ក្រុងក្រាប៊ី : ភ្ញៀវទេសចរខ្មែរដែលទៅកម្សាន្តនៅសមុទ្រឯប្រទេសថៃភាគច្រើននឹកឃើញមុនគឺតំបន់ឆ្នេរប៉ាតាយ៉ាភូកេតនិងកោះសាម៉ុយប៉ុន្តែមានភាគតិចណាស់ដែលបានស្គាល់ខេត្តក្រាប៊ី ដែលសម្បូរដោយប្រជុំកោះតូចធំ រួមទាំងឆ្នេរម៉ាយ៉ាដែលល្បីតាមរយៈខ្សែភាពយន្តហូលីវូដជាដើម។
ដើម្បីធ្វើដំណើរទៅដល់តំបន់ឆ្នេរនេះ ខ្ញុំត្រូវក្រោកតាំងពីម៉ោង៥កន្លះទៀបភ្លឺដើម្បីរៀបចំខ្លួនទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឲ្យទាន់ជើងហោះហើរនៅម៉ោង៦:២០នាទី។
ក្រោយការរង់ចាំមួយសន្ទុះក៏មានសេចក្ដីប្រកាសឲ្យភ្ញៀវទាំងឡាយឡើងយន្តហោះ។ ក្នុងយន្តហោះមានផ្សែងត្រជាក់ភាយតិចៗ ហើយនារីអាកាសចរណ៍បានចាប់ផ្ដើមបម្រើកន្សែងសើមមុននឹងលើកអាហារយន្តហោះដូចជាសាលាដ ភីហ្សានំនិងផ្លែឈើនិងភេសជ្ជៈជូនអ្នកដំណើរ។
រយៈពេលមួយម៉ោងនៅលើយន្តហោះពិតជាលឿនណាស់ហើយនៅម៉ោង៧កន្លះ ខ្ញុំបានមកដល់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិដើម្បីបន្តការហោះហើរទៅខេត្តក្រាប៊ីដែលត្រូវចំណាយពេល១ម៉ោងថែមទៀត។ ប៉ុន្តែថិរវេលានេះមិនយូរប៉ុន្មានទេគឺគ្រាន់តែឡើងលើយន្តហោះទទួលទានអាហារនិងគយគន់ទេសភាពពីលើអាកាសតែមួយភ្លែត ខ្ញុំក៏បានមកដល់ខេត្តក្រាប៊ីនៅម៉ោង១០:៥០នាទី។
រថយន្តវ៉ែនបានមកទទួលខ្ញុំទៅសណ្ឋាគារប៉ាកាសៃ រីហ្សត (PakasaiResort)ក្នុងតំបន់អាវណាង(AoNang)នៃខេត្តក្រាប៊ី។ ការធ្វើដំណើរតាមផ្លូវត្រូវបានហែហមដោយទេសភាពថ្មភ្នំនិងព្រៃឈើលាយឡំផ្ទះអ្នកភូមិដែលមានដាក់លក់ផលានុផល ដូចជា មង្ឃុត ទុរេន និងសាវម៉ាវ។
ក្រោយពីបានទទួលទានអាហារថ្ងៃត្រង់រួច ខ្ញុំបានត្រៀមខោខ្លី ឈុតហែលទឹកស្បែកជើងផ្ទាត់ និងក្រែមការពារកម្ដៅថ្ងៃរួចជាស្រេចសម្រាប់ការចេញទៅកម្សាន្តនៅតាមបណ្ដាកោះនានា។ ការជិះទូកល្បឿនលឿនទៅលេងកោះមានតម្លៃ២៨ដុល្លារក្នុងម្នាក់សម្រាប់រដូវមិនសូវសម្បូរភ្ញៀវ។ តម្លៃនេះរួមបញ្ចូលអាវការពារសុវត្ថិភាព ឧបករណ៍ជ្រមុជទឹកអាហារសម្រន់ សេវាធានារ៉ាប់រងផ្លែឈើនិងទឹកសុទ្ធ។
ដោយឡែកភ្ញៀវក៏អាចជ្រើសរើសការជិះទូកឈើបែបប្រពៃណីទៅលេងនៅកោះទាំងបួនរួមមានRailay Bay កោះTup កោះ Podaនិងកោះមាន់ ក្នុងតម្លៃម្នាក់១៩ដុល្លារ។
នៅពេលទូកបន្ថែមល្បឿនកាន់តែលឿនបោកជាមួយនឹងទឹកសមុទ្របែកផ្កាត្រែង ខ្ញុំនិងអ្នករួមដំណើរទាំងអស់គ្នាផឺតពោះផង សប្បាយផង ខណៈកំពុងស្ថិតនៅកណ្ដាលផ្ទៃទឹកពណ៌ខៀវថ្លា អមដោយភ្នំថ្មតូចធំផុសពីសាគរ។ ប្រមាណជា៣០នាទីយើងបានមកដល់ Talay-Waek (Separated Sea) ដែលជាសមុទ្រខណ្ឌចែកដោយខ្សាច់ដែលអាចឲ្យយើងដើរឆ្លងពីកោះមួយទៅកោះមួយទៀតដោយថ្មើរជើង។
