ខេត្ត​កណ្តាល៖​ ដោយ​មើល​ឃើញ​​ពី​​​សក្តានុពល​នៃ​ទីកន្លែង​សម្រាប់​ការ​កម្សាន្ត​ជិត​ក្រុង​ភ្នំពេញ​​ ​ស្រប​នឹង​រដូវកាល​​នៃ​ដំណើរ​​​ត្រាច់ចរ​ក្រុម​​​សត្វ​ស្លាប​​​ច្រើន​ប្រភេទ​​ផ្លាស់​ទី​ពី​កន្លែង​មួយ​​ទៅ​កាន់​​​កន្លែង​មួយ​នោះ​ ទើប​​​​​ជំរុញ​​​​ឱ្យ​ក្រុមហ៊ុន​ទេសចរណ៍​​​​សំ​វាសនា​ធួរ​ ​​រៀបចំ​ដំណើរ​កម្សាន្ត​ជាយ​ក្រុង​ភ្នំពេញ​ជា​​លើក​ទី២ ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​​លើកទី១​​​ មក​សម្រាប់​​ការ​​ទស្សនា​​សត្វ​ស្លាប​​ក្នុង​ស្រុក​​ នៅ​ឯ​​ត្រើយ​​​ខាង​កើត​​នៃ​ទន្លេ​មេគង្គ​​​លើ​​ក្នុង​​តំបន់​​អភិវឌ្ឍន៍​ស្កាយឡេនដ៍​អរិយក្សត្រ នៅ​ក្នុង​​ស្រុក​ល្វាឯម​​ ខេត្ត​កណ្តាល​ នា​ថ្ងៃ​​ចុង​​សប្តាហ៍​។​

កញ្ញា ពេជ្រ កញ្ញា ជា​អ្នក​រៀបចំ​​កម្មវិធី​​ដំណើរ​កម្សាន្ត​​ទស្សនា​សត្វ​ស្លាប​ក្នុង​ស្រុក​នៃ​​​តំបន់​អភិវឌ្ឍន៍​ស្កាយឡេនដ៍​​អរិយក្សត្រ​​​របស់​​ក្រុមហ៊ុន​​​ទេសចរណ៍​​សំ​វាសនា​ធួរ​ បាន​រៀប​រាប់​ឱ្យ​​ដឹង​ពី​​កម្មវិធី​ដំណើរ​កម្សាន្ត​នៅ​តំបន់​​ជាយ​​ក្រុង​ភ្នំពេញ​​នេះ​​ថា៖ «ក្រោយ​ពី​​បាន​សហការ​ និង​សិក្សា​​​ពី​សក្តានុពល​​នៃ​តំបន់​​អភិវឌ្ឍន៍​ស្កាយឡេនដ៍​​អរិយក្សត្រ​​ ឃើញ​ថា​មាន​វាល​​​ព្រៃ​ដែល​អាច​ជា​ទី​ជម្រក​​សត្វ​ស្លាប​​ក្នុង​​ស្រុក​នានា​រស់នៅ និង​ជ្រកកោន​បាន ជាមួយ​​អង្គការ WCS កន្លងមក​នោះ​ក៏​​សម្រេច​​​រៀបចំ​ជា​ដំណើរកម្សាន្ត​ថ្មី​មួយ​កន្លែង​​នេះ​សម្រាប់​​​គោលដៅ​​​កម្សាន្ត​របស់​ក្រុម​ភ្ញៀវ​​បរទេស​ ដែល​មាន​ទីតាំង​នៅ​តំបន់​​ក្រុង​ភ្នំពេញ​​​​។​ យើង​ទទួល​បាន​​ជោគជ័យ​​សម្រាប់​ការ​រៀបចំ​​លើក​ទី​១ មាន​​​ភ្ញៀវ ​២ ​ក្រុម​ ដោយ​មួយ​ក្រុម​មាន​​ភ្ញៀវ​ ១០ នាក់ សម្រាប់​​ដំណើរ​កម្សាន្ត​មួយ​ព្រឹក​​ ពេល​​ចុង​​សប្តាហ៍ ​គឺ​​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​។ តាម​គោលការណ៍​ក្រុមហ៊ុន​​​ យើង​​​​ប្រាប់​ក្រុម​ទេសចរ​ថា មាន​​ក្រុម​សត្វ​ស្លាប​ក្នុង​ស្រុក​ប្រមាណ ​១០ ប្រភេទ​នៃ​ដំណើរ​កម្សាន្ត​លើកទី១​ កាល​​ពី​ថ្ងៃ​ទី ​២៦-២៧ ខែ ​កញ្ញា ឆ្នាំ ​២០២០ នោះ តែ​ជាក់​ស្តែង​ក្រុម​ភ្ញៀវ​រីករាយ​សប្បាយ​ចិត្ត​ដោយសារ​ពួក​គេ​អាច​មើល​ឃើញ​សត្វ​ស្លាប​ជាង​ ១០ ប្រភេទ​​ឯណោះ។ សម្រាប់​ការ​រៀបចំ​លើក​ទី​២ នឹង​ធ្វើ​ទៅ​នៅ​​ថ្ងៃទី ​១៧-​១៨ ខែ ​តុលា ឆ្នាំ ​២០២០ ខាង​មុខ​។​ លើក​ក្រោយ​ៗ អាច​នឹង​រៀបចំ​នៅ​​​ខែ​វិច្ឆិកា និង​ខែ​​ធ្នូ​ ឆ្នាំ ​២០២០​»។​

