ក្រុងច្បារមន: អ្នកឡើងភ្នំ កែវ រតនា ដែលគ្រងឈុតពណ៌បៃតងចាស់ ពាក់ស្បែកជើងសង្រែក ដាក់សម្ពាយលើខ្នង រួមទាំងអង្រឹង និងទឹកសុទ្ធប៉ុន្មានដបយ៉ាងរណេងរណោង បាននិយាយថា នៅទីតាំងខ្លះ លោកត្រូវឡើងចំណោតខ្ពស់តាមរយៈខ្សែពួរដែលត្រូវបានដាក់ឲ្យតោងសួឡើង និងជ្រលងខ្វះខ្យល់អុកស៊ីហ្ស៊ែនដកដង្ហើម។
ជាមួយមិត្ដភក្ដិ ៤ នាក់ផ្សេងទៀត រួមទាំងអ្នកជូនភ្ញៀវម្នាក់ លោក កែវ រតនា បម្រើការងារនៅអង្គការក្រៅរដ្ឋាភិបាលមួយបាននិយាយថា៖ «វាជាបទពិសោធលើកទីមួយ ដែលខ្ញុំបានឡើងភ្នំដ៏ខ្ពស់បំផុតក្នុងស្រុកខ្មែរជាមួយមិត្ដភក្ដិ»។
បុគ្គលិកអង្គការ អាយុ ២៧ ឆ្នាំរូបនេះ បានបន្តថា៖ «វាហត់ខ្លាំងដែលយើងត្រូវចំណាយពេល ៣ ថ្ងៃ និង ២ យប់ចំពោះដំណើរទាំងទៅ និងមក។ ប៉ុន្ដែយើងមានភាពងាយស្រួលខ្លះដែរ ដោយខាងសហគមន៍បានរៀបចំគោលដៅស្នាក់ ខ្សែពួរតោង និងការត្រួសត្រាយផ្លូវហើយជាស្រេច»។
ទោះបីឱរ៉ាល់ គឺជាភ្នំដ៏ខ្ពស់បំផុតនៅប្រទេស កម្ពុជា ក្នុងកម្ពស់ ១ ៨១៣ ម៉ែត្រស្ថិតក្នុងខេត្ដកំពង់ស្ពឺក្បែរព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ នៃភាគខាងកើតជួរភ្នំក្រវាញយ៉ាងណាក៏ដោយ ក៏ទីឋានសម្បូរបក្សីកម្រមួយនេះ តែងតែស្វាគមន៍ភ្ញៀវដែលអ្នកនិយមផ្សងព្រេងជាហូរហែ ដោយសហគមន៍តែមួយទទួលសេវាកម្មជូនភ្ញៀវឡើងភ្នំរហូតដល់រាប់ពាន់នាក់ត្រឹម ៦ ខែដំបូង នៃឆ្នាំ ២០១៩។
លោក ឈឺន ឈីម ប្រធានសហគមន៍តំបន់ស្រែកិន ដែលចាប់ផ្ដើមផ្ដល់សេវាកម្មជូនភ្ញៀវតាំងពីឆ្នាំ ២០០២ បានឲ្យដឹងថា៖ «ចូលឆ្នាំ២០១៩ នេះ យើងឃើញថា សម្ទុះភ្ញៀវមកលេងច្រើន ដែលខុសពីឆ្នាំមុនៗ ដោយសារគាត់បានទទួលព័ត៌មានច្រើន។ សហគមន៍យើងបានទទួលភ្ញៀវប្រហែល ៣ ៥០០ នាក់ នៅឆមាសទី១ ហើយនៅដំណាច់ឆ្នាំនេះ តាមការប៉ាន់ស្មាន យើងនឹងអាចទទួលភ្ញៀវប្រមាណ ៥០០ នាក់ទៀត។ អ៊ីចឹងឆ្នាំ ២០១៩ នេះ យើងទទួលភ្ញៀវសរុបបានប្រមាណ ៤ ០០០ នាក់»។
