The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ដំណើរ​កម្សាន្ត​ទៅ​កាន់​ដែន​កោះ​ប្រៀប​បាន​នឹង​កូន​ទីក្រុង​ដ៏​ល្បី​នៅ​ខេត្ត​ក្រាប៊ី

ដំណើរ​កម្សាន្ត​ទៅ​កាន់​ដែន​កោះ​ប្រៀប​បាន​នឹង​កូន​ទីក្រុង​ដ៏​ល្បី​នៅ​ខេត្ត​ក្រាប៊ី

ដំណើរ​កម្សាន្ត​ទៅ​កាន់​ដែន​កោះ​ប្រៀប​បាន​នឹង​កូន​ទីក្រុង​ដ៏​ល្បី​នៅ​ខេត្ត​ក្រាប៊ី

Content image - Phnom Penh Post

ខេត្តក្រាប៊ីថៃៈ Phi Phi​ជា​កោះ​ដ៏​ល្បី​រន្ទឺ​មួយ​នៅ​ក្នុង​ចំណោម​កោះ​នានា​នៅ​ប្រទេស​ថៃ​។ ដើម្បី​ទៅ​កាន់​កោះ​ដ៏​ស្រស់​ស្អាត​នេះ ប្រសិន​បើ​ធ្វើ​ដំណើរ​ចេញ​ពី​ខេត្ត​ក្រាប៊ី​ទៅ​តាម​អូប័រ នោះ​គឺ​ត្រូវ​ចំណាយ​ពេល​មួយ​ម៉ោង តែ​មុន​នឹង​ទៅ​ដល់​ទី​នោះ ភ្ញៀវ​ទេសចរ​នឹង​ភ្ញាក់ផ្អើល​ជាមួយ​នឹង​ទេសភាព​ប្លែក​នៅ​តាម​ផ្លូវទឹក​ទៅ​កាន់​កោះ​Phi ​Phi​ដោយសារ​តែ​ដំណើរ​នោះ​ត្រូវ​ឆ្លងកាត់​កោះ​ចំនួន​៤​ដូចជា​កោះ​tup​កោះ​មាន់​កោះ​Poda​និង​កោះ Talay Waek​។

គ្រាន់​តែ​ទៅ​ដល់​កោះ​នោះ​ភ្លាម​ភ្ញៀវទេសចរ​ម្នាក់​ៗ​ស្ទើរ​តែ​មិន​ជឿ​ថា​នោះ​ជា​ដែនដី​កោះ​ទេ ដោយសារ​តែ​ទី​នោះ​មាន​ផ្ទះ​ថ្ម​ធំ​ៗ​សណ្ឋារគារ​ប្រណីត​ៗ​ជាច្រើន​ដែល​រចនា​ម៉ូដ​ប្លែក​ៗ​ពី​គ្នា​ជាពិសេស​ទិដ្ឋភាព​នៅ​ទីនោះ​ហាក់​ដូចជា​ទិដ្ឋភាព​នៅក្នុង​ទីក្រុង​តូច​មួយ​អ៊ីចឹង​។

Content image - Phnom Penh Post
130726_20a
ភ្ញៀវទេសចរនាំគ្នាឈប់ងូតទឹកលេងនៅលើឆ្នេរខ្សាច់ម៉ាយ៉ាដ៏ស្រស់ស្អាតតាមផ្លូវទៅកាន់កោះ Phi Phi ឈឹម ស្រីនាង

នៅ​ទី​នោះ​ភ្ញៀវ​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​ទាំងអស់​គ្នា​ជាមួយ​នឹង​ការ​ដើរ​ទស្សនា​ផ្សារ​តាម​បណ្តោយ​ផ្លូវ​(​street ​market)​។ ផ្សារ​នៅ​ទីនោះ​គឺ​មាន​លក្ខណៈ​ជា​ផ្ទះ​តូច​ៗ​ធ្វើ​ជាប់​គ្នា​តាម​ដងផ្លូវ​ហើយ​ភាគច្រើន​ឃើញ​មាន​លក់​វត្ថុ​អនុស្សាវរីយ៍​ប្រចាំ​តំបន់ ដូចជា​អាវយឺត​បោះពុម្ព​រូប​ប្លែក​ៗ​គួរ​ឲ្យ​ទាក់ទាញ​ជាដើម​។

រីឯ​ផ្ទះ​ខ្លះ​លក់​ឈុត​ហែលទឹក​កាបូប​ជ័រ​សម្រាប់​ដាក់​របស់របរ​សំខាន់​មិន​ជ្រាប​ទឹក ហើយ​នៅ​ទីនោះ​មាន​កន្លែង​សាក់​រូប​ហាង​កក់សក់​ក្រងសក់​ដែល​ជាទី​ពេញនិយម​របស់​ភ្ញៀវទេសចរ​។ ដោយ​ឡែក​សម្រាប់​ការ​ក្រងសក់​ភ្ញៀវ​ភាគច្រើន​ពេញនិយម​ក្រងសក់​បែប​ពួក​អា្រហ្វិក​។ ក្រៅ​ពី​នោះ​មាន​កន្លែង​ម៉ាស្សា​បែប​ប្រពៃណី​កន្លែង​លក់​សំបុត្រ​ទូក​សម្រាប់​ជិះ​ទៅ​កម្សាន្ត​នៅ​កោះ​នានា​ក្បែរ​នោះ​។ អ្វី​ដែល​ពិសេស​នោះ​គឺ កោះ Phi Phi​មាន​កន្លែង​ប្តូរ​លុយ​ដែល​នេះ​ជា​ចំណុច​សំខាន់​បំផុត​សម្រាប់​ភ្ញៀវទេសចរ​ត្រូវការ​ពីព្រោះ​គេ​អត់​ប្រើ​លុយ​ដុល្លារ​នោះ​ទេ​។

បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​គេ​ឃើញ​មាន​ហាង 7eleven​និង​ហាង​ដុត​នំ​មួយ​ចំនួន​នៅ​ទី​នោះ​ផង​ដែរ​ហើយ​ក៏​មាន​បារ៍​កម្សាន្ត​ជាច្រើន​កន្លែង​។ ភ្ញៀវទេសចរ​អាច​ទទួល​បាន​ទិដ្ឋភាព​ប្លែក​ៗ​នៅ​ក្នុង​ទីកម្សាន្ត​មួយ​ដែល​មាន​ឈ្មោះ​ថា​ Pirate ​Island ​Adventures ​ដែល​ទីនោះ​ជា​កន្លែង​សិប្បនិមិត្ត​សម្រាប់​ភ្ញៀវ​ចូល​ទៅ​មើល​រូបភាព​ប្លែក​ៗ​ជា​លក្ខណៈ​XD theater ​6D ​Motion ​Ride ​experience​។ បើ​ដើរ​ហត់​នឿយ ភ្ញៀវទេសចរ​ក៏​អាច​ជួល​កង់​ជិះ​លេង​ជុំវិញ​កោះ​នោះ​បាន​ផង​ដែរ​ក្នុង​តម្លៃ​សមរម្យ​ប្រមាណ​ ៧​ ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។

ដោយ​ឡែក​សម្រាប់​កន្លែង​ស្នាក់នៅ​វិញ ដូចជា​មាន​តម្លៃ​មិន​ថ្លៃ​ណាស់​ណា​ទេ​។ បើ​សិន​ចង់​ស្នាក់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៣ ដូចជា​ Phi Phi Banyan Villa Hotel​ដែល​មាន​អាង​ហែល​ទឹក​បន្ទប់​បំពាក់​ដោយ​ឧបករណ៍​ទំនើប​ៗ​កន្លែង​ហាត់​ប្រាណ​នោះ គឺ​មាន​តម្លៃ​ចាប់​ពី​១០០​ដុល្លារ​ដល់​ទៅ​៣០០​ដុល្លារ​តាម​លំដាប់​បន្ទប់​។

សម្រាប់​ការ​ស្នាក់នៅ​សណ្ឋាគារ​ធម្មតា​វិញ​គឺ​មាន​តម្លៃ​ប្រមាណ​ ៦៥​ ដុល្លារ​ឡើង​ទៅ​ គឺ​គិត​ទៅ​តាម​រដូវកាល​ហើយ​ក៏​មាន​កន្លែង​មាន​តម្លៃ​សមរម្យ​ជា​ច្រើន​ទៀត​ផង​ដែរ​។ ភ្ញៀវទេសចរ​ទាំងអស់​ក៏​អាច​ស្នាក់នៅ​បឹងកាឡូ​តូច​ៗ​ដែល​មាន​តម្លៃ​ប្រមាណ​ ១៦ ​ដុល្លារ​ផង​ដែរ​។ ​

ដោយ​ឡែក​នៅ​ពេល​យប់​វិញ ភ្ញៀវ​ទាំងអស់​នឹង​អាច​ទទួល​បាន​ភាព​រីករាយ​ជាមួយ​នឹង​ទិដ្ឋភាព​នៃ​ការ​សម្តែង​ព្រួស​ភ្លើង​ការ​សម្តែង​របស់​ក្រុម​ភេទ​ទី​បី​ការ​ប្រគំ​តន្រ្តី​ផ្សាររាត្រី​លក់​វត្ថុ​ប្លែក​និង​សកម្មភាព​ជាច្រើន​ទៀត​។

ព័ត៌មាន​ទាក់ទិន​ការ​ហោះហើរ​ទៅ​ខេត្ត​ក្រាប៊ី​អាច​ទាក់ទង​ក្រុមហ៊ុន​បាងកក​អ៊ែរវេ ស្ថិត​នៅ​អគារ​៦១​អា ផ្លូវ​២១៤​សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ ឬ​ទាក់ទង​តាម​ទូរស័ព្ទ​០២៣ ៩៦៦ ៥៥៦ និង ០៩៧ ៧៣៣ ៤៣០៩ ហើយ​អ្នក​ក៏​អាច​ទាក់ទង​តាម​ក្រុមហ៊ុន​ទេសចណ៍​វើលផប​ (​World Pop​Travel ​& ​Tour​) ផង​ដែរ​តាម​ទូរស័ព្ទ ០២៣ ៩៩៤ ៧៨៩៕

អត្ថបទគួរចាប់អារម្មណ៍