សៀមរាបៈ ទេសភាព​វាលស្រែ​បៃតង អម​សម្រស់​កូនភ្នំ ក្រោម​ជំនោរ​ខ្យល់​បរិសុទ្ធ​នៃ​ដែនដី​សម្បូរ​ប្រាសាទបុរាណ​សៀមរាប​អង្គរ​អាច​ធ្វើឲ្យ​ភ្ញៀវ​ទេសចរ​កាន់តែ​ទទួល​បាន​បទពិសោធ​ថ្មី​ប្លែក​ជាមួយ​ដំណើរ​គយគន់​ភូមិឋាន សម្រស់​ធម្មជាតិ និង​សំណង់​អច្ឆរិយ​ដោយ​ប្រើ​មធ្យោបាយ​ធ្វើ​ដំណើរ​ពី​បរមបុរាណ​ជា​ការជិះ​លើ​ខ្នង​សេះ​។

ដឺហេបភី រេនឆ៍ ហស្ស ហ្វាម (The Happy Ranch Horse Farm) គឺជា​កសិដ្ឋាន​ចិញ្ចឹម​សេះ​មួយ​ដែល​ស្ថិត​ក្នុង​ខេត្ត​សៀមរាប​ដែល​ផ្ដល់​ការកម្សាន្ត​នាំ​ភ្ញៀវទេសចរ​ជិះសេះ​លេង លម្ហែកាយ​យ៉ាង​ស្រស់ស្រាយ​ប្លែក​អារម្មណ៍​។

ស្ថាបនិក​កសិដ្ឋាន​លោក ប៉ាន់ សារី ជា​អ្នក​ស្រឡាញ់​សត្វ​សេះ​បាន​បម្រើការ​នៅ​ស្ថានទូត​អាមេរិក​មុន​ទៅ​សាង​ជីវិត​ថ្មី​នៅ​ទឹកដី​មហាអំណាច ពេល​ប្រទេស​កម្ពុជា​ជួប​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ ១៩៧៥​។ បន្ទាប់ពី​រស់នៅ​អាមេរិក​ជាង ៣០ ឆ្នាំ​លោក​បាន​សម្រេចចិត្ត​ប្រើប្រាស់​ពេលវេលា​ចូលនិវត្តន៍​ត្រឡប់​មក​រីករាយ​នឹង​ជីវិត​នៅ​ទឹកដី​កំណើត​ឯ​ខេត្ត​សៀមរាប​វិញ​។

ពាក់​មួក​ខូវប៊យ​ជាមួយ​កាយវិការ​ស្វាហាប់ ម្ចាស់​កសិដ្ឋាន​វ័យ ៧២ ​ឆ្នាំ​រូប​នេះ​បាន​រំឭក​ថា​៖ «​ពេលនោះ​ចិត្ត​ខ្ញុំ​នៅ​តែ​ដក់​ជាប់ចិត្ត​ស្រឡាញ់​សេះ ទាល់តែ​នៅ​ខ្ញុំ​បាន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ខ្ញុំ​ក៏​ទិញ​ដី​មួយ​កន្លែង និង​សេះ​មួយ​ក្បាល​ទុក​កម្សាន្ត​លេង ហើយ​ចេះ​តែ​កើន ម្ល៉ោះ​ហើយ​ពិបាក​ក្នុង​ការចិញ្ចឹម ខ្ញុំ​មាន​គំនិត​មួយ​បើក​កសិដ្ឋាន​ហ្នឹង ខ្ញុំ​ក៏​ចាប់​បើក​វា​តាំងពី​ឆ្នាំ​ ២០០០ ដល់​បច្ចុប្បន្ន​»​។