លោក ឈឺន ឈីម អាយុ ៣៩ ឆ្នាំ បានសង្កេតឃើញថា៖ «ឆ្នាំនេះ មានភ្ញៀវជាតិច្រើនលើសសព្វមួយដង ដោយក្នុងចំណោម ៤ ០០០ នាក់ យើងមើលឃើញថា បរទេសមានចំនួនប្រមាណ ១ ០០០ នាក់ ខណៈភ្ញៀវខ្មែរមានចំនួន ៣ ០០០ នាក់ឯណោះ»។
មគ្គុទេសក៍ភូមិ ដែលមានបទពិសោធនាំភ្ញៀវ ១៧ ឆ្នាំ បានណែនាំឲ្យភ្ញៀវជ្រើសរើសដំណើរកម្សាន្ដឡើងភ្នំរយៈពេល ៣ថ្ងៃ ២ យប់ ដែលសមល្មមសម្រាប់ការដើរទស្សនាទីតាំងពេញនិយមមួយចំនួនដូចជា គយគន់ព្រៃឈើ ខ្មោចយន្ដហោះ សត្វស្លាបកម្រៗ ជាពិសេស បទពិសោធដើរព្រៃ ឡើងភ្នំខ្ពស់បំផុតនៅកម្ពុជា និងការស្នាក់នៅបែបផ្សងព្រេង។
ជាអ្នកមានបទពិសោធនាំភ្ញៀវក្នុងឆ្នាំ ២០០២ ដូចគ្នា តាំងពីវែកព្រៃដើររហូតដល់ផ្លូវត្រូវបានត្រួសត្រាយស្អាត លោក ធាង សូត្រ អាយុ ៤៧ ឆ្នាំ ប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ពួកខ្ញុំត្រូវគ្រាហ៍ភ្ញៀវកាន់ឈើច្រត់ ហើយនៅពេលសម្រូតខ្សែ គឺខ្ញុំត្រូវប្រើកម្លាំងទាញ និងគ្រាហ៍គាត់ឡើងទាំងស្រី ទាំងប្រុស។
ខ្មោចយន្ដហោះកុម៉្មង់ដូ CIA ដែលជួបឧប្បត្ដិហេតុក្នុងឆ្នាំ ១៩៧៤ គឺជាគោលដៅសំចតដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរចង់ដឹងចង់ឃើញនូវភ័ស្ដុតាងជាក់ស្ដែង និងសោកសង្វេគចំពោះជោគវាសនាអ្នកដំណើរកាលគ្រានោះ។
លោក ឈីន ឈឺម បានឲ្យដឹងថា៖ «ស្ថិតនៅពាក់កណ្ដាលនៃកំពូលភ្នំឱរ៉ាល់ គឺមានសត្វក្រួចសំពៅ (មាន់ក្រិក) និងចកវ៉កកម្ពុជា។ សត្វទាំងនេះជាប្រភេទសត្វស្លាបកម្រ ហើយពេលភ្ញៀវមកម្ដងៗ គាត់តែងតែទៅមើលសត្វទាំងអស់ហ្នឹង។ ឲ្យតែបានឃើញ គាត់សប្បាយចិត្ត។ នៅមានកន្លែងសត្វចាបជួបជុំគ្នាក្នុងចំនួនច្រើន ដែលខ្ញុំបានឃើញ តែខាងយើងខ្ញុំអត់បានបង្ហាញដល់ភ្ញៀវនៅឡើយ»។
ជាបទពិសោធ អ្នកឡើងភ្នំថ្មោងថ្មី លោក រតនា មិនព្យាយាមស្ពាយបង្វេចសម្ភារ និងគ្រឿងអាហារច្រើន ដែលជាអម្រែកដ៏សែនធ្ងន់ ខណៈការទទួលទាន និងការសម្រាកតែរយៈពេលខ្លីប៉ុណ្ណោះ។