ក្រុម​ទេសចរបរទេស​ ពេល​ទស្សនាសត្វស្លាបក្នុងស្រុកនៅ​តំបន់​អរិយក្សត្រ។ រូប SVC

យ៉ាងណា​មិន​ថា​ដំណើរ​កម្សាន្ត​ទស្សនា​​សត្វ​ស្លាប​ក្នុង​ស្រុក​នៅ​តំបន់​​អភិវឌ្ឍន៍​ស្កាយឡេនដ៍​អរិយក្សត្រ​ក្បែរ​ក្រុង​ភ្នំពេញ​​ ឬ​នៅ​តំបន់​​កម្សាន្ត​នានា​ទូទាំង​ប្រទេស​​ខ្មែរ​នោះ​​ទេ គឺ​​​​មិន​មាន​​រយៈពេល​ពេញ ​១ ​​ឆ្នាំ​ឡើយ ​គឺ​តាមរយៈ​​រដូវកាល​​​​របស់​សត្វ​ស្លាប​​​ ដោយ​​​​​វេលា​មើល​សត្វ​​ស្លាប​​ល្អ​​បំផុត​នោះ​ គឺ​នៅ​ចន្លោះ​ខែ​មីនា រហូត​ដល់​ខែ​ធ្នូ។

កញ្ញា ពេជ្រ កញ្ញា ​បង្ហើប​ឱ្យ​ដឹង​ថា៖ «​បើ​តាម​ដឹង​​នោះ រយៈពេល​​ដែល​អាច​ទស្សនា​សត្វ​​ស្លាប​បាន​នោះ ​គឺ​មាន​ចាប់​ពី​តុលា ​រហូត​ដល់​ខែ​មីនា នៅ​ក្នុង ​១ ​​ឆ្នាំ។ ខណៈ​ពេល​​​នេះ គឺ​ជា​វេលា​ល្អ​នៃ​​ការ​​ត្រាច់ចរ​ស្វែងរក​ចំណី​របស់​សត្វ​ស្លាប​នានា​ពី​តំបន់​មួយ​ទៅ​កាន់​តំបន់​មួយ​ទៀត​​ តាម​ប្រភេទ​សត្វ​ ហើយ​​មាន​​លក្ខខណ្ឌ​ល្អ​ផ្នែក​​បរិស្ថាន​នៃ​ព្រៃ​ព្រឹក្សា​ជា​ជម្រក​របស់​ពួក​វា​ទៀត​ផង​។​

