សៀមរាបៈ ដោយមើលឃើញវិស័យទេសចរណ៍នៅខេត្តសៀមរាបមានការរីកចម្រើនពីមួយ ថ្ងៃទៅមួយថ្ងៃ លោក លី សំអឿន ប្រធានគ្រប់គ្រងទូកគង្គាអង្គរ រួមទំាងក្រុមការងារ បានលេចចេញនូវគំនិតមួយគឺការបើកនូវសេវាកម្មទូកក្បាច់បុរាណ សម្រាប់ជួលជិះកម្សាន្តតាមគូទឹកជុំវិញប្រាសាទអង្គរធំ។
អ្នក គ្រប់គ្រងរូបនេះបានឲ្យដឹងថា លោកបានបើកអាជីពនេះតាំងពីពាក់កណ្តាលឆ្នាំ ២០១០ មកម្ល៉េះ ដោយសារតែលោកមើលឃើញថា អាជីពជិះទូកបែបខ្មែរបុរាណនេះពុំទាន់ឃើញមានខាងណាគេធ្វើនៅ ឡើយ។ ការលេចចេញនូវគំនិតច្នៃប្រឌិតទូកក្បាច់គួរឲ្យទាក់ទាញនេះ ត្រូវបានលោក លី សំអឿន ឲ្យដឹងថា ការរចនានេះត្រូវបានធ្វើឡើងទៅតាមចម្លាក់នៅតាមជញ្ជាំងប្រាសាទ នានា។
លោកនិយាយថា៖«ជីវភាពប្រជាជនសម័យមុនគេប្រើប្រាស់ ទូក អ៊ីចឹងហើយខ្ញុំក៏ផ្តិតយករូបចម្លាក់តាមជញ្ជាំងប្រាសាទនានាដូចជាប្រាសាទអង្គវត្ត បាយ័ន ជាដើម មកឲ្យគេធ្វើជាទូក ប៉ុន្តែមិនបានធ្វើធំដូចជាក្នុងរូបចម្លាក់តាមប្រាសាទដែលគេអាច ដាក់ជិះបានមនុស្សច្រើននោះទេ គឺយើងធ្វើតូចល្មមដែលអាចដាក់ភ្ញៀវបាន៤ទៅ៥នាក់ក្នុងមួយទូក»។

លោកបន្តថា៖«រយៈពេល៣ឆ្នាំនេះ យើងមានការគាំទ្រច្រើនពីភ្ញៀវជាតិ និងអន្តរជាតិដូចជា ពួកអឺរ៉ុប ជប៉ុន កូរ៉េ និងចិន ចំណែកឯភ្ញៀវខ្មែរយើងវិញ ភាគច្រើនគាត់មកជិះពេលឈប់សម្រាកពីការងារ និងពេលបុណ្យទាន»។
ដើម្បី បម្រើសេវាភ្ញៀវជាតិ និងអន្តរជាតិឲ្យកាន់តែប្រសើរ អ្នកគ្រប់គ្រងរូបនោះបានឲ្យដឹងថា ទូកក្បាច់បុរាណនេះត្រូវបែងចែងជាពីរប្រភេទ គឺប្រភេទស្តង់ដារ និងប្រភេទ VIP។
លោក លី សំអឿន បានឲ្យដឹងថា សម្រាប់ទូកស្តង់ដារ គឺអាចដាក់ភ្ញៀវបាន៤នាក់ និងអ្នកចែវទូកម្នាក់។ រីឯតម្លៃសម្រាប់ភ្ញៀវខ្មែរក្នុងមួយទូកតម្លៃ២០ដុល្លារ ក៏ប៉ុន្តែសម្រាប់ភ្ញៀវបរទេសវិញគឺគិតក្នុងម្នាក់ ១៥ ដុល្លារ ហើយសេវាកម្មនេះ គឺមានបន្ថែមជូននូវទឹកសុទ្ធ និងកន្សែងត្រជាក់ផងដែរ។ ចំពោះទូក VIP វិញក្នុងមួយទូកអាចដាក់បាន ២នាក់ និងអ្នកចែវទូកម្នាក់ មានបន្ថែមទឹកក្រូច ទឹកសុទ្ធ និងកន្សែងត្រជាក់ ចំពោះតម្លៃវិញគឺ៥០ដុល្លារទំាងភ្ញៀវជាតិ និងអន្តរជាតិ។
លោក សំអឿន និយាយថា៖«សេវាទូកចាប់ផ្តើមធ្វើដំណើរពីម៉ោង៧ព្រឹក រហូតដល់៦ល្ងាច។ ក្នុងការជិះម្តងគឺមានរយៈពេលប្រមាណជា ៤០ នាទីទៅ ៦០ នាទី ដោយយើងជិះចេញពីខ្លោងទ្វារខាងត្បូង ឬខ្លោងទ្វារទន្លេអុំជិះតាមស្ទឹងកំផែងប្រាសាទអង្គរធំ ហើយយើងឈប់មើលប្រាសាទមួយសន្ទុះ ចុះថតរូបលេងហើយ ទើបយើងអុំត្រឡប់មកវិញ»។
ក្រៅពីសេវាដាក់ទទួលភ្ញៀវទេសចរ ទូកគង្គាអង្គរ ក៏មានបន្ថែមសេវាកម្មសម្រាប់គូសា្វមីថតរូបមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ផងដែរ។
លោក សំអឿន បញ្ជាក់ថា៖ «ពិសេសជាងនេះទៅទៀត គឺយើងក៏មានសេវាកម្មបម្រើជាអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាចនៅលើទូកដល់ភ្ញៀវផងដែរ តែភ្ញៀវត្រូវតែធ្វើការកក់ជាមុនសិន ទើបអាចរៀបចំជូនទាន់ពេលវេលា»៕