The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឈូង​សមុទ្រ​ហាឡុង​វៀតណាម​រង​ការ​គំរាម​ពី​ចរាចរណ៍​ផ្លូវ​ទឹក




ឈូង​សមុទ្រ​ហាឡុង​វៀតណាម​រង​ការ​គំរាម​ពី​ចរាចរណ៍​ផ្លូវ​ទឹក

ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៅ​ឆ្នេរ​សមុទ្រ ហាឡុង ប្រទេស​វៀតណាម ដែល​កំពុង​យាយី​ដោយ​វត្តមាន​កប៉ាល់​ទេសចរណ៍​ច្រើន​ពេក។
ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៅ​ឆ្នេរ​សមុទ្រ ហាឡុង ប្រទេស​វៀតណាម ដែល​កំពុង​យាយី​ដោយ​វត្តមាន​កប៉ាល់​ទេសចរណ៍​ច្រើន​ពេក។

ឈូង​សមុទ្រ​ហាឡុង​វៀតណាម​រង​ការ​គំរាម​ពី​ចរាចរណ៍​ផ្លូវ​ទឹក

ក្រុងហាណូយ: កា​រជិះ​ទូក​ក្ដោង​បុរាណ​នៅ​សមុទ្រ​ហាឡុង ប្រទេស​វៀតណាម ពិត​ជា​ទិដ្ឋភាព​មួយ​មិន​អាច​បំភ្លេច​បាន​ ជាមួយ​នឹង​ផ្ទាំង​សិលា​ព័ន្ធ​ព័ទ្ធ​ដោយ​រុក្ខជាតិ​បៃតង​ផុស​ចេញ​ពី​ផ្ទៃ សាគរ​ខៀវ​ស្រងាត់។

យ៉ាង​ណា​មិញ ទេសភាព​ដូច​ផ្ទាំង​គំនូរ​នេះ កំពុង​ប្រឈម​នឹង​ការ​បំផ្លិច​បំផ្លាញ​ ចាប់តាំង​ពី​ឈូង​សមុទ្រ​ហាឡុង​បាន​ក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​បំផុត​នៅ ប្រទេស​វៀតណាម ដែល​ទាក់ទាញ​ភ្ញៀវ​៥,៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​នោះ​។ យោង​តាម​រដ្ឋបាល​ទេសចរណ៍ វៀតណាម ក្នុង​នោះ​មាន​៥០​ភាគរយ គឺជា​ភ្ញៀវ​ទេសចរ​បរទេស​។

ពួក​គេ ត្រូវ​ធ្វើ​ដំណើរ​៣​ម៉ោង​ពី​ក្រុង​ហាណូយ ដើម្បី​ទៅ​ដល់​កំពង់​ទូក។ យ៉ាង​ណាមិញ ពេលវេលា​១​ថ្ងៃ​មិន​អាច​ឲ្យ​ភ្ញៀវ​ទស្សនា​សព្វ​ជ្រុង​ជ្រោយ​នៃ​ទេសភាព សមុទ្រ​ហាឡុង​ដែល​មាន​វិសាលភាព​១៥៥០ គីឡូម៉ែត្រ​ក្រឡា​ឡើយ។

អ្វី​ដែល​ កាន់​តែ​រំខាន​នោះ​គឺ​វត្តមាន​សំរាម និង​ការ​បំពុល​បរិស្ថាន​ដ៏​ធ្ងន់ធ្ងរ​នៅ​បរិវេណ​កំពង់​ផែ ដែល​ហេតុការណ៍​នេះ​ចាប់​ផ្ដើម​ពេល​ដែល​ឆ្នេរ​ហាឡុង​បាន​ជាប់​ក្នុង​បញ្ជី​ បេតិកភណ្ឌ​ពិភពលោក​នៅ​ឆ្នាំ​១៩៩៤។ ចាប់ពី​ពេល​នោះ​មក​ភ្ញៀវ​ទេសចរ​បាន​មក​កកកុញ​ទស្សនា​ទីនេះ។ បើ​ធៀប​នឹង​ឆ្នាំ​២០១១ ចំនួន​កប៉ាល់​ទេសចរណ៍​បាន​កើន​ឡើង​២២​ភាគ​រយ ហើយ​តាម​ការ​ប៉ាន់ស្មាន​រហូត​ចុង​ឆ្នាំ​នេះ​នឹង​មាន​កប៉ាល់​ប្រមាណ​៧​ម៉ឺន គ្រឿង​ដឹក​ភ្ញៀវ​មក​ទស្សនា​សមុទ្រ​ហាឡុង។

ថ្វី​ដ្បិត​តែ​អាជ្ញាធរ​បាន​ ចេញ​វិធានការ​កាត់​បន្ថយ​ចំនួន​កប៉ាល់​ចូល​ចត​ក្ដី ក៏​ឆ្នេរ​នេះ​នៅ​តែ​រង​ការ​យាយី​សម្រស់​ដោយ​ខ្សែ​ភ្លើង​អគ្គិសនី​ខ្វែង​ ខ្វាត់ និង​ទីកន្លែង​លក់​ដូរ​រាត់​រាយ​មិន​គាប់ភ្នែក​ដដែល។

លោក ប៉ូល ហូល នាយក​ចាត់ការ​ក្រុមហ៊ុន​ទេសចរណ៍​ឥណ្ឌូ​ចិន ដែល​បាន​ដឹក​ភ្ញៀវ​មក​វៀតណាម​អស់​ជិត​២០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវ​របស់​លោក​ទាំង​អស់ ៩០​ភាគ​រយ​បាន​មក​ទស្សនា​សមុទ្រ​ហាឡុង។

លោក​បាន​ណែនាំ​ទេសចរ​កុំ​ឲ្យ​កក់ ​ដំណើរ​កម្សាន្ត​តាម​វិបសាយ និង​កុំ​ឲ្យ​ជ្រើសរើស​ការ​ធ្វើ​ដំណើរ​ចន្លោះ​ខែ​វិច្ឆិកា និង​កុម្ភៈ ព្រោះ​វា​ជា​រដូវ​កាល​សម្បូរ​អ័ព្ទ ធ្វើ​ឲ្យ​បាំង​បាត់​ទេសភាព​ថ្ម​ផុស​ចេញពី​សមុទ្រ។ លោក​ក៏​សង្ឃឹម​ថា អាជ្ញាធរ​នឹង​ដោះ​ស្រាយ​ពីបញ្ហា​បរិស្ថាន​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