កសិដ្ឋាន​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៥ ហិកតា​ដែល​មាន​រោង​សេះ ទីលាន​រង្វង់ និង​កូន​ស្រះ​ព័ទ្ធ​ដោយ​រុក្ខជាតិ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ជាមួយ​ការចិញ្ចឹម​មើលថែ​តាម​ស្ដង់ដា​អន្តរជាតិ សត្វសេះ​នៅ The Happy Ranch Horse Farm ជា​ពូជ​បង្កាត់​មាន​មាឌធំៗ ហើយ​រស់​បាន​អាយុ​វែង​ចន្លោះ​ពី​ ៣០ ​ទៅ ៤០ ​ឆ្នាំ​ដោយ​ទទួល​បាន​ការតាមដាន​ពី​អង្គការ​សង្គ្រោះ​សេះ​នៅ​កម្ពុជា​។ សេះ​ទូទៅ​មាន​ទម្ងន់​ចន្លោះ​ពី​ ៤៥០ ទៅ​ ៤៨០ ​គីឡូក្រាម និង​មាន​ចាប់ពី​កម្ពស់ ១៦០ សង់ទីម៉ែត្រ​ដល់ ១៨០ សង់ទីម៉ែត្រ ហើយ​អាច​ទ្រ​ទម្ងន់​មនុស្ស​បាន​រហូត​ដល់ ៩០ ​គីឡូក្រាម​។

កសិដ្ឋាន​ស្ថិត​លើ​ផ្ទៃដី​ទំហំ ៥ ហិកតា​ដែល​មាន​សេះ​ចំនួន ៣៨ ​ក្បាល និង​មាន​បុគ្គលិក​មើលថែ​សេះ​ជាង​ ១០​ នាក់​ភាគច្រើន​ជា​អ្នកភូមិ​ដែល​ទទួល​ការងារ និង​ប្រាក់ខែ​សមរម្យ ដោយ​មិនចាំបាច់​ចំណាកស្រុក​។

ការជិះសេះ​កម្សាន្ត​កន្លះ​ម៉ោង​ក្នុង​កសិដ្ឋាន​មាន​តម្លៃ ២០ ដុល្លារ ១ ម៉ោង តម្លៃ ៣៨ ដុល្លារ ២ ​ម៉ោង​តម្លៃ ៦០ ​ដុល្លារ ៣ ម៉ោង តម្លៃ ៧៥ ​ដុល្លារ និង ៤ ម៉ោង​តម្លៃ ៩៥ ​ដុល្លារ​ដែល​ភ្ញៀវ​អាច​ជិះ​តាម​វាលស្រែ​ចម្ការ ភូមិដ្ឋាន និង​ទស្សនា​ប្រាង្គ​ប្រាសាទ​។

លោក សារី ម្ចាស់​កសិដ្ឋាន​បញ្ជាក់​ថា​៖ «​យើង​ឲ្យ​ភ្ញៀវ​ជិះ​យ៉ាង​ច្រើន​តែ ៤ ម៉ោង​ព្រោះ​ខ្ញុំ​យល់​ពី​សេះ​ច្បាស់ ខ្ញុំ​ចាត់ទុក​សេះ​មិត្តសម្លាញ់ ខ្ញុំ​ចិញ្ចឹម​សេះ​ច្រើន​»​។

លោក ប៉ាន់ សារី ស្ថាបនិក​កសិដ្ឋាន​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

មុន​នឹង​ជិះសេះ​កម្សាន្ត​នៅ​កសិដ្ឋាន​នេះ ភ្ញៀវ​អាច​ផ្ដល់​ព័ត៌មាន​ដល់​កសិដ្ឋាន​ជាមួយ​ដើម្បី​ងាយ​ឲ្យ​បុគ្គលិក​ជ្រើសរើស​សេះ​ស័ក្ដិសម​សម្រាប់​បទពិសោធ​របស់​អ្នកជិះ​។ ទន្ទឹម​នឹង​នោះ​កសិដ្ឋាន​ក៏​មាន​អ្នក​នាំ​ភ្ញៀវ​ទៅជា​មួយ​ផង​ដែរ ដើម្បី​មើល​ការខុសត្រូវ និង​ធានា​ពី​សុវត្ថិភាព​។

