊ី​។

នាវា​បរ​សន្សឹមៗ​ជា​ឱកាស​ឲ្យ​ភ្ញៀវ​គយគន់​ទេសភាព​ពណ៌​បៃតង​តាម​ដងព្រែក សម្រស់​ជួរ​ភ្នំ​បូកគោ​រលក​រលេញ និង​សំឡេង​សត្វ​ស្លាប​យំ ហើរ​ចូល​ទ្រនំ ហាក់បី​ដូចជា​តន្ត្រី​ធម្មជាតិ​កំដរ​អារម្មណ៍​យ៉ាង​លន្លង់លន្លោច​។

អ្នកបើក​នាវា​មាន​បទពិសោធ​ច្រើន​ឆ្នាំ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

លុះ​ធ្វើ​ដំណើរ​បាន​ជិត​ ១ ​ម៉ោង​ស្របពេល​ដែល​ស្បៃ​រាត្រី​ចូល​មក​ដល់​ទូក​ទេសចរណ៍​ក៏​ឈប់​សំចត​សម្រាក​នៅ​ក្បែរ​មាត់​ព្រែក ដែល​សម្បូរ​ទៅ​ដោយ​ដើមឈើ​ធំៗ​ជា​កន្លែង​ទស្សនា​សត្វ​អំពិលអំពែក បញ្ចេញ​ពន្លឺ​រេរាំ​ឆ្វែលឆ្វាត់ តាម​សូរ​តន្ត្រី ជា​ទស្សនីយភាព​ធ្វើឲ្យ​ការទទួលទាន និង​ក្រេប​ភេសជ្ជៈ​កាន់តែ​ពិសេស​។

យ៉ាងណា​មិញ​លោក អ៊ិត សារី បញ្ជាក់​ថា​អំឡុង​ពេល​រដូវក្ដៅ​ដែល​ជា​វេលា​សម្បូរ​ភ្ញៀវ​ទាំង​ខ្មែរ និង​បរទេស​នោះ​សត្វ​អំពិលអំពែក​មិន​សូវ​សម្បូរ​ប៉ុន្មាន​នោះទេ​។

ម្ចាស់​ទូក​វ័យ ៤២ ឆ្នាំ​រូប​នេះ​ណែនាំ​ថា​៖ «​បន្ទាប់ពី​រដូវក្តៅ​កន្លង​ផុត​សត្វ​អំពិលអំពែក​មាន​ចំនួន​ច្រើន និង​បញ្ចេញ​ពន្លឺ​នៅ​លើ​ដើមឈើ​ដូចជា​ដើម​គ្រិស្ត​ស្មាស់ ដែល​គេ​បំពាក់​ភ្លើង​ពណ៌​ដូច្នោះ​ដែរ​»​។

ភ្ញៀវ​គយគន់​ថ្ងៃ​លិច និង​ថតរូប​បក្សី​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ទូក​ទេសចរណ៍​ឡបលីបត កម្ពស់​​ ២ ​ជាន់ និង​មាន​ការរចនា​ភ្លើងពណ៌ រុក្ខជាតិ​លម្អ​នៅ​តាម​បង្កាន់ដៃ​។ ទូក​អាច​ផ្ទុក​ភ្ញៀវទេសចរ​ប្រមាណ​ជាង ១០០ នាក់​ជាមួយ​តៃកុង​បញ្ជា​នាវា​មាន​បទពិសោធ​ច្រើន​ឆ្នាំ​ក្នុង​ការបើក​នាវា​ធំៗ​នៅ​សមុទ្រ ហើយ​ស្គាល់​ច្បាស់​ពី​ភូមិសាស្ត្រ​នីវ៉ូ និង​ចរន្ត​ទឹក​។

ក្នុង​ ១ ​ថ្ងៃ​ទូក​ចេញ​ដំណើរ​ចំនួន ២ ជើង​ចាប់ពី​ម៉ោង ៥:៣០ ​ល្ងាច​ដល់​ម៉ោង ៧:៣០ ​យប់ និង​ចាប់​ម៉ោង ៧:៣០ ​យប់​ដល់​ម៉ោង ៩:៣០ ​យប់​ដោយ​ត្រឡប់​មកវិញ​ភ្ញៀវទេសចរ​អាច​នៅ​អង្គុយ​លេង​កម្សាន្ត​ញុំា​អាហារ និង​ស្តាប់ភ្លេង​រហូត​ដល់​ម៉ោង​ ១២ អធ្រាត្រ​។

នាវា​ឆ្លងកាត់​ស្ពានដែក​មាន​កម្ពស់​ទាប​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ក្នុង​ ១ ​ថ្ងៃ​ទូក​ទេសចរណ៍​នេះ​ទទួល​ភ្ញៀវ​ទេសចរ​បាន​ចន្លោះ​ពី ៦០ ទៅ ៧០ ​នាក់​ដោយ​រដូវកាល​បុណ្យទាន និង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្ដាហ៍​ចំនួន​ភ្ញៀវ​រឹតតែ​ច្រើន​។

តោះ! ទៅ​លេង​ទឹកដី​កំពត​លើក​ក្រោយ​កុំ​ភ្លេច​ឆៀង​ចូល​ជិះ​ទូក​មើល​ថ្ងៃ​រៀប​លិច​។ ព័ត៌មាន​បន្ថែម​មាន​នៅ​ទំព័រ​ហ្វេសប៊ុក​ទូក​ទេសចរណ៍​ឡបលី និង​ទូរស័ព្ទ​លេខ ០៩៧ ៧៩៧ ៤៧៧៧, ០៨៩ ៩១២ ១៣០ និង ០៩៨ ៨៩៤៨ ៣៤៕

វីដេអូ៖