សៀមរាប: ស្ពានឈើ​ប្រវែង​ជាង ៥៤ ម៉ែត្រ សង់​លយ​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​មួយ ខណៈ​នៅ​ខាង​ចុង​ស្ពាន រចនា​ជា​រូប​បេះដូង​យ៉ាង​ស្រស់​ស្អាត គឺជា​ទីឋាន​សម្រាប់​ថត​រូប​សែលហ្វ៊ី ដ៏​សប្បាយ​រីករាយ​អម​នឹង​ព្រៃ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ដែល​មាន​ភាព​ទាក់​ទាញ​សម្រាប់​អ្នក​ទេសចរ​យ៉ាង​ខ្លាំង។

ស្ពានឈើ​នេះ​មាន​ឈ្មោះថា ស្ពាន​បេះដូង​ស្ថិតនៅ​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​បឹង​ត្រាវ​កុដិ​ក្នុង​ភូមិ​ក្រពើ ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង មាន​ចម្ងាយ ២៣ គីឡូម៉ែត្រ ខាង​ជើង​ឆៀង​ខាង​កើត​ក្រុង​សៀមរាប។

លោក អ៊ូ សុផាន់​ណា​រ៉ុង អាយុ ៥៣ ឆ្នាំ អនុប្រធាន​សហគមន៍​រមណីយដ្ឋាន​ធម្មជាតិ​ត្រាវ​កុដិ បាន​ប្រាប់​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​សង់​ស្ពាន​បេះដូង​នេះ​ឡើង គឺ​ដើម្បី​ទាក់​ទាញ​បន្ថែម​ដល់​ភ្ញៀវទេសចរ ជាពិសេស​ក្រុម​យុវវ័យ​មក​លេង​កម្សាន្ត​នៅ​បឹង​ត្រាវ​កុដិ​នេះ។

លោក​ថ្លែងថា៖ «ស្ពាន​បេះដូង​នេះ មាន​អត្ថន័យ​ជា​និស្ស័យ​របស់​មនុស្ស ជា​បេះដូង​នៃ​ក្តីសង្ឃឹម ក្តី​ស្រមៃ និង​ការ​យល់​ចិត្ត ការ​ពេញ​ចិត្ត​គ្នា ដែល​ជា​បំណង​របស់​មនុស្ស​គ្រប់​គ្នា»។

លោក​បាន​បន្តថា ស្ពាន​នេះ​ទើបតែ​កសាង​នៅក្នុង​ឆ្នាំ ២០១៨ នេះ ចំណាយ​ថវិកា​ប្រមាណ ១ ម៉ឺន​ដុល្លារ ដែល​ជា​ថវិកា​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​នៅ​តំបន់​នោះ បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​សហគមន៍។

ស្ពាន​បេះដូង​នេះ​មាន​ទទឹង​ប្រមាណ ៣ ម៉ែត្រ​ធំ​ទូលាយ និង​មាន​បង់​ឈើ​សម្រាប់​អង្គុយ​ស្រូប​យក​ខ្យល់​ធម្មជាតិ​ដ៏​ស្រស់​ថ្លា​បរិសុទ្ធ​ផង​ដែរ។ ភ្ញៀវទេសចរ​ភាគ​ច្រើន​ទៅ​ថត​រូប​លេង​កម្សាន្ត​នៅ​ទីនោះ​នា​ពេល​ល្ងាច។

ទិដ្ឋភាព​ក្យូស​លម្ហែ​របស់​សហគមន៍​​​រមណីយដ្ឋាន​ធម្មជាតិ​​ត្រាវកុដិ​​។ ផា លីណា

ក្រៅពី​ស្ពាន​បេះដូង នៅ​ជុំវិញ​នោះ ក៏មាន​ក្យូ​ស​លម្ហែ​ជាច្រើន​សម្រាប់​ជួបជុំ​ញ៉ាំ​អាហារ​និង​សម្រាក​លម្ហែកាយ។

បឹង​ធម្មជាតិ​ត្រាវ​កុដិ គឺជា​ទីកន្លែង​ដ៏​មនោ​រម្យ​មួយ​សម្រាប់​ក្រុម​ភ្ញៀវ​ទេសចរ​ពី​ឆ្ងាយ​មក​កម្សាន្ត ពី​ព្រោះ​វា​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​បំផុត​មួយ និង​មាន​ទេសភាព​ស្រស់​ស្អាត​ដែល អាច​ទាក់​ទាញ​ក្រុម​ភ្ញៀវ​ជា​លក្ខណៈ​គ្រួសារ​មក​កម្សាន្ត​ជាមួយ​នឹង​សកម្មភាព​ផ្សេងៗ​ដូចជា ស្ទូច​ត្រី ជិះទូក​លេង ហែល​ទឹក និង​សកម្មភាព​ដទៃ​ទៀត​ដូចជា ការ​បោះជំរំ​ជាដើម។

ទិដ្ឋភាព​កង់​ហោះ​ប៉ប្រះ​ចុងជើង លើ​ក្យូ​ស​លម្ហែ​រួមទាំង​សកម្មភាព​ជិះ​ខ្សែរ៉ក និង​ស៊ូភើមេន​ហោះ​ឆ្លង​កាត់​បឹង​នេះ ដែល​អ្នក​ហាត់​កីឡា​លើ​អាកាស​អាច​គយគន់​ទេសភាព​ភ្នំ ជាពិសេស បឹង​ត្រាវ​កុដិ​ដ៏៏​ធំ​ល្វឹង​ល្វើយ ក៏​ជា​ផ្នែក​មួយ​នៃ​រមណីយដ្ឋាន​ធម្មជាតិ​បឹង​ត្រាវ​កុដិ​ផង​ដែរ។

សូមបញ្ជាក់ថា បឹង​ត្រាវ​កុដិ ដែលមាន​វិសាលភាព​ផ្ទៃ​បឹង ប្រមាណ ៦០ ហិកតា​មាន​ប្រវែង ២៨ គីឡូម៉ែត្រ មាន​ព្រំ​ប្រទល់​ជាប់​នឹង​តំបន់​ភ្នំ​គូលែន គឺជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​សំខាន់​ដែលមាន​តួនាទី​ជួយ​បង្កើត​សេដ្ឋកិច្ច​របស់​តំបន់​ដាច់​ស្រយាល។ ក្រៅ​ពី​ជា​រមណីយដ្ឋាន​ធម្មជាតិ​សម្រាប់​ទេសចរ បឹង​នេះ​ក៏​ជា​អាង​ស្ដុក​ទឹក​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​ធ្វើ​ស្រែ​ចម្ការ​ផង​ដែរ៕

ស្ពាន​បេះដូង​បង្ហាញ​ពីក្ដី​ស្រឡាញ់​ជាទីឋាន​និយម​ថតរូប​សែលហ្វ៊ី។ ផា លីណា

ស្ពាន​បេះដូង​តភ្ជាប់​ពីស្ពាន​ឈើ​ប្រវែង ៥៤ ម៉ែត្រ​លយ​ចូល​បឹង​ត្រាវកុដិ។ផា លីណា

វីដេអូ៖