ជាក់​ស្តែង​​កញ្ចប់​សេវាកម្ម​ដំបូង ​យើង​​នៅ​តំបន់​​​​អភិវឌ្ឍន៍​​ស្កាយឡេនដ៍​​អរិយក្សត្រ​ កាល​ពី​ខែ​មុន​​នោះ ​ទទួល​បាន​​ជោគជ័យ ​ដោយសារ​​ភ្ញៀវ​បាន​មើល​ឃើញ​សត្វ​ស្លាប​ក្នុង​ស្រុក​ទាំង​ឡាយ​​​​ជាង​ ១០ ប្រភេទ​ឯណោះ​ ខណៈ​​​តាម​គម្រោង​យើង​​​ប្រាប់​​ពួក​​គាត់​​ថា​ មាន​ចំនួន ​១០ ប្រភេទ​តែ​ប៉ុណ្ណោះ​»។​

ដំណើរកម្សាន្តទស្សនាសត្វស្លាបក្នុងស្រុក​លើកទី១ ​មាន​ ២ ​ក្រុម​ចំនួន ​២០ នាក់​។ SVC

សម្រាប់​ដំណើរ​កម្សាន្ត​ទស្សនា​សត្វ​ស្លាប​​ក្នុង​ស្រុក​នៅ​​តំបន់​អភិវឌ្ឍន៍​ស្កាយឡេនដ៍​អរិយក្សត្រ​នេះ មាន​កញ្ចប់​សេវាកម្ម​ ២ ​ប្រភេទ​គឺ​ប្រភេទ​ទី​១ សម្រាប់​មនុស្ស​ធំ​ម្នាក់​មាន​តម្លៃ ​៦២ ដុល្លារ និង​ប្រភេទ​ទី​២​ ម្នាក់​តម្លៃ ៤៨ ដុល្លារ សម្រាប់​កុមារ​​មាន​វ័យ​ ​១២ ឆ្នាំ​ចុះ​ក្រោម​​ ហើយ​សេវាកម្ម​​នេះ ​មាន​បូក​បញ្ចូល​កាហ្វេ​ពេល​ព្រឹក អាហារ​​សម្រន់ និង​អាហារ​ប៊ូហ្វេ​ថ្ងៃ​ត្រង់​​​​​ (Brunch Buffet)​ នៅ​អាហារដ្ឋាន​ Farm to Table។ ​

គួរ​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន​​​ទេសចរណ៍​​សំ​វាសនា​ធួរ​​ (SVC)​​ កាល​ពី​ដើម​​​​ឡើយ គឺ​ជា​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​មួយ ​ដែល​មាន​ឈ្មោះ​ថា មជ្ឈមណ្ឌល​​អភិរក្ស​សត្វ​ព្រៃ​សំ​វាសនា (Sam Veasna Center for Wildlife Conservation) បង្កើត​ឡើង​​នៅ​​ឆ្នាំ ​២០០៣ ហើយ​បាន​ចុះ​បញ្ជី​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​នៅ​ក្រសួង​មហាផ្ទៃ​នៅ​ឆ្នាំ ​២០០៦ មាន​គោល​ដៅ​ផ្តល់​នូវ​សេវាកម្ម​ផ្នែក​អេកូទេសចរណ៍​ក្នុង​សហគមន៍​ ដែល​សហការ​ជាមួយ​នឹង​អង្គការ​​ WCS។ លុះ​​​ឆ្នាំ ​២០១៩ ទើប​ប្រែ​ក្លាយ​មក​ជា​ក្រុមហ៊ុន​ទេសចរណ៍​​សំ​វាសនា​ធួរ​​ ​(Sam Veasna Conservation Tours-SVC)​​​ ដោយ​នៅ​​រក្សា​គោលការណ៍​​​សេវាកម្ម​ដដែល​៕​