ម្ចាស់​កសិដ្ឋាន​ក៏បាន​បន្ថែម​ថា​៖ «​យើង​អត់​មាន Insurance ទេ​គឺ​រាល់ Adventure គឺ​អត់​មាន​ធានា Insurance ហើយ​ភ្ញៀវ​ភាគច្រើន​ពេល​មក​ជិះសេះ​យើង គាត់​សប្បាយចិត្ត គាត់ ហើយ​សរសេរ​សរសើរ​យើង​ក្នុង Trip advisor, blog ឬ comment ច្រើន​»​។

ក្រៅពី​ការជិះ​លើ​ខ្នង​សេះ​កម្សាន្ត The Happy Ranch Horse Farm ក៏​មាន​សេវាកម្ម​បន្ថែម​មួយ​ចំនួន​ទៀត​ដូចជា ការជិះសេះ​បំបួស​នាគ ការជិះ​រទេះសេះ និង​ការជួល​សេះ​ថត Pre-wedding ជាដើម​។

ដោយសារ​តែ​ខេត្ត​សៀមរាប​ជាមួយ​ដែល​មាន​វ័យ​ចំណាស់ និង​មាន​ជាប់​ទាក់ទង​នឹង​រឿង​ប្រវត្តិសាស្ត្រ ជំនឿ សាសនា ប្រពៃណី ដូចនេះ​ប្រជាជន​រស់នៅ​តំបន់​នេះ​នៅ​តែ​គោរព​ប្រតិបត្តិ​ពិធី​បំបួស​នាគ​នៅ​រដូវ​ចូល​វស្សា​ដោយ​តម្រូវ​ឲ្យ​នាគ (​អ្នកបួស​) ជិះ​លើ​ខ្នង​សេះ និង​មាន​មនុស្ស​ហែហម អមដំណើរ ទៅ​បំបួស​តាម​ការណែនាំ និង​រៀបចំ​របស់​អាចារ្យ​។

សេះ​ត្រូវ​បាន​ចិញ្ចឹម​ថែទាំ​សុខភាព​តាម​ស្ដង់ដា​អន្តរជាតិ​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

កញ្ញា វ៉ែន សុគុណ អ្នក​គ្រប់គ្រង​កសិដ្ឋាន​សុគុណ​បាន​និយាយ​ថា​៖ «​ពេល​ដល់​រដូវ​បួស​នាគ​នេះ យើង​ទទួល​បាន​ការកក់​ជាច្រើន ព្រោះ​ប្រជាជន​គេ​ជួល​សេះ​យើង​ទៅ​បួស​ម្តងៗ​ច្រើន​ណាស់ ព្រោះ​អ្នកបួស​នាគ​មាន​ចំនួន​ច្រើន ហើយ​ជួល​សេះ​មួយ​ក្បាល​តម្លៃ ៨០ ​ដុល្លារ​»​។

ចាប់​បើក​ដំណើរការ​ពី​ថ្ងៃ​រះ​រហូត​ដល់​ថ្ងៃ​លិច The Happy Ranch Horse Farm ទទួល​បាន​ភ្ញៀវ​ភាគច្រើន​ជា​បរទេស​ប្រមាណ ១០ នាក់​ក្នុង​មួយ​ថ្ងៃ​ទៅ​តាម​រដូវការ​។

ទៅ​ថ្ងៃ​អនាគត​លោក ប៉ាន់ សារី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​សេះ​បញ្ជាក់​ថា​៖ «​ខ្ញុំ​មាន​អាយុ​វែង ដោយសារ​តែ​សេះ​ទាំងអស់​នេះ​ដែរ ខ្ញុំ​សប្បាយ​ជាមួយ​វា អ៊ីចឹង​ខ្ញុំ​នឹង​ធ្វើ​វា​រហូត​ដល់​ថ្ងៃ​អវសាន​ជីវិត ហើយ​ខ្ញុំ​សង្ឃឹម​ថា​និង​រស់នៅ​ជាមួយ​គាត់​បាន​យូរ​ទៀត​»​។

The Happy Ranch Horse Farm ស្ថិត​នៅ​ភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។ ទូរស័ព្ទ​លេខ ០៧០ ៩២ ០០ ០២ និង ០១១ ៩២ ០០ ០២ និង​វេបសាយ www.thehappyranch.com៕

វីដេអូ៖