លោកនិយាយថា៖ «យើងកុំយកសម្ភារអីធ្ងន់ៗពេក ហើយបើឡើងភ្នំឱរ៉ាល់ មិនចាំបាច់យកខោអាវទៅច្រើនទេ។ យកតែ ២ កុំប្លេ សម្រាប់ ១ ឡើង និង ១ ចុះទៅបានហើយ។ សម្រាប់ខ្ញុំ ខ្ញុំប្រើខោអាវឆាប់ស្ងួត ដែលខ្ញុំត្រូវប្រើតែ ១ កុំប្លេប៉ុណ្ណោះក្នុងសម្ពាយ។ ទៅដល់លើកំពូល ខ្ញុំបោក ១ កុំប្លេរជាប់ខ្លួន រួចស្លៀកតែអាវយឺត និងខោខ្លីជាការស្រេច។
ដោយមានការបំពាក់ភ្លើងសូឡា ដែលផ្ដល់ពន្លឺចាប់ពីម៉ោង ៦ ល្ងាចតទៅទាំង ៣ ដំណាក់ លោក រតនា បានបញ្ជាក់ថា៖ «មិនបាច់យកតង់ទៅទេ ពីព្រោះវាចង្អៀត។ វាអាចប្រើបានតែនៅដំណាក់ទី២ ខណៈកំពូលភ្នំ ដីមានសណ្ឋានរដិបរដុប និងត្រជាក់ខ្លាំង ដែលមិនអំណោយផលដល់ការបោះតង់ឡើយ»។
លោកក៏ណែនាំដែរថា៖ «ត្រូវមាន Sleeping bag និងខោអាវក្រាស់ៗពេលគេងយប់។ នៅអំឡុងខែនេះ សីតុណ្ហភាពលើកំពូលភ្នំធ្លាក់ដល់ ៧ ឬ ៦ អង្សាសេ។ អាហារក្រៀមៗ និងឆ្អិនស្រាប់គឺជាជម្រើសដ៏ល្អបំផុត ភ្ជាប់ជាមួយឧបករណ៍ចម្រោះតូចៗសម្រាប់ច្រោះទឹកលើភ្នំដែលមានស្រាប់ ដោយកុំព្យាយាមស្ពាយទឹកច្រើនតាមខ្លួន។ គួរត្រៀមប្រេងរឹតសម្រាប់ប្រការរមួលក្រពើ ជាពិសេស សម្ភារជំនួយបឋម រួមទាំងថ្នាំបាញ់មូស»។
ជាមួយឱកាសរៀបចំសេវាកម្មជូនភ្ញៀវឡើងភ្នំឱរ៉ាល់ចាប់ពីភ្ញៀវ ១ ឬ ២ នាក់ រហូតដល់ ១០០ នាក់ ក្នុង ១ កញ្ចប់ សហគមន៍ស្រែកិន គិតថ្លៃពីភ្ញៀវលើចំនួនអ្នកនាំភ្ញៀវ ជាជាងចំនួនភ្ញៀវតិច ឬក៏ច្រើន។
លោក ឈឹន ឈីម បានឲ្យដឹងថា៖ «ជាទូទៅ សេវាកម្មជូនភ្ញៀវទាំងជាតិ និងអន្ដរជាតិមានតម្លៃស្ដង់ដា ៣៥ ដុល្លារ ១ ថ្ងៃ សម្រាប់អ្នកនាំផ្លូវម្នាក់។ រាល់ការចំណាយចំពោះម្ហូបអាហារ គឺជាបន្ទុករបស់ភ្ញៀវ។ ពេលដែលឡើងទៅ ពួកខ្ញុំគ្រាន់តែជួយស្ពាយអីវ៉ាន់ និងជួយគ្រាហ៍ដើរឡើង»។
លោក ឈីម ណែនាំឲ្យជ្រើសរើសអ្នកជូនសមមាត្រនឹងចំនួនភ្ញៀវក្នុងករណីពួកគេអាចជួយកិច្ចការបានច្រើន។ ចំពោះម្ហូបអាហារ លោក ឈីម ស្នើឲ្យភ្ញៀវកុម្ម៉ង់ ១ សប្ដាហ៍ ឬ ៣ ថ្ងៃទុកជាមុន ដែលអ្នកភូមិស្រួលលៃលករកមាន់ទា និងបន្លែត្រីទុក៕