យើងក៏បានឡើងទូកទៀតបន្តដំណើរទៅកោះមួយមានរូបរាងដូចសត្វមាន់មែនទែន។ ទូកបានជិះក្រឡឹងលេងជុំវិញកោះនេះមួយសន្ទុះប៉ុន្តែមិនចុះចតទេ ព្រោះថាកោះនេះមិនមានឆ្នេរសម្រាប់ដើរទស្សនាឡើយ។
យើងបានបន្តដំណើរទៅឆ្នេរPi Leh Bayដើម្បីមុជទឹកកម្សាន្ត ហែលជ្រមុជទឹកលេងមើលត្រីខ្លានិងត្រីតូចៗជាច្រើនទៀត។ពេលវេលាពិតជាកន្លងទៅលឿនមែនខ្ញុំនិងអ្នករួមដំណើរបានរួសរាន់មកកាន់ទូកវិញ ដើម្បីជិះត្រឡប់ទៅច្រាំង ដោយសារតែខ្លាចមេឃភ្លៀងមិនអាចធ្វើដំណើរលើទឹក។
មកដល់រីហ្សតដែលខ្ញុំស្នាក់នៅភ្លាមខ្ញុំបានប្ដូរឈុតហែលទឹកដើម្បីចុះត្រាំទឹកក្តៅឧណ្ហៗ និងគយគន់ព្រះអាទិត្យរៀបអស្ដង្គតបណ្ដើរពីអគារជាន់ទី១។ ដើម្បីសម្រួលដល់សរសៃដែលចុករួយពីការដើរលេងពេញមួយថ្ងៃ ខ្ញុំបានសាកល្បងសេវាស្ប៉ាបែបប្រពៃណីថៃនិងការម៉ាស្សាបុរាណជាមួយប្រេងស្លឹកគ្រៃនៅ BoossabakornSpa តម្លៃប្រមាណជា ៣៥ ដុល្លារក្នុងមួយម៉ោងធ្វើឲ្យការចុករួយខ្នងរបស់ខ្ញុំបាត់អស់រលីង ប៉ុន្តែក្រពះខ្ញុំក៏ចាប់ផ្ដើមបញ្ចេញសំឡេងវិញម្ដងជាការបញ្ជាក់ពីការចាប់ផ្ដើមឃ្លាន។

ខ្ញុំ និងអ្នករួមដំណើរជ្រើសរើសញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានលើភ្នំ LeaLayGrillដែលមានគ្រឿងសមុទ្រឆ្ងាញ់ប្រចាំតំបន់នោះ។យើងអាចគយគន់មើលភ្លើងនិងស្ដាប់តន្ត្រីធម្មជាតិប្រគំដោយសំឡេងសត្វព្រៃធ្វើឲ្យបរិយាកាសស្រស់ស្រាយណាស់។
ទទួលទានរួចហើយ យើងបានទៅលេងផ្សាររាត្រីទិញវត្តុអនុស្សាវរីយ៍ជាច្រើនមុខ នៅជាប់នឹងឆ្នេរសមុទ្រតែម្ដង។ នៅទីនោះក៏មានបារ៍កម្សាន្តដែលមានភ្លេង និងស្រាបៀរអមដោយការសម្ដែងពីតារាភេទទីបីជាមួយនឹងតម្លៃសំបុត្រប្រមាណ១៦ដុល្លារក្នុងម្នាក់។បន្ទាប់ពីដើរលេងសប្បាយដល់រាត្រីជ្រៅចូលមកដល់ យើងបានជិះតាក់ស៊ីដែលមានតម្លៃត្រឹមតែ៥០សេនប៉ុណ្ណោះរាល់ការជិះនៅក្នុងតំបន់អាវណាងនេះ។គ្រាន់តែមកដល់បន្ទប់ភ្លាមយើងក៏ទន់ភ្នែកគេងលង់លក់តែម្ដង ដើម្បីត្រៀមកម្លាំងដើរលេងនៅថ្ងៃស្អែកទៀត។
ព័ត៌មានទាក់ទិនការហោះហើរទៅខេត្តក្រាប៊ីអាចទាក់ទងក្រុមហ៊ុនបាងកកអ៊ែរវេ ស្ថិតនៅអគារ៦១អា ផ្លូវ២១៤សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ទាក់ទងតាមទូរស័ព្ទ០២៣ ៩៦៦៥៥៦ និង ០៩៧ ៧៣៣៤៣០៩៕